backup og meta

ឈឺ​ក្នុង​ពោះមិន​ធម្មតា​ដូច​​គិតទេ មាន​ហេតុផល​ច្រើន​​យើង​ត្រូវ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jan 10, 2023

    ឈឺ​ក្នុង​ពោះមិន​ធម្មតា​ដូច​​គិតទេ មាន​ហេតុផល​ច្រើន​​យើង​ត្រូវ​ដឹង

    ឈឺពោះ ជាបញ្ហាសុខភាពមួយឧស្សាហ៍កើតឡើងណាស់ មិនថាក្មេង មិនថាចាស់។ គ្នាយើងភាគច្រើន អាចគិតថា ជាបញ្ហាសុខភាពធម្មតា ប៉ុន្តែត្រូវចាំថាករណីខ្លះវាជាបញ្ហា​សុខភាពធ្ងន់ធ្ងរ​ទាមទារការព្យាបាលត្រឹមត្រូវ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិត​ទាំងមូលហេតុបង្ក ទាំងអាការៈ និងវិធីដោះស្រាយឲ្យគ្នាយើងបានដឹង។

    ចង់គណនា BMR ចុចទីនេះ!

    ១- អ្វីជាការឈឺពោះ?

    ឈឺពោះ គឺសំដៅលើការឈឺចាប់នៅតំបន់ចន្លោះពី​ទ្រូង និងក្រគាក ហើយអាការៈអាចមានដូចជា ឈឺរមួលចុកខ្លាំង ឈឺដូចអ្វីចាក់ៗ ឈឺស្ទំៗ និង​ឈឺបាត់ៗ ។

    ការរលាក ឬជំងឺណាមួយដែលប៉ះពាល់ដល់សរីរាង្គក្នុងពោះ សុទ្ធតែអាចបណ្តាលឲ្យឈឺពោះបាន ខណៈសរីរាង្គអាចបង្កឲ្យឈឺពោះមានដូចជា៖

    – ពោះវៀន (ទាំងតូច ទាំងធំ)

    – តម្រងនោម

    – ខ្នែងពោះវៀន

    – អណ្តើក (spleen)

    – ក្រពះ

    – ថង់ទឹកប្រមាត់

    – ថ្លើម

    – លំពែង។

    ការឆ្លងមេរោគ ឬបាក់តេរី ក៏ដូចពពួកប៉ារ៉ាស៊ីតទៅលើក្រពះ និងពោះវៀន អាចលេចចេញរោគសញ្ញាឈឺពោះដូចគ្នា។

    អត្ថបទពាក់ព័ន្ធ:

    ឈឺពោះ

    ២- អ្វីជាមូលហេតុបង្ក?

    ឈឺពោះ អាចបង្កឡើងដោយស្ថានភាពសុខភាពជាច្រើន។ ទោះជាយ៉ាងណាមូលហេតុចម្បង គឺការឆ្លងមេរោគ ហើមពោះ រលាក ស្ទះពោះវៀន និងជំងឺពោះវៀនជាដើម។

    ការឆ្លងមេរោគនៅបំពង់ក ពោះវៀនតូច ពោះវៀនធំ និងក្នុងឈាម អាចនាំឲ្យបាក់តេរីចូលក្នុងបំពង់រំលាយអាហារយើងបានយ៉ាងងាយ ជាលទ្ធផលនាំឲ្យឈឺពោះ ថែមទាំងអាចធ្វើឲ្យមុខងារបំពង់រំលាយអាហារដំណើរការខុសប្រក្រតី ដូចជាទៅជារាក ទល់លាមកជាដើម។

    ចុករមួលខ្លាំង ក៏មានទំនាក់ទំនងជាមួយការមករដូវចំពោះស្រីៗ ប៉ុន្តែធម្មតាច្រើនធ្វើឲ្យឈឺក្រោមពោះ ដោយជាទូទៅគេដឹងថា ឈឺនៅតំបន់អាងត្រគាក។

    មូលហេតុបង្កឈឺពោះផ្សេងទៀត មានដូចជា៖

    – ទល់លាមក

    – រាក

    រលាកក្រពះ ពោះវៀន (gastroenteritis)

    – ចាល់អាស៊ីដ (នៅពេលក្រពះច្រាលអាស៊ីដឡើងទៅបំពង់អាហារ នាំឲ្យក្រហាយទ្រូង និងរោគសញ្ញាផ្សេងទៀត)

    – ចង្អោរ

    – ស្ត្រេស។

    ការធ្លាក់ចុះមុខងាររបស់ប្រព័ន្ធរំលាយអាហារ ក៏អាចបណ្តាលឲ្យឈឺពោះរ៉ាំរ៉ៃផងដែរ ខណៈជំងឺបង្កភាគច្រើនមានដូចជា៖

    – ជំងឺច្រាលអាស៊ីដក្រពះ (GERD)

    – ជំងឺរលាកពោះវៀនធំ

    – ជំងឺ Cronh (ជំងឺរលាកពោះវៀនធំមួយប្រភេទ)

    – ប្រតិកម្មជាមួយជាតិឡាក់តូស (Lactose intolerance)។

    មូលហេតុបង្កឲ្យឈឺពោះធ្ងន់ធ្ងរ មានដូចជា៖

    – ដាច់រហែកជាលិកា ឬរលាត់

    – ក្រួសក្នុងតម្រងនោម

    – ក្រួសក្នុងថង់ទឹកប្រមាត់

    – ឆ្លងមេរោគលើតម្រងនោម។

    ៣- ប្រភេទជាអាការៈឈឺពោះ

    ឈឺពោះ អាចនិយាយបានថាមាន ៣ប្រភេទ ដូចជាឈឺពោះនៅតំបន់តែមួយ ឈឺរមួល និងជំងឺចុកពោះ។

    – ឈឺពោះនៅតំបន់តែមួយ (Localized)៖ គឺជាអាការៈឈឺនៅតំបន់តែមួយក្នុងពោះ។ ការឈឺប្រភេទនេះ ជារឿយៗបង្កឡើងដោយសារសរីរាង្គណាមួយមានបញ្ហា ហើយការឈឺ​របៀប​នេះដែលឧស្សាហ៍កើតមានបំផុត គឺបញ្ហាដំបៅក្រពះ។

    – ឈឺរមួល (Cramp-like pain)៖ ឈឺពោះប្រភេទនេះ អាចមានទំនាក់ទំនងជាងមួយបញ្ហារាក ទល់លាមក ហើមពោះ និងឆ្អល់ពោះជាដើម។ ចំពោះស្រីៗ អាចមានទំនាក់ទំនងជាមួយការមករដូវ ការរលូតកូន និងភាពស្មុគស្មាញជាច្រើនទៀតពាក់ព័ន្ធសរីរាង្គបន្តពូជរបស់ស្រីៗ។ ឈឺពោះប្រភេទនេះ អាចកើតឡើងហើយបាត់ទៅវិញឯកឯងដោយមិនចាំបាច់ព្យាបាលអ្វីនោះឡើយ។

    – ជំងឺចុកពោះ (Colicky)៖ ប្រភេទនេះវិញ ជារោគសញ្ញាមួយនៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន ពិសេសជំងឺក្រួសក្នុងថង់ទឹកប្រមាត់ និងក្រួសក្នុងតម្រងនោម។ អាការៈឈឺចាប់​អាចកើតឡើងភ្លាមៗ និងឈឺខ្លាំង ដូចគ្នាទៅនឹងការរមួលសាច់ដុំធ្ងន់ធ្ងរអ៊ីចឹងដែរ។

    ៤- តំបន់ឈឺនៅក្នុងពោះ

    តំបន់ឈឺនៅក្នុងពោះ អាចជាតម្រុយបង្ហាញពីមូលហេតុនៃការឈឺ។ ប៉ុន្តែបើអាការៈឈឺពោះ កើតមានគ្រប់តំបន់នៃពោះ (មិនមែនឈឺនៅតែមួយកន្លែង) ករណីនេះអាចបង្ហាញថាយើងមានបញ្ហាមួយចំនួនដូចជា៖

    – ជំងឺរលាកខ្នែងពោះវៀន (appendicitis)

    – ជំងឺ Crohn’s disease

    – មានរបួសក្នុងពោះ

    – មានរោគសញ្ញារលាកពោះវៀនធំ

    – ឆ្លងរោគនៅតម្រងនោម

    – ផ្តាសាយ។

    បើអាការៈឈឺកើតមាននៅពីក្រោមពោះ វាអាចដោយសារ៖

    – ជំងឺរលាកខ្នែងពោះវៀន (appendicitis)

    – ស្ទះពោះវៀន

    – កូនក្រៅស្បូន។

    ចំពោះស្រីៗ ការឈឺចាប់នៅតំបន់បន្តពូជ ស្ថិតនៅក្រោមពោះអាចដោយសារតែ៖

    – មានបញ្ហា Dysmenorrhea (អាការៈឈឺចាប់ខ្លាំងពេលមករដូវ)

    – មានពកនៅក្រពេញអូវែ

    – រលូតកូន

    – មានដុំសាច់ (fibroids)

    – ដុំសាច់ស្បូនដុះខុសកន្លែង

    – ជំងឺរលាកអាងត្រគាក

    – កូនក្រៅស្បូន។

    បើការឈឺពោះកើតនៅតំបន់ខាងលើពោះ អាចដោយសារតែ៖

    – ក្រួសក្នុងថង់ទឹកប្រមាត់

    គាំងបេះដូង

    – ជំងឺថ្លើម (រលាកថ្លើម)

    – ជំងឺផ្លូវដង្ហើម

    បើការឈឺពោះកើតនៅចំកណ្តាលពោះ អាចដោយសារ៖

    – រលាកខ្នែងពោះវៀន

    រលាកក្រពះ

    – របួស

    – ជំងឺ Uremia (ប្រភេទនៃជំងឺបំពង់នោម)។

    បើការឈឺពោះនៅក្រោមពោះខាងឆ្វេងអាចដោយសារ៖

    – ជំងឺ Crohn’s disease

    – មហារីក

    – ឆ្លងរោគនៅតម្រងនោម

    – មានដុំពកនៅក្រពេញអូវែ

    – រលាកខ្នែងពោះវៀន។

    បើការឈឺពោះនៅខាងឆ្វេងផ្នែកខាងលើនៃពោះ អាចដោយសារ៖

    – អណ្តើករីកធំ

    – លាមករឹងខ្លាំងពេក មិនអាចបញ្ចេញបាន

    – មានរបួស

    – ឆ្លងរោគនៅតម្រងនោម

    – គាំងបេះដូង

    – មហារីក។

    បើការឈឺពោះនៅក្រោមពោះផ្នែកខាងស្តាំអាចដោយសារ៖

    – រលាកខ្នែងពោះវៀន

    – កើតក្លន

    – ឆ្លងរោគនៅតម្រងនោម

    – មហារីក

    – ផ្តាសាយ។

    បើការឈឺពោះនៅខាងស្តាំផ្នែកខាងលើនៃពោះអាចដោយសារ៖

    – ជំងឺថ្លើម (រលាកថ្លើម)

    – មានរបួស

    – ជំងឺផ្លូវដង្ហើម

    – រលាកខ្នែងពោះវៀន។

    ៦- ពេលណាគួរទៅជួបពេទ្យ

    ជាទូទៅ​អាការៈឈឺពោះមិនចាំបាច់ធ្វើការព្យាបាលធំដុំអីនោះទេ។ ទោះជាយ៉ាងណា​ក្នុងករណីមួយចំនួនអាការៈ​ឈឺពោះ ប្រហែលជាត្រូវទៅជួបពេទ្យហើយ។

    ត្រូវទៅជួបពេទ្យ​​ភ្លាម បើអាការៈឈឺពោះយើងធ្ងន់ធ្ងរ​មានទំនាក់ទំនងជាមួយគ្រោះថ្នាក់បង្កជារបួសណាមួយ ឬក៏មានសម្ពាធ ឬឈឺចាប់នៅទ្រូង។ គ្នាយើងក៏ត្រូវប្រញាប់ទៅជួបពេទ្យដូចគ្នាប្រសិនបើការឈឺចាប់​ធ្វើឲ្យយើងមិនស្រណុកក្នុងខ្លួន ឬ​កត់​សម្គាល់ថា រាងកាយមានបញ្ហាទាំងនេះកើតឡើង ដូចជា៖

    លាមកមានឈាម

    – គ្រុនក្តៅខ្លាំង (៣៨អង្សាសេ)

    – ចង្អោរលាយឈាម

    – ក្អួត និងចង្អោរមិនបាត់

    – ស្បែក ឬភ្នែកឡើងលឿង

    – ហើម ឬឈឺពោះខ្លាំង

    – ពិបាកដកដង្ហើម។

    ត្រូវណាត់ជួបពេទ្យ បើយើងធ្លាប់ប្រទះអាការៈដូចខាងក្រោម៖

    – ឈឺពោះរយៈពេលយូរ (លើស ២៤ម៉ោង)

    – ទល់លាមកយូរថ្ងៃ

    – ចង្អោរ

    – មានអារម្មណ៍ក្រហាយនៅពេលនោម

    – គ្រុនក្តៅ

    – មិនឃ្លានអាហារ

    – ស្រកទម្ងន់ដោយគ្មានមូលហេតុ។

    ពិសេសចំពោះស្រីៗកំពុងពពោះ និងបំបៅដោះកូន ឆាប់ស្វែង​រកជំនួយ​ពីគ្រូពេទ្យ ដើម្បីដោះស្រាយបញ្ហាឈឺពោះឲ្យបានត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jan 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម