backup og meta

មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2021

    មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

    ឫសដូងបាត​គឺជា​បណ្តុំ​សរសៃ​ឈាម​ធម្មតា។ ប៉ុន្តែ​កាលណា​សរសៃ​ឈាម​ទាំង​នេះ​រីកធំ​ វា​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ឫសដូង​បាត​ខាង​ក្នុង (ទីតាំង​នៅ​ខាង​ក្នុង) ឬ​ជំងឺ​ឫសដូងបាត​ខាង​ក្រៅ (នៅ​ជុំវិញ​ទ្វារ​ធំ)។ ដោយសារ​ភាព​ជា​សរសៃ​ឈាម និង​ទីតាំង​របស់ឫសដូងបាត កត្តាហានិភ័យ​មួយ​ចំនួន ដូច​ជា​ការ​ទល់​លាមក ការ​អង្គុយ​យូរ​នៅ​លើ​ចាន​បង្គន់ ការ​មាន​ផ្ទៃពោះ​ញឹកញាប់​ពេក អាច​បង្កើន​សម្ពាធ​របស់​សរសៃ​ឈាម​វ៉ែន ​និង​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ប៉ោង​ខុស​ធម្មតា ដែល​នាំ​ឲ្យ​មាន​រោគសញ្ញា​នៃ​ជំងឺ​ឫសដូងបាត​ដូច​ជា កា​រហូរឈាម ហើម និង​ឈឺចាប់។

    វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ឲ្យ​ដឹង​ថា គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។

    ដំណាក់កាលទី១៖ ជា​ដំណាក់កាល​ដំបូង ដែល​កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ​​មាន​ការ​ហើម និង​រីក​ធំ ស្ថិត​នៅ​ផ្នែក​ខាងក្នុង មិន​ធ្លាក់ ឬ​លយ​ចេញ​មក​ក្រៅ។

    ដំណាក់កាលទី២៖ កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ (សាច់ឫសដូង) ចាប់​ផ្តើម​លយ​ចេញ​មក​ក្រៅ​​​ តិចៗ និង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

    ដំណាក់កាលទី៣៖ ជា​ដំណាក់កាល​ដែល​សាច់​ឫសដូង​នៅ​ទ្វារធំ ​លយ​ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​អាច​រុញ​ចូល​ទៅ​ក្នុង​ទ្វារ​ធំ​វិញ​បាន។

    ដំណាក់កាលទី៤៖ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​សាច់​ឫសដូង​លយ​ចេញ​មក​ក្រៅ​កាន់​តែ​ខ្លាំង ហើយ​មិន​អាច​រុញ​ចូល​ទៅ​ក្នុង​វិញ​បាន​ទេ។

    អ្នក​ជំងឺ​ឫសដូង​បាត​ជា​ច្រើន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ ដោយសារ​តែ​ការ​ភ័យ​ខ្លាច ពិសេស​គឺ​ខ្មាស​អៀន​តែ​ម្តង។ ទាល់​តែ​ដល់​ដំណាក់​ធ្ងន់ធ្ងរ​ឈឺ​ទ្រាំ​លែង​បាន ទើប​អ្នក​ជំងឺរត់​ទៅ​រក​ពេទ្យ។

    បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ។​ បើ​អ្នក​ជំងឺ​កើត​ឫស​ដូង​បាត​​នៅ​ដំណាក់កាល​ដំបូងៗ ត្រឹម​តែ​លាប ឬ​លេប​ថ្នាំ​ប៉ុណ្ណោះ។ ឯ​ដំណាក់​កាល​ទី៣ និង​ទី៤ តម្រូវ​ឲ្យ​ចាក់​ថ្នាំ ចង​សរសៃ ឬ​វះ​កាត់។

    ថ្នាំ​លេប​ដែល​មាន​សកម្មភាព​លើ​សរសៃ​ឈាម​វ៉ែន (ថ្នាំ​ពង្រឹង​សរសៃ​ឈាម) មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ឫសដូងបាត។ វា​អាច​កាត់​បន្ថយ​នូវ​ភាព​មិន​ស្រណុក ការ​ហូរ​ឈាម និង​ការ​ធ្លាក់​ចេញ​មក​ក្រៅ។ អ្នក​អាច​ប្រើ​តែ​ថ្នាំ​នេះ​មួយ​មុខ ឬ​ផ្សំ​ជាមួយ​ក្រែម​លាប ឬ​ថ្នាំសុល ជាដើម។

    ការ​ព្យាបាល​ផ្សេង​ទៀត​ដូចជា​ថ្នាំ​បន្ទន់​លាមក​មាន​សកម្មភាព​ជួយ​សម្រួល​ចលនា​ពោះវៀន ដែល​មាន​សារៈសំខាន់​ក្នុង​ការ​កុំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​នៅ​កញ្ចុំ​សរសៃ​ឫសដូងបាត។គ្រូពេទ្យ​នឹង​ណែនាំ​ពី​ការ​ព្យាបាល​ដែល​សមស្រប​បំផុត ដោយ​ផ្អែក​លើ​ស្ថានភាព​របស់​អ្នក​ជំងឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម