backup og meta

យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 05, 2020

    យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

    ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​លើ​យុវវ័យ គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​មួយ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សោកសៅ ឬ​លែង​មាន​ចំណាប់​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់។ ជំងឺ​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​ការ​គិត អារម្មណ៍ និង​ឥរិយាបថ ថែមទាំង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​ដូច​គ្នា។ ចុះ​ហេតុ​អី​បាន​ជា​យុវវ័យ​សព្វ​ថ្ងៃ ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត?

    ចំពោះ​ក្មេងៗ​ជំទង់ អាច​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ដែល​ផ្លូវចិត្ត​មិន​អាច​គ្រប់​គ្រង និង​ចេះ​រក​វិធី​ដោះ​ស្រាយ​បាន។ ចំពោះមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​រួម​មាន៖

    អ័រម៉ូន-  ការ​ប្រែ​ប្រួល​តុល្យភាព​របស់​អ័រម៉ូន​ក្នុង​រាង​កាយ​អាច​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។

    ជួប​ហេតុ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ក្មេង-  ព្រឹត្តិការណ៍​តក់​ស្លុត​ផ្សេង​ៗ​ដែល​កើត​ឡើង​ទៅ​លើ​​ក្មេងៗ​នៅ​ពេល​វ័យ​តូច​ពេក ដូច​ជា បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់​ប៉ា​លែង​លះ​គ្នា ឬ​រង​នូវ​ការ​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​លើ អាច​ជា​កត្តា​មួយ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល ដែល​ងាយ​ធ្វើ​ឲ្យ​កើត​បញ្ហា​ផ្លូវ​ចិត្ត។

    តំណ​ពូជ-  បញ្ហា​ផ្លូវ​ចិត្ត​មួយ​នេះ ភាគ​ច្រើន​ក៏​កើត​ទៅ​លើ​មនុស្ស​ដែល​ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ (ដូច មាន​តា​យាយ ឬ​ម៉ាក់​ប៉ា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត)។

    មាន​ផ្នត់​គំនិត​គិត​អវិជ្ជមាន-  ក្មេង​ៗ​វ័យ​ជំទង់​ប្រឈម​នឹង​ការ​គិត​អវិជ្ជមាន ជា​ពិសេស​នៅ​ពេល​ដែល​ត្រូវ​បរាជ័យ​ក្នុង​អ្វីមួយ​ ឬ​ពេល​ត្រូវ​ម៉ាក់​ប៉ា​ស្ដី​បន្ទោស ហើយ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​​ថា​អស់​សង្ឃឹម។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ក្មេង​ៗ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។

    ក្រៅ​ពី​នេះ ការ​ដែល​បរាជ័យ​ក្នុង​ការ​សិក្សា បរិយាកាស​នៅ​ក្នុង​ផ្ទះ​អាប់អួ គ្មាន​ភាព​កក់​ក្ដៅ ក៏​អាច​ជា​បញ្ហា​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ក្មេងៗ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដូច​គ្នា​ដែរ។ ហើយ​ឥឡូវ​នេះ យុវវ័យ​ភាគ​ច្រើន​ងាក​ទៅ​រក​ការ​សេព​គ្រឿង​ស្រវឹង ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល ទាំង​ដឹង​ថា​ការ​ធ្វើ​បែប​នេះ កាន់​តែ​ប៉ះពាល់​ទៅ​ដល់​សុខភាព​រាងកាយ​របស់​ខ្លួន​វិញ។

    ចុះ​បើ​ក្មេង​ៗ​កើត​ជំងឺ​ផ្លូវ​ចិត្ត យើង​អាច​ដឹង​បាន​ដោយ​របៀប​ណា?

    ការ​ប្រែ​ប្រួល​ផ្លូវ​អារម្មណ៍​របស់​ក្មេង​ដែល​យើង​គួរ​ចាប់​អារម្មណ៍៖

    – មាន​អារម្មណ៍​ពិបាក​ចិត្ត (ពេល​ខ្លះ​ក៏​យំ មិន​ដឹង​មូល​ហេតុ)

    – ឆេវ​ឆាវ ឆាប់​ខឹង​ច្រើន (សូម្បី​តែ​រឿង​តូច​ក៏​ធ្វើ​ឲ្យ​ខឹង​បាន)

    – បាត់​បង់​ចំណង់​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង

    – មិន​សូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង

    – ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​គិត ឬ​សម្រេច​ចិត្ត

    – មាន​អារម្មណ៍​ថា​គ្មាន​ប្រយោជន៍ អស់​សង្ឃឹម ។ល។

    – អាកប្ប​កិរិយា​ដែល​យើង​គួរ​កត់​សម្គាល់៖

    – ពិបាក​គេង ឬ​មាន​បញ្ហា​គេង​មិន​លក់​រ៉ាំ​រ៉ៃ

    – ផ្លាស់​ប្ដូរ​ចំណង់​អាហារ (លែង​ចង់​ញ៉ាំ​អាហារ ឬ​ញ៉ាំ​ច្រើន)

    – ប្រើ​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន

    – គិត និយាយ ឬ​ធ្វើ​ចលនា​យឺត​ៗ

    – ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម

    – លែង​ខ្វល់​ខ្វាយ​ពី​សុខភាព ឬ​រូប​រាង​ខាង​ក្រៅ

    – ធ្វើ​បាប​ខ្លួន​ឯង (ដូច​ជា​អា​ដៃ​ជើង …)

    – មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​ធ្លាប់​ព្យាយាម​សម្លាប់​ខ្លួន។ល។

    ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត​នេះ យើង​មិន​អាច​រក​មធ្យោបាយ​ច្បាស់​លាស់​ណាមួយ​ដើម្បី​ទប់​ស្កាត់​វា​មិន​ឲ្យ​កើត​ឡើង​ទេ ប៉ុន្តែ​យើង​អាច​រក​វិធី​ចៀស​វាង​ពី​បញ្ហា​នេះ​ដោយ៖

    ១.រៀន​គ្រប់​គ្រង​ស្ត្រេស (កុំ​ឲ្យ​ទុក​ក្នុង​ខ្លួន​ច្រើន​ពេក បើ​អាច​រក​ពេល​កម្ចាត់​ចោល​ខ្លះ)

    ២.រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន

    ៣.ព្យាបាល​ឲ្យ​បាន​ឆាប់ នៅ​ពេល​ចេញ​សញ្ញា​ដំបូង​ថា ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត

    ៤.គេង​ឲ្យ​បាន​គ្រប់​គ្រាន់ (គេង​សំខាន់​ណាស់ ចំពោះ​បញ្ហា​ផ្លូវ​អារម្មណ៍)

    ៥.មាន​របប​អាហារ​ល្អ (ក្នុង​មួយ​ពេលៗ ត្រូវ​មាន​សាច់ បន្លែ ផ្លែ​ឈើ សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ ដែល​រាង​កាយ​ត្រូវ​ការ បើ​អាច​លេប​ថ្នាំ​វីតាមីន​បន្ថែម)

    ៦.ញ៉ាំ​ឲ្យ​ឆ្អែត​ៗ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (ការ​ហាត់​ប្រាណ​ក៏​ជា​វិធី​មួយ​ជួយ​សម្រួល​អារម្មណ៍​បាន​ដែរ)

    ៧.កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង

    ៨.មិន​ត្រូវ​យក​គ្រឿង​ញៀន មក​ធ្វើ​ជា​ដំណោះ​ស្រាយ​ដាច់​ខាត។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម