backup og meta

អាការៈក្អកមាន​ស្លេស្ម និង​ក្អកស្ងួត ខុសគ្នា​ម៉េច​ខ្លះ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 23, 2022

    អាការៈក្អកមាន​ស្លេស្ម និង​ក្អកស្ងួត ខុសគ្នា​ម៉េច​ខ្លះ?​

    ១- តើក្អកជាអ្វី?

    ក្អក​គឺ​ជា​វិធី​មួយ​ដែល​រាង​កាយ​បញ្ចេញ​​ដើម្បី​កម្ចាត់​ចោល​សារធាតុ​ដែល​នាំ​ឲ្យ​រមាស់ ​ឬ​ដែល​ធ្វើ​ឲ្យ​រលាក។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​រមាស់​នៅ​ក្នុង​បំពង់​ក ឬ​នៅ​ក្នុង​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ប្រសាទ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​ខួរ​ក្បាល​ឲ្យ​ធ្វើ​ការ​កន្ត្រាក់​សាច់ដុំ​នៅ​ត្រង់​ពោះ និង​ទ្រូង​របស់​យើង​​ដើម្បី​បញ្ចេញ​សារធាតុ​នោះ​ចេញ​មក​ក្រៅ។ ការ​ក្អក គឺ​ជា​រេផ្លេច​មួយ​ដ៏​សំខាន់​ដើម្បី​ការ​ពារ​រាង​កាយ​យើង​​ពី សារធាតុ​បង្ក​ឲ្យ​រមាស់​ដូច​ជា៖

    -ស្លេស្ម

    -ផ្សែង

    -សារធាតុ​បង្ក​អាល្លែកហ្ស៊ី​ដូច​ជា ធូលី លំអង​ផ្កា​ និង​ផ្សិត

    ការ​ក្អក​ គឺ​ជា​រោគសញ្ញា​នៃ​ជំងឺ​ជា​ច្រើន ​ពេល​ខ្លះ​លក្ខណៈ​នៃ​ការ​ក្អក​របស់យើង​​អាច​ធ្វើ​ឲ្យ​យើង​​យល់​ខ្លះ​ពី​មូល​ហេតុ​ដែល​បង្ក​ទៀត​ផង។ ពេល​ខ្លះ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្លាក់​នៅ​ផ្លូវ​ដង្ហើម​ វា​ក៏​អាច​បង្ក​ឲ្យ​យើង​​ក្អក​បាន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​នៃ​ការ​ក្អក​មួយ​ចំនួន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ។

    ២-ក្អក​មាន​ស្លេស្ម

    ក្អក​មាន​ស្លេស្ម គឺ​ជា​ការ​ក្អក​ដែល​យើង​អាច​ខាក​យក​ស្លេស្ម​ចេញ​មក​ក្រៅ​បាន។ ការ​ក្អក​របៀប​នេះ ច្រើន​កើត​ឡើង​នៅ​អំឡុង​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​ស្លេស្ម​ដែល​ចេញ​មក​នោះ​អាច​តិច​ឬ​ច្រើន ដោយ​អម​ជាមួយ​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

    -ហៀរ​សំបោរ

    -តឹង​ច្រមុះ ដោយ​សារ​ស្លេស្ម

    -អស់​កម្លាំង

    ការ​ក្អក​បែប​នេះ គឺ​ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​បញ្ចេញ​ស្លេស្ម​ដែល​កក​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ចេញ​មក​ក្រៅ។ ដូច​នេះ ហើយ​នៅ​ពេល​ដែល​មាន​ក្អក​ស្លេស្ម គឺ​យើង​​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​អ្វី​មួយ​នៅ​ខាងក្រោយ​បំពង់​ក ឬ​ទ្រូង ហើយ​ពេល​​ក្អក​ម្ដង​ៗ​ស្លេស្ម​នឹង​ចេញ​មក​តាម​មាត់​របស់​យើង​។

    ជា​ធម្មតា​ការ​ក្អក​ស្លេស្ម ប្រសិន​បើ​ជា​ការ​ក្អក​ស្រួច​ស្រាល់ គឺ​មាន​រយៈពេល​យូរ​បំផុត​ត្រឹម ៣ សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ក្អក​រ៉ាំរ៉ៃ​វិញ គឺ​អាច​មាន​រយៈពេល​យូរ​ជាង៨ សប្ដាហ៍​ចំពោះ​មនុស្ស​ធំ និង​៤ សប្ដាហ៍​ចំពោះ​កូន​ក្មេង។

    ជំងឺ មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ក្អក​ស្លេស្ម​រួម​មាន៖

    -ជំងឺ​ផ្ដាសាយ

    -ជំងឺ​រលាក​សួត

    ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) រួម​ទាំង​បញ្ហា ខ្យល់ចូលស្រោមសួត និង​រលាក​ទង​សួត។

    -រលាក​ទងសួត​ស្រួច​ស្រាល់

    -ជំងឺ​ហឺត

    ក្អក១

    ៣-ក្អក​ស្ងួត

    ការ​ក្អក​ស្ងួត​គឺ​ជា​ការ​ក្អក​ដែល​មិន​មាន​ឡើង​ស្លេស្ម​ចេញ​មកទេ​​។ ក្អក​ស្ងួត​ជា​ទូទៅ​ ​ពិបាក​គ្រប់​គ្រង​ណាស់​ហើយ​ច្រើន​​កើត​ឡើង​រយៈពេល​យូរ​ទៀត​ផង។ ការ​ក្អក​ស្ងួត ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​រលាក​ ឬ​រមាស់​នៅ​ក្នុង​បំពង់​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្លេស្ម​ច្រើន​ ដើម្បី​ក្អក​បញ្ចេញទេ​។ ក្អក​ស្ងួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ជាធម្មតា​​​ក្រោយ​​ពេល​​ជា​សះស្បើយ​​ពី​ជំងឺ​ផ្ដាសាយ​ទាំង​មនុស្ស​ពេញ​វ័យ​និង​កុមារ គឺ​សុទ្ធ​តែ​មាន​ក្អក​ស្ងួត​ប្រហែល​ជា​ពីរ​ទៅ​បី​សប្ដាហ៍ ទៀត។

    ជំងឺ​និង​បញ្ហា​សុខភាព​មួយ​ដែល​អាច​បង្ក​ឲ្យ​មាន​ក្អក​ស្ងួត​រួម​មាន៖

    -រលាក​បំពង់​ក

    -ឈឺ​ក

    -រលាក​ក្រពេញ​អាមីដាល់

    -រលាក sinus

    -ជំងឺហឺត

    -បញ្ហា​អាល្លែកហ្ស៊ី

    ជំងឺ​ចាល់​អាស៊ីដ​ក្រពះ (GERD)

    -ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ ជា​ពិសេស​ក្រុម​ថ្នាំ​ជំងឺ​លើស​ឈាម ពពួក ACE inhibitor។

    -ប៉ះពាល់​ខ្យល់​អាកាស​មិន​ល្អ ដូច​ជា​មាន​ការ​បំពុល​ខ្យល់ ធូលី និង​ផ្សែង​ជា​ដើម។

    នៅ​មាន​អាការៈ​ក្អកផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់ខាង​លើ ដូច​នេះ​ប្រសិន​បើ​គ្នា​យើង​​មាន​អាការៈក្អក​ហើយ​ពិបាក​ដក​ដង្ហើម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 23, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម