backup og meta

ញ៉ាំសាច់ត្រីអាចជួយ​ស្រ្តី​វ័យចំណាស់ ការពារខួរក្បាល​ពី​បញ្ហា​បង្កដោយ​ខ្យល់ពុលបាន​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 16, 2020

    ញ៉ាំសាច់ត្រីអាចជួយ​ស្រ្តី​វ័យចំណាស់ ការពារខួរក្បាល​ពី​បញ្ហា​បង្កដោយ​ខ្យល់ពុលបាន​

    ការ​សិក្សា​មួយ​បានបញ្ជាក់ថា​​ការ​ញ៉ាំសាច់​ត្រី ឬ​សាច់​សត្វ​ដែល​មាន​សំបក​អាច​ជួយ​ដល់​ស្ត្រី​វ័យ​ចំណាស់​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​ ៣ ​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់ដោយ​ខ្យល់​ពុល​មក​លើ​ខួរក្បាល​។

    បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​នៅ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ផ្នែក​សរសៃប្រសាទ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា បញ្ជាក់ថា​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​អាច​ប្រឆាំង​នឹង​ការ​រលាក និង​រក្សា​រចនាសម្ព័ន្ធ​ខួរក្បាល​នៅ​ពេល​ចាស់​ទៅ។ អាស៊ីដ​ខ្លាញ់​នេះ​ក៏​ជួយ​កាត់បន្ថយ​ការ​ខូចខាត​ខួរក្បាល​បណ្ដាល​មកពី neurotoxin ដូចជា​ជាតិ​សំណ និង​បារត​ជាដើម ។ អ្នក​វិទ្យាសាស្ត្រ​បាន​​សិក្សា​​ថា​​តើ​​អាស៊ីដ​​ខ្លាញ់​​អូមេហ្គា​៣​​អាច​​មាន​​ប្រសិទ្ធ​ភាព​​ប្រឆាំង​​នឹង​​ neurotoxin ដែល​​ជា​​បំណែក​​តូចៗ​​មាន​ក្នុង​ខ្យល់​ពុល និង​​បាន​​រក​ឃើញ​​ពី​អត្ថប្រយោជន៍​​​អាស៊ីដ​​ខ្លាញ់​អូមេហ្គា​៣​​មក​ពី​ការ​ញ៉ាំ​ត្រី​​អាច​​រក្សា​ចំណុច​ពណ៌ស​របស់​ខួរក្បាល និង​ទំហំ hippocampus នៅ​ពេល​ស្ត្រី​ចាស់​ទៅ និង​អាច​ការពារ​ពី​ឥទ្ធិពល​ជាតិ​ពុល​នៃ​ខ្យល់​ពុល។

    ការសិក្សា​នេះ​គឺ​សង្កេត​លើ​ស្ត្រី​ជាង​៧០​នាក់​ដែល​រស់នៅ​តំបន់​មាន​ការ​បំពុល​ខ្យល់​កម្រិត​ខ្ពស់ ហើយ​អ្នក​ដែល​មាន​កម្រិត​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ក្នុង​ឈាម​ទាប​មាន​ការ​ថយ​ចុះ​ថាម​ពល​​ខួរក្បាល​ច្រើន។ ដើម្បី​ធ្វើ​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ​បាន​គណនា​ទៅ​លើ​បរិមាណ​ត្រី​ដែល​ស្ត្រី​បាន​ញ៉ាំ​ជា​មធ្យម​រាល់​សប្ដាហ៍ ពិនិត្យ​មើល​បរិមាណ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ខ្លាញ់ និង​កំណត់​ចំនួន​ជា​មធ្យម​ដែល​ស្ត្រី​ទាំង​នោះ​ស្រូប​យក​ខ្យល់​ពុល​ក្នុង​រយៈពេល​៣​ឆ្នាំ។ បន្ទាប់​ពី​នេះ​គេ​បាន​ស្កេន​មើល​ខួរក្បាល​អ្នក​ចូលរួម​ដើម្បី​វាស់​ទំហំ​តំបន់ hippocampus ដែល​ជា​ផ្នែក​របស់​ខួរក្បាល​ទាក់ទង​ទៅ​នឹង​ការ​ចងចាំ និង​ចំណុច​ពណ៌ស​ (White matter) នៃ​​ខួរក្បាល​ដែលជា​ទីតាំង​ជួយ​បញ្ជូន​សញ្ញា​ឆ្លង​កាត់​ខួរក្បាល។

    លោក Cheng Chen អ្នក​ដឹកនាំ​ការ​សិក្សា​នេះ​បាន​លើក​ឡើង​ថា​ស្ត្រី​វ័យ​ចំណាស់​រស់នៅ​តំបន់​ដែល​មាន​ការ​បំពុល​ខ្យល់​ខ្លាំង​មាន​ចំណុច​ពណ៌​ស​នៃ​ខួរក្បាល​តិច។ ការ​បាត់បង់​ទំហំ​ខួរក្បាល និង​ចំណុច​ពណ៌​ស​ទាំង​នេះ​គឺជា​រឿង​ធម្មតា​នៅ​ពេល​ចាស់​ទៅ ប៉ុន្តែ​ការ​បំពុល​បរិស្ថាន​ក៏​អាច​ជា​មូលហេតុ​បង្ក​បញ្ហា​នេះ​ដូច​គ្នា។ នេះ​មក​ពី​បំណែក​តូចៗ​ក្នុង​ខ្យល់​គឺ​ជា​ neurotoxin ដែល​មិន​ល្អ​សម្រាប់​ខួរក្បាល។

    ទោះបីជា​គេ​មិន​ដឹង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ខ្យល់ពុល​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល ប៉ុន្តែ​ការ​សិក្សា​ពី​មុន​បាន​រក​ឃើញ​ថា​ក្រោយ​ពី​ចូល​ទៅ​ក្នុង​សួត ជាតិ​ពុល​ទាំង​នោះ​អាច​នឹង​បញ្ជូន​ទៅ​កាន់​ខួរក្បាល​តាមរយៈ​លំហូរ​ឈាម។ ជាតិពុល​ទាំង​នេះ​អាច​ចូល​ទៅ​កាន់​ខួរក្បាល​ទោះបីជា​ខួរក្បាល​មាន​របាំង​ការពារ​ជាតិពុល​មាន​ក្នុង​លំហូរ​ឈាម​ក៏ដោយ​ ដែល​នេះ​មក​ពី​បំណែក​ជាតិ​ពុល​​ទាំង​នោះ​មាន​ទំហំ​តូច​ និង​ពេល​ចូល​ទៅ​ខួរក្បាល​អាច​បង្ក​ឲ្យ​មាន​ការ​​រលាក​សរសៃប្រសាទ ឬ​ការ​ធ្លាក់ចុះ​នៃ​ការ​គិត។

    សាច់ត្រី​ដែល​ដុត ឬ​អាំង​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន ត្រីធូណា ឬ​ត្រី mackerel គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​។ យ៉ាង​ណា​មិញ ការ​សិក្សា​ពី​មុន​បាន​ឲ្យ​ដឹង​ថា​​សាច់ត្រី​បំពង​អាច​បំផ្លាញ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​បាន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម