backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Rabies Immune Globulin (សេរ៉ូម​ព្យាបាល​ជំងឺ​​ឆ្កែឆ្កួត)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 19, 2019

Rabies Immune Globulin (សេរ៉ូម​ព្យាបាល​ជំងឺ​​ឆ្កែឆ្កួត)

ស្វែងយល់ពីការប្រើប្រាស់

១- តើ​សេរ៉ូម Rabies immune globulin ប្រើ​ប្រាស់​ព្យាបាល​អី​ខ្លះ?

សេរ៉ូម Rabies immune globulin ច្រើន​ប្រើ​រួម​ជាមួយ​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ឆ្កែ​ឆ្កួត។ មុខងារ​វា គឺ​ផ្ដល់​នូវ​អង់ទីករដែល​រាងកាយ​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​មេរោគ​ឆ្កែ​ឆ្កួត​ ហើយ​ត្រូវគេ​​ចាត់​ទុក​ជា​​ការការពារ​ដោយ​ប្រយោល។

វិធី​ការពារ​ដោយ​ប្រយោល​នេះ អាច​មាន​រយៈ​ពេល​យូរ​អង្វែង​គ្រប់​គ្រាន់ រហូត​ដល់​រាងកាយ​អាច​បង្កើត​អង់ទីករ​ដោយ​ខ្លួន​ឯង​ប្រឆាំង​ទៅ​នឹង​មេរោគ​ឆ្កែ​ឆ្កួត។

សេរ៉ូម Rabies immune globulin ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ជន​រងគ្រោះ ដែល​ត្រូវ​របួស​ដោយ​សត្វ​ខាំក្រញៅ ឬ​លិឍ ដោយ​ជឿ​ថា​សត្វ​នោះ​មាន​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត។ ករណី​នេះ ត្រូវ​ហៅ​ថា វិធី​បង្ការ​ជំងឺ​ក្រោយ​ការ​ប៉ះពាល់។ សេរ៉ូម Rabies immune globulin (សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត) ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តែ​មិន​ធ្លាប់​ទទួល​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​ប៉ុណ្ណោះ។

២- គួរ​ប្រើ​សេរ៉ូម Rabies Immune Globulin ដោយ​របៀប​ណា?

សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែ​ឆ្កួត (Rabies Immune Globulin) មាន​នៅ​តាម​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ធំៗ ហើយ​ត្រូវ​ចាក់​នៅ​សាច់ដុំ​ដើម​ដៃ ឬ​សាច់ដុំ​ភ្លៅ។ អាច​ចាក់​ចូល​ទៅ​ក្នុង​ដំបៅដែល​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ឆ្កែ​ឆ្កួត (ដូចជា​ ដំបៅ​បណ្តាល​មក​ពី​សត្វ​ខាំ ឬ​ក្រញៅ)។

សេរ៉ូម Rabies immune globulin ពេទ្យ​តែង​តែ​ផ្ដល់​ឲ្យ​យើង នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​លើក​ដំបូង ប៉ុន្តែ​ក៏​អាច​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​ទី ៧ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូស​ដំបូង។

ចាំបាច់ ត្រូវ​តែ​ចាក់​សេរ៉ូម​នេះ រួម​ជាមួយ​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត (HDCV) ហើយ​ចៀសវាង​ចាក់​កម្រិត​ដូស​​ដដែល នៅ​ពេល​ចាប់​ផ្ដើម​ទទួល​ការ​ព្យាបាល។

៣- រក្សា​ទុក​ដោយ​វិធី​ណា?

សេរ៉ូម Rabies immune globulin គួរ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក ដើម្បី​កុំ​ឲ្យ​ខូច​គុណភាព និង​ហាម​ដាក់​ជាន់​កន្លែង​កក។

នៅ​លើ​ទីផ្សារប្រហែល​ជា​មាន​ថ្នាំ​ម៉ាកសេរ៉ូម Rabies immune globulin ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួស​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អី​ខ្លះ​មុន​ប្រើ​?

មុន​នឹង​ប្រើប្រាស់​សេរ៉ូម​នេះ គួរ​ប្រាប់​ទៅ​គ្រូពេទ្យ ​បើ​យើង៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ ព្រោះ​អំឡុង​ពេល​មានផ្ទៃ​ពោះ ឬ​បំបៅ​ដោះ គួរ​​លេប​ថ្នាំ​តាម​ការ​ណែ​នាំ​ដោយ​គ្រូពេទ្យ​​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​គ្មាន​វេជ្ជ​បញ្ជា ឱសថ​រុក្ខជាតិ និង​ឱថស​បុរាណ។

– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​របស់សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ឬ​ថ្នាំ​ផ្សេង​ទៀត

– មាន​ជំងឺ​ផ្សេងៗ។​

វា​ពិត​ជា​សំខាន់​ណាស់​ដែល​គ្រូពេទ្យ​ត្រូវ​តាម​ដាន​ស្ថានភាព​យើង​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ប្រាកដ​ថា​សេរ៉ូម Rabies immune globulin មាន​ប្រសិទ្ធ​ភាព​ពេញ​លេញ។ ការ​ធ្វើ​តេស្ត​ឈាម អាច​នឹង​កើត​មាន​ ដើម្បី​ពិនិត្យ​មើល​ផល​ប៉ះពាល់​ផ្សេងៗ។

ពេល​យើង​កំពុង​ព្យាបាល​ដោយ​ប្រើ​សេរ៉ូម Rabies immune globulin ហាម​ចាក់​វ៉ាក់សាំង​​ផ្សេង​ទៀត ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​ពេទ្យ។ មិន​ត្រូវ​ចាក់​វ៉ាក់សាំង​ ប្រភេទ​វ៉ាក់សាំង​​រស់ ដែល​ដក​សារ​ធាតុ​បង្ក​រោគ​ចេញ (Live virus Vaccine) (ដូចជា​វ៉ាក់សាំង កញ្ជ្រឹល​ ស្រឡទែន​ ស្វិត​ដៃ​ជើង​ ស្អូច) អំឡុង​ពេល ៣ខែ ក្រោយ​ចាក់​សារ៉ូម Rabies immune globulin នោះ​ទេ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​កូន​នៅ​ឡើយ​ទេ។ ហេតុនេះ​ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

សូម​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ បើ​មាន​ផល​ប៉ះពាល់​ដូច​ខាង​ក្រោម៖

– គ្រុន​ក្ដៅ

– ឈឺ​ចាប់ ឬ​មាន​អារម្មណ៍​ថា​រឹង​នៅ​កន្លែង​ចាក់

– កន្ទួល​រមាស់។

ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ បើ​មាន​ផល​ប៉ះពាល់​ដូចជា៖

– ទឹក​នោម​ល្អក់ ឬ​មាន​ឈាម

– សម្ពាធ​ឈាម​ខ្ពស់

– រីក​ធំ ហើម​ដូច​កន្ទាលត្រអាកនៅ​លើ​មុខ​ ត្របក​ភ្នែក​ បបូរ​មាត់​ អណ្ដាត បំពង់​ក​ ដៃ​ ជើង​ បាត​ជើង ប្រដាប់​ភេទ

– ហើម​មុខ​ ជើង​ ឬ​ផ្នែក​ខាង​ក្រោម​ជើង។

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ

សេរ៉ូម Rabies immune globulin អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុង​ប្រើប្រាស់ និង​អាច​ផ្លាស់​ប្ដូរ​មុខងារ​ធ្វើ​ការ​របស់​វា ឬ​បង្កើន​ហានិភ័យ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ។ ដើម្បី​ចៀសវាង​អន្តរកម្ម​ទាំង​នេះ គួរ​​សរសេរ​ឈ្មោះ​ថ្នាំ​យើង​ប្រើប្រាស់ ប្រាប់​ទៅ​គ្រូពេទ្យ ឬ​ឱសថ​ការី​ឲ្យ​បាន​ដឹង។ សម្រាប់​សុវត្ថិភាព​ខ្លួន​យើង​ផ្ទាល់ គួរ​ចាប់​ផ្ដើម ឬ​ឈប់ និង​ផ្លាស់​ប្ដូរ​កម្រិត​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​នោះ​ទេ។

៨- អន្តរកម្ម​ជាមួយ​អាហារ និង​គ្រឿង​ស្រវឹង

សេរ៉ូម Rabies immune globulin អាច​មាន​អន្តរកម្ម​ជាមួយ​អាហារ ឬ​គ្រឿង​ស្រវឹង ដោយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មុខងារ​របស់​ថ្នាំ ឬ​បង្កើន​ហានិភ័យ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ។ សូម​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ មុន​ប្រើប្រាស់​សេរ៉ូម​នេះ។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព

សេរ៉ូម Rabies immune globulin សម្រាប់​ព្យាបាល​ជំងឺ​ឆ្កែ​ឆ្កួត អាច​មាន​អន្តរកម្ម​ជាមួយ​ស្ថានភាព​ជំងឺ​យើង ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ផ្លាស់​ប្ដូរ​មុខងារ​សេរ៉ូម។ សំខាន់​បំផុត ត្រូវ​ឲ្យ​គ្រូពេទ្យ ឬ​ឱសថ​ការី​ដឹង​អំពី​ស្ថានភាព​ជំងឺ​ដែល​យើង​មាន​ដូច​ជា៖

– វិបត្តិ​ជំងឺ​កំណក​ឈាម

– ចំនួន​ប្លាកែត​ធ្លាក់​ចុះ (Thrombocytopenia)

– ធ្លាក់​ចុះ​អង់ទីករ Immunoglobulin A (IgA)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​កម្រិត​ណា?

កម្រិត​ដូស​ណែនាំ គឺ ២០ IU/គីឡូក្រាម ចាក់​បន្សាប​ត្រង់​កន្លែង​សត្វ​ខាំ ឬ​ក្រញៅ។ បើ​ចាក់​មិន​អស់​គួរ​ចាក់​បន្ថែម​នៅ​សាច់ដុំ​ត្រគាក ឬ​សាច់ដុំ​ភ្លៅ​ចំហៀង។

១១- ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ដូស​ណែនាំ​គឺ ២០ IU/គីឡូក្រាម ចាក់​បន្សាយ​ត្រង់​កន្លែង​សត្វ​ខាំ ឬ​ក្រញៅ។

១២- មាន​ទម្រង់​បែប​ណា​ខ្លះ?

សេរ៉ូម Rabies immune globulin អាច​រក​បាន​ក្នុង​ទម្រង់​រាវ និង​កម្រិត​ដូច​ខាង​ក្រោម៖

– ១៥០ IU/មិល្លីលីត្រ (២​មិល្លីលីត្រ កូន​ដប​តូច)

– ១៥០ IU/មិល្លីលីត្រ (១០​មិល្លីលីត្រ កូន​ដប​តូច)

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ចាក់​សេរ៉ូម

បើ​ភ្លេច​ចាក់ សូម​ចាក់​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ចាក់​បន្ទាប់ ត្រូវ​រំលង​ និងចាក់​សេរ៉ូម​ថ្មី តាម​ពេល​​ត្រូវ​ចាក់​បន្ត​បាន​ហើយ កុំ​ប្រើ​សេរ៉ូម​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម