backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Zinc (​ជាតិស័ង្កសី​)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 23, 2019

Zinc (​ជាតិស័ង្កសី​)

ការ​ប្រើប្រាស់

១- តើ​​ប្រើ​ស័ង្កសី​ដើម្បីអ្វី?

ស័ង្កសី គឺសាធាតុ​លោហៈ ​គេ​ហៅ​បានថា​ “Essential Trace Element’ មាន​ន័យ​ថា​ សារធាតុ​ពិសេស​​កម្រ ព្រោះ​ចំនួន​ដ៏​តិច​តួច​របស់សារធាតុ​រ៉ែ​នេះ ​មាន​សារប្រយោជន៍​ណាស់​សម្រាប់​សុខភាព​មនុស្ស។

គេ​ប្រើ​ស័ង្កសី សម្រាប់​​ព្យាបាល ​និង​ការពារ​កង្វះជាតិ​ស័ង្កសី​ រួម​ទាំង​​ផលវិបាក​របស់​វា ដូច​ជា​ ក្រិន ​និង​ជំងឺ​រាគ​ស្រួចស្រាវ​ចំពោះ​ក្មេង និងរបួស​មិន​ងាយ​ជា។

គេ​ក៏​​ប្រើស័ង្កសី ដើម្បី​​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ ព្យាបាល​ជំងឺ​ផ្ដាសាយ ការ​ឆ្លង​មេរោគ​នៅត្រចៀក​​ ការពារ​ការចម្លង​មេរោគ​ផ្លូវ​ដង្ហើម ​ក៏​ដូច​ជា​ជំងឺ​គ្រុនឈាម និង​ជំងឺ​បង្ក​ដោយពពួក​​ប៉ារ៉ាស៊ីត។

ខ្លះ​ប្រើស័ង្ក​សី ព្យាបាល​ជំងឺ​ភ្នែក ហៅថា​ Macular Degeneration មាន​ដូច​ជា ខ្វាក់មាន់ និង​ភ្នែក​ឡើងបាយ។ គេ​ក៏អាច​​ប្រើ​សម្រាប់​​ជំងឺ​ហឺត ទឹកនោមផ្អែម លើស​ឈាម អេដស៍​ និងជំងឺ​ស្បែក ​ដូចជា​ រលាក​ស្បែក​រ៉ាំរ៉ៃ ត្រអក និង​ជំងឺ​​មុន។

ប្រើ​ប្រាស់​ផ្សេង​ទៀត ​រួម​មាន ជំងឺ​ ADHD (Attention deficit-hyperactivity disorder) ខ្សោយ​រសវិញ្ញាណ (Hypogeusia) ជំងឺ​ហឹងត្រចៀក (Tinnitus) របួស​ក្បាល​ធ្ងន់ធ្ងរ ជំងឺ Cronh’s disease ជំងឺវង្វែង​រវង្វាន់​លើ​មនុស្ស​ចាស់ (Alzheimer) រោគ​សញ្ញាវិបត្តិបញ្ញាស្មារី (Down syndrome) និង Hansen’s disease រលាក​ពោះវៀនធំ ដំបៅ​ក្រពះ ក៏ដូចជា​ឡើង​ទម្ងន់​ខ្លាំង ដូច​ជាជំងឺ Anorexia Nervosa ជាដើម។

មនុស្ស​ខ្លះ​ប្រើ​ស័ង្កសី​ដើម្បី​ព្យាបាល ជំងឺ BPH (Benign prostatic hyperplasia) បញ្ហា​មិន​អាច​បង្ក​ដោយ​សារ​លិង្គ​មិន​ឡើង​រឹង (ED) ជំងឺខ្សោយឆ្អឹង (Osteoporosis) ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) និង​រមួល​សាច់​ដុំ​ អម​ជាមួយ​ជំងឺ​ថ្លើម។ ស័ង្កសី ក៏​ត្រូវ​បាន​ប្រើ​ព្យាបាល​ជំងឺ Sickle cell (ជំងឺ​កោសិកា​ឈាម​ក្រហម​រាង​ដូច​កណ្ដៀវ) និងជំងឺ​តំណ​ពូជ​ ដូច​ជា Acrodermatitis Enteropathica ជំងឺ Thalassemia និងជំងឺ Wilson។

អត្តពលិក​ខ្លះ​វិញ ប្រើ​វា​សម្រាប់​ជួយ​ដល់​​ការ​ហាត់​កីឡា​ និងកង្កើន​​កម្លាំង។

គេក៏​អាច​យកស័ង្កសី ​មក​លាប​លើ​ស្បែក​ដើម្បី​ព្យាបាល​មុន ស្បែក​ចាស់ៗ ជំងឺរើម (Herpes simplex infection) និង​ធ្វើឲ្យ​របួស​ជាសះស្បើយ​លឿន។ ម្យ៉ាងទៀត​គេ​ប្រើ​ ​ជា​ស្ព្រាយ​បាញ់​ច្រមុះ​ សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ ខណៈ​ស័ង្កសីស៊ុលផាត ប្រើសម្រាប់​ព្យាបាល​​ក្រហាយ​ភ្នែក ឯស័ង្កសីស៊ីដ្រាត ប្រើសម្រាប់​ធ្វើ​ជា​ថ្នាំ​ដុះ​ធ្មេញ ​និងទឹក​ខ្ពុល​មាត់ដើម្បី​កម្ចាស់​កាកសំណល់ និងព្យាបាល​​រលាក​អញ្ចាញ​ធ្មេញ។

២- ស័ង្កសី​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ទៅ​លើ​សកម្មភាព​របស់​ស័ង្កសី។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ដើម្បីទទួលបាន​ព័ត៌មាន​បន្ថែម។

ទោះ​យ៉ាង​នេះ​ក្ដី គេ​អាច​ដឹង​ថា រាងកាយ​យើង​ត្រូវ​ការ​ស័ង្កសី សម្រាប់​ការ​លូត​លាស់​ និង​ជួសជុល​រាងកាយ។ ស័ង្កសី ត្រូវគេ​​​រក​ឃើញនៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ និង​ប្រតិកម្ម​ជីវសាស្រ្ត​មួយ​ចំនួន។ រាង​កាយ​ត្រូវ​ការ​ស័ង្កសី សម្រាប់មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ជំរុញ​ឲ្យ​របួស​ឆាប់​ជា ជំនួយ​កំណក​ឈាម មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត និង​ផ្នែក​ជា​ច្រើន​ទៀត។ ប្រភព​អាហារ​សម្បូរ​​ស័ង្កសី រួម​មាន សាច់ អាហារ​សមុទ្រ ផលិតផល​ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ និងបន្លែ។

កង្វះ​ស័ង្កសី​ មិន​មែនជា​រឿងចម្លែក​ទេ ដោយ​រោគសញ្ញាមាន​ដូច​ជា លូត​លាស់​យឺត អាំងស៊ុយលីន​ថយចុះ មិន​សូវញ៉ាំ ឆេវឆាវ ជ្រុះសក់ ស្បែក​ក្រហម​ និង​ស្ងួត របួស​ក្រជា បាត់បង់​រស និង​ឃានវិញ្ញាណ រាក និង​ចង្អោរ។ បញ្ហា​ពោះ​វៀន ​រំខាន​ដល់​ការ​ស្រូប​អាហារ (Malabsorption syndromes) ញៀន​ស្រា ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ និង​ជំងឺ​អសកម្ម​រ៉ាំរ៉ៃ (Chronic debilitating disease) ជា​មូលហេតុ នាំ​ឲ្យកង្វះ​ស័ង្កសី​កម្រិត​មធ្យម។

ស័ង្កសី​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​គំហើញ ហេតុនេះ​កង្វះ​ស័ង្កសី​ អាច​ប៉ះ​ពាល់​ដល់គំហើញ និង​កង្វះ​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ស្រទាប់រ៉េទីន។

ស័ង្កសី​ ក៏​អាច​ប្រឆាំង​នឹង​វី​រុស​ដូច​គ្នា អាចកាត់​បន្ថយ​រោគសញ្ញា​ប្រភេទ​វីរុស Rhinovirus ប៉ុន្តែ​ការ​ស្រាវជ្រាវ​មិន​ទាន់​ពន្យល់​ច្បាស់ពី​ដំណើរការ​វានៅ​ឡើយ។ មាន​ភស្តុតាង​ខ្លះ​បង្ហាញ​ថា ​ស័ង្កសី​មាន​សកម្មភាព​ប្រឆាំង​នឹងវីរុស Herpes (មេរោគ​បង្ក​ឲ្យ​កើតជំងឺ​រើម)។

ពេល​ណា​ជាតិស័ង្កសី​ថយចុះ អាច​ធ្វើ​ឲ្យប្រុសៗ​​មិន​មានកូន កោសិកាឈាមក្រហម​រាងកណ្ដៀវ ជំងឺ​អេដស៍ ជំងឺ​ថប់បារម្ភ ទឹកនោម​ផ្អែម​ប្រភេទ ​២ តែ​​អាច​ព្យាបាលបាន​ដោយ​ការ​លេបបង្គ្រប់​ជាតិ​​ស័ង្កសី។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​ត្រូវ​ដឹងអ្វី​ខ្លះ​មុននឹងប្រើស័ង្កសី?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយស័ង្កសី ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ស័ង្កសី​មានសុវត្ថិភាពកម្រិត​ណា?

ស័ង្កសី មានសុវត្ថិភាព​ចំពោះ​មនុស្ស​ពេញវ័យ​ បើ​ប្រើវាលាប​លើស្បែក ឬលេប​មិនលើស​ពី ៤០មិល្លីក្រាម ជាប្រចាំ។ ជាធម្មតា ស័ង្កសី ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជានោះ​ទេ។

ស័ង្កសី​ ក៏​អាច​មាន​សុវត្ថិភាព​ បើលេប​ច្រើន​ជាង ៤០មិល្លីក្រាម ជាប្រចាំ។ តែ​ក៏​មានផលប៉ះ​ពាល់​ខ្លះ​ បើលេប​លើសពី ៤០មិល្លីក្រាម អាច​ធ្វើ​ឲ្យ​ថយចុះ​ការស្រូប​ជាតិ​ទង់ដែងក្នុងខ្លួន ហើយ​ខ្វះ​ជាតិ​ទង់ដែង នាំ​ឲ្យ​​​ខ្វះ​គ្រាប់ឈាម​ទៀត​ផង។

ស័ង្កសី មិនមាន​សុវត្ថិភាពទេ​ ពេល​ស្រូប​តាម​ច្រមុះ​ ដោយសារ​វា​អាច​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ឃាន​វិញ្ញាន។

ញ៉ាំ​ជាតិ​ស័ង្កសី​ច្រើន​ពេក ​មិន​មាន​សុវត្ថិភាព​ទេ ពិសេសបើលើស​ ១០០ មិល្លីក្រាម ជាប្រចាំ​ ឬប្រើ​ជា​​អាហារ​បំប៉ន រយៈពេល ១០ឆ្នាំ ​ឬ​ច្រើន​ជាង​នេះ​ ធ្វើ​ឲ្យ​កើន​ឡើង​ទ្វេរ​ដង ​នូវ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត។

ញ៉ាំ​ជាតិ​ស័ង្កសីចាប់​ពី​ ៤៥០មិល្លីក្រាម ឬ​ច្រើន​ជាង​នេះ​ជាប្រចាំ​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អ៊ី​យ៉ុង​ក្នុង​ឈាម។ ហើយ​បើញ៉ាំ​ម្តងពី ១០-៣០ ក្រាម​ អាច​បណ្តាល​ឲ្យ​ស្លាប់តែ​ម្តង។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ចំពោះ​ទារក និង​ក្មេងតូចៗ៖ ស័ង្កសី​ មាន​សុវត្ថិភាព​ពេល​ញ៉ាំ​ក្នុង​កម្រិត​​ត្រឹមត្រូវដែល​បាន​ណែនាំ។ ហើយ​មិន​មាន​សុវត្ថិភាព​ទេ បើ​ប្រើ​ក្នុង​កម្រិត​ខ្ពស់។

– ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​បំបៅ​ដោះកូន៖ ស៍ង្កសី មាន​សុវត្ថិភាព ​បើ​ប្រើ​ក្នុង​ការ​ណែនាំ​ជាប្រចាំ។ យ៉ាងណា​ ​អាច​មិន​មាន​សុវត្ថិភាព​បើ​លេប​ច្រើន​ពេក។ ស្រីៗ​មាន​ផ្ទៃ​ពោះ​អាយុ​លើស ១៨​ឆ្នាំ មិនគួរ​លេប​លើស ៤០ មិល្លីក្រាម/ថ្ងៃ ទេ ហើយ​បើ​អាយុ​ពី ១៤-១៨ ឆ្នាំ ក៏​មិនគួរ​លេប​លើស ៣៤ មិល្លីក្រាម/ថ្ងៃ ​ដែរ។ ស្រីៗ​កំពុង​បំបៅដោះកូន​ អាយុលើសពី​ ១៨ឆ្នាំ ​មិនគួរ​លេប​លើស ៣៤ មិល្លីក្រាម/ថ្ងៃ អាយុ​ពី ១៤-​១៨ ឆ្នាំ មិល្លីក្រាម/ថ្ងៃ។

– ញៀនស្រា៖ ផឹកស្រារយៈ​ពេល​យូរ​ និង​ហួស​កម្រិត ​ធ្វើ​ឲ្យ​ថយចុះ​ការ​ស្រូប​ស័ង្កសី​ក្នុង​ខ្លួន។

– ទឹក​នោម​ផ្អែម៖ កម្រិត​ស័ង្កសី​ច្រើន​ពេក ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមទាបចំពោះ​អ្នកជំងឺទឹក​នោម​ផ្អែម។

– ​លាង​ឈាម៖ អ្នក​ជំងឺ​ត្រូវ​ការ​លាង​ឈាមប្រឈម​​ខ្វះជាតិ​ស័ង្កសី​ ​ទាមទារ​ប្រើស័ង្កសី​បន្ថែម។

– ជំងឺអេដស៍៖ សូម​ប្រើ​​ដោយ​ប្រុង​ប្រយ័ត្ន​ បើ​យើង​មាន​ជំងឺអេដស៍។

– បញ្ហា​ក្រពះ ​ពោះ​វៀន៖ ពិបាក​ស្រូប​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន អាច​មក​ពី​ខ្វះ​ស័ង្កសី។

– ជំងឺរលាកសន្លាក់ច្រើន៖ អាច​​ស្រូប​យក​ស័ង្កសី​បានតិច។

ស្វែង​យល់​ពី​ផលរំខាន

៦- ស័ង្កសី​មាន​ផលរំខាន​អ្វី​ខ្លះ?

គ្នា​យើង​មួយ​​ចំនួន អាច​រង​ផល​រំខាន​ពី​ជាតិ​ស័ង្កសី នាំ​ឲ្យ​​ចង្អោរ ក្អួត រាក​ ខូចតម្រងនោម និង​ក្រពះ ល្វីងមាត់ និងផល​ប៉ះពាល់​ផ្សេងទៀត។ ប្រើស័ង្កសី​លើស្បែក​ដែល​ខូច ​អាច​បណ្ដាល​ឲ្យ​រលាក រមាស់ ឈឺចាប់ ឈឺចាក់ៗ។

ប្រើស័ង្កសីកម្រិតខ្ពស់​ជាង​ការណែនាំ​អា ច​បណ្ដាល​ឲ្យ​ក្ដៅខ្លួន ក្អក ឈឺពោះ អស់កម្លាំង និង​បញ្ហា​ដទៃ​ទៀត។

ក៏មាន​ការប៉ះពាល់​ផងដែរ ​ពេលលេប​វីតាមីន​ចម្រុះ​ ជាមួយ​អាហារ​បំប៉នស័ង្កសី ធ្វើ​ឲ្យ​អត្រា​ប្រឈម​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ក្រពេញប្រូស្តាត។

បើ​​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មានចម្ងល់បន្ថែម ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អ ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ស័ង្កសី​​អាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ស័ង្កសី​ អាច​មាន​ប្រតិកម្ម​ជាមួយថ្នាំ​យើង​កំពុងលេប​ និង​ស្ថាន​ភាព​ជំងឺ​យើងកំពុង​មាន។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុនពេល​ប្រើ។ ខណៈថ្នាំ​​អាចមាន​ប្រតិកម្មជាមួយ​ស័ង្កសី ​រួមមាន៖

– ថ្នាំ​ផ្សះ៖ កម្រិត​ស័ង្កសី​អាច​ថយ​ចុះ​ ពេល​រាង្គកាយ​ស្រូប​ថ្នាំ​ទាំង​នេះ។ ការ​លេបស័ង្កសី​ជាមួយ​ថ្នាំ​ផ្សះ ​ធ្វើ​ឲ្យ​ឥទ្ធិពល​នៃ​ថ្នាំ​ផ្សះ​ខ្លះ​ថយចុះ។ ដើម្បី​ចៀសវាង​ប្រតិកម្ម​ ចូរ​លេប​ស័ង្កសីមួយ​ម៉ោង ​មុន​ថ្នាំ​ផ្សះ​។ ថ្នាំ​ផ្សះ​ទាំង​នោះ ​រួម​មាន Ciprofloxacin (Cipro), Enoxacin (Penetrex), Norfloxacin (Chibroxin, Noroxin), Sparfloxacin (Zagam), Trovafloxacin (Trovan) និងថ្នាំ អrepafloxacin (Raxar)។

– ថ្នាំ Tetracyclines៖ ស័ង្កសី​ អាច​មាន​ប្រតិកម្ម​ជាមួយថ្នាំ ​Tetracyclines ក្នុង​ក្រពះ ធ្វើ​ឲ្យ​ការ​ស្រូបថ្នាំ Tetracyclines ថយចុះ និង​បន្ថយ​ឥទ្ធិពល​ថ្នាំ។ ដើម្បី​ចៀសវាង​ប្រតិកម្ម​ ត្រូវលេប​ស័ង្កសី​មុន ​២-​៤ ម៉ោង។ ថ្នាំ​ទាំង​នោះ​រួម​មាន Demeclocycline (Declomycin), Minocycline (Minocin) និងថ្នាំ  Tetracycline (Achromycin)។

– ថ្នាំ Cisplatin៖ Cisplatin (Platinol-AQ) ប្រើ​ដើម្បី​ព្យាបាល​មហារីក ខណៈ​លេប​ស័ង្កសី​ជាមួយ EDTA និង Cisplatin (platinol-AQ) អាច​ធ្វើ​ឲ្យ​កើនឡើង​នៅ​ឥទ្ធិពល និង​ផលរំខានរបស់ថ្នាំ Cisplatin(platinol-AQ)។

– ថ្នាំ Penicillamine៖ Penicillamine ប្រើ​សម្រាប់​ព្យាបាល​ជំងឺ Wilson’s disease និង​រលាក​សន្លាក់។ ស័ង្កសី​អាចធ្វើ​ឲ្យ​ថយចុះ​ការស្រូប​របស់ថ្នាំ Penicillamine និងបន្ថយ​ឥទ្ធិពល​របស់​វា។

– ថ្នាំ Amiloride៖ Amiloride (Midamor) ដូច​ជាថ្នាំ​បញ្ចុះ​ទឹក​នោម ថ្នាំនេះ គេ​ប្រើ​ដើម្បី​ជួយ​បញ្ចេញ​ជាតិទឹក​ពីរាង្គកាយ។ ឥទ្ធិពល​ផ្សេង​ទៀត ​ធ្វើ​ឲ្យ​កើន​ឡើង​ស័ង្កសី​ក្នុង​ខ្លួន ហេតុនេះបើលេប​ស័ង្កសី​ជាមួយថ្នាំ Amiloride អាច​បណ្ដាលឲ្យ​ចំនួន​ស័ង្កសី​លើស​ក្នុងខ្លួន។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

គេ​ណែនាំ​ឲ្យ​ប្រើ​កម្រិត​ស័ង្កសី​ក្នុង​កម្រិត​ដូច​ខាង​ក្រោម៖

លេប

– ព្យាបាល​ផ្ដាសាយ៖ លេបជាតិស័ង្កសី ដូចជា Zinc gluconate ឬ Acetate lozenge មួយ​គ្រាប់ ៩-២៤ មិល្លីក្រាម ដាក់រលាយ​ក្នុង​មាត់រៀងរាល់ ២ ម៉ោង​ម្តង។

– ព្យាបាលការកង្វះ​​អាហារូបត្ថម្ភ ឬខ្វះ​ស័ង្កសីចំពោះ​ក្មេង៖ ១០-៤០ មិល្លីក្រាម រៀងរាល់ថ្ងៃ។

– ការពារ និង​ព្យាបាល​រលាកសួតចំពោះ​ក្មេង​ខ្វះ​ជីវជាតិ៖ ១០-៧០ មិល្លីក្រាម/​ថ្ងៃ។

– ព្យាបាល​បញ្ហា​បាត់បង់​រសវិញ្ញាណ៖ ២៥-១០០ មិល្លីក្រាម។

– មិន​ឃ្លានអាហារ៖ ១០០ មិល្លីក្រាម នៃ​ស័ង្កសី​គ្លុយកូណាត ជាប្រចាំ។

– ព្យាបាល​ដំបៅ​ក្រពះ៖ ប្រើស័ង្កសី​សុលផាត ២០០មិល្លីក្រាម ៣ ដង/ថ្ងៃ។

– ​ខ្សោយ​សាច់ដុំដោយសារ​ខ្វះជាតិ​ស័ង្កសី និង​​ជំងឺ​ថ្លើម៖ ស័ង្កសី​សុលផាត​ ២២០មិល្លីក្រាម ២ ដង/ថ្ងៃ។

– ជំងឺ​ពុកឆ្អឹង៖  ១៥មិល្លីក្រាម ស័ង្កសី​ជាមួយ​ម៉ង់ហ្គាណែស ៥មិល្លីក្រាម កាល់ស្យូម ១០០០មិល្លីក្រាម និង​ទង់ដែង​ ២,៥ មិល្លីក្រាម។

– ជំងឺ​កោសិកា​ឈាមក្រហម​មាន​រាង​កណ្ដៀវ៖ ស័ង្កសី​ស៊ុលផាត ២២០មិល្លីក្រាម ៣ដង ​ជាប្រចាំ។

– ក្មេងដមាន​កោសិកា​ឈាម​រាង​កណ្ដៀវ និង​ក្រពេញវ័យ​ឲ្យ​លូតសាស់ ​និង​ឡើង​ទំងន់៖ ប្រើ ១០ មិល្លីក្រាម/​ថ្ងៃ។

– សម្រាប់ក្មេង​មាន​ជំងឺ​ផ្លូវ​ចិត្ត៖ ស័ង្កសី​ស៊ុលផាត ​៥៥-១៥០ មិល្លីក្រាម (១៥-៤០ មិល្លីក្រាម ចំពោះ​ស័ង្កសី) ប្រើ​ជាប្រចាំ។

– ព្យាបាល​មុន៖ ៣០-១៣៥​ មិល្លីក្រាម​ ប្រើ​ជាប្រចាំ។

– ជំងឺមនុស្ស​ចាស់ Macular degeneration (AMD)៖ ស័ង្កសី​ ៨០មិល្លីក្រាម ជាមួយ​វីតាមីន​ C ៥០០មិល្លីក្រាម វីតាមីន E ៤០០ អាយយូ និង Beta-carotence ១៥ មិល្លីក្រាម​ជាប្រចាំ។

– វិទ្យា​ស្ថាន​វេជ្ជសាស្រ្ត បង្កើតកម្រិត​ញ៉ាំ​អាហារជាតិ​ស័ង្កសី​ចំពោះ​ក្មេងទើប​កើត​ដល់ ​៦ខែ ២ មិល្លីក្រាម/ថ្ងៃ ។

– ទារក​ និង​ក្មេង​៖ អាយុ​ពី ៧ខែ ដល់ ៣ឆ្នាំ៣ មិល្លីក្រាម/ថ្ងៃ។ ក្មេង​អាយុ​ពី ៤-​៨ ឆ្នាំ ៥ មិល្លីក្រាម/ថ្ងៃងៃ។ ៩-១៣ ឆ្នាំ ៨ មិល្លីក្រាម/ថ្ងៃ។ ក្មេង​ស្រី ១៤​-​១៨ ឆ្នាំ មិល្លីក្រាម/ថ្ងៃ។ ក្មេង​ប្រុស​អាយុ​ពី ១៣ ឆ្នាំ​ឡើង​ទៅ ១១ មិល្លីក្រាម/ថ្ងៃ។ ស្រីៗ​​អាយុ​ពី ​១៩ឆ្នាំឡើង ៨ មិល្លីក្រាម/ថ្ងៃ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​អាយុ​ពី​ ១៤-១៨ឆ្នាំ ១៣ មិល្លីក្រាម/ថ្ងៃ។ ស្រីៗ​មាន​ផ្ទៃ​ពោះ​អាយុ​ ១៩ឆ្នាំឡើង ១១ មិល្លីក្រាម/ថ្ងៃ។ ​បំបៅដោះកូន​អាយុ​ ១៤-​១៨ ឆ្នាំ ១៤ មិល្លីក្រាម/ថ្ងៃ។ ​បំបៅ​ដោះកូន​អាយុ ១៩ ឆ្នាំឡើង​ ១២ មិល្លីក្រាម/ថ្ងៃ។

លាបលើស្បែក

-ព្យាបាល​មុន៖ ស័ង្កសី​អាសេតាត ១,២% ជាមួយ​ Erythromycin ៤% ប្រើ​ដូចលេលាប​ ២ដង ​ជាប្រចាំ។

– ជំងឺរើម (Herpes simplex)៖ ស័ង្កសី​ស៊ុលផាត​ ០​,២៥% លាប ៨-១០ ដង​ជាប្រចាំ ឬស័ង្កសី​អុកស៊ីត ០,៣% ជាមួយ​គ្លីស៊ីនលាប​ រាល់ ២ ម៉ោង/ម្ដង។

កម្រិតប្រើ​ខុសៗ​គ្នា​អាស្រ័យ​លើ​កត្តាអាយុ សុខភាព​ និង​ជំងឺ។ អាហារ​បំប៉ន ​ធ្វើ​ពី​ស័ង្កសី មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ ​ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ។

៩- មាន​ជា​​ទម្រង់​អ្វី​ខ្លះ?

ស័ង្កសី ​មាន​ទម្រង់ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​ស័ង្កសី ៣០មិល្លីក្រាម និង ៥០មិល្លីក្រាម

– ថ្នាំ​គ្រាប់ កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម