backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Black Pepper (ម្រេច​ខ្មៅ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 08, 2019

Black Pepper (ម្រេច​ខ្មៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ម្រេចខ្មៅប្រើ​ដើម្បី​អ្វី?

ម្រេចខ្មៅ ភាសា​អង់គ្លេស​ហៅថា Black Pepper ជាទូទៅ​ យើង​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​មុខ​ម្ហូប​ជាច្រើន ក៏​ដូច​ជា​ទឹក​ជ្រលក់ ប៉ុន្តែ​ទាំងចាស់​បុរាណ យក​មក​ប្រើ​ជា​ថ្នាំ ​ព្យាបាល​រោគ​សញ្ញា​ទាក់​ទង​ជាមួយ​ក្រពះ​ពោះ​វៀន ​ក៏​ដូច​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​​រួម​មាន៖

– ខ្យល់​ក្នុង​ពោះ មិន​រំលាយ​អាហារ ក្រហាយ​ទ្រូង ឈឺ​មិន​ស្រួល​ក្នុង​ក្រពះ

– មិន​ឃ្លាន​អាហារ

– ដំបៅ​ក្រពះ

– ឈឺ​ចុកពោះ

– រលាក​ទង​សួត

– មហារីក។

ម្រេច​ខ្មៅ ក៏​ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល​បញ្ហា​សន្លាក់​ និង​បញ្ហា​ផ្លូវ​ដង្ហើម ​ជួយ​ភ្ញោច​ប្រព័ន្ធប្រសាទ​ផង​ដែរ។ ម្រេច​ខ្មៅ អាច​ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​សរសៃ​ប្រសាទ និង​ជំងឺចៃ (Scabies) ជាដើម។

២- ម្រេច​ខ្មៅ​ដំណើរ​ការ​យ៉ាង​ម៉េច?

នៅ​មិនទាន់​​មាន​ការ​សិក្សា​គ្រប់គ្រាន់ ​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យជំនាញ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ម្រេច​ខ្មៅ អាច​ជួយ​ប្រឆាំង​នឹង​ពពួកមីក្រុប និង​ធ្វើឲ្យ​​ទឹក​ក្រពះ​បញ្ចេញ​មក​ច្រើន។

មាន​ភស្ដុតាង​ប្រឆាំង​គ្នា​នៅ​ឡើយ ពី​តួនាទី​ម្រេច​ខ្មៅ ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។ ភស្ដុតាង​ខ្លះ​បញ្ជាក់​ថា ​ម្រេច​ខ្មៅ អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ ប៉ុន្តែ​ខ្លះ​ទៀត​ថា​ ​អាច​ជួយ​ទៅ​លើ​ករណី​ជំងឺ​មហារីក​ថ្លើម​ទៅ​វិញ។

សារធាតុ​ពីពើរីន (Piperine) ដែល​ជា​អាល់កាលូអ៊ីត (Alkaloids) មាន​ក្នុង​ម្រេច​ខ្មៅ មាន​សកម្មភាព​ប្រឆាំង​អ័រម៉ូន​អង់ដ្រូហ្សែន (Antiandrogenic) ប្រឆាំង​រលាក (Antiinflammatory) និង​មាន​សកម្មភាព​ការពារ​ថ្លើម ហើយ​សារធាតុ​អាមីត​ហ្វែរ៉ូភើរីន (Amide feruperine) គឺ​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​​ប្រើ​ម្រេចខ្មៅជាថ្នាំបុរាណ?

ម្រេចខ្មៅ ត្រូវ​តែ​ទុក​ក្នុង​កន្លែង​ត្រជាក់ ស្ងួត ​ឆ្ងាយ​ពី​កម្ដៅ​ និង​សំណើម។ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ករណី​អាលែកហ្ស៊ី ហើយ​បើ​សិន​ជា​មាន ត្រូវ​ឈប់​ប្រើ​ម្រេច​ខ្មៅ និង​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamine) ឬ​ទៅ​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ភ្លាម។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ម្រេចខ្មៅមាន​សុវត្ថិភាព​កម្រិត​ណា?

ម្រេច​ទាំង​ស​ ​ទាំង​ខ្មៅ គឺ​មាន​សុវត្ថិភាព ​បើ​ញ៉ាំ​ក្នុង​កម្រិត​ជា​អាហារ​ធម្មតា ទោះ​បី​ចំពោះស្រី​​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។ ប៉ុន្តែ​បើ​ញ៉ាំ​​ច្រើន ​ប្រហែល​ជា​មិន​មាន​សុវត្ថិភាព​ទេ។ មាន​ការ​ព្រួយ​បារម្ភ​ថា បើ​ប្រើ​ម្រេច​ខ្មៅ​ក្នុង​កម្រិត​ច្រើន ​អាច​ជា​ហេតុ​នាំ​ឲ្យ​​រលូត​កូន​បាន។ ដូច​គ្នា​នេះ​ដែរ គួរ​ចៀសវាង​លាប​ម្រេច​ខ្មៅ​នៅ​លើ​ស្បែក ព្រោះ​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ស្ដី​ពី​សុវត្ថិភាព​ ពេល​ប្រើ​ម្រេច​ជា​ថ្នាំ​លាប​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ។

បើ​សិន​ជា​បំបៅ​ដោះ​កូន​វិញ ម៉ាក់ៗ​​គួរ​កម្រិត​ការ​ញ៉ាំ​ម្រេច​ត្រឹម​កម្រិត​ក្នុង​អាហារ​វិញ ព្រោះ​នៅ​មិន​ទាន់​ដឹង​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​វា​ ក្នុង​កម្រិត​ជា​ថ្នាំ​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​ផលរំខាន

៥- ម្រេចខ្មៅ​មាន​ផល​រំខានអ្វី​ខ្លះ?

ម្រេចខ្មៅអាច​មាន​ផល​រំខាន​មួយ​ចំនួន ដូច​ជា៖

– ក្រហាយ​ភ្នែក ហើម (ពេល​លាប​ប៉ះ​ភ្នែក)

– អាលែកហ្ស៊ី

– ធ្វើ​ឲ្យ​សកម្មភាព​ថ្នាំប្រឆាំង​មហារីកចុះ​ខ្សោយ

– ថប់​ដង្ហើម​ចំពោះ​ក្មេងៗពេល​ញ៉ាំ​ក្នុង​កម្រិត​ច្រើន។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើមាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឱសថការី ​ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ម្រេចខ្មៅអាច​មាន​អន្តរកម្ម​នឹង​អ្វី?

ឱសថ​រុក្ខជាតិ​នេះ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ ​ឬ​ស្ថាន​ភាព​ជំងឺយើងកំពុង​មាន។ ដូច​នេះ​ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ​មុន​នឹង​ប្រើ។

ម្រេចខ្មៅ (Black Pepper) អាច​នឹង​មាន​ឥទ្ធិពល​ដូច​នឹង​ថ្នាំ​បញ្ចុះ​ទឹក​នោម  ញ៉ាំ​ម្រេច​ខ្មៅ​អាច​ធ្វើ​ឲ្យ​​រាង​កាយ​ពិបាក​បញ្ចេញសារធាតុ​លីចូម (Lithium) ដោយ​ហេតុ​នេះ​ អាច​ធ្វើ​ឲ្យ​​សារធាតុ​ថ្នាំលីចូម​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​រាងកាយ នាំ​ឲ្យមាន​ផល​រំខាន​ធ្ងន់ធ្ងរ​ផ្សេងទៀត។

ប្រសិទ្ធ​ភាព​ថ្នាំ​មួយ​ចំនួន​ អាច​នឹង​ប្រែ​ប្រួល​ពេល​មាន​អន្តរកម្ម​ជាមួយ​នឹង​ម្រេច​ខ្មៅ ថ្នាំ​ទាំង​នោះ​រួម​មាន ថ្នាំ Cytochrome P450 ថ្នាំ Phenytoin ថ្នាំ Propranolol ថ្នាំ Theophylline។ ហើយ​ការ​ធ្វើ​តេស្ត​កំហាប់​ជាតិ​ថ្នាំ​ Phenytoin ថ្នាំ Propranolol ថ្នាំ Theophylline ក៏​អាច​ប្រែ​ប្រួលដូច​គ្នា។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​ គឺ​មិន​អាច​ជំនួស​អនុសាសន៍ពី​គ្រូពេទ្យ​បាន​ទេ។ ត្រូវពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ

៧- កម្រិត​ល្ង​ប្រើ​ទូទៅ

កម្រិត​ញ៉ាំ​ទូទៅ ពី ៣០០-៦០០ មិល្លីក្រាម/​ថ្ងៃ ហើយ​កម្រិត​អតិបរមា ​មិន​ត្រូវ​លើស​ពី ១,៥ ក្រាម/ថ្ងៃ ​ឡើយ។

កម្រិត​​ការ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​សុខភាព​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​​ជាមុន​សិន។

៨- ទម្រង់ម្រេចខ្មៅ

ម្រេច​ខ្មៅ អាច​មាន​ទម្រង់ ម្សៅ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 08, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម