backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Xylometazoline nasal​ (ថ្នាំបាញ់ច្រមុះ Xylometazoline)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 13, 2020

Xylometazoline nasal​ (ថ្នាំបាញ់ច្រមុះ Xylometazoline)

ការ​ប្រើ​ប្រាស់

១- តើថ្នាំបាញ់ច្រមុះ Xylometazolineប្រើដើម្បីអ្វី?

ឱសថ Xylometazoline Nasal ឬថ្នាំបាញ់ច្រមុះ Xylometazoline ជា​ទូទៅ​គឺប្រើ​ដើម្បី​ព្យាបាល​បញ្ហា​តឹង​ច្រមុះ​​ដោយ​សារ អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​គ្រុន​ផ្ដាសាយ​ធម្មតា។ ឱសថ​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រើ​ក្នុង​គោល​បំណង​ព្យាបាល​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែល​មិន​បាន​បង្ហាញ​ខាង​លើ។

ឱសថ Xylometazoline Nasal គឺ​ជា​ឱសថ​បំបាត់​អាការៈ​តឹង​ច្រមុះ (Decongestant) ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ក្នុង​រន្ធ​ច្រមុះរួម​តូច​វិញ​ ព្រោះថាសរសៃ​ឈាម​ដែល​រីក​ក្នុង​រន្ធ​ច្រមុះ​អាច​ធ្វើ​ឲ្យ​តឹង​ច្រមុះ​បាន។

២- តើខ្ញុំ​គួរ​ប្រើថ្នាំបាញ់ច្រមុះ Xylometazoline​ដោយរបៀបណា?

សូម​ប្រើ​ថ្នាំ​នេះ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ឬ​តាម​ការណែនាំ​ក្នុង​ខិតប័ណ្ណ​ថ្នាំ។ មិន​ត្រូវ​ប្រើ​ច្រើន​ជាង ឬ​តិច​ជាង​ ឬ​យូរ​ជាង​កម្រិត​ដែល​ណែនាំ​នោះ​ឡើយ។ការ​ប្រើ​ថ្នាំ​នេះ​ច្រើន​ពេក អាច​បង្ក​ឲ្យ​ខូច​ខាត​ទៅ​លើ​រន្ធ​ច្រមុះ ដែល​ជា​ហេតុ​នាំឲ្យ​​តឹង​ច្រមុះ​រ៉ាំរ៉ៃ។

របៀប​ប្រើ​ថ្នាំ​បាញ់​ច្រមុះ (Nasal spray)

យើងត្រូវ​បាញ់​ចូល​ច្រមុះ​តិចៗ។ យើង​ត្រូវផ្ងើយ​ក្បាល​ទៅ​ក្រោយ ហើយ​ដាក់ ចុង​បំពង់​ថ្នាំ​ចូល​ក្នុង​រន្ធ​ច្រមុះ​ម្ខាង រួចយក​ម្រាម​ដៃ​សង្កត់​បិទ​រន្ធ​ច្រមុះ​ម្ខាង​ទៀត។ ដក​ដង្ហើម​ចូលឲ្យ​លឿន និង​បាញ់​ថ្នាំ​ចូល​ក្នុង​ច្រមុះ​ថ្នម​ៗ។ បន្ទាប់​មក ចូរ​ធ្វើ​ដូច​គ្នា​នឹង​រន្ធ​ច្រមុះ​ម្ខាង​ទៀត។ មិន​ត្រូវ ញីស​សំបោរ យ៉ាង​ហោច​ណាស់​ក៏​ពីរ​ទៅ​បី​នាទី​ដែរ ក្រោយ​ប្រើ​ថ្នាំ​បាញ់​ច្រមុះ​រួច។ គ្នា​យើង​ត្រូវ​ចាំថា​មិន​ត្រូវ​ប្រើ​ថ្នាំ​បាញ់​ច្រមុះ​នេះ ច្រើន​ជាង​បីដង​ក្នុង​មួយ​ថ្ងៃ​ឡើយ (ត្រូវ​ប្រើ​រៀង​រាល់ ៨​ទៅ ១០​ម៉ោង​ម្ដង)។

ដើម្បី​ការ​ពារ​កុំ​ឲ្យ​​មាន​ការ​ចម្លង​រោគ យើង​មិន​អាចឲ្យ​​ថ្នាំ​បាញ់​ច្រមុះ​របស់​យើង​ទៅ​​អ្នក​ដទៃ​ប្រើ​នោះទេ​។

យើង​ត្រូវទៅជួប​​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​រោគ​សញ្ញា​របស់​យើង​មិន​បាន​ធូរ​ស្រាល​បន្ទាប់​ពី​ប្រើ​បាន​ ៥​ថ្ងៃ​ពិតពីថ្ងៃចាប់​ផ្ដើម​ការ​ព្យាបាល។

៣- តើ​ខ្ញុំ​គួរ​ទុក​ដាក់ថ្នាំបាញ់ច្រមុះ Xylometazolineដោយ​របៀប​ណា?

កន្លែង​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​ទុក​ឱសថ​នេះ​គឺ​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា (មាន​បញ្ជាក់​ក្នុង​សេចក្ដីណែនាំ​របស់​ថ្នាំ) និង​ត្រូវ​ទុក​​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ​និង​សំណើម។ ដើម្បី​កុំ​ឲ្យ​ខូច​ថ្នាំ សូម​កុំ​ទុក​វា​នៅ​ក្នុង​បន្ទប់​ទឹក​ឬ​ទូ​ទឹក​កក​ កន្លែង​កក​ឲ្យ​សោះ។ យើង​ត្រូវចាំ​ថា​​ឱសថប្រភេទ​នេះ មាន​ខ្លះត្រូវ​ការ ការ​ទុក​ដាក់​ខុសៗ​គ្នា។ សូម​ពិនិត្យ​មើល​ការ​ណែនាំ​នៅ​លើ​សំបក​កញ្ចប់​ឬ​សួរ​ឱសថការី​អំពី​រឿង​នេះ។ ដើម្បី​សុវត្ថិភាព យើង​ទុក​ថ្នាំ​ឲ្យ​ឆ្ងាយ​ពីក្មេងៗ​និង​សត្វ​ចិញ្ចឹម។

យើង​មិន​ត្រូវ​ចាក់​ឱសថ​នេះ  ចោល​តាម​បង្គន់ ឬ​លូរ​បង្ហូរ​ទឹកទេ ​លើកលែង​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​ដូច​នោះ។ ​ថ្នាំ​ដែល​ផុត​សុពលភាព​ប្រើ​ប្រាស់​យើង​ចាំ​បាច់​ត្រូវតែ​បោះចោល ឈប់​ប្រើ​ប្រាស់។ សូមទៅ​ពិគ្រោះ​ជាមួយ​ឱសថការី​ដើម្បី​ដឹង​ពី​ព័ត៌មាន​លម្អិតស្ដី​ពី​ការ​បោះ​ចោល​​ថ្នាំប្រភេទនេះឲ្យ​បាន​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖ 

ការប្រុងប្រយ័ត្ននិងបម្រាម

៤- តើខ្ញុំគួរ​ដឹង​​អ្វីខ្លះ​​មុន​ពេល​ប្រើ​ថ្នាំបាញ់ច្រមុះ Xylometazoline?

យើង​​មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ ប្រសិន​បើ​យើង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ប្រ​ភេទនេះ​។

យើង​អាចសាក​សួរ​គ្រូពេទ្យ​ ឬ​ឱសថ​ការី ថា​តើ​ថ្នាំ​នេះ អាច​មានសុវត្ថិភាព​ចំពោះយើង​​ឬ​អត់ បើ​សិន​យើង​កំពុង​មាន​បញ្ហា​សុខភាព ជា​ពិសេស​មាន៖

– ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម

– ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (Glaucoma)

– ជំងឺ​ថ្លើម ឬ​ជំងឺ​តម្រង​នោម

– ក្រពេញ​ប្រូស្តាត រីកធំ មាន​បញ្ហា​ក្នុង​ការ​បន្ទោរ​បង់​នោម

– ជំងឺ​ទឹក​នោម​ផ្អែម

– ឬ​មាន​បញ្ហា​ក្រពេញ ទីរ៉ូអ៊ីត

៥- ការ​ប្រើ​ថ្នាំបាញ់ច្រមុះ Xylometazoline ចំពោះស្រ្តីមាន​ផ្ទៃ​ពោះឬបំបៅដោះកូន​

មិន​មាន​ការសិក្សារ​ណា​បញ្ជាក់​ថា​មាន​ហានិភ័យ​លើ​ការ​ប្រើ​ថ្នាំ​នេះ ​ពេល​មាន​ផ្ទៃ​ពោះ​ឬ​ពេល​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ឥទ្ធិពល និង​ហានិភ័យ​មុន​ពេល​ប្រើ​ថ្នាំ។ យោង​ទៅលើ ផ្នែករដ្ឋបាល​ចំណី​អាហារ​សហរដ្ឋ​អាមេរិក (FDA) ឱសថ​នេះ ចាត់​ចូល​ក្នុង​គ្រោះថ្នាក់​ប្រភេទ C​ (មាន​ហានិភ័យ​ខ្លះ)​ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ឯកសារ​យោង​នៃ​រដ្ឋបាល​​ចំណី​អាហារ​និង​ថ្នាំ​ខាងក្រោម៖

– A=មិនមាន​ហានិភ័យ

– B=មិនមាន ហានិភ័យ​ក្នុង​ការ​សិក្សា​ខ្លះ

– C=មាន​ហានិភ័យ​ខ្លះ

– D=មាន​ភស្ដុតាង​ថាមាន​ហានិភ័យ

– X=ហាមមិន​ឲ្យ​ប្រើប្រាស់

– N=មិនដឹង

ផល​រំខាន

៦- តើថ្នាំបាញ់ច្រមុះ Xylometazoline មានការរំខានអ្វីខ្លះ?

យើង​ត្រូវទៅជួប​គ្រូ​ពេទ្យភ្លាម​ប្រសិន​បើ យើង​​មាន​ចេញ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ថ្នាំ​នេះ​ដែល​មាន​ដូច​ជាចេញ​​កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ ហើម​បបូរមាត់ ហើមអណ្ដាត ឬ​បំពង់ក។ ទោះ​បី​ជា​គ្រោះ​ថ្នាក់​នៃ​ផល​រំខានមាន​កម្រិត​ទាប នៅ​ពេល​ប្រើ​ថ្នាំ​នេះ នៅ​ក្នុង​ច្រមុះ​ក៏​ពិត​មែន ប៉ុន្តែផល​រំខាន​នៅ​តែ​អាច​កើត​មានធ្ងន់ធ្ងរ​ បើ​សិន​ជា​ថ្នាំ​ត្រូវស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។

សូម​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នេះ និង​ទៅជួប​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​យើង​៖

-ស្រវាំង​ភ្នែក

-ឈឺ​ក្បាល វិល​មុខ អារម្មណ៍​ភិត​ភ័យ

-បេះដូង​លោត​ញាប់​​ខ្លាំង

-មាន​អារម្មណ៍​ថា​ស្រាល​ក្បាល ​ហាក់​ដូច​ជា​ជិត​សន្លប់

-ដក​ដង្ហើម​មានលឺ​សូរ មាន​អារម្មណ៍​ថា​ដក​ដង្ហើម​បាន​ខ្លីៗ ឬ រោគ​សញ្ញា​ជំងឺ​កាន់​តែ​ខ្លាំងទៅ​ៗ

ផល​រំខាន​កើត​ញឹក​ញាប់​រួម​មាន៖

-មាន​អារម្មណ៍​ស្ងួត ក្រហាយ ឬ​រមាស់​នៅ​ក្នុង​ច្រមុះ

-កណ្ដាស

-ហៀរ​សំបោរ

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ តែ​មាន​ផល​រំខាន​ដូច​នេះឡើយ ហើយ​ប្រហែល​ជាមាន​ផល​រំខាន​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​បើ​យើងមាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​និង​ឱសថ​ការី។

អត្ថបទពាក់ព័ន្ធ៖ 

អន្តរកម្ម​ថ្នាំ

៧- តើ​មាន​ថ្នាំ​​អ្វី​ខ្លះ​ដែល​មាន​ប្រតិកម្ម​ជាមួយ ថ្នាំបាញ់ច្រមុះ Xylometazoline?

ឱសថ​នេះ អាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែលយើង​កំពុង​ប្រើ ដែលអាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​សកម្មភាព​របស់​ថ្នាំ ឬអាច​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន​ធ្ងន់ធ្ងរ​មួយ​ចំនួន។ ដើម្បី​ចៀស​ផុត​ពី​ប្រតិកម្ម​អន្តរកម្ម​ថ្នាំ​ធ្ងន់ធ្ងរ យើង​គួរ​តែ​ធ្វើ​បញ្ជី​រាយ​នាម​ឈ្មោះ​ថ្នាំ​ដែល​បាន​ប្រើ​និង​កំពុង​ប្រើ (រួម​មាន​ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា និង​ផលិត​​ផល​ឱសថ​បូរាណ) ហើយ​ប្រាប់​ទៅ​គ្រូពេទ្យ និង​ឱសថ​ការី។

ដើម្បី​សុវត្ថិភាព មិន​ត្រូវ​ចាប់​ផ្ដើម​ប្រើ ឬ​បញ្ឈប់​ការ​ប្រើ ឬ​ផ្លាស់​ប្ដូរ​កម្រិត​ប្រើ ថ្នាំ​អ្វី​មួយ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​គ្រូពេទ្យ​ឡើយ។ ឱសថ​ដែល​ប្រើ​តាម​មាត់ ឬ​ចាក់​ចូល​ក្នុង​ខ្លួន ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិពល់​លើ​ឱសថ​ ដែល​ប្រើ​ប្រាស់​តាម​ច្រមុះ​នោះ​ទេ។ ប៉ុន្តែ ថ្នាំ​ជា​ច្រើន​អាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​រវាង​គ្នា និង​គ្នា​។ ដូច​នេះ​សូម​ប្រាប់​ទៅ​គ្រូពេទ្យ​​គ្រប់​ឱសថ​ដែល​យើង​ប្រើ រួម​ទាំង​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា ថ្នាំ​ដែល​មិន​មាន​វេជ្ជបញ្ជា និង​ផលិតផល​ពី​ធម្មជាតិ​ផ្សេងៗទៀត​។

៨- តើ​អាហារឬ​ស្រា​មាន​ប្រតិកម្មជាមួយ ឱសថ​នេះ?

ថ្នាំ​នេះ អាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ចំណី​អាហារ ឬ​ជាតិ​អាល់កុល ដោយ​អាច​ធ្វើ​ឲ្យ​​សកម្មភាព​ភាព​ថ្នាំ​ប្រែប្រួល ឬ​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន​ធ្ងន់​ធ្ងរ។ សូម​ពិគ្រោះ​ជា​មួយ គ្រូពេទ្យ ឬ​ឱសថការី ពី​ប្រភេទ​អាហារ ឬ ជាតិ​អាលកុល ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ មុន​នឹង​ចាប់​ផ្ដើម​ប្រើ​ថ្នាំ។

៩- តើមាន​ជំងឺណាខ្លះដែលមានទំនាក់ទំនងជាមួយឱសថនេះ?

ថ្នាំ​នេះ អាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​នឹង​ស្ថាន​ភាព​សុខភាព​របស់​យើង។ ប្រតិកម្ម​នេះ អាច​នឹង​ធ្វើ​ឲ្យ​សុខភាព​យើងកាន់​តែ​ធ្ងន់ធ្ងរ ឬ ធ្វើ​ឲ្យ​សកម្មភាព​ថ្នាំ​ប្រែ​ប្រួល។ ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ប្រាប់​ទៅ គ្រូពេទ្យ និង​ឱសថ​ការី រាល់​ស្ថានភាព​សុខភាព​ដែលយើង​កំពុង​មាន។

កម្រិត

ព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ ដូច​នេះ​មុន​នឹង​ប្រើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

១០- តើ​មនុស្ស​ធំ​ត្រូវ​ប្រើ ថ្នាំបាញ់ច្រមុះ Xylometazoline​ ក្នុង​កម្រិត​ប៉ុន្មាន?

សូម​ប្រើ​ឱសថ​នេះ តាម​ការ​ណែនាំ​នៅ​លើ​សម្បក​ថ្នាំ ឬ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ មិន​ត្រូវ​ប្រើ​ក្នុង​កម្រិត​ច្រើន​ជាង ឬ តិច​ជាង ឬ​យូរ​ជាង អ្វី​ដែល​បាន​ណែនាំ​នោះ​ទេ។

១១- តើ​កូន​ក្មេង​ត្រូវ​ប្រើថ្នាំបាញ់ច្រមុះ Xylometazolineក្នុង​កម្រិតណា?

កម្រិត​ប្រើ​ទូទៅ​ចំពោះ​កុមារ​ក្នុង​ករណី តឹង​ច្រមុះ៖

ថ្នាំបាញ់ច្រមុះ Xylometazoline ០,០៥ភាគរយ៖

២ ទៅ ១២​ឆ្នាំ ៖ បាញ់ ១ ទៅ ២ ឈីត ក្នុង​រន្ធ​ច្រមុះ ម្ខាងៗ រាង​រាល់ ៨ ទៅ ១០​ ម៉ោង មិន​ត្រូវ​លើស​ពី ៣​ដង​ក្នុង​មួយ​ថ្ងៃ​ និងមិន​ត្រូវ​ប្រើ​ច្រើន​ជាង ៣​ថ្ងៃ ឡើយ។

១២- តើ ថ្នាំបាញ់ច្រមុះ Xylometazoline មាន​ប្រភេទអ្វី​ខ្លះ?

ថ្នាំ​នេះ​អាច​មាន​ក្នុង​កម្រិត​និង​រូប​រាង​ដូច​ខាង​ក្រោម៖

-ស្ព្រៃបាញ់​ច្រមុះ (Nasal spray)

១៣- តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​បើ​ប្រើ​លើស​កម្រិតឬ​មាន​ករណី​បន្ទាន់​អ្វី​មួយ​នោះ?

ប្រសិន​ជា​មាន​ករណី​គ្រោះថ្នាក់​ដូចជា​ប្រើលើស​កម្រិត សូម​ប្រញាប់​រួសរាន់​ស្វែក​រកការសង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​ដែល​​ជិត​បំផុត។

១៤- តើ​ខ្ញុំត្រូវ​ធ្វើដូចម្តេចបើភ្លេចប្រើថ្នាំ?

បើ​សិន​ជាយើង​ភ្លេច​ប្រើម្តង សូម​ប្រើភ្លាម​ពេល​ដែល​នឹក​ឃើញ។ យ៉ាងណា​មិញ​ប្រសិន​ជា​ជិត​ដល់​ពេល​ប្រើ​ម្តង​ទៀត​ហើយ​បានយើង​នឹក​ឃើញថាភ្លេច សូម​ចាំ​ប្រើ​នៅ​ពេល​បន្ទាប់ទៀត​ចុះ។ សូម​កុំ​ប្រើ​ថ្នាំ​ពីរ​ដង​ក្នុង​ពេល​តែ​មួយ​ឲ្យ​សោះ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 13, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម