backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Heptamyl (ឱសថ Heptamyl)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១–ថ្នាំ Heptamyl ព្យាបាលជំងឺ​​អ្វីខ្លះ?

គេ​ប្រើ​ថ្នាំ​ Heptamyl​ សម្រាប់​ព្យាបាល​ជំងឺ​មួយចំនួនដូច​ជា៖

– សង្គ្រោះ​ទារក​ទើប​កើត

– បញ្ហា​ចំណង់​ផ្លូវ​ភេទ​​ ដែល​មិនមែន​បណ្តាល​មក​ពី​កត្តា​អ័រម៉ូន

– សម្ពាធ​ឈាម​ទាប

– អស់​កម្លាំង ខ្វាយ​ខ្វល់​ច្រើន រាង​កាយ​មិន​មាន​កម្លាំង​ ល្ហិតល្ហៃ

– ព្យាបាល​ករណី​ជំងឺ​បេះដូង​កម្រិត​ស្រាល​ និង​មធ្យម ជា​ពិសេស​​​ពេល​​ហើម​សួត (Pulmonary Edema)

– បញ្ហា​បេះ​ដូង​ខ្សោយ​ទាក់​ទង​ជា​មួយ ការពុល​​ ការ​ឆ្លង​រោគ​ ខូច​សរសៃ​ឈាម​ ​និង​សាច់​ដុំ​បេះ​ដូង។

គ្រូ​ពេទ្យ​​អាច​ប្រើ​ថ្នាំ​  ហិបតាមីល (Heptamyl) សម្រាប់​ព្យាបាល​ជំងឺ​ដទៃ​ទៀត​បាន។​ ​​អាច​​​សួរ​គ្រូពេទ្យ ឬ ឱសថការី​​បន្ថែម។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

សម្រាប់​ថ្នាំ​គ្រាប់

– ត្រូវ​លេប​ជា​មួយ​អាហារ​ ឬ​លេប​ពេល​ញ៉ាំ​បាយ

– មិន​​ត្រូវ​កិន បំបែក ឬ​ទំពា ឡើយ ត្រូវ​លេប​ចូល​ទាំង​មូលជាមួយ​ទឹក។

សម្រាប់​ថ្នាំ​ចាក់

– ត្រូវ​ឲ្យ​គ្រូពេទ្យ​​​ជាអ្នកចាក់ ​អាច​ចាក់​តាម​សាច់​ដុំ ឬ​​​សរសៃ

– សួរ​គ្រូពេទ្យ​​បន្ថែម​បើ​​មាន​ចម្ងល់​អ្វី​ផ្សេង អំពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​នេះ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Heptamyl អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Heptamyl ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤– ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– កំពុង​មាន​​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន ព្រោះ​​​មិន​អាច​ញ៉ាំ​ថ្នាំ​ផ្តេស​ផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា​ពេល​​​កំពុង​ពពោះ ​ឬ​បំបៅ​ដោះ​កូន​បាន​ទេ។​

-​ កំពុងប្រើ​ថ្នាំ​ផ្សេងៗ រួមទាំងថ្នាំ​មាន ​ឬ​គ្មាន​វេជ្ជបញ្ជា​ និង​​​ឱសថ​បុរាណ​ផ្សេង​ទៀត

-​ មាន​ប្រតិកម្ម​ជា​មួយ​សារ​ធាតុ​ផ្សំក្នុង​ថ្នាំ Heptamyl ឬ​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​អ្វី​ផ្សេង

-​ មាន​ជំងឺ​អ្វី​ផ្សេង ឬ​មាន​បញ្ហាសុខភាព​ ក៏ដូច​ជា​កំពុង​ព្យាបាល​ជាមួយ​ថ្នាំ​ Theophylline

-​ មាន​ប្រតិកម្ម​ជា​មួយ​អ្វី​ផ្សេង​ដូច​ជា៖ ​អាហារ​ ថ្នាំ​ពណ៌​ សារ​ធាតុ​រក្សា​អាហារ​កុំ​ឲ្យ​ខូច​ ឬ​​មាន​​ប្រតិកម្ម​​ជាមួយ​សត្វ។

-​ បើបើក​បរ ពេលយើង​លេប​ថ្នាំ​នេះ អាច​ធ្វើ​ឲ្យ​ការ​បើក​បរ​របស់​អ្នក​មាន​គ្រោះ​ថ្នាក់។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ពេល​ប្រើ​ប្រាស់​ថ្នាំ​នេះ ​អាច​ឃើញ​មាន​ផលរំខាន​មួយ​ចំនួន៖

– ចង្អោរចង់​​ក្អួត

– ក្រហាយ​ក្នុង​ក្រពះ

– បេះ​ដូង​លោត​ញាប់

– ញ័រ​ទ្រូង។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ប្រើ​ប្រាស់​ថ្នាំ​ Heptamyl ជាមួយ​ពពួក​ថ្នាំ​ IMAO អាច​ធ្វើ​ឲ្យ​អ្នកជំងឺលើស​សម្ពាធ​​ឈាម​​កាន់​តែ​ខ្លាំង។

៨– ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ​ Heptamyl​​ មាន​ការ​ប្រែប្រួល។ វា​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផ្តល់​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ។​ ​​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​​​ ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​មុន​ពេល​​​ចាប់​ផ្តើម​ប្រើ​​ថ្នាំ។

៩– ​​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​បើយើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– កើន​ឡើង​មុខ​ងារ​ក្រពេញ​ទី​រ៉ូ​អ៊ីត (Hyperthyroidism)

– ហើម​សាច់​ខួរ​ក្បាល (Cerebral edema)

– ជំងឺ​ឆ្កួត​ជ្រូក (Epilepsy)

– លើស​សម្ពាធ​ឈាម​ក្នុង​សរសៃ​អាក់​ទែធ្ងន់​ធ្ងរ (Arterial Hypertension)

– ខ្សោយ​​សរសៃ​ឈាម​ចិញ្ចឹម​បេះ​ដូង (Coronary insufficiency)

– ខ្សោយ​​ថ្លើម (Hepatic insufficiency)

– លើស​ទម្ងន់

– ដំបៅ​ក្នុង​ក្រពះ​ពោះ​វៀន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

– សម្រាប់​ព្យាបាល​ខ្សោយ​អស់​កម្លាំង និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ៖ លេបម្តង​​ ២​គ្រាប់ ហើយ​​ ៣ ​ដង/​ថ្ងៃ។

– សម្រាប់​ព្យាបាល​ Shock សន្លប់ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ៖ ចាក់​ ២ ​អំពូល​តាម​សរសៃ​ឈាម ឬ​ចាក់​ ១-២ ​អំពូល​ក្នុង​សាច់​ដុំ​ (ត្រូវ​បន្ត​ចាក់​រហូត​អាការៈជំងឺ​បាន​ធូរ​ស្រាល)។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

– សម្រាប់​ព្យាបាល​ Shock សន្លប់ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ។ ​ចាក់ ​២​-​៥​ មិល្លី​​លីត្រ​ ក្នុង​សាច់​ដុំ​ ឬ​ចាក់​ចូល​តាម​សរសៃ​ឈាម (ត្រូវ​បន្ត​ចាក់​រហូត​អាការៈ​​​​បាន​ធូរ​ស្រាល)។

– សម្រាប់​សង្គ្រោះ​ទារក​​ទើប​កើត៖ ចាក់​ ២​មិល្លីលីត្រ ចាក់​ចូលតាម​ទង​សុក។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Heptamyl ​មាន​ជា​ប្រភេទ​ក្នុង​កម្រិត​ដូច​ជា៖

– ប្រភេទ​គ្រាប់៖ ១៥០​មិល្លីក្រាម ឈ្មោះ Heptaminol chlorhydrate

– ប្រភេទ​ចាក់៖ ២៥០​មិល្លីក្រាម ​ក្នុង ​៥មិល្លីលីត្រ​​ ឈ្មោះ Heptaminol chlorhydrate។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេចប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ ត្រូវ​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម