backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Accupril (ឱសថ Accupril)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Accupril ព្យាបាលជំងឺអីខ្លះ?

Accupril® ជាថ្នាំ​ក្នុង​ក្រុម​ ACE​ Inhibitor​ (Angiotensin​ converting enzyme) ។ Accupril® ​​​និយម​​ប្រើ​​​លើ​អ្នក​​ជំងឺ​លើស​សម្ពាធ​ឈាម​ និង​ខ្សោយ​បេះដូង​ ហើយក៏​អាច​ប្រើ​សម្រាប់​ជំងឺ​ផ្សេង​ៗ​ទៀត ដូចនេះយើងគួរ​សួរ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវប្រើថ្នាំ Accupril® (quinapril) តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​ក្រដាស​ព័ត៌មាន​ថ្នាំ មិន​ត្រូវ​ប្រើ​ខុស​ពី​កម្រិត​ថ្នាំ​ដែល​បាន​កំណត់​ទេ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​អំឡុង​ពេល​​ប្រើ​ថ្នាំនេះ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Accupril® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Accupril® ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ Accupril® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា​​ រាគ​​ ក្អួត​ ឬ​បែកញើស​ច្រើន​ខុស​ពី​ធម្មតា​​។ យើងអាច​​ខ្វះ​ជាតិ​ទឹកអំឡុង​ប្រើ​ Quinapril  ដែល​អាច​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ បម្រែបម្រួល​​អីយ៉ុង​ និង​អាច​ធ្វើ​ឲ្យ​​ខូច​តម្រង​នោម​។​

– បើ​ត្រូវ​វះ​កាត់ ​ប្រាប់​គ្រូពេទ្យ​ថា​អ្នក​កំពុង​ប្រើ​ Accupril®។ ​យើងអាចនឹង​តម្រូវ​ឲ្យឈប់​ប្រើ​ថ្នាំ​ក្នុង​រយៈពេល​​ខ្លី​។​

– ទើប​ចាប់​ផ្តើម​ប្រើ​ Accupril®សម្រាប់​ការ​លើស​សម្ពាធ​ឈាម​ សូម​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ ទោះ​ជា​យើងមាន​សម្ពាធ​ឈាម​មក​ធម្មតា​ក៏​ដោយ។ ការលើស​សម្ពាធ​ឈាម​​គ្មាន​រោគ​សញ្ញា​ទេ ត្រូវ​តែ​ប្រើថ្នាំ​រក្សា​សម្ពាធ​ឈាម​​ពេញ​មួយ​ជីវិត​។

– វាស់​​សម្ពាធ​ឈាម និង​ធ្វើ​តេស្ត​ពិនិត្យ​ឈាមឲ្យ​បាន​ញឹក​ញាប់។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

– ហាម​ប្រើ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ៖ ​ត្រូវ​ឈប់​​​ប្រើ​ភ្លាម​ ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ថ្នាំ Accupril® (Quinapril) អាច​ធ្វើ​ឲ្យទារក​ក្នុង​ផ្ទៃ​​រង​ផល​ប៉ះ​ពាល់​ ឬ​អាចស្លាប់ បើ​ប្រើ​នៅ​ត្រី​មាស​ទី​ ២ ឬ​៣។ សូម​ប្រើ​មធ្យោបាយ​ពន្យា​រកំណើត​ដែល​​មាន​ប្រសិទ្ធ​ភាព​ខណៈ​ប្រើ​ថ្នាំ​នេះ​។

– ពេល​បំបៅដោះ​កូន​៖ Accupril® (quinapril) អាច​ឆ្លង​កាត់​តាម​ទឹក​ដោះ​ម្តាយ​ ហើយ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​កូន​បាន យើង​កំពុង​បំបៅ​ដោះកូន​ត្រូវប្រាប់​គ្រូពេទ្យ។

ស្វែងយល់ពីផលរំខាន​

៦– ​ថ្នាំនេះមានផលរំខានអីខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​បើ​ ប្រើហើយអ្នកជំងឺ​​មាន​បញ្ហា​ប្រតិកម្មដូចជា កន្ទាលត្រអាក ឈឺពោះខ្លាំង ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត បំពង់ក ។

ទាក់ទង​ទៅ​គ្រូពេទ្យ​​នៅ​ពេល​មាន​សញ្ញា​ដូច​ខាង​ក្រោម​៖

– រវើរវាយពិបាកទ្រាំ

– នោមតិច ឬអត់នោមសោះ

– កើនឡើងប៉ួតាស្យូមខ្ពស់

– ចង់ក្អួត

– ចង្វាក់បេះដូងដើរយឺត ឬខុសធម្មតា

– ខ្សោយ

– មិនអាចធ្វើចលនាបាន

– មិនស្រួលក្នុងខ្លួន

– ក្តៅខ្លួន ញាក់

– ឈឺ​មាត់​ខ្លាំង

– ឈឺ​បំពង់​ក​ពេល​លេប

– ឈឺ​លើ​ស្បែក

– រងា​ ឬផ្តា​សាយ។

ផល​រំខាន​ញឹក​ញាប់​ពេ​ល​ប្រើ​ Accupril (quinapril)មានដូចជា៖

– ឈឺ​ក្បាល

– ក្អក

– វិល​មុខ

​– អស់​កម្លាំង​ល្ហិតល្ហៃ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧– ​អន្តរកម្ម​​​ថ្នាំ

ថ្នាំយើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព Accupril® ថ្ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​​​ដែល​អាច​មាន​អន្តរ​កម្ម​ជាមួយ Accupril® រួមមាន Quinapril, Benazepril, Captopril, Fosinopril, Enalapril, Lisinopril, Moexipril, Perindopril, Ramipril, Trandolapril, Aliskiren (Amturnide, Tekturna, Tekamlo, Valturna)។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​​​​​​​ប្រើ​​ថ្នាំ។

​៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Accupril® (quinapril) ​ អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​។

ស្វែងយល់ពីកម្រិតថ្នាំ​

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

​អ្នក​ខ្សោយ​បេះដូង៖​

-កម្រិតដំបូង៖ ៥ ​មិល្លីក្រាម​ ២ដង​ក្នុង​មួយ​ថ្ងៃ

-កម្រិតបន្ទាប់៖ ១០​-២០​មិល្លីក្រាម​ ២ដង​ក្នុង​មួយ​ថ្ងៃ។

ជំងឺ​តម្រងនោម​បណ្តាល​មក​ពី​ជំងឺ​ទឹកនោម​ផ្អែម៖

-កម្រិតដំបូង៖ ​ ១០​មិល្លីក្រាម ​ចំពោះ​អ្នក​ជំងឺ​អត់​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​

-កម្រិតបន្ទាប់៖ ២០​-៨០​ មិល្លីក្រាម/​ថ្ងៃ​ ចែក​ជា​ ១​-២ ​ដង។

អ្នកជំងឺលើសសម្ពាធឈាម៖

-កម្រិតដំបូង៖​ ១០​មិល្លីក្រាម​ ចំពោះ​អ្នក​ជំងឺ​មិន​ប្រើ​ថ្នាំ​បញ្ចុះទឹកនោម​

-កម្រិតបន្ទាប់៖ ២០​-៨០​ មិល្លីក្រាម/មួយ​ថ្ងៃ​ ចែក​ជា ​១​-២ ​ដង។

អ្នកមាន​បញ្ហា​បេះដូងថតខាងឆ្វេងផ្នែក​ខាង​ក្រោម៖​

-កម្រិតដំបូង៖​ លេប ១០​មិល្លីក្រាម ​ចំពោះ​អ្នក​ជំងឺ​មិន​ប្រើ​ថ្នាំ​បញ្ចុះទឹកនោម​។​​

-កម្រិតបន្ទាប់៖​ លេប ២០​-៨០​ មិល្លីក្រាម​/ថ្ងៃ​ ចែក​ជា​១​-២ ​ដង។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​នៃការ​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​កូន​ក្មេង​មិន​ទាន់​មាន​ការ​ណែនាំ​នោះ​ទេ​។ ដូចនេះ​យើង​ត្រូវ​តែ​ដឹង​ពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ច្បាស់​មុន​ពេល​ប្រើ​ ឬ​ពិគ្រោះជា​មួយ​គ្រូ​ពេទ្យ​ ឱសថការី​សម្រាប់​ព័ត៌មាន​បន្ថែម​។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

Accupril® មាន​ទម្រង់ជា​ថ្នាំគ្រាប់​ ៥​មិល្លីក្រាម​​ ១០​មិល្លីក្រាម​​ និង ​២០មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម