backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Cyclosporine (ឱសថ Cyclosporine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Cyclosporine ព្យាបាលជំងឺអីខ្លះ?

Cyclosporine (Ophthalmic) ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​បណ្តាល​មក​ពីកត្តា​ភ្នែក​មួយ​ចំនួន ​ដូច​ជា Keratoconjunctivitis Sicca (បញ្ហា​ភ្នែក​ស្ងួត​បណ្ដាល​មក​ពី​ទឹក​ភ្នែក​មិន​គ្រប់​គ្រាន់)។ ថ្នាំ​នេះ​មាន​អំពើ​ ជួយ​ផលិត​ទឹក​ភ្នែក​ឲ្យ​បាន​ច្រើន​ហើយ ​ដោយ​ស្ថិត​ក្នុង​ពពួក​ថ្នាំ​ បង្អាក់​សកម្មភាព​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន (Immunosuppressive Agent) និង​ជំងឺ​ផ្សេង​ទៀត។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវ​បន្តក់​ថ្នាំ ក្នុង​ភ្នែក​ដែល​ឈឺ ២​ ដង​ក្នុង​មួយ​ថ្ងៃ ឬ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។

មុន​ពេល​បន្តក់​ថ្នាំ ​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ហើយ​ដើម្បី​ចៀស​វាង​​ឆ្លង​រោគ ​មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​មាត់​ដប​ថ្នាំ​ ឬ​ឲ្យ​មាត់​ដប​ប៉ះ​ជា​មួយ​ភ្នែកយើង​ឡើយ។ មុន​ពេល​បើក​គម្រប​ដប ត្រូវ​ប្រាកដ​ថា​ បាន​ក្រឡុក​ថ្នាំ​សព្វ​មុន​ពេល​ប្រើ​ប្រាស់។ ​បើក​គ្រប​មុន​ពេល​រៀប​ប្រើ​ ថ្នាំ​ត្រូវ​តែ​មាន​សភាព​ខាប់​បន្តិច និង​មាន​ពណ៌​ស។

ពេល​បន្តក់ ត្រូវងើយ​ក្បាល​ឡើង​លើ​បន្តិច មើល​ទៅ​ខាង​មុខ​ត្រង់ ទាញ​ត្របក​ភ្នែក​ចុះ​ក្រោម តម្រង់​មាត់​ដប​ឲ្យ​ចំ​គ្រាប់​ភ្នែក ហើយ​បន្តក់​ថ្នាំ​មួយ​តំណក់។ បន្ទាប់​មក ​ត្រូវ​សម្លឹង​ទៅមុខ ចុះ​ក្រោម បិទ​ភ្នែក​ថ្នមៗ ឲ្យ​បាន ១-២ នាទី ហើយ​មិន​ត្រូវ​ធ្មេច​​ភ្នែក ឬ​យក​ដៃ​ទៅ​ញី​លើ​ភ្នែក​ឡើយ។

ថ្នាំ​បើក​ប្រើ​ហើយ ត្រូវ​យក​ទៅ​បោះ​ចោល (ថ្នាំ​បំពង់​តូចៗ) មិន​ត្រូវ​រក្សា​ទុក​ថ្នាំ​បើក​ សម្រាប់​ប្រើ​នៅ​ពេល​ក្រោយ​ឡើយ។

បើ​យើង​​​ពាក់ Contact Lenses ​ត្រូវ​ដោះ​ ​ចេញ​មុន​ពេល​បន្តក់​ថ្នាំ និង​រង់ចាំ​ប្រមាណ​ ១៥​នាទី ក្រោយ​បន្តក់​ថ្នាំ​រួច ចាំ​ពាក់​វិញ។

បើ​មាន​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្សេង (Artificial Tears) ​ត្រូវ​​ចាំឲ្យ​បាន​​ ១៥នាទី ​មុន​​​ប្រើ​ថ្នាំ​នេះ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Cyclosporine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Cyclosporine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ Cyclosporine ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី ​បើយើងមាន​ប្រតិកម្ម​ជាមួយថ្នាំ Cyclosporine (Neoral ឬ Sandimmune) និង​ថ្នាំ​ដទៃ​ទៀត។

– ត្រូវ​ប្រាប់​គ្រូពេទ្យ​ បើ​អ្នក​កំពុង​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ណាមួយ និងគ្រប់​ថ្នាំទាំងអស់ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា ​វីតាមីន ថ្នាំ​បំប៉ន​សុខភាព និងថ្នាំ​ឱសថបុរាណ​ជា​ដើម។ បើ​មាន​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្សេង ​ត្រូវរង់​​ចាំឲ្យ​បាន​​ ១៥នាទី ​មុន​ពេល​ប្រើ​ថ្នាំ Cyclosporine។

– ប្រាប់​គ្រូពេទ្យ​បើ​មាន​ជំងឺ​រលាក​ក្នុង​ភ្នែក ឬ​​មាន​ប្រើ​ឧបករណ៍​ដាក់​ក្នុង​រន្ធ​ទឹក​ភ្នែក (Punctal Plug) ធ្លាប់​ ឬ​មាន​ឆ្លង​មេរោគ​ក្នុង​ភ្នែក។

– ប្រាប់​គ្រូពេទ្យ​ បើ​កំពុង​មាន​ផ្ទៃ​ពោះ ​កំពុង​បំបៅ​ដោះ​កូន ពិសេស​មាន​ផ្ទៃ​ពោះ​ ពេល​កំពុង​ប្រើ​ថ្នាំ Cyclosporine ត្រូវ​ប្រញាប់​ប្រាប់​ទៅ​គ្រូពេទ្យ។

– ត្រូវ​ដឹង​ថា​ថ្នាំ​នេះ មិន​អាច​ប្រើ​ពេល​កំពុង ពាក់ Contact Lenses នោះ​ទេ។ ត្រូវ​ដោះ​​ចេញ​សិន ​អាច​ពាក់​វា​វិញ​អំឡុង​ពេល ១៥​នាទី ក្រោយ​បន្តក់​ថ្នាំ​រួច។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ករណី​ប្រើ Contact lenses បើ​យើង​​មាន​បញ្ហា​ភ្នែក​ស្ងួត។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

កម្រ​នឹង​មាន​ផល​​រំខាន​ធ្ងន់ធ្ងរ​ដោយ​សារ​ថ្នាំ​ភ្នែក​ប្រភេទ​នេះ​ណាស់ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ​អាច​ឃើញ​មាន​ផល​រំខាន​មួយ​ចំនួន​​ រួម​មាន ក្តៅ​ក្នុង​ភ្នែក ក្រហម​ភ្នែក ហូរ​ទឹក​ភ្នែក ឈឺ រមាស់​ក្នុង​ភ្នែក ឬ​អាច​មើល​ឃើញ​ស្រវាំងៗ​ជា​ដើម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរអំពើថ្នាំ

៧- ​​អន្តរកម្ម​​​ថ្នាំ​​

ថ្នាំ​យើង​កំពុង​ប្រើ​​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព​ថ្នាំ Cyclosporine ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

មានថ្នាំ​មួយចំនួនអាចបង្ក​អន្តរ​កម្ម​ជា​មួយ​ Cyclosporine ជា​ពិសេស​ថ្នាំ​លាប​ប្រឆាំ​ង​ការរលាក Ketorolac អាច​ធ្វើឲ្យ​ប្រសិទ្ធភាព​ថ្នាំ Cyclosporine ថយ​ចុះ​តែ​ម្តង។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ Cyclosporine អាចមាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​មាន​ដូចជា៖

– កំពុង​មាន​បញ្ហា​រលាក​ភ្នែក

– បើ​ប្រើ Contact lenses ហើយ​មាន​បញ្ហា​ភ្នែក​ស្ងួត ​មិន​ត្រូវ​បន្ត​ពាក់​ទៀត​ទេ

– មាន​ប្រតិកម្ម​ជា​មួយថ្នាំ Cyclosporine ឬ​សារធាតុ​ផ្សំ​ក្នុងថ្នាំ​ (ករណី​នេះ ​មិន​អាច​ប្រើ​ថ្នាំ​ Cyclosporine បាន​ទេ)។

– ក្នុង​ករណី​ ធ្លាប់​មាន​ឆ្លង​រោគ​រើម (Herpes) ក្នុង​កញ្ចក់​ភ្នែក ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​នេះ ដោយ​​ប្រុង​ប្រយ័ត្ន​ខ្ពស់។

កម្រិតប្រើប្រាស់ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត (Keratoconjunctivitis Sicca) លើ​មនុស្ស​ពេញ​វ័យ ​បន្តក់​ថ្នាំ ១ តំណក់​ក្នុង​ភ្នែក រៀង​រាល់ ១២ ម៉ោង​ម្តង រៀងរាល់​ថ្ងៃ។

១១- ក្មេងត្រូវប្រើកម្រិតណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​ព័ត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ឬឱសថការី​បាន។

១២- មានទម្រង់បែបណាខ្លះ?

Cyclosporine ជា​ថ្នាំ​ទឹកសម្រាប់​ ​បន្តក់​ភ្នែក​ កម្រិត​ ០,០៥ ភាគ​រយ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​​ប្រើវិញ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​​ បន្តក់ ឬ​ប្រើ​​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​​បន្ត​បាន​ហើយ កុំប្រើ​​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម