backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ginger (ខ្ញី)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 25, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ខ្ញីជួយអីខ្លះដល់រាងកាយ?

ខ្ញី​ គឺ​ប្រើ​ដើម្បី​បង្ការ ឬ​ព្យាបាល​អាការៈ​​ក្អួត​ចង្អោរ​ដោយសារ​ពុល​ឡាន មានផ្ទៃពោះ និង​​ការ​ព្យាបាល​ដោយធាតុគីមី​លើអ្នក​ជំងឺ​មហារីក​ទៀត​ផង។ គេ​ក៏​អាច​ប្រើប្រទាលនេះ ​ពេល​ឈឺ​ពោះ​តិចតួច កាត់​បន្ថយ​អាការៈ​ឈឺចាប់ដោយសារ​រលាក​ឆ្អឹង ​និង​សន្លាក់ ព្រម​ទាំងជំងឺបេះដូង​ផង​ដែរ។

២- វាដំណើរការម៉េច?

ខ្ញី​មាន​ផ្ទុក​សារធាតុ​គីមីអាច​កាត់បន្ថយ​ការ​ចង្អោរ​ និង​រលាក​បាន។ អ្នក​ស្រាវជ្រាវ​ជឿ​ថា សារ​ធាតុគីមី​ទាំង​នោះ ​ចូលទៅ​ក្នុង​ក្រពះ ​និង​ពោះវៀន​តូច​ជាមុន​សិន បន្ទាប់​មក​នឹង​បន្ត​ចូលទៅ​ធ្វើ​ការ​ក្នុង​ខួរក្បាល ប្រព័ន្ធ​ប្រសាទ ដើម្បី​គ្រប់គ្រង​អាការៈ​ចង់​ចង្អោរ។

ចំពោះព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយខ្ញី ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ

– បើ​​ផឹក​ទឹក​ខ្ញី​មុន​ពេល​វះកាត់​ ឬ​ដាក់ថ្នាំ​សន្លប់។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

– ចំពោះ​ក្មេង៖ មិនមាន​សុវត្ថិភាព​ទេ ចំពោះ​ក្មេង​អាយុក្រោម ២ ឆ្នាំ។

– ស្ត្រី​មាន​ផ្ទៃ​ពោះ៖ ការ​ប្រើ​ប្រាស់​ខ្ញី​ពេល​មាន​ផ្ទៃ​ពោះ ​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ទាំង​ស្រុង​នោះ​ទេដោយសារ​វា​អាច​ប៉ះ​ពាល់​អ័រម៉ូន​ភេទ​របស់​គភ៌។ ស្ត្រី​ជាម្តាយ​មិន​គួរ​ប្រើលើស​ពី ១ក្រាម/​ថ្ងៃ​។

– ស្ត្រី​បំបៅ​ដោះ​កូន៖ មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​អំពី​សុវត្ថិភាព​លើ​ស្ត្រី​បំបៅ​ដោះកូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព សូម​ចៀសវាង​កុំ​ប្រើ​ប្រាស់។

ស្វែងយល់ពីផលរំខាន

៥- មានផលរំខានអីខ្លះ?

ខាង​ក្រោម​នេះ​ជា​ផល​រំខានឧស្សាហ៍​កើត​​មាន​ញឹក​ញាប់៖

– ក្រហាយ​ក្រោយ​សន្ទះ​ទ្រូង

– រាក

– មិន​សូវ​ស្រួល​ពោះ

– ហូរ​ឈាមរដូវ​ច្រើន​

– រោល ឬ​រមាស់​ស្បែក។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦-​ មានអន្តរកម្មជាមួយអីខ្លះ?

ខ្ញី​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​យើងកំពុងប្រើ​ ឬ​ជំងឺ​​កំពុង​មានក្នុងខ្លួន។ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ។

ខ្ញី​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ថ្នាំ​ពង្រាវ​ឈាម៖ ខ្ញី​អាច​បង្កើនលំហូរ​ឈាមកាន់​តែ​លឿន ហើយ​បើ​ប្រើ​ជាមួយ​ថ្នាំពពួក​នេះ​ផង ​នាំឲ្យងាយ​ហូរ​ឈាម​ពេល​មាន​របួស។ ថ្នាំ​ទាំង​នោះមាន​ដូចជា Aspirin, Clopidogrel (Plavix), diclofenac (Voltaren, Cataflam ផ្សេងទៀត), Ibuprofen (Advil, Motrin ផ្សេងទៀត), Naproxen (Anaprox, Naprosyn ផ្សេងទៀត), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin), Phenprocoumon និងថ្នាំប្រភេទ​មាន​ផ្សេងទៀត។

– ថ្នាំ​ទឹក​នោម​ផ្អែម៖ ខ្ញី​​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ អ៊ីចឹង​យើង​​អាច​ប្រឈម​ការ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។

– ថ្នាំ​សម្រាប់​លើស​សម្ពាធ​ឈាម៖ ខ្ញី​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ ​នាំ​ឲ្យ​បេះដូង​លោត​មិន​ទៀងទាត់​ និង​សម្ពាធ​ឈាម​ទាប។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

ចំពោះ​កូនក្មេង

– ក្មេង​អាយុ​ក្រោម ២ ឆ្នាំ៖ មិនអាច​ប្រើ​បាន​ទេ។

– ក្មេង​អាយុ​ចាប់​ពី ២ ឆ្នាំឡើង៖ ​អាច​ប្រើ​បាន​ដើម្បី​ព្យាបាល អាការៈ​ចង្អោរ រមូល​ក្រពះ និង​ឈឺក្បាល។ សូម​សួរ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​កម្រិត​​ត្រូវ​ប្រើ។

ចំពោះ​មនុស្ស​ពេញវ័យ

– តាម​ការ​ញ៉ាំ៖ សូម​កុំ​ញ៉ាំ​ខ្ញី​លើស​ពី ៤ក្រាម​ ក្នុង​មួយ​ថ្ងៃ រាប់​បញ្ចូលក្នុង​ទាំង​ម្ហូបអាហារ។

– សម្រាប់​ការ​ចង្អោរ ឆ្អល់​ពោះ​ភើ​ ឬ​ពិបាក​រំលាយ​អាហារ៖ អាច​ប្រើ​ខ្ញី ១ក្រាម/ថ្ងៃ ​បាន​ដោយ​បែង​ចែក​តាម​ពេល​។

– សម្រាប់​សម្រួល​អាការៈ​ក្អួត​ពេល​មាន​ផ្ទៃ​ពោះ៖ ​ការ​សិក្សា​មួយ​ចំនួន អាច​ប្រើ ០,៦៥-១ ក្រាម/​ថ្ងៃ​បាន។ សូម​កុំ​ប្រើ ​បើ​មិន​បាន​សួរ​គ្រូពេទ្យ​ជាមុន។

– សម្រាប់​អាការៈឈឺ​សន្លាក់៖ អាច​ប្រើ ២៥០មិល្លីក្រាម ៤ ដង/​ថ្ងៃ។

– សម្រាប់​ឈឺពេល​មក​រដូវ៖ ២៥០មិល្លីក្រាម (Zintoma, Goldaru) ៤ដង/ថ្ងៃ រយៈពេល ៣ថ្ងៃ រាប់​ពី​ថ្ងៃ​​ដំបូង។ ១,៥ ក្រាម/ថ្ងៃ ចែកជា ៣ដង ចាប់ពី ២ថ្ងៃ ​មុន​មក​រដូវ​ ហើយ​បន្ត​ដល់ ៣ថ្ងៃ ដំបូង​ពេល​មក​រដូវ។

– ពេល​ចាញ់​កូន (Morning Sickness)៖ ០,៥-២,៥ ក្រាម/ថ្ងៃ ចែក ជា ២-៤ ដង រយៈពេល ៣ថ្ងៃ ទៅ ៣ សប្តាហ៍។

– សម្រាប់​ពេល​ចង្អោរ​ និង​ក្អួត​ក្រោយ​វះកាត់៖ ១-២ ក្រាម​ (​ម្សៅ​​ខ្ញី) ៣០-៦០ នាទី មុន​ចាក់​ថ្នាំ​សន្លប់។ ពេល​ខ្លះ​អាច​ប្រើ ១ក្រាម​ ក្រោយ​វះកាត់​ ២ ម៉ោង។

– ក្អួរ​ចង្អោរ​ដោយ​ជម្ងឺ HIV/AIDS៖ ១ក្រាម ចែក​ជា ២ដង ចន្លោះ​ពេល ៣០​នាទី​ មុន​ពេល​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ប្រើ​រយៈពេល ១៤ ថ្ងៃ។

ប្រើ​ដោយ​លាប​លើ​ដង​ខ្លួន

– សម្រាប់ជំងឺរលាក​ឆ្អឹង ​និង​សន្លាក់៖ ចាហួយ លាប (Gel)​ ម្យ៉ាង​មាន​ជាតិ​ខ្ញី ​និង Plai (Plygersic Gel) វិទ្យាស្ថាន​វិទ្យាសាស្ត្ រ​និង​បច្ចេកទេស​ស្រាវជ្រាវ​ប្រទេស​ថៃ) ៤ក្រាម/ថ្ងៃ ចែក​ជា ៤ដង រយៈពេល ៦​ សប្តាហ៍។

៨- អាចមានទម្រង់អីខ្លះ?

– សម្រង់ខ្ញី ថ្នាំលាប ចាហួយ (Gel) ថ្នាំ​គ្រាប់​ និង​ប្រេង

– មើម​ខ្ញី​ស្រស់​ដាំ​ជា​តែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម