Anti-Reflux Surgery (វះកាត់​ព្យាបាល​​ច្រាល​អាស៊ីដ​ក្រពះ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះ​កាត់​ព្យាបាលច្រាល​អាស៊ីដ​ក្រពះ?

ច្រាល​អាស៊ីដ កើត​ឡើង​ដោយ​សារ​សាច់ដុំខ្ជិប​បំពង់​អាហារ​ ធ្វើ​ការ​មិន​បាន​ល្អ​ បណ្តាល​ឲ្យ​អាហារ​លាយឡំ​ជាមួយ​អាស៊ីដ​ក្នុង​ក្រពះ ​នឹង​ច្រាល​មក​លើ​ ធ្វើ​ឲ្យ​មាន​ការ​រលាក ​និង​លេច​ឡើង​នូវ​សញ្ញា​ក្រហាយ​ចុង​ដង្ហើម​ និង​ច្រាល​ដល់​ក្នុង​មាត់។

២- ហេតុអ្វី​ត្រូវ​វះកាត់​?

គ្រូ​ពេទ្យ​អាច​ស្នើ​ឲ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​វះ​កាត់​ ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖

– មិន​ចូល​ចិត្ត​ប្រើ​ថ្នាំ ​ព្រោះ​រំខាន
– សញ្ញា​នៅ​តែ​មាន​ ទោះ​ជា​ប្រើ​ថ្នាំ​ហើយ​ក៏​មិន​បាត់
– របួស​នៅ​លើ​បំពង់​អាហារ​រ៉ាំរ៉ៃ ​ដូចជា ​ដាច់​ រលាត់​ ត្បៀត​ ដំបៅ​ និង​មាន​​ហូរ​ឈាម
– ផល​វិបាក​ពី​ការ​ច្រាល​អាស៊ីដ​ ដូចជា​ រលាក​សួត​ ក្អក​រ៉ាំរ៉ៃ​ និង​សំឡេង​ស្អក​ជាដើម
– ការ​វះ​កាត់​នេះ​អាច​ប្រើ​នៅ​ក្នុង​ករណី​មាន​សាច់​ក្រពះ​លូន​ចូល​ក្នុង​ប្រអប់​ទ្រូង​ផង​ដែរ។

កត្តាប្រឈម

៣- កត្តា​ប្រឈម​មានអ្វីខ្លះ?

មុន​សម្រេច​ចិត្ត​ធ្វើ​ការ​ព្យាបាល​ដោយ​វះ​កាត់​ យើងត្រូវ​យល់​ដឹង​ពី​ស្ថាន​ភាព​ជំងឺ ​និង​ផល​វិបាក​ ​អាច​កើត​មាន​ ​ទាមទារ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ជា​មុន​សិន​ ព្រោះ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ក៏​អាច​ជួយ​បន្ថយ​អាការៈ​បាន​ដូចគ្នា។ ខាង​ក្រោម​នេះ​គឺ​ជា​ហានិភ័យ​អាច​ជួប​ប្រទះ៖

– ចាល់​ឧស្ម័ន​ក្នុង​ក្រពះ​ច្រើន
– ឈឺ​ចាប់ ​និង​ពិបាក​លេប​អាហារ
– លាប់​ការ​ច្រាល​អាស៊ីដ​នេះ​ឡើង​វិញ
– ពិបាក​ដក​ដង្ហើម​ដូច​ជា​ស្វិត​សួត (ជា​ករណី​កម្រ)
– ខូចខាត​​សរីរាង្គ​ផ្សេង​ទៀត ​ដូចជា ​ក្រពះ​ បំពង់​អាហារ ថ្លើម និង​ពោះវៀន​តូច​ជាដើម។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុន​វះកាត់?

មុន​នឹង​ដំណើរ​ការ​វះ​កាត់ យើង​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​សណ្ដំ។ ជា​ទូទៅ​ត្រូវ​តម​អាហារ​យ៉ាង​ហោច​ណាស់ ៦ ម៉ោង​មុន​វះកាត់ ប៉ុន្តែ​អាច​ផឹក​ទឹក​បាន​ចន្លោះពី ២-៣ ម៉ោងមុន ហើយ ​ការ​វះ​កាត់​ត្រូវ​ការ​ពេល​ពី ​១-​២​ ម៉ោង។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

ដំបូង​គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះ​ដើម្បី​ដាក់​ឧបករណ៍​ជំនួយ​វេជ្ជសាស្ត្រ​ចូល​ រួច​ដេរ​បន្តឹង​សាច់​ដុំ​សន្ទះ​ទ្រូង​ឲ្យ​រឹប ​កុំ​ឲ្យ​មាន​ការលូន​សាច់​ក្រពះ ​ធ្វើ​ឲ្យ​​ច្រាល​ទៅ​ថ្ងៃ​ក្រោយ។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះ​កាត់?

បន្ទាប់​ពី​បញ្ចប់​ការ​វះ​កាត់រួច ​ត្រូវសម្រាកនៅ​ពេទ្យ​ប៉ុន្មាន​ថ្ងៃ ទើប​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន។ ប្រមាណ​ ៣-​៤​ សប្ដាហ៍​ក្រោយ​វះ​កាត់ អាច​ត្រឡប់​ទៅ​ធ្វើការ​ដូច​ធម្មតា​បាន ហើយ​ដើម្បី​ឲ្យ​ការ​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស ​គួរ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​តាម​ការ​ណែនាំ​របស់​ពេទ្យ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត