Bronchoscopy (ការ​ថត​សួត​ដោយម៉ាស៊ីន​ ប្រុងកូស្កូពី)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

ជា​ការ​ថត​សួត​ដោយ​ស៊ក​បំពង់​តូច​ ​ភ្ជាប់​ជា​មួយ​ពន្លឺ និង​កាមេរ៉ា​ចូល​ដើម្បី​មើល​រចនាសម្ព័ន្ធ​តាម​បំពង់​ខ្យល់ អាច​មើលឃើញពី​បម្រែបម្រួល​បំពង់ក បំពង់​សំឡេង និង​បំពង់​ខ្យល់​ជាដើម។ សុង​ថត​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​អ្នក​ជំងឺ​មាន​កូន​កណ្ដុរ​ក្នុង​ទ្រូង​សង្ស័យ​ថា​មាន​ជំងឺ​ផ្សេងៗ និង​មាន​ប្រយោជន៍​ក្នុង​ការ​ចាប់​យក​អ្វី​ដែល​ស្លាក់​ផ្សេងទៀត​បាន​ផង​ដែរ។

គ្រូពេទ្យ​អាច​ស្នើ​ឲ្យ​ធ្វើ​ការ​ថតប្រុងកូស្កូពី ​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– រក​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម ពិបាក​ដក​ដង្ហើម​ និង​ក្អក​រ៉ាំរ៉ៃ​ជាដើម

– ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​

– ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​បឺត​យក​វត្ថុ​សំណាក​ទៅ​ពិសោធ

– កំណត់​ការ​រីក​រាលដាល​នៃ​មហារីក​សួត

– ចាប់​យក​វត្ថុ​ដែល​ស្លាក់​ចេញ

– ព្យាបាល​ការ​ហូរ​ឈាម​

– បន្ធូរ​ភាព​តឹង​ស្ទះ​បំពង់​ខ្យល់

– ព្យាបាល​ដោយ​កាំរស្មី​វិទ្យុសកម្ម​បាញ់​ដោយ​ផ្ទាល់។

ស្វែងយល់ពីហានិភ័យ

ទោះ​ជា​ការ​ថត​សុងសួត​បែប​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ផល​វិបាក​ក៏ពិត​មែន​ ប៉ុន្តែករណី​​ខ្លះ​អាច​ជួប​រង​ផល​​ប៉ះពាល់​ជា​យថា​ហេតុ​ដូចជា៖

– ធ្វើ​ឲ្យ​បំពង់​ខ្យល់​រួម​តូច ​និង​ពិបាក​ដកដង្ហើម

– ចង្វាក់​បេះដូង​មិន​ធម្មតា

– រលាក​សួត

– ក្អក​កាន់​តែ​ខ្លាំង

– ងាយ​ប្រតិកម្ម​ទៅ​ថ្ងៃ​ក្រោយ

– រលាក​បំពង់ក​ជាដើម

តួយ៉ាង​ការ​ឆ្លុះ​សួត ក៏​មិន​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​ច្បាស់លាស់​ដែរ​ ដោយសារអាច​មាន​ការ​ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ខុស​កន្លែង ក្នុង​ករណី​មាន​ដុំ​មហារីក​សួត។

ដឹងពីអ្វីកើតឡើង

គួរ​តែ​មាន​អ្នក​ជូន​មក​មន្ទីរពេទ្យ​ និង​តមញ៉ាំ​អាហារ​ពី​ ៦-១២ ​ម៉ោង​ បញ្ឈប់ការ​ប្រើ​ថ្នាំ​ដូចជា ​ថ្នាំ​ពង្រាវ​ឈាម​ អាស្ពីរីន​ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជាដើម​។ ជាទូទៅ​ការ​សុង​ថត​សួត​របៀប​នេះ​ត្រូវ​ការ​ពេល​ត្រឹម ១៥ ​នាទី​ប៉ុណ្ណោះ។

ពេល​​ដាក់​ឧបករណ៍​ចូល​ទៅ​ ពេទ្យ​អាច​មើល​ឃើញ​ពី​បម្រែបម្រួល​មិន​ប្រក្រតី​ផ្សេងៗ ក៏​ដូចជា​ការ​ច្រឹប​សាច់​មក​ពិនិត្យ​ជាដើម។ ករណី​ចាំបាច់​អ្នក​ជំងឺ​អាច​ត្រូវ​គ្រូ​ពេទ្យ​ប្រើ​​ថ្នាំ​សណ្ដំ​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ដំណើរការ។

ការ​ថែទាំ​បន្ទាប់

មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​ការ​សុង​សួត​ដោយ​ប្រុង​កូស្កូពី?

បើ​អ្នកជំងឺ​ទទួល​ថ្នាំ​សណ្ដំ​អំឡុង​ពេល​ធ្វើ​ការសុង ឥទ្ធិពល​ថ្នាំ​នឹង​សាប​ទៅ​វិញ​ក្នុង​រយៈ​ពេល ២ម៉ោង​បន្ទាប់។ គ្រូពេទ្យ​នឹង​ប្រាប់​អ្វី​ដែល​ ​បាន​រក​ឃើញ បន្ទាប់​មក​ធ្វើ​ការ​ពិគ្រោះ​ពី​វិធី​ព្យាបាល​សម​ស្រប។ អ្នក​ជំងឺ​គួរ​ដឹង​ពី​ចំណុច​ខ្លះៗ​ខាង​ក្រោម​នេះ៖

– មិន​ត្រូវ​ផឹក​ទឹក​ ឬ​ញ៉ាំ​អាហារ​អ្វីទាំ​ងអស់ចន្លោះពី ១-២ ម៉ោង រង់​ចាំ​ទាល់​តែ​បំពង់​កវិល​មក​រក​ភាព​ប្រក្រតី​វិញ។

– ខ្ជាក់​ទឹក​មាត់​ចេញ​រហូត​ដល់​អាច​លេប​ដោយ​ខ្លួន​ឯង​ចៀសវាង​ករណី​ស្លាក់។

– មិន​ត្រូវ​បើកបរ​ជា​ដាច់​ខាត រង់​ចាំ​យ៉ាង​ហោច​ណាស់ ៨ម៉ោង ក្រោយ​ធ្វើ​ការ​សុង​រួច។

– ត្រូវ​តម​បារី​រយៈពេល​ ២៤​ម៉ោង។

– អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ជា​ធម្មតា​នៅ​ថ្ងៃបន្ទាប់។

 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 15, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត