Caesarean Section (សម្រាលកូន​ដោយ​វះកាត់)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- សម្រាល​បេប៊ី​ដោយ​វះកាត់​ជា​អ្វី?

ជា​វិធី ​សម្រាល​​ដោយ​វះ​កាត់ស្បូន​​យក​បេប៊ី​ចេញ​ពី​ផ្ទៃ ករណី​ភាគ​ច្រើន​បណ្ដាល​មក​ពី​ផល​វិបាក​ផ្សេងៗ នាំ​ឲ្យ​ម៉ាក់ៗ​មិន​អាច​ការ​សម្រាល​តាម​ធម្មជាតិ​បាន។ បើ​ទោះ​ជា​វះកាត់​សម្រាល​ មាន​សុវត្ថិភាព​ខ្ពស់​ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ​ស្រីៗ​ទើប​មាន​បេប៊ី​ដំបូង ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ពាក់ព័ន្ធ​ជម្រើស​មួយ​នេះ​ កុំ​ចេះ​តែ​សម្រេច​ចិត្ត​តាម​តែ​គេ​ប្រាប់ ឮ​គេ​ថាងាយ​ស្រួល មិន​​ឈឺចាប់ ភ្លេច​គិត​ពី​ផលវិបាក​ និង​ហានិភ័យ​ប្រឈម​នោះ។

២- ហេតុអ្វី​ត្រូវ​សម្រាល​ដោយ​វះកាត់?

សម្រាល​ដោយ​វះកាត់ ជា​ធម្មតា​ត្រូវ​បាន​ណែនាំ​ពី​គ្រូពេទ្យ ប្រសិន​ជា​ម៉ាក់ៗ​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– បេប៊ី​បញ្ច្រាស​ជើង
– បេប៊ី​សុខភាព​ខ្សោយ
– សុក​ពាំង​មាត់​ស្បូន
– ធ្លាប់​សម្រាល​ដោយ​វះ​ពីមុន​មក
– មាន​​ផ្ទៃ​ពោះ​​ញឹក​ពេក
– មាន​ផល​វិបាក​ពេល​សម្រាល ទាមទារ​វះ​កាត់​ជា​បន្ទាន់
– សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​ជំងឺ​ទឹកនោមផ្អែម​ជា​ដើម។

កត្តាប្រឈម

៣- ​កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

ម្ដាយ​សម័យ​ថ្មី ​និយម​ជ្រើស​យក​ការ​សម្រាល​ដោយ​វះ​កាត់ ដោយ​សារ​ជីវភាព​ក៏​ធូរធារ អាច​ចៀស​វាង​ការ​ឈឺ​ចាប់​ក្នុង​អំឡុង​ពេល​សម្រាល។ ប៉ុន្តែ​បើ​និយាយ​ពី​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​វិញ មាន​អ្វី​ខ្លះ​? យើង​គួរ​ចាប់​ផ្តើ​ម​និយាយ​ពី​សមត្ថភាព​យក​កូន​ទៅ​ថ្ងៃ​មុខ​ទៅ​ ក៏ដូចជា​ស្លាកស្នាម​យ៉ាង​វែង​បន្សល់លើរាងកាយ​ និង​ស្បូន។ លើស​ពី​នេះ​ ​សម្រាល​កូន​​វះ ​ដូច​នឹង​ការ​វះ​ដទៃ​ទៀត​ដែរ គឺ​វះ​បើក​ពោះ​​ ដូចនេះ​គឺ​ថា​អាច​ប្រឈម​​គ្រោះ​ថ្នាក់​គ្រប់​ពេល​ ខណៈកត្តា​ប្រឈម​ផ្សេង​ទៀត​មាន​ដូច​ជា៖

ចំពោះ​ម៉ាក់ៗ៖

– បង្ក​រោគ
– បង្ករោគ​លើ​ភ្នាស​ស្បូន នាំឲ្យ​​ឡើង​កម្ដៅ​ ឈឺ​ពោះ​ និង​ធ្លាក់​ឈាម​ច្រើន​តាម​ទ្វារមាស
– ដុំ​ឈាម​កក​ក្នុង​សរសៃ​ឈាម
– បាត់​បង់​ឈាម​ច្រើន​
– របួស​លើ​ប្លោក​នោម​ និង​បង្ហួរ​នោម
– យ៉ាងណា​ក៏​ដោយ​ គ្រូ​ពេទ្យ​នៅ​តែ​មាន​វិធី​បង្ការ​ផល​វិបាក​ទាំង​នេះ​។

ចំពោះ​បេប៊ី៖

– សម្រាប់​បេប៊ី​ចាស់​ខែ​ហើយ​សម្រាល​ដោយ​វះ​កាត់​តែង​តែ​ជួប​វិបត្តិ​ក្នុង​ការ​ដក​ដង្ហើម
– ការ​សម្រាល​ដោយ​វះ​កាត់​មិន​ធានា​នូវ​សុវត្ថិភាព​បេប៊ី​ក្នុង​ផ្ទៃ​ទេ ដូចជា ខូច​សរសៃ​ប្រសាទ​នៅ​ក ឬដៃ ហូរឈាម​ក្រោម​លលាដ៍​ក្បាល​ ខូចខាត​មុខងារ​ខួរក្បាល​ ឬ​ការពារ​ការ​បាត់​បង់​ជីវិត​ជាដើម។
– មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​មាន​ការ​ដាច់​រលាត់​សាច់​ពេល​វះបើក​ស្បូន​ទៀត​ផង តែ​កុំ​បារម្ភ ករណី​បែប​នេះ អាច​កើត​មាន​តែ ២ នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ស្រីៗ​សម្រាល​ដោយ​វះកាត់ ១០០​នាក់ ហើយ​ពេល​ទារក​ធំ​ទៅ​វា​នឹង​ជា​សះមិន​សូវ​ឃើញ​ស្នាម​ទេ។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុនវះកាត់?

វះកាត់​ត្រូវ​ធ្វើ​ឡើង​ជា​ទូទៅ ផ្អែក​លើ​ផែន​ការ​រៀបចំ​ទុក​ជា​ស្រេច ទាំង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្ភព គ្រូពេទ្យ​ថ្នាំ​សណ្តំ ដើម្បី​ត្រួត​ពិនត្យ​សុខភាព​ជា​មុន និង​ពិនិត្យ​ក្រុម​ឈាម ត្រៀម​ករណី​ត្រូវ​ការ​បញ្ចូល​ឈាម​កើត​ឡើង។

ការ​ពិនិត្យ​សុខភាព​ម៉ាក់ៗ និង​បេប៊ី ​សំខាន់​បំផុត ចំពោះ​ករណី​សម្រាល​មុនសប្តាហ៍ទី ៣៩ ពេទ្យ​ត្រូវ​បូម​ទឹក​ភ្លោះ​ទៅ​ពិនិត្យ​ ដើម្បី​ដឹង​ពី​ភាព​ពេញ​លក្ខណៈ​របស់​សួត​បេប៊ី ​បង្ការ​ផល​វិបាក​ជា​យថា​ហេតុ។ យ៉ាងណា ​ទោះ​ជាយើង​ជ្រើស​យក​ការ​សម្រាល​តាម​ធម្មជាតិ ក៏​ត្រូវ​ប្រឹក្សា​ពី​ជម្រើស​នេះ​ដែរ​ ព្រោះ​បើ​មាន​រឿង​ចៃដន្យ​អ្វី​មួយ​​កើត​ឡើង ​ការ​វះកាត់​ក៏​ត្រូវ​ធ្វើ​ឡើង​បន្ទាន់​ភ្លាមៗ​តែ​ម្តង។

៥- អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

វះកាត់​ត្រូវពេល​ជាទូទៅពី ​៤០-៥០ ​នាទី ហើយ​ម៉ាក់ៗ ​និង​បេប៊ី ត្រូវ​ពេទ្យ​ស្ទង់​សញ្ញា​ជីវិត​គ្រប់​វិនាទី។ បន្ទាប់​ពី​ចាក់​ថ្នាំ​សណ្ដំ​តាម​ឆ្អឹង​ខ្នងរួច​​ហើយ ​គ្រូពេទ្យ​វះកាត់​ នឹង​ចាប់​ផ្តើម​ដោយ​យក​ចិត្ត​ទុក​ដាក់ ហ្មត់ចត់​បំផុត។ វះ​បើក​ពោះ ​ធ្វើ​ឡើង​នៅ​ក្រោម​ថ្ងាស ​និង​ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍​សល្យសាស្ត្រ​ដទៃ​ទៀត សម្រួល​ដល់​យកបេប៊ី​ចេញ​ពី​ផ្ទៃ​ដោយ​សុវត្ថិភាព។ ពេល​បេប៊ី​ចេញ​ផុត​ពី​ផ្ទៃ​ស្បូន ពេទ្យ​នឹង​ផ្ដល់​​ថ្នាំ​អ័រម៉ូន បញ្ឈប់​ការ​ហូរ​ឈាម​ ហើយ​ដេរ​បិទ​ពោះ ដែលជាដំណាក់​កាល​ចុង​ក្រោយ។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​សម្រាល?

ក្រោយ​វះកាត់​​ជោគជ័យ ម៉ាក់ៗ​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​ថែ​ទាំ ដើម្បី​តាមដាន​សញ្ញា​ជីវិត​រហូត​ដល់​ពេល​ថ្នាំ​សណ្ដំ​អស់​ប្រសិទ្ធ​ភាព​ ​ក្នុង​ពេល​នេះ​គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​ជា​ចាំ​បាច់​ដូចជា៖

– សម្ពាធ​ឈាម ចង្វាក់​ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម
– ម៉ាក់ៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ​និងអាច​បំបៅ​ដោះ​បេប៊ី​បាន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត