Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វីទៅជាមហារីក​គ្រាប់ឈាមសលើ​កុមារ?

មហារីក​គ្រាប់ឈាមសលើ​កុមារ ជាភាសាបច្ចេកទេស Childhood Leukemia ដែល​ពាក្យ Leukemia សំដៅ​លើ​ជំងឺ​មហារីក​​គ្រាប់​ឈាម​ស អាច​ហៅថា​ Leukocytes or WBCs។ នៅ​ពេល​កើត​ជំងឺ​នេះ​ ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង គឺ​មាន​​ភាព​មិន​ប្រក្រតី។ កោសិកាមិន​ប្រក្រតី​ទាំង​នេះ​ នៅ​ពេញ​ក្នុង​ខួរ​ឆ្អឹង​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ប៉ុន្តែ​ពួក​វា​មិន​អាច​ការ​ពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បានទេ ​ពី​ព្រោះ​គ្រាប់ឈាម​ស​ទាំង​នោះ ​ជា​កោសិកា​ខូច។

នៅ​ពេល​មហារីក​គ្រាប់ឈាមសបន្តវិវត្ត​កាន់​តែ​ខ្លាំង​ឡើង មហារីក​ទៅ​រំខាន​ដំណើរ​ការ​​ផលិត​គ្រាប់​ឈាមក្នុង​រាង​កាយ ​ដូច​ជា ​គ្រាប់​ឈាម​ក្រហម និង​ប្លា​កែត នាំ​ឲ្យក្មេង​​មាន​ជំងឺ​ស្លេកស្លាំង និង​បញ្ហា​ហូរ​ឈាម។ លើស​ពី​នេះ​ មហារីកនឹង​បង្កើន​កត្តា​ប្រឈមការ​បង្ក​រោគ​ ដោយ​សារ​ឈាម​ស​​ខូចខាត​ទាំងនោះ។

ជា​ទូ​ទៅ មហារីក​ប្រភេទ​នេះ ត្រូវ​គេ​បែង​ចែក​ជា​ ២ ទម្រង់ គឺស្រួច​ស្រាវ (វិវត្ត​លឿន) និង​ទម្រង់​រ៉ាំ​រ៉ៃ (វិវត្ត​យឺត) ហើយ​ចំពោះ​ក្មេង ​ច្រើន​តែស្ថិត​ក្នុង​​ទម្រង់​ស្រួច​ស្រាវ។ ជំងឺ​នេះ​បែង​ចែក​ជា Acute lymphoblastic leukemia (ALL) និង Acute myeloid leukemia (AML) អាស្រ័យ​លើ​ប្រភេទ​គ្រាប់​ឈាម​ស​ គេ​ហៅ​ថា Lymphyocytes ឬ Myelocytes មាន​ទំនាក់​ទំនង​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

២- កើតឡើងញឹកញាប់ប៉ុនណា?

មួយភាគបី ក្នុង​ចំណោម​ក្មេងៗ និង​ក្មេង​ជំទង់​កើត​ជំងឺ​មហារីក គឺ​ជា​មហារីក​ប្រភេទ​នេះ។ ​មហារីក​គ្រាប់ឈាមស​ភាគ​ច្រើន ​ជា​ប្រភេទ Acute lymphocytic leukemia (ALL)។ ករណី​សេស​សល់​ដទៃ​ទៀត ទើប​ជា​ប្រភេទ Acute myeloid leukemia (AML)។ យ៉ាង​ណា មហារីក​គ្រាប់​ឈាម​ស​លើ​កុមារ ​កម្រ​កើត​មាន​ណាស់។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​បន្ថែម។

រោគសញ្ញា

៣- មហារីក​គ្រាប់​ឈាម​ស​លើ​កុមារ​មាន​រោគសញ្ញាអ្វីខ្លះ?

រោគ​សញ្ញា​ទូទៅ​មាន​ដូច​ជា៖

– ដោយ​សារ​គ្រាប់​ឈាម​ស​​ប្រឆាំង​ជា​មួយ​មេរោគ​ខូច ដូច្នេះ​ក្មេងមាន​មហារីក​គ្រាប់​ឈាម​ស មានអត្រា​បង្ក​រោគ​ដោយ​វីរុស ​និង​បាក់តេរី​ច្រើន​ជាង​ធម្មតា។ ក្មេង​អាច​មាន​សភាព​ស្លេកស្លាំង ​ដោយ​សារ​តែគ្រាប់​ឈាមស​ដែល​ខូច ប៉ះ​ពាល់ដំណើរ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​មាន​អុក​ស៊ី​ហ្សែនក្នុង​ខួរ​ឆ្អឹង ជា​ហេតុ​ធ្វើ​ឲ្យក្មេងស្លេក​ស្លាំង និង​អស់​កម្លាំង​ខុស​ធម្មតា​ ​ដក​ដង្ហើម​ខ្លី​ៗនៅ​ពេល​លេង។

– ​ក្មេង​មាន​ជំងឺ​នេះ​ ងាយ​ជាំ ​និង​ហូរ​ឈាម ងាយ​ឈាម​ច្រមុះ ឬ​ហូរ​ឈាម​ខុស​ធម្មតា​យូរ​ ទោះ​បី​ជា​មុត​តិច​តួច ដោយ​សារមហារីក​បាន​​ទៅ​បំផ្លាញ​សមត្ថភាព​ខួរ​ឆ្អឹង​ ​ផលិត​ទម្រង់​កំណកឈាម​​ប្លា​កែត។

រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា៖

– ឈឺ​ឆ្អឹង ឬ​សន្លាក់ ​ពេល​ខ្លះ​ពិបាកដើរ
– ហើម​កូន​កណ្តុរ ​(អាច​ហៅថា ហើម​ក្រពេញ) នៅក ក្រលៀន ឬ​កន្លែង​ផ្សេង
– អស់​កម្លាំង​ខុស​ធម្មតា
– ញ៉ាំ​មិន​បាន
– ក្តៅ​ខ្លួន​គ្មាន​រោគ​សញ្ញា
– ឈឺ​ពោះ (បណ្តាល​មក​ពី​គ្រាប់​ឈាម​មិន​ធម្មតា​ កក​នៅ​ក្នុង​សរីរាង្គ​ ដូច​ជា​ ក្រលៀន ថ្លើម ឬ​អណ្តើក)។

ពេល​មហារីក​ទៅ​ដល់​ក្នុង​ខួរ​ក្បាល​ ធ្វើ​ឲ្យ​ឈឺ​ក្បាល ប្រកាច់ បាត់​បង់​លំនឹង ឬ​មាន​បញ្ហា​គំហើញ។ ​បើ​ជំងឺ​នេះ​ទៅ​ដល់​កូន​កណ្តុរ​នៅ​ក្នុង​ទ្រូង នឹង​ធ្វើ​ឲ្យ​មាន​ដុំ​សាច់​​រីក​ធំ នាំ​​ឲ្យ​ស្ទះ​បំពង់​ខ្យល់ ​និង​សរសៃ​ឈាម​សំខាន់​ៗ ជា​ហេតុ​​ពិបាក​ដក​ដង្ហើម និង​រំខាន​លំហូរ​ឈាម​ទៅកាន់​​បេះដូង។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ​បើ​​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

៤- គួរទៅជួបពេទ្យពេលណា?

បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ គប្បី​ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗ មាន​រោគ​សញ្ញា​ផ្សេង​គ្នា ប្រសើរ​បំផុត ត្រូវ​ទៅពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាពក្មេង។

មូលហេតុបង្ក

៥- មូលហេតុបង្ក​ឲ្យ​កើត​ជំងឺ​នេះ​មាន​អ្វី​ខ្លះ?

គ្រូ​ពេទ្យ​ មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ធ្វើ​ឲ្យ​មាន​ជំងឺ​នេះនៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​មាន​កត្តា​ជា​ច្រើន​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តា​ប្រឈម

៦- កត្តាប្រឈមមាន​អ្វី​ខ្លះ?

​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដូច​ជា៖

– ជំងឺ​តំណ​ពូជ​ ដូច​ជា​ ជំងឺ Li-Fraumeni syndrome, Down syndrome ឬ Klinefelter syndrome។
– បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​តំណ​ពូជ​ ដូច​ជា ​ជំងឺ Ataxia telangiectasia​ (ធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធភាពស៊ាំ និង​ប្រព័ន្ធសារពាង្គកាយ)។
– បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​ជំងឺ leukemia ជា​ពិសេស​កូន​ភ្លោះ​ពិត។
– ប្រវត្ត​ជំងឺប៉ះ​ពាល់​ជា​មួយ​សារ​ធាតុ​វិទ្យុ​សកម្ម ​ព្យាបាល​ដោយ​ថ្នាំ​គីមី ឬ​សារធាតុ​គីមី ដូច​ជា សូលុយស្យុង​បង់​ហ្សែន។
– ប្រវត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ​ ដូច​ជា ​ការ​ផ្លាស់​ប្តូរ​សរីរាង្គ។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ គ្រូពេទ្យនឹង​ពិនិត្យ​មើល ​ពី​ប្រវត្តិ​ជំងឺ និង​ការ​ពិនិត្យ​រាង​កាយ។ ការ​ធ្វើ​តេស្ត​មួយ​ចំនួន នឹង​អាច​ធ្វើ​ឡើង ដើម្បី​វិនិច្ឆ័យ​ពី​ជំងឺ​នេះ ក៏​ដូច​ជា​ប្រភេទ​របស់​វា​ជា​ដើម ខណៈ​​តេស្ត​ដំបូង​រួម​មាន៖

– ​ធ្វើ​តេស្ត​ឈាម​រាប់​ចំនួន​គ្រាប់​ឈាម ​និង​រូប​រាង​របស់​វា។
– ​បូម ​និង​ច្រឹប​ខួរ​ឆ្អឹង ជា​ធម្មតា​យក​ចេញ​ពី​ឆ្អឹង​ត្រគាក ​ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​នេះ។
– ​បូម​ទឹក​ខួរ​ឆ្អឹង​ខ្នង ​ដើម្បី​ពិនិត្យ​ពី​ការ​រាល​ដាល​កោសិកា Leukemia ​ក្នុង​ទឹក​នៅ​ក្នុង​ខួរ​ក្បាល ​និង​ឆ្អឹង​កង​ខ្នង។

អ្នក​​វិភាគនឹងពិនិត្យ​កោសិកា​គ្រាប់​ឈាម​ដោយ​ប្រើ​មីក្រូទស្សន៍ ខណៈ​អ្នក​ជំនាញ​ នឹង​ពិនិត្យ​ខួរ​ឆ្អឹង ​រក​មើល​បរិមាណ​កោសិកា​បង្កើត​គ្រាប់​ឈាម​ និង​កោសិកា​ខ្លាញ់។ ការ​ធ្វើ​តេស្ត​ផ្សេងទៀត ​អាច​ធ្វើ​ដើម្បី​បង្ហាញ​ពី​ប្រភេទ​ជំងឺ Leukemia​ ក្មេង​កើត ហើយ​​ជួយ​គ្រូពេទ្យ​ដឹង​ពី​ការ​ព្យាបាលត្រឹម​ត្រូវ​មួយ។

តេស្ត​ខ្លះ ​អាច​ធ្វើ​ម្តង​ទៀត​ ដើម្បី​ឲ្យ​ដឹង​ពី​ការ​ឆ្លើយ​តប​នឹង​ការ​ព្យាបាល។

៨- ព្យាបាល​ដោយ​វិធី​ណា?

គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ឬ​ក្រុម​ព្យាបាល​ជំងឺ​មហារីក ​ពី​ជម្រើស​ព្យាបាល​ជំងឺ​ក្មេងត្រឹមត្រូវ​មួយ ខណៈ​ការ​ព្យាបាល​អាស្រ័យ​លើ​ប្រភេទ​​ជំងឺ​ និង​បញ្ហា​ផ្សេង​ទៀត។

អត្រា​រស់​ នឹង​​កើន​ឡើង ហើយ​ការ​ព្យាបាល​នៅ​តាម​មជ្ឈ​មណ្ឌល​ពិសេស​សម្រាប់​កុមារ ​និងក្មេង​​ជំទង់ ​គឺ​ចាំ​បាច់​សម្រាប់​ការ​ព្យាបាល​តាម​ផ្នែក។ ជំងឺ​មហារីក​ចំពោះកុមារ​ គឺ​ទទួល​ការ​ព្យាបាល​ប្រសើរ​ជាង​មនុស្ស​ធំ ហើយ​រាង​កាយ​ក្មេង​​ងាយ​ទទួល​ការ​ព្យាបាល​ប្រសើរ​ជាង​ដូច​គ្នា។

មុន​ពេល​ចាប់​ផ្តើម​ព្យាបាល​ជំងឺ​មហារីក ក្មេង​​ត្រូវ​ការ​ព្យាបាល​ផល​វិបាក។ ​ឧទាហរណ៍ ការ​ប្រែ​ប្រួល​នៅ​ក្នុង​កោសិកា​ឈាម ​អាច​ធ្វើ​ឲ្យ​ការ​បង្ករោគ ​ឬ​ការ​ហូរ​ឈាម​ខ្លាំង​ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​បរិមាណ​អុក​ស៊ី​ហ្សែនបញ្ជូន​ទៅ​កោសិកា។ វិធី​​ព្យាបាល​អាច​ប្រើ​ថ្នាំ​ផ្សះ បញ្ចូល​ឈាម ឬ​​វាស់​ពី​ការ​ប្រឆាំង​នៃ​ការ​បង្ក​រោគ។

ព្យាបាល​ដោយ​ថ្នាំ​គីមី ជាវិធី​​ព្យាបាលចម្បង​សម្រាប់​ជំងឺ​នេះ។ ក្មេង​ត្រូវ​ប្រើ​ថ្នាំមហារីក​ ដោយ​លេប ឬ​ចាក់​តាម​សរសៃ​វ៉ែន ឬ​ចាក់​ទឹក​ខួរ​ឆ្អឹង​ខ្នង ហើយ​ដើម្បី​ការពារ​មិន​ឲ្យ​កើតឡើង​វិញ​ ត្រូវ​​ការ​ព្យាបាល​ថែ​ទាំ​រយៈពេល​ ២​-​៣ ​ឆ្នាំ។ ពេល​ខ្លះ​អាច​ប្រើ​វិធីព្យាបាល​ចំ​គោលដៅ ដែល​ត្រូវ​ព្យាបាល​ផ្នែក​ជាក់​លាក់​នៃ​ជំងឺ​មហារីក ខុស​គ្នា​ពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំគីមី ខណៈ​ការ​ព្យាបាល​ចំ​គោល​ដៅ​ ក៏​មាន​ផល​ប៉ះ​ពាល់​តិច​ជាងដែរ។

វិធី​​ព្យាបាល​ផ្សេង​ទៀត អាច​មាន​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ ដោយ​ប្រើ​ថាមពល​វិទ្យុ​សកម្ម​ខ្ពស់​ ដើម្បី​សម្លាប់​កោសិកា​មហារីក។ វិធី​នេះ អាច​ជួយ​ការពារ​ ឬ​ព្យាបាល​ការ​រាល​ដាល​ជំងឺ​ ទៅ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ខណៈ​វិធីវះ​កាត់​គឺជា​ជម្រើស​​កម្រ​សម្រាប់​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាម​ស​លើ​កុមារ​ផងដែរ។

​បើវិធី​​ព្យាបាល​ស្តង់​ដារ ​មិន​មាន​ប្រសិទ្ធ​ភាព ការ​ផ្លាស់​ប្តូរ​កោសិកា Stem ជា​ជម្រើស​ប្រសើរ​បំផុត។ វិធី​នេះ រួម​មាន​ការ​ផ្លាស់​ប្តូរ​កោសិកា Stem បង្កើត​គ្រាប់​ឈាម​បន្ទាប់​ពី​រាង​កាយ​រង​ការបាញ់​កាំ​រស្មី ​និង​ការ​ប្រើ​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​កម្រិត​ខ្ពស់​ ​បំផ្លាញ​ខួរ​ឆ្អឹងកុមារ។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​នៅ​អាមេរិក FDA បាន​បង្ហាញ​ថា​ប្រភេទ​ព្យាបាល​ដោយ​ហ្សែន​ចំពោះ​កុមារ ​និងក្មេង​ជំទង់ ​អាយុដល់ ​២៥​ឆ្នាំ ដែល​កោសិកា​បេ ALL មិន​បាន​ធូរ​ស្រាល​បន្ទាប់​ពី​ព្យាបាលស្តង់​ដារ។ អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​រកវិធី​សម្រាប់​​ព្យាបាល​អ្នក​ជំងឺអាយុ​ច្រើនជាង​ ២៥ ​ឆ្នាំ និង​សម្រាប់​ប្រភេទ​ផ្សេង​ទៀត​ជំងឺ​មហារីក។

ការ​ព្យាបាល CAR T-cell ប្រើ​ប្រាស់​កោសិកា​ភាព​ស៊ាំ​ខ្លួន​ឯង​ ដែល​ហៅថា​កោសិកា T (T cells) ដើម្បី​ព្យាបាល​ជំងឺ​មហារីក។ គ្រូ​ពេទ្យ​ នឹង​យក​កោសិកា​ចេញ​ពី​ក្នុង​ឈាម ដោយ​បន្ថែម​ហ្សែន​ថ្មីជំនួស​វិញ។ កោសិកា​ T ​ថ្មី​ អាច​ធ្វើ​ការ​ប្រសើរជាង​មុន ​ដើម្បី​រក​មើល និង​សម្លាប់​កោសិកា​មហារីក។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ប្រសិន​បើ​អ្នក​មាន​សំណួរ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​ក្មេង។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 26, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 26, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"