Coronary Angioplasty (វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះកាត់​កែ​សម្រួល​សរសៃ​ឈាម​​បេះ​ដូង?

វះ​កាត់​សរសៃ​ឈាម​បេះដូង​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​ពាក់​ព័ន្ធ​ជំងឺ​លើ​សរសៃ​ឈាម​សំខាន់​មួយ​នេះ​ ព្រោះ​​សរសៃ​ឈាម​បេះដូង ​មាន​នាទី​​​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង បើ​សរសៃ​ឈាម​នេះ​មាន​បញ្ហា​ អាច​បង្កឲ្យបេះដូងជួប​បញ្ហា​​ធ្ងន់ធ្ងរ។​

២- ហេតុអ្វីត្រូវវះកាត់?

ការ​វះ​កាត់ ធ្វើ​ឡើងនៅ​ពេល សរសៃ​ឈាម​បេះដូង​ប្រែ​ជា​រួម​តូច​ដោយ​ប្រការ​ណា​មួយ  ដើម្បី​សម្រួល​ឡើង​វិញ ​ជួយ​ដល់​ការ​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​កោសិកា​បេះដូង​គ្រប់​គ្រាន់។ មិន​តែ​ប៉ុណ្ណេះ​ អាច​ជួយ​បន្ធូរ​វិបត្តិ​ដក​ដង្ហើម​ ព្រម​ទាំង​អាច​ព្យាបាល​ និង​ការពារ​ករណីគាំង​បេះដូង​ទៀតផង។

 

កត្តាប្រឈម

៣- ​កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

ការ​វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បេះដូង ធ្វើ​ឡើង​ដើម្បី​ស្តារ​ឡើង​វិញ សរសៃ​ឈាម​រួម​តូច​តាម​អាច​ធ្វើ​ទៅ​បាន។ មិន​មែន​គ្រប់​បញ្ហា​សរសៃ​ឈាម​បេះដូង​ទាំង​អស់​សុទ្ធ​តែ​ ត្រូវ​ការ​ព្យាបាល​ដោយ​វះកាត់​កែ​លម្អ​នោះ​ទេ ​ថ្នាំ​គ្រាប់​ក៏​អាច​ជួយ​សម្រាល​អាការៈ​បាន​ដូច​គ្នា។ គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​ផល​វិបាក​ផ្សេង​ៗ មុន​នឹង​ធ្វើ​សម្រេច​ចិត្ត ​ដូចជា​ប្រវត្តិ​ប្រឈម​នឹង​កាំរស្មី​វិទ្យុសកម្ម​ពី​មុន ជា​ដើម​។

ពេល​ខ្លះ​ដេក​នៅ​លើ​គ្រែ​វះ​កាត់​យូរ​ អាច​ទៅ​ជា​​ថប់អារម្មណ៍ ​និង​ឈឺ​ចាប់​ក៏​មាន។ ខាង​ក្រោម​នេះ​ជា​ផល​វិបាក​ខ្លះ​ៗ​អាច​ជួប​ជា​យថា​ហេតុ៖

– ហូរ​ឈាម​នៅ​កន្លែង​ដាក់​បំពង់​តូច (Catheter) ចូល​ទៅ​តាម​សរសៃ​ឈាម
– ឈាម​កក ​និង​មាន​​ប៉ះពាល់​លើ​សរសៃ​ឈាម
– មាន​ឆ្លង​រោគ​នៅ​កន្លែង​​បំពង់​តូចៗ
– ធ្លាយ​សរសៃ​ឈាម​បេះដូង​ ឬ​ស្ទះ​ខ្លាំង​ពេក​ តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​បើក​ទ្រូង
– គាំង​បេះដូង​ភ្លាមៗ
– ចង្វាក់​បេះដូង​លោត​ខុស​ធម្មតា
– ឈឺ​ទ្រូង
– បង្ក​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល
– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ពណ៌​បាញ់​បញ្ចូល​ក្នុង​សរសៃ​ឈាម។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​អ្វីខ្លះ​មុន​ពេល​វះ​កាត់?

ត្រូវ​ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ចាប់ពណ៌​ ថ្នាំ ជ័រ​កៅស៊ូ បង់​ស្អិត និង​ថ្នាំ​ស្ពឹក​មួយ​ចំនួន។ មុន​ធ្វើ​ការ​វះកាត់ គ្រូពេទ្យ​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​សមត្ថភាព​កំណក​ឈាម​ជាមុន​សិន​ ព្រម​ទាំង​សាក​សួរ​ប្រវត្តិ​ពាក់ព័ន្ធ​ប្រតិកម្ម​ផ្សេងៗ ​ពិសេស​សារធាតុ​ត្រូវ​ប្រើ​អំឡុង​ពេល​វះកាត់​។ មួយ​ទៀត ​ត្រូវ​តម​អាហារ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ហើយ​បើ​កំពុង​ពពោះ​ ត្រូវ​ប្រាប់​ដល់​គ្រូពេទ្យ​ ព្រោះ​​អាច​ប៉ះពាល់​ពេល​សារធាតុ​វិទ្យុសកម្ម​ដំណើរ​ការ។

៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?

ជា​ទូទៅ​វះកាត់​កែ​សម្រួល​សរសៃ​ឈាម​បែប​នេះ​ អាចធ្វើ​រួចរាល់​រយៈពេល​ពី ៣០​ នាទី ទៅ ២​ ម៉ោង។ គ្រូពេទ្យ​ឯកទេស​បេះដូង ​អាច​ប្រើ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។ ដំបូង​ពេទ្យ​នឹង​ស៊ក​បំពង់​តាម​សរសៃ​ឈាម​នៅ​ម្ដុំ​ក្រលៀន​ ដើម្បី​សំដៅ​ទៅ​បេះដូង ភ្ជាប់​ជាមួយ​កូន​បាឡុង ​អាច​សប់​បំប៉ោង​ និង​បញ្ចេញ​ខ្យល់​បាន​តាម​ការ​បញ្ជា។

វិធីថែទាំក្រោយវះកាត់

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់​?

ក្នុង​ករណី​ទទួល​បាន​ជោគជ័យយើង​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ ប៉ុន្តែត្រូវ​អនុវត្ត​ផែនការ​ថែទាំ​ខ្លួន​ដូចជា​៖

– មិន​ត្រូវ​ហាត់​ប្រាណ​ ឬ​ធ្វើ​ការ​ធ្ងន់​លើស​កម្លាំង​ក្នុង​អំឡុង​ពេល​នេះ
– បើមាន​ការ​លើស​ជាតិ​ខ្លាញ់ ​ឬ​មាន​ជំងឺ​លើស​ឈាម​ត្រូវ​បន្ត​លេប​ថ្នាំ​ជា​ធម្មតា។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019