Depression (​បាក់​ទឹក​ចិត្ត)

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ?

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ​ជះ​ឥទ្ធិពល​ដល់​អារម្មណ៏ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។ ​បើ​អាការៈ​សោកសៅ​មាន​រយៈពេល​យូរ​រហូត​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៏ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​មាន​គំនិត ឬ​គម្រោង​​ចង់​ធ្វើ​អត្តឃាត​នោះ បង្ហាញថា​យើង​​អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត​នេះហើយ។ គប្បី​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ ​បើ​ប្រទះ​អាការៈ​ណាមួយ​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។

២- ​កើត​មាន​ញឹកញាប់​ដែរ​ទេ?

ញឹកញាប់​ខ្លាំង​ណាស់ លទ្ធផល​​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន ​បង្ហាញ​​ថា មនុស្ស​ប្រមាណ​ជា ៨០​ភាគរយ ជុំវិញ​ពិភពលោក ​ប្រឈម​កើត​ជំងឺ​នេះ​​នៅពេល​ណាមួយ​ ក្នុងឆាក​ជីវិត​របស់​ពួក​គេ។ យ៉ាង​ណា ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​​ស្ត្រី​ ច្រើន​ជាង​បុរស។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជា​ទូទៅ មនុស្ស​ម្នាក់ៗមាន​រោគ​សញ្ញា​ជំងឺបាក់​ទឹក​ចិត្តភាព​​ខុស​គ្នាៗ ​ខ្លះ​អាច​គេង​កាន់​តែ​ច្រើន ឯ​ខ្លះ​ទៀត​អាច​ពិបាក​ក្នុង​ការ​គេង ខ្លះ​​ញ៉ាំ​ច្រើន ខ្លះ​ទៀត​អាចមិន​ឃ្លាន​អ្វី​ទាំង​អស់។ យ៉ាងណា អាការៈ​ទូទៅ​តែង​ជួប​ប្រទះ​មាន​ដូចជា៖

– ពិបាក​ក្នុង​ប្រមូល​អារម្មណ៍​ធ្វើ​អ្វី​មួយ
– មាន​អារម្មណ៍​សោកសៅ ឬ​​ទទេ​ស្អាត គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទាល់​តែ​សោះ
– មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​មិន​អាច​​ប្រសើរ​ឡើង​វិញ (ពិសេស​ពេល​គិត​ដល់​រឿង​អនាគត)
– មាន​អារម្មណ៍​រសាប់​រសាល់
– បាត់បង់​អារម្មណ៏​ផ្លូវភេទ
– ករណី​ធ្ងន់ធ្ងរ អាច​មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​សម្លាប់​អ្នក​ដទៃ។

យ៉ាងណា ជំងឺ​បាក់​ទឹក​ចិត្ត​​ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាអ្នក​មាន​ការ​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ គប្បី​ប្រញាប់​​ទៅ​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ឲ្យ​ឆាប់បំផុត តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​ករណី​មិន​ហ៊ាន ឬ​មិន​ដឹង​គួរ​ទៅ​សុំ​ជំនួយ​ពី​អ្នកណា យើង​អាច​សាកល្បង​និយាយ​ជាមួយ​​មិត្តភក្តិ មនុស្ស​ជា​ទី​ស្រលាញ់ គ្រូពេទ្យ​ផ្លូវ​ចិត្ត ឬ​អាចអ្នក​ណា​ម្នាក់យើង​ជឿ​ទុក​ចិត្ត​បាន។

បើ​មាន​គំនិត ឬគម្រោង​សម្លាប់​ខ្លួន ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ក៏​លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់ ​ឬមន្ទីរពេទ្យនៅ​ជិត​ផ្ទះយើង​ជាង​គេ។

សាក​ល្បង​ធ្វើ​តាម​ជម្រើស​ណាមួយ​ខាង​ក្រោម ​ករណី​មាន​គំនិត​ចង់​សម្លាប់​ខ្លួន៖

– សុំ​ជំនួយ​ពី​គ្រូពេទ្យ​ទូទៅ ឬគ្រូពេទ្យ​ឯកទេស​
– ព្យាយាម​និយាយ​ជាមួយ​មិត្ត​ជិត​ស្និត ឬមនុស្ស​ជា​ទី​ស្រលាញ់​
– អាច​សាកល្បង​ស្តាប់​ធម៌ ឬ​លោក​ទេស ​ឬ​និយាយ​ជាមួយ​ចាស់​ព្រឹទ្ធា​ចារ្យ​តាម​ទី​អារាម។

ប្រសិន​បើ​មនុស្ស​ជា​ទីស្រលាញ់ ឬ​មិត្តភក្តិយើងវិញ ​មាន​គំនិត ឬ​​ធ្លាប់​ព្យាយាម​សម្លាប់​ខ្លួន​ពីមុន គួរ​តែ​អនុវត្ត​តាម​វិធី​នេះ៖

– ត្រូវ​ប្រាកដ​ថា​គេ​មិន​នៅ​តែ​ឯង យើងគប្បី​នៅ​ក្បែរពួក​គេ​ជាប់​ជានិច្ច
– ទូរស័ព្ទ​ទាក់ទង​ទៅ​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បើ​ស្ថានការណ៍​ប្រែ​ជា​មិន​ល្អ
– នាំ​មិត្តភក្តិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់ ទៅ​មន្ទីរពេទ្យ​​ជា​បន្ទាន់ គប្បី​សុំ​ការ​អន្តរាគមន៍​ពី​អ្នក​ជំនាញ ​ចៀសវាង​រាល់​គ្រោះថ្នាក់​ផ្សេង​ៗ ​អាច​កើត​ឡើង​ជាយថាហេតុ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មូលហេតុ​ជាច្រើន រាប់​បញ្ចូល​ទាំង​កត្តា​ដាច់​ដោយ​ឡែក​ កត្តា​រួម​គ្នា សុទ្ធ​តែ​អាច​រួម​ចំណែក​ធ្វើ​ឲ្យយើង​មាន​បញ្ហា​បាក់​ទឹក​ចិត្ត ដូច​ជា៖

កត្តា​ហ្សែន៖ មាន​សមាជិក​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​ពីមុន កាន់​តែ​ប្រឈម​កើត​ជំងឺ​បាក់ទឹក​ចិត្ត​នេះជាង​មនុស្ស​ធម្មតា។

កត្តា​បម្រែ​បម្រួល​​អ័រម៉ូន៖ ជំងឺ​បាក់ទឹក​ចិត្ត​អាច​កើត​ឡើង​នៅ​ពេល​មាន​បម្រែ​បម្រួល​​សារធាតុ​គីមី​ក្នុង​ខួរក្បាល (ដូចជា អ័រម៉ូន Serotonin និង Dopamine) ខុស​ពី​មនុស្ស​ធម្មតា។

– សម្ពាធ និង​ភាព​តាន​តឹង៖ ធ្លាប់​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​ស្ថិត​ក្នុង​ទំនាក់​ទំនង​មិន​ល្អ​ណា​មួយ ក៏​ដូច​ជា​កំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ សុទ្ធ​តែ​ប្រឈម​បង្ក​ទៅ​ជា​បាក់​ទឹក​ចិត្ត។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

ទោះ​​ភាគ​ច្រើន​ជំងឺបាក់ទឹក​ចិត្តកើត​លើ​ក្រុម​មនុស្ស​​វ័យ​ជំទង់ អាយុ ២០-៣០ ឆ្នាំ​ឡើង​ក៏​ពិត​មែន តែក៏អាច​កើត​ឡើង​លើ​មនុស្ស​វ័យ​ផ្សេងៗ​ទៀត​ដូចគ្នា។ យ៉ាង​ណា គេ​សង្កេត​ឃើញ​ថា​ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​លើ​ស្ត្រី ​ប៉ុន្តែ​ការ​រក​ឃើញ​នេះ​កើត​ឡើង​ដោយ​សារ ​​បុរស​មិន​ងាយសុំ​ជំនួយ​ពី​អ្នក​ដទៃ រី​ឯ​ស្ត្រី​ងាយ​នឹង​ស្វែង​រក​ជំនួយ។

កត្តាធ្វើ​ឲ្យយើង​កាន់​តែ​ប្រឈម​ទៅ​​ជំងឺបាក់​ទឹក​ចិត្ត មាន​ដូច​ជា៖

– ធ្លាប់​មាន​ជំងឺ​ផ្លូវ​ចិត្ត​ណា​មួយ​ពីមុន ដូច​ជា ជំងឺ​ថប់​បារម្ភ ជំងឺ​ទទួលទាន​អាហារ​មិន​ប្រក្រតី ឬ​ជំងឺ​បាក់​ស្បាត​ជាដើម។

– ប្រើប្រាស់​គ្រឿង​ញៀន​ ឬផឹក​ស្រា​លើស​កម្រិត។

– មាន​បុគ្គលិក​លក្ខណៈ​មិន​ប្រក្រតី ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប​ពេក ពឹង​ផ្អែក​ទៅ​លើអ្នក​ដទៃ​ រិះគន់​ខ្លួន​ឯង​ ឬ​​មើល​ឃើញ​តែ​ផ្លូវ​អវិជ្ជមាន។

– ជំងឺ​ធ្ងន់ធ្ងរ ឬជំងឺ​រ៉ាំរ៉ៃ​ណាមួយ ដូចជា ​មហារីក ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Sroke) ជំងឺ​បេះដូង ឬ​អាការៈ​ឈឺចាប់​រ៉ាំរ៉ៃ។

– ប្រើ​ពពួក​ក្រុម​ថ្នាំ​ណា​មួយ ដូចជា ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ថ្នាំ​ងងុយ​គេង (គប្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​ពេល​ឈប់​ប្រើប្រាស់​ថ្នាំ​ណា​មួយ) ជា​ដើម។

– ធ្លាប់​រង​សម្ពាធពី​ការ​ប៉ះ​ទង្គិច ឬ​ព្រឹត្តការណ៍​តានតឹង​ ពិសេស ធ្លាប់​រងការ​រំលោភ​បំពាន​ទាំងផ្លូវ​ចិត្ត ផ្លូវ​កាយ ឬ​​ផ្លូវ​ភេទ ធ្លាប់​បាត់បង់​​សមាជិក​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​ មាន​​ទំនាក់​ទំនង​គ្រួសារ ឬ​គូស្នេហ៍​មិន​ល្អ ​មាន​បញ្ហា​ខាង​លុយ​កាក់​ជា​ដើម។

– បង​ប្អូន ឬ​សមាជិក​គ្រួសារមាន​ប្រវិត្ត​កើត​ជំងឺបាក់ទឹក​ចិត្ត ជំងឺ​ប្រែប្រួល​អារម្មណ៏​ពីរ​ផ្សេង​គ្នា ឬមាន​គំនិតចង់​ធ្វើ​អត្តឃាត​ពីមុន។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជា​ទូទៅ គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ​តាម​រយៈ​ការ​សង្កេត​លើ​​រោគ​សញ្ញា និង​ប្រវត្តិ​ជំងឺ។ បន្ថែម​ពី​នេះ​ គ្រូពេទ្យ​អាច​នឹង​ឲ្យ​យើង​ធ្វើ​តេស្ត​ឈាម និង​តេស្ត​ផ្នែក​ចិត្ត​សាស្ត្រ​មួយ​ចំនួន ដើម្បី​កំណត់​​រោគ​វិនិច្ឆ័យ​ជាក់លាក់ ព្យាបាល​រាល់​ជំងឺ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដែល​ជា​មូលហេតុ​​បង្ក​ឲ្យ​យើង​ជំងឺ​មាន​អាការៈ​ស្រដៀងៗ​គ្នា ក៏​ដូចជា​ស្វែង​រក​រាល់​ផលវិបាក​បណ្តាល​មក​ពី​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ។

៨- ព្យាបាលដោយវិធីណា?

វិធីសាស្ត្រ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​មាន​ដូចជា៖

– ប្រើប្រាស់​ថ្នាំ
– ព្យាបាល​បែប​ចិត្តសាស្ត្រ
– ព្យាបាល​ដោយ​ប្រើ​អគ្គិសនី

ប្រភេទ​ថ្នាំ​សម្រាប់​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត​ មាន​ពពួក SSRIs (Selective serotonin reuptake inhibitors) មាន​នាទី​បង្អាក់​ដំណើរ​ការ​​អ័រម៉ូន Serotonin ដូច​ជា​ថ្នាំ Escitalopram​, Paroxetine, Sertraline, Fluoxetine និង Citaloppram។ អាច​ប្រើ​ថ្នាំ​មួយ​ចំនួន​ទៀត​ មាន​ថ្នាំ Venlafaxine, Duloxetine និង Bupropion ក៏បាន។

យ៉ាង​ណា ថ្នាំ​ទាំង​នេះ​អាច​នាំ​ឲ្យ​យើង​រងផល​ប៉ះពាល់​មួយ​ចំនួន​រួមមាន៖

– ឡើង​គីឡូ
– មាន​បញ្ហា​ផ្លូវ​ភេទ
– ចង្អោរ

– ព្យាបាល​បែប​ចិត្ត​សាស្ត្រ៖ ជួយ​សម្រួល​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​បាន​មួយ​កម្រិត ​អាច​ជួយ​ណែនាំ​ជំងឺ​ចេញ​គិត​ក្នុង​ផ្លូវត្រឹម​ត្រូវ​ថ្មី​មួយ ផ្លាស់​ប្តូរ​អាកប្បកិរិយា និង​ទម្លាប់​មិន​ល្អ​ផ្សេង​ៗ ធ្វើ​ឲ្យ​យើង​កើត​ជំងឺនេះ។ វិធី​ព្យាបាល​នេះ អាច​ជួយ​យើង​រៀន​សម្រប​ខ្លួន​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ រៀន​​ស្វែង​យល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ ក៏​ដូចជា​ទំនាក់​ទំនង​មិន​ល្អ​ផ្សេង​ៗ​ អាច​ធ្វើ​ឲ្យ​គេ​កាន់​តែបាក់​ទឹក​ចិត្ត។

– វិធីព្យាបាល​ដោយ​ប្រើ​អគ្គិសនី៖ ត្រូវ​គ្រូពេទ្យ​ប្រើ​ម្តង​ម្កាល​​លើ​អ្នក​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ ដែល​មិន​ឆ្លើយ​តប​ជាមួយ​ការ​ព្យាបាល​ដោយ​ប្រើថ្នាំ ឬ​ព្យាបាល​តាម​បែប​ចិត្ត​សាស្ត្រ។ ទោះ​ជាមនុស្ស​ជាច្រើន​ចាត់​ទុក​​វិធី​នេះ ​មិន​ល្អ​សម្រាប់​ព្យាបាល​ក៏​ពិត​មែន ប៉ុន្តែ​អាច​ជួយ​អ្នក​ជំងឺ​បាន​ច្រើន។ យ៉ាងណា វិធី​នេះ​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន ដូចជា បញ្ហា​ភ្លេចភ្លាំង ឬ​បាត់បង់​ការ​ចងចាំ​ជា​ដើម។ ទោះជា​ផល​ប៉ះពាល់​​ទាំង​នេះ​​មិន​​យូរ​អង្វែង​ យ៉ាង​ណា​​នៅ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​រស់​នៅ​របស់​យើង ពិសេស​អាស្រ័យ​​ស្ថានភាព​​អ្នក​ជំងឺ​ម្នាក់ៗ​តែ​ម្តង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– កុំ​នៅ​តែ​ម្នាក់​ឯង
– កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ពេក (ព្យាយាម​រស់​នៅ​ដោយ​សាមញ្ញ)
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
– ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​តុល្យភាព
– ស្វែង​រក​វិធី​លំហែរ​កាយ ​​បន្ធូរ​ភាព​តានតឹង (ធ្វើ​សមាធិ ហាត់​យូហ្គា)
– ចៀសវាង​រាល់​​ការ​សម្រេច​ចិត្ត​រឿង​សំខាន់ៗ​ពេល​​មាន​អារម្មណ៍​មិន​ល្អ។

ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ក្នុង​ករណី​បន្ទាន់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– អាការៈ​កាន់​តែ​យ៉ាប់​ជាង​មុន
– មាន​ផល​ប៉ះពាល់​ណាមួយ ​ក្រោយ​ពេល​ប្រើ​ថ្នាំ
– មាន​គំនិត ឬ​ផែនការ​ចង់​សម្លាប់​ខ្លួន ឬ​នរ​ណា​ម្នាក់
– បើយើង ឬ​មនុស្ស​​ជុំវិញ​ខ្លួន​មាន​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ចិត្ត​ណាមួយ ដូច​ជា ឮ​សំឡេង ឬ​មើល​ឃើញ​អ្វី​មិន​ពិត ឬ​​មាន​ជំនឿ​ខុស​ពី​ការ​ពិត​ណា​មួយ។

 

​ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019