Diabetes Type 1 (ទឹកនោមផ្អែមប្រភេទ ១)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វីជា​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ១?

​ទឹកនោម​ផ្អែម ​ជាប្រភេទ​ជំងឺ មេតាប៉ូលីស ​មិន​ប្រក្រតី ធ្វើ​ឲ្យមាន​ជាតិស្ករ​កើនឡើង​ខ្ពស់​ក្នុង​ឈាម។ ជា​ជំងឺ​រ៉ាំរ៉ៃ ខុស​ពីប្រភេទ​ជំងឺ​ដទៃ​ទៀត ដោយ​អ្នកជំងឺ​ត្រូវចាក់​អាំងស៊ុយលីន ​ ព្រោះមាន​សារៈ​សំខាន់សម្រប​សម្រួល​ជាតិស្ករ​ក្នុង​ឈាម ដោយសារ​អ្នក​ជំងឺ​ប្រភេទ​ទី ១ មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន អាច​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់​សរីរាង្គ​សំខាន់ៗ ​ដូច​ជា ​បេះដូង​ ភ្នែក​ តម្រង​នោម​ ប្រព័ន្ធ​ប្រសាទ​ អញ្ចាញ​ និង​ធ្មេញ។ ទឹកនោម​ផ្អែមប្រភេទ​នេះ​ច្រើន​ឃើញ​កើត​មាន​ចំពោះ​កូន​ក្មេង​ និង​មនុស្ស​វ័យជំទង់។

២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា?

ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ទី ១ ​មិនជា​សូវ​សម្បូរ​ដូច​ប្រភទ​ទី ២ ទេ​ ហើយ​ភាគ​ច្រើន​កើត​លើ​ក្មេង​ប្រុស​ ច្រើន​ក្មេង ​ជាង​ក្មេង​ស្រី​ ពិសេស​កើត​លើ​ក្មេងៗ​មាន​បញ្ហា​លំពែង ​និង​សមាជិក​គ្រួសារ​កើតជំងឺ​នេះ។ ក្មេង​កើត​ជំងឺនេះ​ ភាគ​ច្រើន​មាន​អាយុ​ពី ៤-៧ ឆ្នាំ​ និង ១០-១៤ ឆ្នាំ។ អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ លើ​ក្មេង​ជំទង់ គឺ​ភាគច្រើមាន​វ័យក្រោម ១៤ ឆ្នាំ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​​រួម​មាន៖​

– ស្រវាំង​ភ្នែក​
– បត់​ជើង​តូចញឹក​
– ងាយ​ឆ្លងជំងឺ​
– ឆាប់​ហត់​
– របួស​មិន​ងាយ​សះ​ស្បើយ
– ស្រក​ទម្ងន់​គ្មាន​មូលហេតុ
– ឃ្លាន​ និង​ស្រេក​ទឹក​ជាង​មុន​
​- ស្ពឹក​​ចុងដៃ​ ចុង​ជើង និង​មាន​អារម្មណ៍​ដូចម្ជុល​ចាក់​។

អាច​នឹង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដែល​មិន​បាន​រៀបរាប់​ខាង​លើ ដូច​នេះ​បើ​មាន​ប្រទះ​អ្វី​ប្លែក​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ប្រសិន​បើ​ប្រទះ​ឃើញ​ក្មេង​មាន​រោគ​សញ្ញា​ដូច​លើ​កឡើង​ ឬ​មាន​ចម្ងល់​អ្វី​ សូម​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។​ មនុស្ស​ម្នាក់ៗ​មានលក្ខណៈខុសគ្នា ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​រឿង​ល្អ​បំផុត។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

​ទឹក​នោម​ផ្អែម​ប្រភេទទី ១ ​កើត​ឡើង​ដោយសារ​ប្រតិកម្ម​ប្រឆាំង​ខ្លូនឯង​នៃ​កោសិកា​ បេតា (Beta cells) របស់​លំពែង ធ្វើ​ឲ្យ​កោសិកា​លំពែង​ខូចខាត ​មិន​អាច​ផលិត អាំងស៊ុយលីន បាន​គ្រប់គ្រាន់ ​បែប​នេះ​ហើយ​បាន​ជា​គ្មាន​អ្វី​ដឹកនាំ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​បំប្លែង​​ជា​ថាមពល នាំឲ្យកំណើនជាតិស្ករខ្ពស់ខ្លាំង​ក្នុង​ឈាម។​

ករណី​កម្រ​មួយ​ចំនួន បង្ក​ឡើង​ដោយ​ជំងឺ​ផ្សេង​ៗ ដូចជា ​ដុំគីស​ក្នុង​លំពែង​ ការវះ​កាត់​យក​លំពែង​ចេញ ​ឬរលាក​លំពែង​ធ្ងន់ធ្ងរ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

​​- កត្តា​ហ្សែន៖ ​ហ្សែន​មួយចំនួន​ក៏អាចបង្ក​ឲ្យមាន​ជំងឺ​នេះដែរ។
– ប្រវត្តិ​គ្រួសារ៖​ សមាជិក​គ្រួសារ​ ប៉ាម៉ាក់ ​ឬ​បង​ប្អូន មាន​កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១។
– កត្តា​អាយុ៖​ ភាគ​ច្រើន​កើត​មាន​នៅ​ក្មេង​អាយុ​ចន្លោះ ៤-៧ ឆ្នាំ​ និង​ ១០-១៤ ឆ្នាំ។​

ទោះ​ពុំទាន់​មាន​ភស្តុតាង​ច្បាស់លាស់​ក៏​ពិតមែន ប៉ុន្តែ​នៅ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ទៀត ​អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖​

​- កង្វះ​វីតាមីន​ D ​
​- កូន​កើត​មក​មាន​ជំងឺ
– ញ៉ាំ​ទឹក​មាន​ជាតិ​នីត្រាត​
– ក្មេង​ឆាប់​បៅ​ទឹក​ដោះ​គោ
– ម្តាយ​មាន​អការៈ​ក្រឡាភ្លើង (ឡើងសម្ពាធឈាមខ្លាំង) ពេល​ពពោះ
– ឆាប់​ឲ្យ​គ្រាប់​ធញ្ញជាតិ​ និងអាហារពពួកស្រូវ​សាលីទៅ​កូនពេក​ (មុន ៤ ខែ)​ ឬ​យូរ​ពេក​ (ក្រោយ ៧ ខែ)​។
– ​ប៉ះពាល់​មេរោគ​មួយ​ចំនួន ​ដូចជា​ Epstein-Barr Virus,​ Coxsackie Virus,​ Mumps Virus ​និង ​Cytomegalovirus ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

យើង​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​នេះ​តាម​រយៈ​ការ​ធ្វើ​តេស្ត​ ដូចជា៖

– តេស្ត​ជាតិស្ករ​មុន​ញ៉ាំ​អាហារ
– ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្រោយ​ញ៉ាំអាហារ ២ម៉ោង​
– តេស្ត អេម៉ូក្លូប៊ីន​ (A1C) ឬតេស្ត HbA1c។

ប្រសិន​​រក​ឃើញ​ថា​ក្មេង​ពិតជា​មាន​ជំងឺ​នេះ យើង​គួរតែ​ទៅជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពីវិ​ធីសាស្ត្រ​តាម​ដាន​មួយ​ចំនួន​ដូចជា៖

– វាស់​សម្ពាធ​ឈាម
– មើល​ផ្នែក​ខាង​ក្រោយ​ភ្នែក ​ដោយ​ប្រើពិល​ពិសេស​
– ធ្វើ​តេស្ត ​HbA1c ​រៀង​រាល់ ៦ខែម្តង​ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ
– របៀប​​ពិនិត្យ​មើល​ស្បែក​ ឆ្អឹង​ ជើង ​និង​មាន​ស្ពឹក​ជើង ឬ​អត់ ហើយ​ត្រូវ​តាម​ដាន​រៀង​រាល់​ថ្ងៃ។​

ការ​ធ្វើតេស្ត​ និង​ពិនិត្យ​ខាងលើ​អាច​ជួយ​កូន​យើង​ចៀស​ផុត​ផលវិបាក​ធ្ងន់ធ្ងរ​បង្ក​ពីជំងឺ​នេះ។ ​លើសពី​នេះ ១ ឆ្នាំម្តង ក្មេង​គួរ​ធ្វើ​តេស្ត​ពិនិត្យ​ដូច​ខាង​ក្រោម៖

– ធ្វើ​តេស្ត​មើល​កម្រិត ​Cholesterol ​និង ​Triglyceride
– ពិនិត្យ​តម្រង​នោម​ឲ្យ​បាន ​១ ឆ្នាំម្តង ​និង​តេស្ត​សេរ៉ូម​ Creatinine
– ជួប​ពេទ្យ​ធ្មេញ​រាល់ ៦ ខែ​ម្តង​ ដើម្បី​សម្អាត​ ប៉ុន្តែ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ក្មេង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

៨- ព្យាបាលដោយវិធីណា?

ដោយ​សារ​តែ​ជំងឺ​នេះ​កើត​ឡើង​ឆាប់​រហ័ស ​និង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ដូច​នេះ​ក្មេង​អាច​ត្រូវ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ ដើម្បី​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រៀង​រាល់​សប្តាហ៍ រហូតដល់​ក្មេង​អាច​គ្រប់គ្រង​ជាតិស្ករ​បាន។​

វិធី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី ១ មាន​ដូចជា៖

– អាំងស៊ុយលីន៖ ដោយសារ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ការ​ព្យាបាល​ជំងឹទឹក​នោម​ផ្អែម​ឲ្យ​សះ​ស្បើយ​នៅ​ឡើយ ហេតុ​នេះ​ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ ត្រូវ​តែ​ចាក់ អាំងស៊ុយលីន។ យើង​អាច​ចាក់​ឲ្យ​កូន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ២-៣ ដង​ក្នុង ១ ​ថ្ងៃ។​ គប្បី​សុំ​យោបល់​ពេទ្យ​ពី​បរិមាណ​ អាំងស៊ុយលីន ត្រូវ​ប្រើ​ឲ្យ​បាន​ច្បាស់ ព្រោះ​ប្រើ​ប្រាស់​លើស​កម្រិត​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​ទាប ​បង្ក​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត។

​- របប​អាហារ​មាន​ជីវជាតិ៖ អាហារ​ល្អ​សម្រាប់​សុខភាព​ជួយ​ឲ្យ​កម្រិត​​ជាតិ​ស្ករ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រសើរ​មួយ ព្រោះ​ជា​រឿង​ចាំ​បាច់​បំផុត ​គឺ​រក្សា​កម្រិត​ជាតិស្ករ​ឲ្យ​នៅ​ថេរ។

​- ហាត់​ប្រាណ៖ គួរ​ធ្វើ​ជំរុញ​កូន​ហាត់​ប្រាណ​ឲ្យបាន​ទៀងទាត់។​ ម្យ៉ាង​វិញ​ទៀត ឲ្យ​គេ​ចេញ​ថែ​ទាំ និង​ពិនិត្យ​ជើង ភ្នែក ឲ្យ​​បាន​ញឹក​ញាប់​ ដើម្បី​ការពារ​កុំឲ្យ​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង។

​- ប្រើថ្នាំ៖ Pramlintide(Symlin) ​ជា​ប្រភេទ​ថ្នាំ​ចាក់​ពពួក ​Amylin ​ហើយ​ថ្មី​នេះ​ៗ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​សង្កូវ នៅ​អាមេរិក (​FDA) សម្រាប់​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១​ និង​ទី ២ ​ប្រើ។ ​ថ្នាំ​នេះ​ជួយ​ពន្យឺត​ចលនា​អាហារ​ពី​ក្រពះ​ទៅ​ពោះវៀន ជួយ​បន្ថយ​ការ​កើន​​ឡើង​ជាតិ​ស្ករ​ក្រោយ​ញ៉ាំ​អាហារ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ហាត់​ប្រាណ ​និង​គេងឲ្យ​បានគ្រប់​គ្រាន់។

– ញ៉ាំ​របប​អាហារ​ពិសេស​សម្រាប់​អ្នក​កើត​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ទៀង​ពេល រៀង​រាល់ថ្ងៃ។

​- ឧស្សាហ៍​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុងឈាម​ (ចន្លោះ ៤-៨ ដង​ក្នុង​មួយថ្ងៃ)​ និងពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​យើង​មាន​អាការៈ ​ចង់ក្អួត មិន​អាច​លេប​អាហារ​​បាន។

​ក្នុង​ករណី​ជាតិ​ស្ករ​ឡើង​ចុះ​ខ្លាំង ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ បើ​ក្មេង​មាន​អាការៈ​វិលមុខ​ ក្រោក​ពីគេង​មិនរួច ​ឬសន្លប់។ តាមដាន​សញ្ញា​ខុសធម្មតា​នៅ​ជើងឲ្យបាន​រាល់ថ្ងៃ​ ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ជាប់​លាប់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019