Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​​ជា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម?

លើស​ជាតិ​ដែក​ក្នុង​ឈាម​ នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប និង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។

ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។

កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​វ័យ​កណ្តាល។

២- កើត​ឡើង​ញឹកញាប់ដែរទេ?

ពិត​ណាស់ គឺ​កើត​មាន​ញឹក​ញាប់ ភាគ​ច្រើនកើតលើ​ប្រុសៗ​ ព្រោះផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ដោយ​សារ​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគសញ្ញា​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។

ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖

– ឈឺ​សន្លាក់
– ឈឺ​ពោះ
– ហត់
– ខ្សោយ​កំលាំង

រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖

– ទឹក​នោម​ផ្អែម
– បាត់​ចំណង់​ផ្លូវ​ភេទ
– លិង្គ​ខ្សោយ
– ខ្សោយ​បេះដូង
– ខ្សោយ​ថ្លើម

នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ សូម​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណាគួរ​ទៅ​ជួប​ពេទ្យ?

ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ​គប្បី​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ គប្បីទៅពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាព​របស់​អ្នក។ បើ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​នេះ ប្រញាប់​ធ្វើ​តេស្ត​ហ្សែន​ ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ទាន់​ពេល​វេលា។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

កត្តា​ហ្សែន​ឈ្មោះ HFE ជា​មូលហេតុ​ញឹក​ញាប់​ជាង​គេ​បង្កជំងឺ​នេះ គ្នាយើង​អាច​ទទួល​បាន​ហ្សែន HFE ពីប៉ា ឬ​ក៏​ម៉ាក់ ហើយ​ហ្សែន HFE អាច​ប្តូរ​ទម្រ​ង់​ជាហ្សែន​មិ​នប្រក្រតី ២​ប្រភេទ មាន C282Y និង H63D។ តេស្ត​ហ្សែន​អាច​បញ្ជាក់​ថា​យើង​មាន​ទម្រង់​ហ្សែន​ទាំង​ពីរ​នេះ ​ឬ​អត់។

ក្នុង​ករណី​យើងទ​ទួល​បាន​ហ្សែន​មិន​ប្រក្រតី​ទាំង​ពីរនេះ គឺអាច​វិវត្តទៅ​ជា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ នឹង​បន្តហ្សែនទាំងនេះ​នេះ​ទៅ​ដល់​កូន​ទៀត​ផង។ យ៉ាងណា មិនមែន​គ្រប់គ្នា​​ទទួល​បាន​ហ្សែន​ពីរ​ ​សុទ្ធ​តែ​មាន​ជំងឺ​លើស​ជាតិ​ដែក​ក្នុងឈាម​នោះ​ដែរ។

ករណី​មួយ​ទៀត បើយើង​ទទួល​បាន​ហ្សែន​មិន​ប្រក្រតី​តែ​មួយ ជំងឺ​ក៏មិនអាច​កើត​ឡើង​ដូចគ្នា។ ប៉ុន្តែ​យើង​អាច​នៅ​ផ្ទុកហ្សែន​នេះ​ក្នុង​ខ្លួន​ និងបន្ត​ទៅ​កូនចៅ​​បាន ហើយ​កូន​យើងក៏​មិន​វិវត្តទៅជា​ជំងឺនោះដូចគ្នា លុះត្រា​តែ​ទទួល​បាន​ហ្សែន​មិន​ប្រក្រតី​មួយ​ទៀត។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​ប្រឈម​មួយ​ចំនួន​ដូច​ជា៖

– ទទួល​ហ្សែន HFE ទាំងពីរ​ប្រភេទ ពី​ប៉ាម៉ា
– ប្រវត្តិ​គ្រួសារ (ប៉ាម៉ាក់) មាន​ហ្សែន​មិន​ប្រក្រតី
– ប្រុសៗ វ័យ​ក្មេង ងាយ​វិវដ្ត​ទៅ​ជា​ជំងឺ​នេះ​ជាង​ស្រីៗ
– ប្រជាជន​អឺរ៉ុប​​ខាង​ជើង ងាយ​មាន​ជំងឺតំណពូជនេះ​ ​ជាង​ជាតិ​សាសន៍​ផ្សេង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ជា​ធម្មតា​ជំងឺ​តំណពូជ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ​ជាង​ជំងឺ​ផ្សេងៗ ហើយ​វិធី​ចាំ​បាច់​បំផុត​ដើម្បី​ដឹង​ថា​យើង​មាន​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម ឬ​ក៏អត់ ត្រូវធ្វើ​តេស្ត​ឈាម និង​ពិនិត្យ​សុខភាព​ជា​គ្រួសារ​តែ​ម្តង។

តេស្ត​ឈាម

វិធីសាស្ត្រ​ពិនិត្យ​មើល​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​តាមរយៈ​តេស្ត​ឈាម​មាន ២​ ប្រភេទ៖

– កំហាប់ Serum Transferrin Saturation៖ ជា​តេស្ត​វាស់​បរិមាណ​ជាតិ​ដែក ​ភ្ជាប់​ជាមួយ​ប្រូតេអ៊ីន (Transferrin) ដែល​ដឹក​នាំ​ជាតិ​ដែក​ក្នុង​ឈាម។ កំហាប់ Transafrin លើស​ពី ៤៥ភាគរយ ចាត់​ទុក​ថា​ជាតិ​ដែក​លើស​កម្រិត។

– សេរ៉ូម Ferritin៖ ជា​តេស្ត​វាស់​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​ក្នុង​ថ្លើម ហើយបើ​លទ្ធផល​កំហាប់​សេរ៉ូម Transferrin ខ្ពស់​ជាង​ធម្មតា គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​សេរ៉ូម Ferritin ដើម្បី​ឲ្យ​ប្រាកដ។

នៅ​ពេល​តេស្ត​ជាតិ​ដែក​បង្ហាញ​លទ្ធ​ផល​​មិន​ប្រក្រតី យើង​គួរ​ធ្វើ​តេស្ត​ហ្សែន​បន្ថែម ​ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ព្រោះ​ភាគ​ច្រើន​គ្នាយើង​មាន​ជំងឺ​នេះ សុទ្ធ​តែ​មាន​ហ្សែន​មិន​ប្រក្រតី​ទាំងពីរ​ខាង​លើ។

តេស្ត​បន្ថែម

– តេស្ត​មុខងារ​ថ្លើម​ រក​មើល​ការ​ខូច​ខាត​ថ្លើម
– តេស្ត​អឹមរ៉ាយ (MRI) ជា​វិធីសាស្ត្រ​លឿន​មួយ អាច​វាស់​កម្រិត​ជាតិ​ដែក​លើស​ក្នុង​ថ្លើម។
– តេស្ត​ហ្សែន
– ច្រឹប​សាច់​ថ្លើម​យក​ទៅ​ពិនិត្យ

៨- គួរ​ព្យាបាល​ដោយ​វិធី​ណា?

– បូម​ឈាម ឬ​វះ​បើក​សរ​សៃ​ឈាម (Phlebotomy) ជា​វិធី​ព្យាបាល​គ្រូពេទ្យ​តែង​អនុវត្ត​ញឹកញាប់​ជាង​គេ​ ប្រៀប​ដូច​ជា​ការ​បរិច្ចាគ​ឈាម​ និង​ត្រូវ​ធ្វើ​​ជា​ប្រចាំ។

– វិធី​ព្យាបាល Chelation therapy ​ជា​ថ្នាំ​ជួយ​រាង​កាយ​បញ្ចេញ​ជាតិ​ដែក​លើស​ចោល​មក​ក្រៅ​វិញ។ វិធី​នេះ​ ​ត្រូវ​ប្រើ​ទៅលើ​អ្នក​ជំងឺ​មិន​អាច​ប្រើ​វិធី​បូម​ឈាម​ ឬ​វះកាត់​បើក​សរសៃ​ឈាម​បាន (Phlbotomy)​។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ចៀស​វាង​​ប្រើ​អាហារ​បំប៉ន ​​និង​វីតាមីនមាន​ផ្ទុក​ជាតិ​ដែក ពិសេស​អាហារ​បំប៉ន​មានផ្ទុក​ជាតិ​ដែក​ខ្ពស់​ដូចជា វីតាមីន C ប៉ុន្តែ​ពុំ​ចាំ​បាច់​តម​វីតាមីន C មានក្នុង​របប​អាហារ​យើង​ទេ។

– ចៀស​វាងផឹក​ស្រា ព្រោះ​កាន់​តែ​ធ្វើ​ឲ្យ​ប្រឈមការ​ខូច​ថ្លើម​ ពិសេស​គ្នា​យើង​មាន​ជំងឺតំណពូជ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ស្រាប់។

– ចៀសវាង​ញ៉ាំ​ត្រី​ឆៅ​ និង​សត្វ​មាន​សំបក។ គ្នា​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ​ងាយ​នឹង​ឆ្លង​មេរោគ​ណាស់​ ពិសេស​បាក់តេរី​ក្នុងសាច់​ត្រី​ឆៅ​ និងសត្វ​សំបក​។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019