Home Test For Urinary Tract Infection (តេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​តេស្ត​បង្ករោគ​លើ​ផ្លូវ​ទឹក​នោម​នៅផ្ទះ?

ប្រព័ន្ធ​ទឹក​នោម​ផ្សំ​ឡើង​ដោយ​តម្រង​នោម ​ប្លោក​នោម​ បំពង់​ទឹក​នោម ​និង​បង្ហួរ​នោម។ ជា​ធម្មតា​ទឹក​នោម​មាន​ក្នុង​ប្លោក​នោម​ គ្មាន​មេរោគ​ ដូចជា​ បាក់តេរី​ ឬ​ផ្សិត​នោះ​ទេ​ ប៉ុន្តែ​បាក់តេរី​អាច​ជ្រាប​ចូលក្នុង​ប្រព័ន្ធ​ទឹក​នោម​បាន​តាម​រយៈ​បង្ហួរ​នោម។

ករណី​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ជាង​បុរស​ ដោយសារ​បង្ហួរ​នោម​ស្ត្រីខ្លី និង​នៅ​ជិត​រន្ធ​គូទ អាច​ឲ្យ​បាក់តេរីក្នុង​ពោះវៀន​ឆ្លង​កាត់​បាន​យ៉ាង​ងាយ​ទៅ​តាម​ផ្លូវ​ទឹក​នោម។ ចំណែក​ប្រុសៗ​វិញ មាន​សារធាតុ​​ប្រឆាំង​បាក់តេរី​ក្នុង​ក្រពេញ​ប្រូស្តាត​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ចម្លង​រោគ។

ភាគ​ច្រើន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​អាច​ព្យាបាល​បាន​​ជាមួយ​ពពួក​ថ្នាំ​ផ្សះ​ ប៉ុន្តែ​ករណី​ឆ្លង​មេរោគ ទុក​ចោល​មិន​ព្យាបាល​ អាច​សាយភាយ​មេរោគ​ទៅ​ដល់​តម្រង​នោម ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​​ធ្វើ​តេស្ត​រក​មេរោគ​ដោយ​ខ្លួន​ឯង​ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ដឹង​លទ្ធផលខុស​ប្រក្រតី​ ដើម្បី​បង្ការ​បញ្ហា​ធ្ងន់ធ្ងរ​កុំ​ឲ្យ​កើត​មាន។

២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ?

ធ្វើ​តេស្ត​រក​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹកនោម​ដោយ​ខ្លួន​ឯង ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖

– ឧស្សាហ៍​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​មូត្រ​ញឹកញាប់។ ករណី​ខ្លះ ​អាច​បង្កើន​ហានិភ័យ​ឆ្លងរោគលើ​ផ្លូវ​ទឹកនោម​បាន​ដែរ ជាក់ស្តែង​ពេល​កំពុង​មាន​គភ៌​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​លក្ខខណ្ឌ​ណា​មួយ​ប៉ះពាល់​ចរន្ត​​ទឹក​នោម ​ដូចជា​ក្រួស​ក្នុង​តម្រង​នោម​​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ឬ​របួស​ឆ្អឹង​កង​ខ្នង​ជា​ដើម។ សម្រាប់​មនុស្ស​ពេញវ័យ ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​រ​ច្រើន​ បង្ក​រោគ​សញ្ញា​ដូចជា​ឈឺ​ ឬ​ក្រហាយ​ពេល​នោម​ ឧស្សាហ៍​នោម​ ឬ​សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​នោម។ ករណី​នេះ​មនុស្ស​ចាស់​ និង​ក្មេង​តូចៗ​ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

– ពិនិត្យ​តាមដាន​ស្ថាន​ភាព​ជំងឺ​ក្រោយ​ទទួល​ព្យាបាល ​ក្នុង​ករណី​​កំពុង​ព្យាបាល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក៏​អាច​​ធ្វើ​តេស្ត​ទឹក​នោម​ដោយ​ខ្លួន​ឯង ​ដើម្បី​ដឹងថា​ថ្នាំ​ផ្សះ​យើង​លេប​ជួយ​ព្យាបាល​ការ​បង្ក​រោគ​បាន ឬ​អត់។ បើ​ឧស្សាហ៍​មាន​ការ​បង្ក​រោគ​​ញឹកញាប់ ​អាច​ធ្វើ​តេស្ត​ដោយ​ ខ្លួន​ឯង។

– ធ្វើ​តេស្ត​លើ​ក្មេង​តូចៗ ឧស្សាហ៍​រលាក​ប្លោក​នោម​ ប៉ុន្តែ​មិន​អាច​ប្រាប់ពី​រោគ​សញ្ញា​បាន​ ហើយ​ការ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​ទាំង​នេះ ត្រូវ​តែ​ស្ថិត​ក្រោម​ការ​តាម​ដានពី​គ្រូពេទ្យ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើតេស្ត?

ត្រូវ​ដឹង​ថា មុន​ធ្វើ​តេស្ត គឺ​មាន​តាម​ដានពី​គ្រូពេទ្យ ​ព្រោះ​ពេល​ដឹង​ច្បាស់ពី​លទ្ធផល​មិន​ប្រក្រតី កើត​ឡើង ហើយ​បើ​ទោះ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​អាចដឹងពី​មានការ​បង្ក​រោគ​ ប៉ុន្តែ​​មិន​អាច​បញ្ជាក់​ទីតាំង​ឆ្លង​មេ​រោគ​បាន​នោះ​ទេ។

លទ្ធផល​វិជ្ជមាន ​មិន​មែន​តែង​មាន​ន័យ​ថា​យើង​សុទ្ធ​តែ​ឆ្លងរោគ​នោះ​ដែរ។ បើ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។ ពិសេស​ ទោះ​ក្នុង​ករណី ធ្វើ​តេស្ត​មាន​លទ្ធផល​អវិជ្ជមាន​ ប៉ុន្តែ​មាន​រោគ​សញ្ញា​​បង្ក​រោគ​លើ​ផ្លូវ​ទឹកនោម​ ក៏ត្រូវ​ប្រាប់​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​វិភាគ​ឲ្យ​បាន​ត្រឹមត្រូវ។ ព្រោះ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ​ មិន​សុក្រឹត​ ១០០ ភាគរយ​នោះទេ។

ក្រដាស​សម្រាប់​ធ្វើតេស្ត​​មាន​ច្រើន​ប្រភេទ អាច​រក​បាន​តាម​បណ្ដា​ឱសថស្ថាន​នានា​ ហើយ​មួយ​ចំនួន ​មាន​ផ្ដល់​ថ្នាំ​គ្រាប់​ ឬ​ថ្នាំ​ផ្សេង​ទៀត​​សម្រាប់​ប្រើប្រាស់​ក្រោយ​ធ្វើ​តេស្ត ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​មិនចាំ​បាច់​ប្រើ​ក៏បាន​ បើ​ការ​ធ្វើ​តេស្ត​មាន​តាម​ដាន​ពី​គ្រូពេទ្យ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

​អាច​រក​ទិញ Dipstick ​Test ​Kits (តេស្ត​សម្រាប់​ជ្រលក់​ក្នុង​ទឹកនោម) ដោយ​ខ្លួន​ឯង ​មិន​ចាំ​បាច់​មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​នោះទេ។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

ហាម​នោម​យ៉ាង​ហោច​ណាស់ ​៤​ម៉ោង​ មុន​ធ្វើ​តេស្ត​ យើង​ពេល​ធ្វើ​តេស្ត​​ដំបូង ត្រូវ​ធ្វើ​នៅ​​ពេល​ព្រឹក​ ​ព្រោះ​អាច​ផ្ដល់​នូវ​លទ្ធផល​ត្រឹម​ត្រូវ​បំផុត។

ធ្វើ​តេស្ត​ទឹក​នោម ​ត្រូវ​ធ្វើ​ឡើង​អំឡុង​ពេល​ ១៥​នាទី ក្រោយ​នោម​​សម្រាប់​ពិនិត្យ​ ឬ​ដាក់​ក្រដាស​តេស្ត​ពេល​កំពុង​នោម​ក៏បាន។

ចៀសវាង​ប៉ះពាល់​រវាង​មាត់​កែវ​ ផ្ទុក​ទឹក​នោម​ទៅ​ប្រដាប់​ភេទ​ និង​ហាម​មិន​ឲ្យ​មាន​ជាប់​ក្រដាស​អនាម័យ​ រោម ​លាមក ​ឈាម​រដូវ ​ឬ​អ្វី​ផ្សេង​ទៀត​ ​ក្នុង​ទឹក​នោម​សម្រាប់​ធ្វើ​តេស្ត​នោះ​ឡើយ។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

ត្រូវ​ធ្វើ​តេស្ត​ទឹក​នោម​ទៅ​តាម​លំនាំ ​បាន​រៀប​រាប់​ក្នុង​កញ្ចប់​ Testkit ហើយ​ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ដឹងពី​លទ្ធផល ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី ​ដើម្បី​បង្ការ​បញ្ហា​ផ្លូវ​ទឹក​នោម​កើត​មាន។

លទ្ធផល​

៧- លទ្ធផលតេស្ត

សម្រាប់​លទ្ធផល​តេស្ត​ បែង​ចែក​ជា ២៖

លទ្ធផល​ធម្មតា

– តេស្តនីទ្រីត៖ បើ​គ្មាន​សារធាតុ​នីទ្រីត​នៅ​ក្នុង​ទឹក​នោម មានន័យថា​លទ្ធផល​អវិជ្ជមាន។

– តេស្ត​រកមើល​កោសិកា​ឈាម​ស៖ បើ​គ្មាន​កោសិកា​ឈាម​ស​ក្នុង​ទឹក​នោម ​នោះ​លទ្ធផល ​គឺ​អវិជ្ជមាន។

លទ្ធផល​ខុស​ប្រក្រតី

– តេស្តនីទ្រីត៖ ​ រក​ឃើញ​មាន​សារធាតុ​នីទ្រីត​ក្នុង​ទឹក​នោម បញ្ជាក់​ថាលទ្ធ​ផល​គឺ​វិជ្ជមាន។

– តេស្ត​រក​មើល​កោសិកា​ឈាម​ស៖ ​រក​ឃើញ​មាន​កោសិកា​ឈាម​ស​នៅ​ក្នុង​ទឹក​នោម បញ្ជាក់​ថាលទ្ធ​ផល ​គឺ​វិជ្ជមាន។

ឆាប់​ទាក់ទង​ទៅ​គ្រូពេទ្យប្រសិន​បើ​ទទួល​បាន​លទ្ធផល​វិជ្ជមាន។

លទ្ធផល​តេស្ត អាស្រ័យ​លើ​មន្ទីរ​ពិសោធន៍ ​និង​មន្ទីរ​ពេទ្យ ​កម្រិត​ធម្មតា​នៃ​ការ​ធ្វើ​តេស្ត​រក​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ដោយ​ខ្លួន​ឯង ​អាច​មាន​ការ​ប្រែប្រួល​។ ហេតុនេះ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​​លទ្ធផល​ក្រោយ​​ធ្វើ​តេស្ត។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019