Hypercalcemia (លើសជាតិកាល់ស្យ៉ូមក្នុងឈាម)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១‑ អ្វី​ជា​ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម?

ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម សំដៅ​លើ​ការ​កើន​ឡើង​កំហាប់​កាល់ស្យ៉ូម​ច្រើន​ក្នុង​ឈាម។ កាល់ស្យ៉ូម ​ជា​អ៊ីយ៉ុង​ចាំ​បា​ច់​សម្រាប់​ដំណើរ​ការ​មុខ​ងារ​ធម្មតា​របស់​សរីរាង្គ កោសិកា សាច់ដុំ និង​សរសៃ​ប្រសាទ និង​សំខាន់​សម្រាប់​កំណក​ឈាម ​និង​សុខភាព​ឆ្អឹង។ តែ​បើ​មាន​ក្នុង​ឈាម​ច្រើន​ពេក អាច​បង្ក​ជា​បញ្ហា​ដូចគ្នា ​ធ្វើឲ្យកោសិកា​ ឬ​រាងកាយ​យើង​មិន​អាច​បំពេញ​មុខ​ងារ​ធម្មតា​បាន ​អាច​ប៉ះ​បាល់​ដល់​ជីវិតទៀត​ផង។

២‑ ​កើត​មាន​ញឹកញាប់​ដែរ​ទេ?

បញ្ហា​នេះ​មិន​មាន​ញឹក​ញាប់​ទេ យ៉ាង​ណា​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ជំងឺ​នេះ ​អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ​ បើ​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម​ឡើង​បន្តិច​បន្តួច​នោះ។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ យើង​អាច​នឹង​ប្រទះ​អាការៈ​ធ្ងន់​ធ្ងរ​ដូចជា៖

– តម្រង​នោម​ធ្វើ​ការ​កាន់​តែ​ច្រើន​ដើម្បី​ចម្រោះជាតិ​កាល់ស្យ៉ូម​ចេញ​ពី​រាង​កាយ អាចនាំឲ្យយើង​ស្រេក​ទឹក ​និង​បត់​ជើង​តូច​ច្រើន​ជាង​មុន។

– ប្រព័ន្ធ​រំលាយ​អាហារ​មាន ក្រពះ ពោះ​វៀន សុទ្ធតែ​រង​ផលប៉ះ​ពាល់​ដូចជា ឆ្អល់​ពោះ ក្អួត ចង្អោរ និង​ទល់​លាមក​ជាដើម។

– កាល់​ស្យ៉ូម​លើស​ទាំងអស់​អាច​ត្រូវ​បំបែក ​ឬ​ដក​ចេញ​ពី​ឆ្អឹង ​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ​ ជា​ហេតុ​បណ្តាល​ឲ្យ​ចុក​ឆ្អឹង ខ្សោយ​សាច់​ដុំ និង​បាក់​ទឹក​ចិត្ត។

– វង្វេង​វង្វាន់ អស់​កម្លាំង ល្ហិតល្ហៃ និងកាន់​បាក់​ទឹក​ចិត្ត ដោយ​សារ​ជះឥទ្ធិពល​ដល់​មុខ​ងារខួរ​ក្បាល។

ក្នុង​ករណី​កម្រ ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​បេះដូង​ ធ្វើ​ឲ្យ​ញ័រ​ទ្រូង ​សន្លប់ និង​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់​ជាដើម។

បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាអ្នក​មាន​ការ​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​សំណួរ​គប្បី​ពិភាក្សាជា​មួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ប្រសើរ​ប្រសិន​បើ​យើង​​ទៅពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាព​​យើង។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ដើម្បី​គ្រប់គ្រង​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម រាង​កាយ​យើង​ត្រូវ​ការ​វីតាមីន D និង​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត (PTH)។ អ័រម៉ូន​នេះ ​ធ្វើ​ការ​​គ្រប់​គ្រង​ចំនួន​កាល់ស្យ៉ូម​ក្នុង​ឈាម​ ដោយ​ទាញ​យក​ពី​ក្នុង​ពោះ​វៀន តម្រង​នោម​ និង​ឆ្អឹង​។ PTH កើន​ឡើង​នៅ​ពេល​ដែល​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​ផ្ទុយ​មក​វិញបើ​ជាតិ​កាល់ស្យ៉ូម​ឡើង​ខ្ពស់​ខ្លាំង ចំនួន​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត​នឹង​ធ្លាក់​ចុះ​ទាប មិន​អាច​គ្រប់​គ្រង​បាន​ល្អ​នោះ​ទេ។

មួយទៀត ​អ័រម៉ូន​កាល់ស៊ីតូនីន​  មាន​នាទី​ចាប់​យក​ កាល់​ស្យ៉ូម​លើស​ក្នុ​ងឈាម​ទៅ​ទុក​ក្នុង​ឆ្អឹង ​និង​ទម្លាក់​ចោល​តាម​ទឹកនោម ​ឬលាមក ​ពេលសារធាតុ​ច្រើន​លើស​តម្រូវ​ការ ខណៈ​អ័រម៉ូន​ប្រភេទ​នេះ ​ផលិត​ចេញ​ពី​ក្រពេញ​ទីរ៉ូអ៊ីត។

– អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត​ច្រើន​ក្នុង​ឈាម៖ ក្រពេញ​ទីរ៉ូអ៊ីត មាន​ទី​តាំង​នៅ​ពី​មុខ​ក គឺ​មាន​ក្រពេញ​តូចៗ​ចំនួន​ ៤ ហៅ​ថា ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត ​នៅ​ពី​ក្រោយ។ អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត ធ្វើ​ការ​គ្រប់​គ្រង​ចំនួន​កាល់ស្យ៉ូម​ក្នុង​ឈាម ​ដោយ​ទាញ​យក​ពី​ក្នុង​ពោះ​វៀន តម្រង​នោម​និង​ឆ្អឹង​ មក​ក្នុង​ចរន្ត​ឈាម​វិញ។ ហើយ​ជំងឺ​លើស​ជាតិ​កាល់ស្យ៉ួម​ក្នុង​ឈាម កើត​ឡើង​នៅ​ពេល​ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត​​ណាមួយ ​ធ្វើ​ការ​ច្រើន​ខ្លាំង​ជាង​ធម្មតា​ ហើយ​បញ្ចញ​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត​ច្រើន​ពេក នឹង​ធ្វើឲ្យ​កាល់ស្យ៉ូម​កើនឡើង ពិសេស​កើត​លើ​ស្ត្រី​វ័យ​ចាប់​ពី ៥០ ឆ្នាំ​ឡើង​ទៅ។

– ជំងឺ​សួត ​និង​​មហារីក៖ ប្រភេទ​ជំងឺ Granulomatous ដូច​ជា​ជំងឺ​របេង និង Sarcoidosis សុទ្ធសឹង​ជា​ប្រភេទ​ជំងឺ​សួត ​ធ្វើ​ឲ្យ​វីតាមីន D កើន​ឡើង នាំ​ឲ្យ​ឈាម​ស្រូប​យក​កាល់ស្យ៉ូម​កាន់​តែ​ច្រើន។ មហារីក​មួយ​ចំនួន ​ដូច​ជា មហារីក​សួត មហារីក​សុដន់ និង​មហារីក​គ្រាប់​ឈាម ​ក៏​អាច​ធ្វើ​ឲ្យ​កាល់​ស្យ៉ូម​ក្នុ​ងឈាម​កើន​ឡើង​ខ្លាំង​ដូចគ្នា។

– ផល​រំខាន​ដោយ​ថ្នាំ៖ ថ្នាំ​ចំនួន ពិសេស​ព​ពួក​ថ្នាំ​បញ្ចុះ​ទឹកនោម ​ធ្វើ​ឲ្យកាល់​ស្យ៉ុម​កើន​ឡើង​ដោយ​សារ​រាងកាយ​​បញ្ចេញ​ចោល​ទឹក​យ៉ាង​ច្រើន ​កាល់​ស្យ៉ូម​វិញ​បញ្ចេញ​ចោលបាន​បន្តិចបន្តិចបន្តួច​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​កំហាប់​កាល់ស្យ៉ូម​ក្នុង​ឈាម​កើន​ឡើង។ ថ្នាំ​ផ្សេងៗ​ទៀត​រួមមាន Lithium អាច​នាំ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត​កាន់​តែ​ច្រើន។

– អាហារ​បំប៉ន​ និង​ថ្នាំ​បន្សាប​អាស៊ីដ៖ ញ៉ាំ​អាហារ​បំប៉នមាន​វីតាមីន​ D ​ឬ​កាល់ស្យ៉ូម​ច្រើន​ពេក​ក៍​ជា​មូលហេតុ​នាំ​ឲ្យ​កាល់​ស្យ៉ូម​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង ខណៈ​ថ្នាំ​បន្សាប​អាស៊ីដ មាន​កាល់​ស្យ៉ូម​កាបូណាត (Calcium Carbonate) ក៏​ដូច​គ្នា។

– ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន៖ ច្រើន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​កាល់ស្យ៉ូម​ក្នុង​ឈាម​កម្រិត​ស្រាល​ប៉ុណ្ណោះ ដោយ​សារ​ទឹក​ក្នុង​ខ្លួន​តិច កំហាប់​កាល់ស្យ៉ូមនឹង​កើន​ឡើង។ យ៉ាង​ណា ស្ថានភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ ​អាស្រ័យ​លើ​មុខ​ងារ​តម្រង​នោម​ឯណោះ​ទេ មាន​ជំងឺ​ខ្សោយ​តម្រង​នោម បង្ក​បញ្ហា​កាន់តែធ្ងន់​ធ្ងរ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

ស្រ្តី​អាយុ​ចាប់​ពី ៥០ ​ឆ្នាំឡើង​ទៅ ​ប្រឈម​​បញ្ហា​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត ​ធ្វើ​ការ​ខ្លាំង​ខុស​ធម្មតា​។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដោយ​សារជំងឺនេះ​មាន​រោគ​សញ្ញា​តិចតួច ហេតុ​នេះ​យើង​អាច​នឹង​មិន​ដឹង​ឡើយ​រហូត ទាល់​តែ ​លទ្ធផល​ឈាម​ពេល​ធ្វើ​ការ​ពិនិត្យ​សុខ​ភាពបញ្ជាក់ថា​យើងលើស។  ​ពិនិត្យ​ឈាមជួយ​យើង ​ដឹង​ពី​កម្រិត​អ័រម៉ូន​ប៉ារ៉ាទីរ៉ូអ៊ីត ​ក្នុង​ឈាម​ដូចគ្នា។ ដើម្បី​ដឹង​ពី​មូល​ហេតុ​ ​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ ​គ្រូ​ពេទ្យ​អាច​នឹង​ថត​មើល​ឆ្អឹង ​ឬ​សួត​ដើម្បី​ឲ្យ​ច្បាស់​ថា មិន​បង្ក​ឡើង​ដោយ​សារ​មហារីក និង​ជំងឺ Sarcoidosis។

៨- គួរ​ព្យាបាល​ដោយវិធីណា?

ករណី​ស្រាល យើង​អាច​រង់​ចាំ​ដោយ​ប្រុង​ប្រយ័ត្ន​ តាម​ដាន​សុខ​ភាព​ឆ្អឹង ​និង​តម្រង​នោមឲ្យ​ប្រាកដ​ថា​​មាន​សុខ​ភាព​ល្អ។ ខណៈ​ការ​ព្យាបាល​គឺ​មាន​ដូច​ជា៖

ព្យាបាល​ដោយ​ប្រើថ្នាំ

– ថ្នាំ Calcitonin (Miacalcin)៖ អ័រម៉ូន​នេះ​យក​ចេញ​ពី​ត្រី​សាម៉ុង ​នឹង​ទាញ​យក​កាល់​ស្យ៉ូម​ចូល​ក្នុង​ឈាម។ វា​អាច​មាន​ផល​រំខាន​តិចតួច ​ដូច​ជា ក្អួត​ចង្អោរ។

– ថ្នាំ Cinacalcet (Sensipar)៖ ជា​ថ្នាំ​សម្រាប់​គ្រប់​គ្រង​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត​ដែល​ធ្វើ​ការ​ខ្លាំង​ជ្រុល។

– ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺពុក​ឆ្អឹង៖ ​ចាក់​តាម​សរសៃ​វ៉ែន អាច​បញ្ចុះ​កម្រិត​កាល់ស្យ៉ូមបាន​​រហ័ស ច្រើន​ប្រើ​សម្រាប់​អ្នក​ជំងឺ​មហារីក។ ប៉ុន្តែ​យើង​អាច​ប្រឈម ខូច​ឆ្អឹង​ថ្គាម និង​បាក់​ឆ្អឹង​ភ្លៅ។

– Denosumab (Prolia, Xgeva)៖ សម្រាប់​អ្នក​ជំងឺមហារីក​​ប្រើ Bisphosphonates មិន​ត្រូវ។

– បើ​សិន​ជា​កាល់ស្យ៉ូម​កើន​ឡើង​ដោយ​សារ​វីតាមីន​ D អាច​ព្យាបាល​ដោយ​ការ​ចាក់ Steroid រយៈ​ពេល​ខ្លី។

– បំពេញ​ទឹក​ក្នុង​សរសៃ​ឈាម និង​ថ្នាំ​បញ្ចុះ​ទឹក​នោម៖ បើ​សិន​​កាល់ស្យ៉ូម​កើន​ឡើង​ខ្លាំង​ក្នុង​ឈាម ត្រូវ​សង្គ្រោះ​បន្ទាន់ ​ដើម្បីបំពេញ​ទឹក​ក្នុង​សរសៃ​ឈាម និងពង្រាវ​បញ្ចុះ​កំហាប់​កាល់ស្យ៉ូមជា​បណ្តោះ​អាសន្ន ការ​ពារ​ករណី​ប្រែ​ប្រួល​ចង្វាក់​បេះដូង និង​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ។

ព្យាបាល​ដោយ​វះ​កាត់​ និង​វិទ្យុសកម្ម

កាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត​ និង​បំផ្លាញ​ដោយ​សារ​ធាតុ​វិទ្យុ​សកម្ម​ អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ញ៉ាំ​ទឹក​ឲ្យ​ច្រើន៖ ញ៉ាំ​ឲ្យ​​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​កាល់​ស្យូម​កើន​ឡើង​ច្រើន ​ហើយ​បង្ក​គ្រួស​ក្នុង​តម្រង​នោម។

– ឈប់​ជក់​បារី៖ ​ជក់​បារី ​ធ្វើ​ឲ្យកំហាប់​ឆ្អឹង​ធ្លាក់​ចុះ​កាន់​តែ​លឿន ​អាច​ធ្វើឲ្យ​មាន​បញ្ហា​ជា​ច្រើន​ទៀត។

– ហាត់​ប្រាណ៖​ ​​ហាត់​សាច់​ដុំជួយ​ឆ្អឹង​កាន់​តែ​រឹង​ម៉ាំ ​ចាំ​បាច់​បំផុត​បើ​មានជំងឺ​មហារីក​ឆ្អឹង ត្រូវប្រើប្រាស់​ថ្នាំ និង​អាហារ​បំប៉ន​អោយ​ត្រឹម​ត្រូវ​ កុំឲ្យ​មាន​វីតាមីន D ​និង​កាល់ស្យ៉ូមកើន​​ច្រើន​ពេក។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត