Liver Cancer (មហារីកថ្លើម)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ថ្លើម?

មហារីក​ថ្លើម សំដៅ​លើ​បញ្ហា​មាន​ដុំ​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​កោសិកា​ថ្លើម។ ថ្លើម ​ជា​សរីរាង្គ​មួយ​នៅ​ផ្នែក​ខាង​ស្តាំ ខាង​លើ​ពោះ ខាង​ក្រោម​សន្ទះ​ទ្រូង និង​ក្រោម​ក្រពះ។ មហារីក​ថ្លើម ច្រើន​ជា​ជំងឺ​មហារីក​កោសិកា (Carcinoma) វា​ជា​ដុំ​មហារីក​ដំណាក់​កាល​ដំបូង ដែល​កើត​ឡើង​នៅ​ក្នុង​ថ្លើម​មិន​មែន​ដោយ​សារ​រីក​រាល​ដាល​ពី​ផ្នែក​ផ្សេងៗ​ក្នុង​រាង​កាយ​ទេ។

មិន​មែន​គ្រប់​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ថ្លើម​ទាំង​អស់ ហៅ​ថា មហារីក​ថ្លើម នោះ​ទេ មាន​មហារីក​​កើត​ពី​សរីរាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន ដូច​ជា ពោះ​វៀន​ធំ សួត ឬ​សុដន់ អាច​រីក​រាល​ដាល​ទៅ​ថ្លើម ដែល​ករណី​នេះ គេ​ហៅ​ថា មហារីក​រីក​រាល​ដាល​ពី​សរីរាង្គ​ផ្សេង។

២- មហារីក​ថ្លើម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

មហារីក​ថ្លើម ច្រើន​កើត​លើ​ប្រុសៗ​ច្រើន​ជាង​ស្ត្រី ភាគ​ច្រើន​ចន្លោះ​អាយុ​ពី ៥០-៧០ ឆ្នាំ។ ដឹង​ពី​រោគ​វិនិច្ឆ័យ​លឿន អាច​ទទួល​បាន​​លទ្ធ​ផល​ល្អ​ក្នុង​ការ​ព្យា​បាល ហើយ​យើង​អាច​ទប់​ស្កាត់​ជំងឺ​បាន ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។

រោគសញ្ញា

៣- រោគសញ្ញា​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ?

មួយ​ភាគបីក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​ថ្លើម មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ខណៈ​រោគ​សញ្ញា​ជំងឺ អាច​នឹង​លេច​ឡើង​មាន​ដូច​ជា៖

– ស្រក​ទម្ងន់​ខ្លាំង​
– ចង្អោរ ក្អួត
– ឈឺ​ពោះ
– ពោះ​ឡើង​ធំ (ទាច​ទឹក)
– បាត់​បង់​ចំណង់​អាហារ
– អស់​កម្លាំង
– ឡើង​លឿង
– ស្លេក​តាម​កន្លែង

៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ?

បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ ក្តី​បារម្ភ​អ្វី​មួយ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- មូល​ហេតុ​បង្ក​ឲ្យ​កើត​មហារីក​ថ្លើម

មូល​ហេតុកើត​មហារីក​ថ្លើម​ភាគ​ច្រើន មិន​ត្រូវ​បាន​គេ​កំណត់​ច្បាស់​លាស់​នោះ​ទេ។ ក្នុង​ករណី​ខ្លះ ជំងឺ​រលាក​ថ្លើម អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ថ្លើម​បាន។

មូល​ហេតុ​ផ្សេង​ទៀត​រួម​មាន ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ខូច​ខាត​ដោយ​សារ​ការ​ផឹក​ស្រា ធាត់ ឬ​ខ្លាញ់​រុំ​ថ្លើម​ជាដើម។ មហារីក​ថ្លើម កើត​ឡើង​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​នៃ​​កោសិកា​ថ្លើម (ផ្លាស់​ប្តូរ​ហ្សែន DNA) ដោយ​ប្រែ​ប្រួល​មេតាប៉ូលីស​ក្នុង​ខ្លួន។ កោសិកា​ទាំង​នោះ នឹង​បាត់​បង់​ការ​គ្រប់​គ្រង ហើយ​បង្កើត​ជា​ដុំ​សាច់​មហារីក។

អត្ថបទពាក់ព័ន្ធ៖

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​មហារីក​ថ្លើម

កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ថ្លើម​មាន​ដូច​ជា៖

– ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ B ឬ C៖ ឆ្លង​មេរោគ​រ៉ាំរ៉ៃ​ដោយ​សារ​មេរោគ​រលាក​ថ្លើម​ប្រភេទ B (HBV) ឬ​ប្រភេទ C (HCV) អាច​បង្កើន​ហានិភ័យ​ កើត​មហារីក​ថ្លើម​បាន។
– ជំងឺ​ក្រិន​ថ្លើម៖ កកើត​នៃ​ជាលិកា​ក្រើម​នៅ​ក្នុងថ្លើម នាំ​ឲ្យ​កើន​ហានិភ័យ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។
– ជំងឺ​តំណ​ពូជ៖ ជំងឺ​ថ្លើម​តំណពូជ មាន​ដូច​ជា ជំងឺ​លើស​ជាតិ​ដែក (Hemochromatosis syndrome) ជំងឺ Wilson disease (ជំងឺអូតូអ៊ីមម្យូន ដែល​សំដៅ​លើ​ការ​លើស​ជាតិ​ទង់ដែង​ក្នុង​ថ្លើម)។
– ជំងឺ​ទឹក​នោម​ផ្អែម៖ អ្នក​មាន​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម អាច​មាន​ហានិភ័យ​ខ្ពស់​ជំងឺ​មហារីក​ថ្លើម​ជាង​អ្នក​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។
– ខ្លាញ់​រុំ​ថ្លើម​មិន​បណ្តាល​មក​ពីស្រា៖ ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម​ដូច​គ្នា។
– ប៉ះ​ពាល់​ជាតិ​ពុល Aflatoxins៖ ជាតិពុល Aflatoxins អាច​ជំរុញ​ឲ្យ​កើត​មហារីក ដោយ​គេ​ប្រទះ​ឃើញ​ជាតិ​ពុល​ប្រភេទ​នេះ នៅ​ក្នុង​អាហារ​ផលិត​ចេញ​ពីពោត និង​សណ្តែក​ដី។
– ផឹក​ស្រា៖ ផឹក​ស្រា​ប្រចាំ​ថ្ងៃរយៈ​ពេល​ច្រើន​ឆ្នាំ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ថ្លើម និង​បង្កើន​ហានិភ័យ​មហារីក​ថ្លើម​បាន។
– ធាត់៖ បញ្ហា​ធាត់​លើស​ទម្ងន់ ក៏​អាច​បង្កើន​ហានិភ័យ​មហារីក​ថ្លើម​ដូច​គ្នា ព្រោះ​អាច​នាំ​ឲ្យ​មាន​ខ្លាញ់​រុំ​ថ្លើម និង​ជំងឺ​ក្រិន​ថ្លើម។

​រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​តែង​មាន​ការ​ពិបាក ដោយ​សារ​តែ​កោសិកា​មហារីក​ថ្លើម មិន​មាន​ចេញ​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង។ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ ពេទ្យ​អាច​ធ្វើ​តេស្ត​ឈាម AFP (Alpha Fetoprotein) ឬ​ពិនិត្យ​មើល​មុខ​ងារ​ថ្លើម ចំពោះអ្នកមាន​ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ។ ប៉ុន្តែ​ ការ​ធ្វើ​តេស្ត​នេះ​នៅ​តែ​មិន​ច្បាស់​លាស់ ព្រោះ​ថា​ទោះ​មិន​មាន​កោសិកា​មហារីក​ថ្លើម​ប្រភេទ Carcinoma ក៏​អាច​មាន​ភាព​មិន​ប្រក្រីតី​លើ​តេស្ត​ឈាម​ដូច​គ្នា។ ហេតុ​នេះ​ពេទ្យ អាច​ធ្វើ​តេស្ត​រួម​ផ្សំ​ជា​មួយ​នឹង​ការ​ពិនិត្យអេកូ ស្កេនCT ឬ MRI លើ​ថ្លើម។ បើ​រូប​ភាព​អេកូ បង្ហាញ​ថា​មាន​ដុំ​មហារីក ពេទ្យ​នឹង​ធ្វើ​កោសល្យវិច្ឆ័យ​លើ​ថ្លើម ដោយ​កាត់​យក​សាច់​ថ្លើម​យក​ទៅ​មើល​មី​ក្រូទស្សន៍​ដើម្បី​រក​មើល​កោសិកា​មហារីក។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យា​បាល​មហារីក​ថ្លើម អាស្រ័យ​លើ​ដំណាក់​កាល​ជំងឺ អាយុ និង​ស្ថាន​ភាព​សុខ​ភាព​យើង។ ការ​វះ​កាត់ ជា​ការ​ព្យា​បាល​ដ៏​ល្អ​បំផុត ប៉ុន្តែ​អ្នក​ជំងឺ​ភាគ​ច្រើន មិន​អាច​ធ្វើ​ការ​វះ​កាត់​បាន ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម ឬ​មាន​ដុំ​សាច់​រីក​រាល​ដាល។ ក្នុង​ករណី​ដុំ​សាច់​តូចៗតិច​ជាង ៥ សង់​ទី​ម៉ែត្រ ជំងឺ​រលាក​ថ្លើម និង​លក្ខខណ្ឌ​មិន​អាច​វះ​កាត់ ថ្លើម​នៅ​មាន​តែ​អាច​ដំណើរ​មុខ​ងារ​បាន​ធម្មតា និង​មិនវិវត្ត​ទៅ​កាន់​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នោះ​ទេ។

អ្នក​ជំងឺ​មិន​អាច​វះ​កាត់ អាច​ព្យាបាល​ដោយ​វិធី​សាស្ត្រ​ផ្សេងៗ​ រួម​មាន ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​គីមី​ចូល​តាម​សរសៃ​ឈាម សារ​ជាតិ​គីមី​នឹង​ហូរ​ទៅ​តាម​ចរន្ត​ឈាម​ទៅ​កាន់​ដុំ​សាច់​មហារីក និង​បំផ្លាញ​វា។

អ្នក​ជំងឺ​មាន​ដុំ​សាច់​ធំ ឬ​ខូច​ថ្លើម​ច្រើន​ អាច​ធ្វើ​ការ​ប្តូរ​ថ្លើម​បាន (ករណី​ប្តូរ​ថ្លើម មាន​តែ​នៅ​បរទេស​ប៉ុណ្ណោះ)។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៨- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​ការ​ព្យាបាល​តាម​ផ្ទះ អាច​ជួយ​ទប់​ស្កាត់​បង្ការ​ជំងឺ​មហារីក​ថ្លើម​បាន ដូច​ជា៖

– ពិនិត្យ​មើល​ឡើង​វិញ ណាត់​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​មើល​អាការៈ​សុខ​ភាព​
– ស្តាប់​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ហាម​ប្រើ​ថ្នាំ​មិន​ស្រប​ច្បាប់ ឬ​មិន​បាន​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា
– សិក្សា​ពី​មហារីក​ថ្លើម ដើម្បី​សម្រេច​ចិត្ត​ទទួល​ការ​ព្យា​បាល​ដ៏​ត្រឹម​ត្រូវ
– ហាម​ផឹក​ស្រា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 1, 2019