Nephrostomy (​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ?

ជា​ធម្មតា ទឹក​នោម​ច្រោះ​ពី​តម្រង​នោម​ទាំង​សង​ខាង រួច​ហូរ​ចុះ​តាម​បំពង់​តូច​មួយនៃបំពង់ទឹកនោម ចូល​ទៅ​ក្នុង​ប្លោក​នោម។ ​ករណី​បំពង់​ទឹក​នោម​ម្ខាង​ស្ទះ ឬ​ស្ទះ​ទាំង​សង​ខាង ទឹក​នោម​នឹង​ចាល់​ស្ទះ​ក្នុង​តម្រង​នោម មិន​អាច​ហូរ​ចុះមក​ខាង​ក្រោម​បាន។ ហេតុ​នេះ​ដើម្បី​បង្ហូរ​ទឹក​នោម​ស្ទះ​ចេញ​ពី​តម្រង​នោម ​ត្រូវ​ធ្វើ​ការ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ។

២- ហេតុអ្វីចាំបាច់ត្រូវ​ចោះ​បង្ហូរ​ទឹក​នោម​?

​ជំងឺ​មហារីក ជា​ហេតុផល​ចម្បង​បង្ក​ឲ្យ​ស្ទះ​បំពង់​ទឹកនោម​ម្ខាង ​ឬ​ទាំង​សង​ខាង តម្រូវ​ធ្វើ​ការ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ។

ករណី​ខ្លះ ដោយ​សារ​វះ​កាត់​កុំ​ឲ្យ​ស្ទះ​ទឹក​នោម​ ​ត្រូវ​ការ​ពេល​វេលា​រៀប​ចំ​មុន ដូច្នេះ​ការ​ចោះ​បង្ហូរ​ទឹកនោម​តាម​ចង្កេះ​ភ្លាមៗ គឺ​ជួយ​ឲ្យ​តម្រង​នោម​នៅ​ដំណើរ​ការ​បាន ព្រោះ​បើ​ចាំ​ដល់​ពេល​វះ​កាត់ តម្រង​នោម​នឹង​អាច​ខូច។ ជំងឺ​ខ្លះ ​ត្រូវ​ការ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ​ត្រឹម​មួយ​រយៈពេល​ខ្លី តែ​មាន​ជំងឺ​ខ្លះ​ទៀត ត្រូវ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ​នេះ​រហូត​តែ​ម្តង។

កត្តាប្រឈម

៣- កត្តាប្រឈម​មាន​អ្វី​ខ្លះ?

គ្រោះថ្នាក់ និង​ផលវិបាក​ជាច្រើន ​អាច​កើត​មានមុន​សម្រេច​ចិត្ត​ធ្វើ​ការ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ​។ ចាំ​បាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ ពាក់ព័ន្ធ​កត្តា​ប្រឈម​ដោយ​ចោះ​ទឹក​នោម​តាម​ចង្កេះ​ជា​មុន។

ស្វែងយល់មុនវះកាត់

៤- គួរត្រៀមអ្វីខ្លះមុនពេល​ចោះ?

ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ទាក់​ទង​នឹង​ថ្នាំ​យើង​កំពុង​ប្រើ​ បញ្ហា​អាលែកហ្ស៊ី ឬ​​ស្ថានភាព​ជំងឺ​កំពុង​មាន​មុន​ចោះ​បង្ហូរ​ទឹក​នោម ហើយ​អ្វី​ត្រូវ​ដឹង សុំ​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ពី​លក្ខខណ្ឌ​ញ៉ាំ និង​ផឹកទឹក មុន​ពេល​ចោះ​តែ​ម្តង។

៥- មានអ្វីកើតឡើងពេលកំពុង​ចោះ​?

គ្រូ​ពេទ្យ​ជំនាញ​នឹង​ប្រើ​ម្ជុល ជាមួយ​ដែក​តូច​ឆ្មា​មួយ ​ចោះ​ចូល​តាម​ស្បែក​ម្ដុំ​ចង្កេះ ដើម្បី​ចូល​ដល់​តម្រង​នោម។ នៅ​ពេល​ម្ជុល​ចូល​ចំ​កន្លែង​ដក់​ទឹក​នោម​​ត្រឹមត្រូវ​ គ្រូ​ពេទ្យ​នឹង​ដក​ម្ជុល​នោះ​ចេញ ហើយ​ដាក់​ទុយោ​បង្ហូរ​ចូល​ជំនួស​វិញ ​ចុង​នៃ​ទុយយោ​ត្រូវ​ភ្ជាប់​ ទៅ​នឹង​ថង់​ប្លាស្ទិច​សម្រាប់​ទទួល​ទឹកនោម​បង្ហូរ​ចេញ​មក។

៦- មានអ្វីកើតឡើងក្រោយពេល​ចោះ?

ត្រូវ​សម្រាក​លើ​គ្រែ​យ៉ាង​ហោច​ណាស់ ២-៣ ម៉ោង ដើម្បី​ឲ្យ​ស្រួល​ខ្លួន​បន្តិច​សិន ទើប​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន តែត្រូវ​រក្សា​ទុយោ​បង្ហូរ​ទឹក​នោម​ជាប់​ចង្កេះ​ជានិច្ច រហូត​ដល់​ការ​ព្យាបាល​ចប់សព្វ​គ្រប់។

ផលវិបាក

៧- ផលវិបាកក្រោយ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ

គេ​កម្រ​ឃើញ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​បង្ក​មក​ពី​ការ​ចោះ​បង្ហូរ​ទឹក​នោម​តាម​ចង្កេះ​ណាស់។ ផល​វិបាក​ជា​ទូទៅអាច​កើត​មាន​តិច​តួច​ដូច​ជា៖

– ហូរ​ឈាម
– ឆ្លង​មេរោគ
– ប្រតិកម្ម​ថ្នាំ
– បន្សល់​រន្ធ​ត្រង់​កន្លែង​ចោះ
– ចោះ​បង្ហូរ​ទឹក​នោម​បរាជ័យ
– ប៉ះពាល់​កាំ​រស្មី
– ហូរ​ទឹក​នោម​តាម​ស្បែក​ត្រង់​កន្លែង​ចោះ។

បើ​មាន​ផល​វិបាក​ណា​មួយ​កើត​ឡើង ​ត្រូវ​ប្រាប់​គ្រូពេទ្យ​​ភ្លាម ដើម្បី​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019