Night Blindness (ជំងឺខ្វាក់មាន់)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ជំងឺ​ខ្វាក់​មាន់?

ជំងឺ​ខ្វាក់​មាន់ អាច​ហៅ​បាន​ថា ជំងឺ Nyctalopia សំដៅ​លើ​ការ​ខូច​ខាត​គំហើញ ដោយ​អ្នក​ជំងឺ​ខ្វាក់​មាន់ គឺ​ខ្សោយ​គំហើញ​នៅ​ពេល​យប់ និង​នៅ​ទី​កន្លែង​មិន​សូវ​មាន​ពន្លឺ។ ពាក្យ​ថា​ខ្វាក់​មាន់ មិន​មែន​បាន​ន័យ​ថា មិន​អាច​មើល​ឃើញ​នៅ​ពេល​យប់​នោះ​ទេ គ្រប់​តែ​ពិបាក​មើល​នៅ​ទី​ងងឹត​ប៉ុណ្ណោះ។

២- ជំងឺ​ខ្វាក់​មាន់​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

ជំងឺ​ខ្វាក់​មាន់ កើត​ឡើង​ជា​ញឹក​ញាប់​ណាស់។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញា​ជំងឺ​ខ្វាក់​មាន់​មាន​អ្វី​ខ្លះ?

រោគ​សញ្ញាតែ​មួយ​គត់​​របស់​ជំងឺ​ខ្វាក់​មាន់ គឺ​ពិបាក​មើល​នៅ​កន្លែង​ងងឹត។ អាការៈ​ខ្វាក់​មាន់ អាច​កើត​ឡើង​នៅ​ពេល​យើង​ចេញ​ពី​កន្លែង​ភ្លឺ​ខ្លាំង ទៅ​កាន់​កន្លែង​មាន​ពន្លឺ​តិច​ភា្លមៗ។ យើង​ក៏​អាច​មាន​អាការៈ​ខ្វាក់​មាន់ នៅ​ពេល​បើក​បរ​ដោយ​សារ​តែ​ពន្លឺ​ភ្លឹប​ភ្លែត​របស់​ពន្លឺ​ភ្លើង​យាន​យន្ត​ចរាចរ​នៅ​តាម​ដង​ផ្លូវ។

អាច​មាន​​រោគសញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀបរាប់​នៅ​ខាង​លើ​។ បើ​សិន​ជា​មាន​ចម្ងល់ ឬ​ក្តី​បារម្ភ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ពេល​ណា​ត្រូវ​ជួប​គ្រូពេទ្យ?

បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ ក្តី​បារម្ភ​អ្វី​មួយ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៥- អ្វី​ខ្លះ​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ខ្វាក់​មាន់?

បញ្ហា​បណ្តាល​មក​ពី​កោសិកា​នៅ​ក្នុង​ស្រទាប់​រ៉េទីន​ក្នុង​កែវ​ភ្នែក​មាន​បញ្ហា ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើញ​នៅ​កន្លែង​ងងឹត។ ខណៈ​មូលហេតុ​ធ្វើ​ឲ្យ​ខូច ឬ​ខ្សោយ​ស្រទាប់​រ៉េទីន​មាន​ដូច​ជា៖

– រលាក​ស្រទាប់​រ៉េទីន​​ភ្នែក
– ទឹក​ដក់​ក្នុង​បាត​ភ្នែក​
– ថ្នាំ​ទឹក​ដក់​ក្នុង​បាត ភ្នែកដែល​ធ្វើ​ឲ្យ​កូន​ក្រមុំ​រួម​
– ភ្នែក​ឡើង​បាយ
– ទឹក​នោម​ផ្អែម
– ជំងឺ​ Retinitis Pigmentosa (ជំងឺ​សេនេទិច ធ្វើ​ឲ្យ​ខូច​កោសិកា​រ៉េទីន)
– កង្វះ​វីតាមីន A
– ជំងឺ Keratoconus

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តាហានិភ័យ

៦- កត្តា​ប្រឈម​នាំ​ឲ្យ​មាន​កើត​ជំងឺ​ខ្វាក់​មាន់​មាន​អ្វី​ខ្លះ?

មនុស្ស​ចាស់​ងាយ​កើត​ភ្នែក​ឡើង​បាយ​ ដូច្នោះ​ហើយ​មនុស្ស​ចាស់​ងាយ​និង​កើត​ជំងឺ​ខ្វាក់​មាន់​ជាង​ក្មេង បើ​សិន​ជា​មាន​បញ្ហា​ភ្នែក​ឡើង​បាយ។

គ្នា​យើង​មាន​បញ្ហា​លំពែង​ ដូច​ជា Cystic Fibrosis (ជំងឺវិបត្តិសេនេទិច) ពិបាក​ស្រូប​យក​សារធាតុ​ខ្លាញ់ នឹង​ងាយ​ប្រឈម​ខ្វះ​វីតាមីន A ពីព្រោះ​វីតាមីន A រលាយ​នៅ​ក្នង​ខ្លាញ់ ហេតុ​នេះ​ទើប​ប្រឈម​ខ្ពស់ កើត​ជំងឺ​ខ្វាក់​មាន់។ បញ្ហា​សុខភាព​ផ្សេង​ទៀត ដូច​ជា​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម​ ឬ​ទឹក​នោម​ផ្អែម ងាយ​នឹង​មាន​ជំងឺ​ភ្នែក ដូច​ជា ភ្នែក​ឡើង​បាយ។

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូ​ពេទ្យ​ភ្នែក​នឹង​សាក​សួរ​អំពី​ប្រវតិ្ត​ជំងឺ ក៏​ដូច​ជា​ធ្វើ​តេស្ត​ភ្នែក ហើយ​ក៏​អាច​ធ្វើ​តេស្ត​ឈាម​ ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម អាច​ឲ្យ​ដឹង​ពី​កម្រិត​វីតាមីន A និង​ជាតិ​ស្ករ​បាន។

៨- ព្យាបាល​ដោយ​វិធី​ណា?

ជំងឺ​ខ្វាក់​មាន់ ​បង្ក​មក​ពី​ម្ញ៉ូប​​ឆ្ងាយ​​ ភ្នែក​ឡើង​បាយ​ ឬ​ការ​កង្វះ​វីតាមីន A អាច​ព្យា​បាល​ជា​សះ​ស្បើយ។ ការ​ពាក់​ឡេន ឬ​វ៉ែន​តា អាច​ជួយ​ឲ្យ​មើល​បាន​ច្បាស់​ល្អ​ចំពោះ​គ្នា​យើង​​ម្ញ៉ូប​ឆ្ងាយ។ ត្រូវ​ទៅ​ជួប​ពេទ្យ​បើ​សិន​ជា​ការ​ពាក់​វ៉ែន​តា ឬ​ឡេន​ នៅ​តែ​មិន​អាច​មើក​ឃើញ​ច្បាស់​ល្អ។

– ភ្នែក​ឡើង​បាយ៖ បាយ​ភ្នែក គឺ​កញ្ចក់​ភ្នែក​ឡើង​ស្រអាប់ ហើយ​អាច​ព្យាបាល​បាន​ដោយ​ការ​វះ​កាត់​។ ពេទ្យ​នឹង​ប្តូរ​ឡេន​ភ្នែក​ស្រអាប់​ចេញ ជំនួស​ឡេន​ថ្លា​ថ្មី។ យើង​នឹង​មាន​អារម្មណ៍​ថា មើល​ច្បាស់​ល្អ​ក្រោយ​ធ្វើ​ការ​វះ​កាត់។

– កង្វះ​វីតាមីន A៖ បើ​សិន​ជា​កម្រិត​វីតាមីន A ទាប ពេទ្យ​នឹង​ផ្តល់​ថ្នាំ​បំប៉ន​វីតាមីន A ដោយ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ទៅ​តាម​ការ​ណែនាំ។

– ខូច​ខាត​ហ្សែន៖ ករណី​ខូច​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​ខ្វាក់​មាន់ ដូច​ជា​បញ្ហា Retinitis Pigmentosa មិន​អាច​ព្យា​បាល​បាន​នោះ​ទេ។ គ្នា​យើង​មាន​ជំងឺ​ប្រភេទ​នេះ ពុំ​គួរ​បើក​បរ​ពេល​យប់​នោះ​ដែរ។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់​​ប្តូរ​ទម្លាប់​រស់​​នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ អាច​​គ្រប់​​គ្រង​ និង​បង្ការ​ជំងឺ​ខ្វាក់​មាន់​បាន​​ដូច​ខ្លះ បើ​ទោះ​ជា​មិន​អាច បង្ការ​ជំងឺ​​ខ្វាក់​មាន់​ពី​កំណើត ដូច​ជាជំងឺ Usher Syndrome ក៏ដោយ។ ប៉ុន្តែ​យើង​នៅ​តែ​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ និង​របប​អាហារ​ឲ្យ​មាន​តុល្យភាព ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ខ្វាក់​មាន់។

ញ៉ាំ​អាហារ​មាន​វីតាមីន និង​ជាតិ​រ៉ែ អាច​បង្ការ​កុំ​ឲ្យ​កើត​ភ្នែក​ឡើង​បាយ។ ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន A ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ខា្វក់​មាន់ ពិសេស​ពពួក​អាហារ​មាន​ពណ៍​ទឹក​ក្រូច សុទ្ធ​តែ​សម្បូរ​វីតាមីន A ខ្ពស់​ដូច​ជា៖

– ត្រសក់​ស្រូវ​លឿង​
– ដំឡូង​ជ្វា​
– ការ៉ុត​
– ល្ពៅ​
– ស្វាយ​

វីតាមីន A ក៏​មាន​នៅ​ក្នុង​បន្លែ និង​អាហារ​មួយចំនួន​ទៀត​ដូច​ជា៖

– បន្លែ​ស្លឹក​បៃតង
– ខាត់​ណា
– ទឹក​ដោះ​គោ​
– ស៊ុត។

បើ​សិន​ជា​យើង​មាន​ជំងឺ​ខ្វាក់​មាន់ គួរ​​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​សុវតិ្ថ​ភាព​របស់​ខ្លួន​ឯង និង​អ្នក​ដទៃ។ សូម​កុំ​បើក​បរ​នៅ​ពេល​យប់ លុះ​ត្រា​តែ​​ទទួល​បាន​ការ​ព្យា​បាល​ត្រឹម​ត្រូវ។ គួរ​បើក​បរ​តែ​នៅ​ពេល​ថ្ងៃ និង​ត្រូវ​ពាក់​វ៉ែន​តា ឬ​មួក​ជួយ​ការ​ពារ​ពី​ពន្លឺ​ភ្លឺ​ខ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 5, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 5, 2019

អ្នកអាចចូលចិត្ត