Osteomyelitis (រលាកឆ្អឹង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វីជាជំងឺ​រលាក​ឆ្អឹង?

ជំងឺនេះ​កើត​ឡើង​ពេល​មាន​ការ​ជ្រៀត​ចូល​​មេរោគ​ពី​សរសៃ​ឈាម​ចូល​ក្នុង​ឆ្អឹង ភាគ​ច្រើន​ប្រទះ​លើ​កុមារ​ ប៉ះ​ពាល់លើ​ឆ្អឹង​ខ្មង​ជើង​ និង​ដើម​ដៃ​ ឯមនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​កើត​លើ​ឆ្អឹង​ខ្នង ​ហើយ​សម្រាប់​គ្នាយើងមាន​ទឹកនោមផ្អែម​ គឺ​កើត​នៅ​លើ​ឆ្អឹង​ជើង។ បច្ចុប្បន្ន​នេះ​ការ​ព្យាបាល​ គឺ​មាន​ប្រសិទ្ធភាព​ណាស់​ដោយ​ពឹង​ផ្អែក​លើ​ថ្នាំ​ផ្សះ​រយៈពេល​ ៤-៦ ​អាទិត្យ​បន្ទាប់​ពី​វះកាត់​រួច។

២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ជំងឺឆ្អឹង​ប្រភេទ​នេះ​ អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់វ័យ។ យ៉ាង​ណា​ យើង​នៅ​តែ​មាន​វិធី​បង្ការ​ហានិភ័យកើតជំងឺនេះបាន។ បឹ្រក្សា​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​លម្អិត។

រោគសញ្ញា

៣- រោគ​សញ្ញា​មានអ្វី​ខ្លះ?

ករណី​ខ្លះ ជំងឺរលាកឆ្អឹង ​មិន​បង្ក​ជា​សញ្ញា​អ្វី​នោះ​ទេ​ ឬ​អាច​មាន​សញ្ញា​ច្រឡំ​ជាមួយ​ជំងឺ​ផ្សេង​ទៀត ហើយ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន៖

– ក្ដៅ​ញាក់
– ក្មេងមាន​សភាព​រញ៉ាំរញ៉ូវ
– ឈឺ​ចាប់​នៅ​តំបន់​មាន​ការបង្ក​រោគ
– ហើម ឡើង​កម្ដៅ​ ក្រហម​នៅ​កន្លែង​មាន​បង្ក​រោគ
– ក្នុង​ករណី​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ក្ដៅ​ខ្លួន​កាន់​តែ​ខ្លាំង​ សូម​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ដើម្បី​ចៀសវាង​ផល​វិបាក។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ពិសេស​ពេល​យើង​មាន​ជួប​ស្ថានភាព​ឈឺ​ឆ្អឹង​យូរ​អង្វែង រ៉ាំរ៉ៃ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​ឆ្លង​រោគ​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន ​ដូចជា​ ធ្លាប់ការ​វះកាត់ ឬ​របួស​ឆ្អឹង បែប​នេះ​គ្រូពេទ្យ​ងាយ​វាយតម្លៃ​ស្ថាន​ភាព​រោគសញ្ញា​យើង​បាន។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ?

មូលហេតុ​ចម្បង គឺ​បណ្តាល​មក​ពី​បាក់តេរី ​ស្តាហ្វីឡូកូកកូស (Staphylococcus)​ ​ឆ្លង​ចូល​ទៅ​ក្នុង​សារពាង្គកាយ​យើង​តាម​រយៈ៖

– សរសៃ​ឈាម​ដូច​ជា​ នៅ​ក្នុង​ជំងឺ​រលាក​សួត រលាក​ប្លោក​នោម ​ទៅ​បង្ក​រោគ​នៅ​កន្លែង​មាន​ឆ្អឹង​ទន់​ខ្សោយ ​ពិសេស​លើក្មេងៗ មានលើ​ចុង​ឆ្អឹង​ដើម​ដៃ ​និង​ខ្មង​ជើង​។

– បង្ក​រោគ​ក្នុង​ជាលិកា​ ឬ​សន្លាក់​សិប្បនិមិត្ត ​ដោយ​សារ​ការ​ចាក់​ថ្នាំ​ជាដើម។
– របួស​បើក​មុខ ​មាន​ឆ្អឹង​ចំហ​ចេញ​ក្រៅ​ ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត។

កត្តា​ប្រឈម

៦- កត្តា​ប្រឈម​មានអ្វីខ្លះ?

កត្តា​ប្រឈម​នាំ​ឲ្យ​រលាក​ឆ្អឹង​មាន​ដូចជា៖

– ជួប​គ្រោះ​ថ្នាក់​បាក់​បែក​ឆ្អឹង​​ថ្មី​ៗ ​តម្រូវ​​វះកាត់​ ជា​ឱកាស​​អាច​ឲ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​ឆ្អឹង​បាន។ មិន​តែ​ប៉ុណ្ណោះ ដាក់​ដែក​ក្នុង​ឆ្អឹង ​និង​របួស​ដោយ​សារ​សត្វ​មាន​ចង្កូមខាំ​ជ្រៅ​ដល់ឆ្អឹង ​អាច​បង្ក​ឲ្យ​ក​រោគ​ដែរ។

– វិបត្តិ​លំហូរ​ឈាម៖ ពេល​ឈាម​កក​ស្ទះ​កន្លែង​ណា​មួយ​ មេរោគ​​ក្នុង​ឈាម​នឹង​មាន​ឱកាស​ផ្ដុំ​គ្នា​ ក្នុង​ករណី​មាន​របួស​អំឡុង​ពេល​នោះ ​មេរោគ​កាន់​តែ​ងាយ​ទៅ​ដល់​សាច់​ដុំ​ និង​ឆ្អឹង។ ជំងឺ​នាំ​ឲ្យ​មាន​ឈាម​កក មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម ​និង​ជំងឺ​គ្រាប់​ឈាម​មាន​រាង​កណ្ដៀវ ជា​ដើម។

– ការ​ដាក់​សុង ​និង​ឧបករណ៍​ផ្សេង​ៗ​ ​អាច​បង្កើត​ជា​ផ្លូវ​សម្រាប់​មេរោគ​ ជាក់ស្តែង​ពេល​លាង​ឈាម សុងទឹក​នោម ​និង​ការ​ចាក់​សេរ៉ូម​យូរ​អង្វែង។

– ថយ​ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូចជា ​ប្រើ​ថ្នាំ​គីមី ​ចាក់​ថ្នាំ​ស្តេរ៉ូអ៊ីត​ច្រើន​ពេក។
– ប្រើ​ថ្នាំ​ញៀន។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

បន្ទាប់​ពី​ពិនិត្យ​កាយ​សម្បទា​រួច ​គ្រូពេទ្យ​នឹង​អាច​ចាប់​អារម្មណ៍​កន្លែង​​បង្ក​រោគ​ដោយ​សារ​វា​មាន​ហើម​ ក្រហម និង​មាន​កម្ដៅ​ ដោយ​អាចនឹង​ស្នើ​ធ្វើ​តេស្ត​ដូចជា​៖

– តេស្ត​ឈាម៖ ដើម្បី​រក​មើល​សញ្ញា​បង្ក​រោគ​ក្នុង​ឈាម ​ការ​កើន​ឡើង​គ្រាប់​ឈាម​សជាដើម។ តែ​តេស្ត​នេះ​មិន​អាច​កំណត់​បាន​ ១០០ ភាគរយ​នោះ​ទេ​ ជាហេតុ​គ្រូពេទ្យ​​អាច​ធ្វើ​ការ​អង្កេត​វិភាគ​តាម​វិធី​ផ្សេង​ទៀត។

– តេស្តច្រឹបកោសិកាឆ្អឹង៖ ច្រឹបឆ្អឹង​យក​ទៅ​ពិនិត្យ​ឲ្យ​ ដឹង​ពី​ប្រភេទ​មេរោគ​ដើម្បី​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​ចំ​តែ​ម្ដង​។ ​ករណី​ខ្លះ​ការ​ចាក់​ម្ជុល​ដើម្បី​យក​បំណែក​ឆ្អឹង​មក​ពិនិត្យ​ មាន​ការ​ឈឺ​ចាប់ ​និង​ត្រូវ​ការ​ថ្នាំ​ស្ពឹក​ក្នុង​ពេល​ធ្វើតេស្ត។

– តេស្ត​រូប​ភាព​វេជ្ជសាស្ត្រ
– ថត​កាំ​រស្មី​ដើម្បី​មើល​ការ​ខូចខាត​របស់​ឆ្អឹង ​ប៉ុន្តែ​ក្នុង​ករណី​ដំបូង ​មិន​ងាយ​ឃើញ​នោះ​ទេ។
– ថត​ស៊ីធី (CT) ​ជាមួយ​កាំរស្មីអ៊ិច ជួយ​បង្កើន​គុណភាព​រូប អាចមើល​ឃើញ​​កាន់​តែ​ច្បាស់។
– ថត​អឹមរ៉ាយ ​MRI ​កាន់​តែល្អ ​ដោយ​សារ​បាន​ឃើញ​រូប​ភាព​កាន់​តែ​ច្បាស់​ងាយ​ស្រួល​វាយ​តម្លៃ។

៨- ព្យាបាល​ដោយ​វិធី​ណា?

គោល​ដៅ​សំខាន់ គឺ​វះកាត់​ដើម្បី​យក​បំណែក​ឆ្អឹង​​រលួយ​បង្ក​ដោយ​មេរោគ​ចេញ​ និង​បន្ត​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សះ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​​ដូចជា​៖

– វះ​បើក​កន្លែង​មាន​ឆ្លង​រោគ ​និង​បង្ហូរ​ខ្ទុះ​ចេញ។
– យក​ចេញ​បំណែក​ឆ្អឹង ​និង​ជាលិកា​​ខូច​ចេញ​ឲ្យ​អស់​ ចៀស​វាង​មេរោគ​លាប់​ឡើង​វិញ។

– សម្រួល​​លំហូរ​ឈាម​ទៅ​កាន់​ឆ្អឹង ដោយ​វះ​កាត់​យក​ឆ្អឹង និង​ជាលិកា​ខូចខាត​ចេញ​ជា​បណ្ដោះ​អាសន្ន​ រង់​ចាំ​កោសិកា​កោសិ​កាទាំង​នោះ​ជួសជុល​ឡើង​វិញ។

– ករណី​មាន​ឆ្លងរោគ​ដោយ​មាន​វត្ថុ​ផ្សេង ​ដូចជា ​ដាក់ដែក​ក្នុង​ឆ្អឹង ពេទ្យ​នឹង​ត្រូវ​យក​របស់​ទាំងនោះ​ចេញ។
– កាត់​អវយវៈ​ចេញ​ ជា​វិធី​សាស្ត្រ​ចុង​ក្រោយ ​ព្យាបាល​ក្នុង​ករណី​មេរោគរាតត្បាត​ធ្ងន់ធ្ងរ។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– បើ​ធ្វើ​តេស្ត​ឈាម​ ​មាន​សញ្ញា​ឆ្លង​រោគ ​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ
– អនាម័យ​ខ្លួន​ប្រាណ​ចៀសវាង​ការ​ប៉ះ​ទង្គិច មុត​ដៃ​ជើង ។ ​ករណី​មាន​របួស​ត្រូវ​លាង​សំអាត​ដោយ​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 28, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 28, 2019