Pap Test (តេស្ត​លើកោសិកាមាត់ស្បូន)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ធាន

១- អ្វី​​ជា ​Pap Test?

Pap Test (Pap Smear) គឺជា​ការ​ធ្វើ​តេស្ត​រក​មើល​កោសិកា​មាត់ស្បូន​មានការ​ផ្លាស់ប្តូរ​ ​ឬ​អត់? នៅ​ពេល​ធ្វើ​ Pap Test​ គ្រូពេទ្យ​នឹង​កោស​យក​កោសិកា​នៅ​មាត់​ស្បូន​ ទៅ​លាប​លើ​បន្ទះ​ឡាម​ ឬលាយ​ជាមួយ​ទឹកថ្នាំ​សម្រាប់​មើល​កោសិកា​​ផ្ញើទៅកាន់​មន្ទីរ​ពិសោធ​ន៍ ដើម្បី​ពិនិត្យ​តាម​មីក្រូទស្សន៍ ក្នុង​ចេតនា​រក​មើល​ភាព​មិន​ប្រក្រតី​នៃកោសិកា​ដែល​បាន​ផ្លាស់​ប្តូរ​រូបរាង ឬ​ជា​កោសិកា​មហារីក​មាត់ស្បូន។ ហើយ​ការ​ធ្វើ Pap Test អាស្រ័យ​លើ​អាយុ និង​កត្តា​ប្រឈម។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ គួរ​ធ្វើ​តេស្ត​ញឹក​ញាប់​ឬ​យ៉ាង​ណា។

មេរោគ Human Papilloma Virus (HPV) ជា​មូល​ហេតុ​ចម្បង​បង្ក​ឲ្យកើត​មហារីក​មា​ត់ស្បូន។ ចំពោះ​ស្រ្តី​វ័យ​ជាង​៣០ឆ្នាំ គ្រូពេទ្យ​ច្រើន​ធ្វើ HPV Test និង Pap Test តែម្តង។ ប៉ុន្តែ​បើ​យើង​​អាយុ ២៦ឆ្នាំ ឬក្រោម​នេះ​អាច​ចាក់​វាក់​ស៊ាំង HPV ការពារ​បាន។

២- ហេតុអី្វ​ចាំ​បាច់​ធ្វើតេស្តនេះ?

គេ​ធ្វើ​ Pap Test ដើម្បីរកមើលកោសិកា​មហារីក​មាត់ស្បូន ភាគច្រើន​ធ្វើតេស្តនេះ​ជាមួយ​ការពិនិត្យ​អាង​ត្រគៀក ហើយ​ពេទ្យ​ជាអ្នក​សម្រេច​ថាគួរធ្វើ​នៅ​ពេលណា? ប៉ុន្តែ​ទូទៅ​ធ្វើនៅ​អាយុ ២១ឆ្នាំ​ និង​បន្ត​ធ្វើ​តេស្ត ២-៣ ឆ្នាំ​ម្តង។ ប៉ុន្តែស្ត្រីចាប់ពី​អាយុ ៣០​ឆ្នាំ គួរធ្វើរៀងរាល់ ៣-៥ ឆ្នាំម្តង រួមជាមួយ HPV Test ផង​ដែរ។

​ក្នុងករណី​យើង​មាន​កត្តា​ប្រឈម​មួយ​ចំនួន គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​ញឹក​ជាង​ធម្មតា​ និង​មិន​គិត​ពី​អាយុ ហើយកត្តា​ប្រឈម​ទាំង​នោះ​រួមមាន៖

– ធ្លាប់​ធ្វើ Pap Test ពី​មុន​ឃើញ​កោសិកា​មហារីក​ ឬ​កោសិកាបម្រុងវិវត្តជាមហារីក
​- ប្រើ​ប្រាស់ថ្នាំ Diethylstilbestrol (DES)
– ឆ្លង​មេរោគHIV
– ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ​ដោយ​សារ​ដូរ​សរីរាង្គ​ ធ្លាប់​ព្យាបាល​ដោយ​សារធាតុ​គីមី​ ឬ​ប្រើ​ប្រាស់ថ្នាំ Corticosteroid យូរ​អង្វែង។

បើ​មាន​កត្តា​ប្រឈម​ខាងលើ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពីអត្ថប្រយោជន៍ និង​ផល​ប៉ះពាល់​ទាក់ទង​ការធ្វើ Pap Test ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វីខ្លះ​មុន​ពេល​ធ្វើតេស្ត?

​Pap test គួរតែ​ធ្វើ​ឲ្យ​បាន ៣ ដ​ងជាប់​គ្នា ព្រោះ​ពេល​ខ្លះលទ្ធ​ផលអាច​ខុស​ ឧ. យើង​គ្មាន​កោសិកា​មហារីក ប៉ុន្តែ​លទ្ធផល​តេស្ត​បែរ​ជា​មាន ឬ​ពេល​ខ្លះ​អាច​មាន​កោសិកា​មហារីក ឯ​លទ្ធផល​បែរ​ជា​គ្មាន​ទៅ​វិញ។ ក្រោយ​ទទួល​បាន​លទ្ធផល​ឆាប់ទៅ​ពិភាក្សា​ជាមួយ​គ្រពេទ្យ។

ស្រ្តី​ធ្លាប់​ទទួល​លទ្ធផល Pap Test មិ​នប្រក្រតី​ ឬ​ស្រ្តី​វ័យ​ជាង ៣០ឆ្នាំ​ ត្រូវ​ធ្វើ ដើម្បីរ​កមើល​មេរោគ Papillomavirus (HPV) ព្រោះ​មាន​ភាគរយខ្ពស់​ធ្វើឲ្យ​មាន​មហារីក​មាត់ស្បួន។ តេស្ត​នេះ​អាច​ធ្វើក្នុង​ពេល​តែ​មួយ ឬ​ផ្សេង​ពី​គ្នា។ លទ្ធផល​តេស្ត​ អាច​ជួយ​គ្រូពេទ្យ​​បន្ត​ធ្វើ​តេស្ត​ផ្សេង​ទៀត​ ក៏​ដូច​ជា​ក្នុងការ​ព្យាបាល។

Pap Test តែ​មួយ​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​កោសិកា​ដូរ​ទ្រង់ទ្រាយ ឬ​កោសិកា​មហារីក​មាត់ស្បួន​បាន​ទេ ​គ្រូពេទ្យ​ត្រូវ​ការ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដូចជា Colposcopy។ មួយវិញទៀត Pap Test មិន​មែន​ធ្វើ​ដើម្បី​រកជំងឺ​មើល​កាមរោគ (STIs) ឬ​មហារីក​ផ្សេង ​ក្រៅ​ពី​កោសិកា​មហារី​មាត់​ស្បូននោះឡើយ។

ការពិនិត្យ​ទ្វារមាស​មាន​សារៈ​សំខាន់​ណាស់​ ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​ពី​សុខភាព​យើង​ផ្ទាល់ ​ហើយ​ឆាប់​បាន​ទៅ​ជួប​ពេទ្យ​ក្នុង​ករណី​មាន​អ្វីមិន​ប្រក្រតី។ ពិនិត្យ​ទ្វារមាស​គួរ​ធ្វើរួម​គ្នា​ជា​មួយ​ ការ​ពិនិត្យ​អាង​ត្រគាក​ និង Pap Test ជា​រឿង​ល្អ។

ស្វែងយល់ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វីខ្លះ​មុនធ្វើតេស្ត?

ដើម្បី​ឲ្យ​ប្រាកដ​ថា Pap Test អាច​យក​ជា​ការ​បានគួរ​ធ្វើតាម​ជំហាន​ខាងក្រោម៖

– តមការ​រួមភេទ​ ប្រើប្រាស់​ថ្នាំលាង ឬលាប​នៅ​ទ្វារមាស​ ឬប្រើហ្វូម​សម្លាប់​មេ​ជីវិត​ឈ្មោល ២ថ្ងៃ មុន​ពេល​ធ្វើ ​Pap Test ព្រោះ​អាចធ្វើ​ឲ្យ​កោសិកា​ទាំង​នោះ​ជ្រុះ​ ឬ​មើល​មិន​ឃើញ។
– យល់​ល្អ​កុំ​ធ្វើ​ពេល​កំពុង​មក​រដូវ។

៥- មានអ្វី​កើតឡើង​អំឡុងពេលធ្វើតេស្ត?

Pap Test មិន​ត្រូវ​ការ​ពេល​វេលា​យូរ​ទេ ពេទ្យ​នឹង​ដាក់​ចំពុះ​ទា​ចូល​ក្នុង​ទ្វារមាស​ដើម្បីពិនិត្យ​មាត់​ស្បូន បន្ទាប់​មក​​​ប្រើ​ច្រាស​តូចកៀរយក​កោសិកា​ពីមាត់​ស្បូន។ ហើយ​លាប​កោសិកា​នោះ​ទៅ​នឹង​បន្ទះ​ឡាម​ រួច​ផ្ញើ​ឲ្យ​មន្ទីរ​ពិសោធន៍ លទ្ធផល​នឹង​ចេញ​មក​​រយះ​ពេល ​១ សប្តាហ៍។

ពេលធ្វើ ​Pap Test គឺគ្មាន​ការឈឺ​ចាប់ ប៉ុន្តែ​ពេល​ខ្លះ​គ្រូពេទ្យ​អាចសុំ​ធ្វើ Pap Test ម្តងទៀត​ ដោយសារ​តែកោសិកា​ផ្ញើរទៅមិន​អាច​ប្រើការ​បាន។

លទ្ធផល

៦- លទ្ធផលតេស្ត

ជាទូទៅ​ លទ្ធផលបន្ទាប់ពី​ធ្វើ​តេស្ត Pap Test នឹង​ទទួល​បាន​ចន្លោះពី ១-២ សប្តាហ៍ ដោយចែក​ចេញ​ជា​ពីរ៖

– លទ្ធផល​អវិជ្ជមាន៖ បង្ហាញ​ថា ពុំមាន​ឃើញកោសិកា​មិន​ប្រក្រតី​ក្នុង​មាត់​ស្បូន​នោះ​ឡើយ។

– លទ្ធផល​វិជ្ជមាន៖ លទ្ធផលពីការពិសោធន៍ បង្ហាញ​វត្ត​មានកោសិកា​មិន​ប្រក្រតី។ ប៉ុន្តែបើសិន​ជា​គ្រូពេទ្យ​មើល​ទៅ​ ឃើញ​ថាលទ្ធផល​មិន​ច្បាស់ ឬមាន​អ្វីមិន​ប្រក្រតី គាត់​នឹង​សុំ​ធ្វើ​តេស្ត​ម្តង​ទៀត អំឡុង​ពេល ៦-១២ ខែ​ក្រោយ ឬ​ធ្វើតេស្ត​ផ្សេង​បន្ថែម។ កោសិកា​មិនប្រក្រតី​មួយចំនួន​​អាច​វិវត្តទៅ​ជា​មហារីក។ ការ​ព្យាបាល​កោសិកា​មិន​ប្រក្រតី អាច​ការពារ​កុំ​ឲ្យ​មាន​មហារីក​មាត់​ស្បូន បែបនេះបើទទួលបាន​​លទ្ធផល​មិន​ប្រក្រតី ​ឆាប់ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ពន្យល់​ណែនាំ និង​ធ្វើការ​ព្យាបាល​ជា​ដើម។

មួយ​វិញ​ទៀត Pap Tests មិន​អាចយក​ជាការ​បាន​ទាំងអស់​ទេព្រោះ​មាន​ករណី​ខ្លះ​ភ័ន្ត​ច្រឡំ​ដូច​ជា៖

– False positive៖ លទ្ធផល​មាន​ន័យ​ថា រក​ឃើញ​កោសិកា​មិន​ប្រក្រតី​ក្នុង​មាត់​ស្បូន តែ​ការ​ពិតកោសិកា​ទាំង​នោះ​ប្រក្រតី​ទៅ​វិញ។

-False negative៖ មានន័យថា លទ្ធផល​បញ្ជាក់​ថា​កោសិកា​យើង​ធម្មតា ប៉ុន្តែ​ការ​ពិត​យើង​មាន​កោសិកា​មិន​ប្រក្រតី​រួច​ទៅ​ហើយ។ ករណី​នេះ​អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​ត្រូវ​ពន្យា​ពេល ​ប៉ុន្តែ​បើ​​ពិនិត្យ​បាន​ទៀង​ទាត់​យើង​អាច​រក​ឃើញ​រោគ​វិនិច្ឆ័យ​មិន​ខាន។

ករណី​ទាំង​ពីរ​នេះ​ទាម​ទារ​ប្រឹក្សា​យោបល់​បន្ទាន់​ជាមួយ​គ្រូពេទ្យ ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ព្យាបាល​ត្រឹម​ត្រូវមួយ។

 

​ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019