Prostate Disease Surgery (វះកាត់​ជំងឺ​ក្រពេញ​ប្រូស្ដាត)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ទៅជាការ​វះកាត់​ជំងឺ​ក្រពេញ​ប្រូស្ដាត?

TURP​ មក​ពី​ពាក្យ​ពេញ Transurethral Resection of the Prostate​ គឺ​ជា​ការ​វះកាត់​ក្រពេញ​ប្រូស្ដាត​ដែល​រីក​ធំ ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​នៅ​ក្នុង​បំពង់​បង្ហួរ​នោម ​បង្ក​ឡើង​នៅពេល​ក្រពេញ​ប្រូស្ដាត​​មាន​បញ្ហា។

​ការ​វះកាត់​ជា​ជម្រើស​ដ៏​ល្អ​បំផុត ​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវ​ទឹក​នោម​បង្ក​ដោយ​ការ​រីក​ធំ​ក្រពេញប្រូស្ដាត។ ដើម្បី​ដឹង​ថា​​អាច​ធ្វើ​ការ​វះកាត់​បាន ​ឬយ៉ាងណា ​គ្រូពេទ្យ​នឹង​​ពិនិត្យ​ពី​ទំហំ រូបរាងរបស់​ក្រពេញ ដើម្បី​បញ្ចៀស​ផល​វិបាក​ក្រោយ​វះកាត់​ ព្រម​ទាំង​ជំងឺ​ផ្សេងៗ​ទៀត។

២- ហេតុ​អ្វីត្រូវ​វះកាត់​?

កាត់​ចេញ​ក្រពេញ​ប្រូស្ដាត ​ធ្វើ​ឡើង​ដើម្បី​ព្យាបាល​ ឬ​បង្ការ​ផល​វិបាក​ករណី​ស្ទះ​លំហូរ​ទឹក​នោមដែល​បង្ក​ដោយ​បញ្ហា​មួយ​ចំនួន​ដូចជា៖

– ខូច​តម្រង​នោម​ឬ​ប្លោក​នោម
– អសមត្ថភាព​បញ្ជា​ទឹក​នោម
– ក្រួស​ក្នុង​ប្លោក​នោម
– ឈាម​ក្នុង​ទឹក​នោម
– ការ​លាប់ឡើង​វិញជំងឺ​រលាក​បំពង់​បង្ហួរ​នោម។

ទោះ​បី​ជា​មាន​ការ​ព្យាបាល​មាន​ច្រើន​ជម្រើស ពាក់ព័ន្ធ​ករណី​រីក​ធំ​ក្រពេញ​ប្រូស្ដាត​ តែ​​វះកាត់​គឺ​ជា​ជម្រើស​ពេញ​និយម​បំផុត​សម្រាប់​កែខៃ​បញ្ហា​នេះ។

កត្តាប្រឈម

៣- កត្តាប្រឈម​មាន​អ្វី​ខ្លះ?

ករណី​រីក​ធំក្រពេញ​ប្រូស្ដាត ​ភាគ​ច្រើន​កម្រ​ប្រើថ្នាំ​​ព្យាបាល​ណាស់​ ព្រោះ​មាន​តែ​ការ​វះកាត់​ប៉ុណ្ណោះ​ទើប​អាច​ធូរ​ស្បើយ​ពី​ជំងឺរ៉ាំរ៉ៃនេះ អាច​មាន​ប្រសទ្ធិភាព​ចន្លោះពី ​៧-​១៥ ​ឆ្នាំ​ ក្រោយ​វះ​កាត់​ជោគ​ជ័យ។ តែត្រូវ​តាម​ដាន​អំពី​ស្ថានភាព​ជំងឺ​ជាមួយ​គ្រូពេទ្យ​​បន្ថែម​ទៀត​ព្រោះ​ សំខាន់​ណាស់ពិនិត្យ​មើល​​ក្រពេញ​ប្រូស្ដាត​តាម​រន្ធ​គូទ​តែ​ម្តង។

ចាំបាច់​បំផុត ​គួរ​ដឹង​អ្វី​ត្រូវ​ធ្វើ​ និង​មិន​គួរ​ធ្វើ ​មុន​ពេល​វះកាត់​ ហើយ​បើ​មាន​សំនួរ​ ឬ​ចម្ងល់​សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​សម្រាប់​ព័ត៌មាន​បន្ថែម។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀម​បែប​ណា​មុន​វះកាត់​?

មុន​ធ្វើ​ការ​វះកាត់​ គ្រូពេទ្យ​នឹង​ឆ្លុះ​មើល​រូបរាង​បង្ហួរ​នោម ​និង​ប្លោក​នោម​ជាមុន ​ព្រោះ​​ធ្វើ​តេស្ដ​នេះ​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​កម្រិត​ទំហំ​ក្រពេញ​ប្រូស្ដាត​ ព្រម​ទាំង​ស្ថានភាព​បំពង់​បង្ហួរ​នោម។ បន្ទាប់​មក ត្រូវ​ធ្វើ​តេស្ដ​ផ្សេង​ទៀត ​ដូចជា ​តេស្ដ​ឈាម​ ឬ​​ពិនិត្យ​លំហូរ​នោម។

​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន ពាក់ព័ន្ធ​ថ្នាំ​យើង​កំពុង​ប្រើប្រាស់​ថ្មីៗ ប្រតិកម្មណាមួយ ​ឬ​ស្ថានភាព​សុខភាព​មុន​នឹង​ធ្វើ​ការ​វះកាត់។ ​ម៉្យាង​ទៀត​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ដោយ​តម​អាហារ ​និង​ទឹក​មុន​ពេល​វះកាត់។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​វះកាត់?

ការ​វះកាត់​​ក្រពេញ​ប្រូស្ដាត​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ពេទ្យ​ដាក់​សណ្តំ ឬ​ថ្នាំ​ស្ពឹក​ចាក់​ចូល​ចង្កេះ​ និង​ចាប់​ផ្តើម​​វះកាត់ ដែល​ជា​ធម្មតា​ត្រូវ​ការ​ពេល​យ៉ាង​តិច​ជាង​មួយ​ម៉ោង ​​គ្រូពេទ្យ​វះកាត់ ​ញាត់​បំពង់​មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា​តាមបង្ហួរ​នោម​ បន្ទាប់​មក​កាត់​ចេញ​ជាលិកា​ក្រពេញ​ប្រូស្ដាត​ដើម្បី​កាត់​បន្ថយ​សម្ពាធ​កើត​មាន។

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់?

ក្រោយ​វះកាត់ ត្រូវ​សម្រាក​ពេទ្យ​យ៉ា​ងហោច​ណាស់ ​៣-​៤ ​ថ្ងៃ ​ហើយ​អាច​មាន​ការ​ឈឺ​ចាប់​ ​ពេល​នោម​ម្តងៗ។ អាស្រ័យ​ទៅ​លើ​ស្ថានភាព​រាងកាយ ​បន្ទាប់​ពី​វះកាត់​ជោគជ័យ ៤-៦ សប្ដាហ៍ គឺ​អាច​ត្រលប់​ទៅ​ធ្វើ​ការ​តាម​ធម្មតា។ ហាត់​ប្រាណ​ជា​ប្រចាំ ​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ ប៉ុន្តែ​មុន​ហាត់​ប្រាណ ​គួរ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជា​មុន។

ផលវិបាកក្រោយវះកាត់

៧- ផល​វិបាក​ក្រោយ​វះកាត់​

គ្រប់​ការ​វះកាត់ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់ ខណៈ​ផល​វិបាក​ដោយ​ការ​វះ​កាត់​ក្រពេញប្រូស្តាត​មាន​ដូច​ជា៖

ធ្លាក់​ឈាម​ច្រើន៖ ​បាត់បង់​ឈាម​ច្រើន​អំឡុង​ពេល​វះកាត់ ​និង​ត្រូវ​ការ​បញ្ចូល​ឈាម តែ​ជា​ករណី​កម្រ​។ ប្រសិន​បើ​​មាន​ក្រពេញ​ប្រូស្ដាត​រីក​ធំជាង​ធម្មតា​ នាំ​ឲ្យ​មាន​ឱកាស​​ហូរ​ឈាម​កាន់​តែ​ច្រើន។

ជាតិ​សូដ្យូម​ក្នុង​ឈាម​ទាប៖ ​កើត​ឡើង​នៅ​ពេល​​រាងកាយ​ស្រូប​ជាតិ​ទឹក ដែល​គ្រូពេទ្យ​បាញ់​លាង​ក្នុង​តំបន់​វះកាត់ លើស​កម្រិត ហើយ​រោគ​សញ្ញា​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ប្រសិន​បើ​មិន​ព្យាបាល។ ហេតុនេះ ជា​ធម្មតា ​គ្រូពេទ្យ​ប្រើ​វិធី​វះកាត់ ​Bipolar​ ដើម្បី​លាង​សម្អាត​ទឹក​អំបិល​ចេញ​ពី​រាងកាយ​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ។

ពិបាក​នោម​ជា​បណ្ដោះ​អាសន្ន៖ តែ​ក្រោយ​ពេល​វះកាត់ ​គ្រូពេទ្យ​នឹង​សុង​ទុយោ​ទឹក​នោម​ ដើម្បី​សម្រួល​ដល់​ការ​នោម​ជា​បណ្តោះ​អាសន្ន។

រលាក​បំពង់​បង្ហួរ​នោម៖ ករណី​ដាក់​សុង​ទុយោទឹក​នោម​យូរ​ពេក ​អាច​មាន​បង្ក​រោគ និង​បណ្តាល​ឲ្យ​រលាក​ផ្លូវ​ទឹក​នោម​ ហេតុ​នេះ​ត្រូវ​លេប​ថ្នាំ​ផ្សះ​ដើម្បី​បង្ការ​រោគ។ ការ​វះកាត់​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ទឹក​នោម​ម្ដង​ទៀត​ក៏​មាន។

ពិបាក​ទប់​ទឹក​នោម៖ ជា​ករណី​កម្រ​ព្រោះ​ការ​បាត់បង់​សមត្ថភាព​ទប់​ទឹក​នោម ​គឺ​ជា​ផល​វិបាក​ដ៏​យូរ​អង្វែង​បង្ក​ដោយ​ការ​វះកាត់។

លែង​ចេញ​ទឹក​កាម៖ នៅ​ពេល​សម្រេច​កាម ​ឬ​រួមភេទ ​ទឹក​កាម​បែរ​ជា​ហូរ​ចូល​ក្នុង​ប្លោក​នោម​ ផ្ទុយ​ពី​ធម្មតា ដែល​ហូរ​ចេញ​មក​ក្រៅ​តាម​បង្ហួរ​នោម។ ករណី​នេះ​នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខ​ស្រួល ​តែ​អាច​គ្មាន​ឱកាស​ក្លាយ​ប៉ាប៉ា​គេ​ ពិសេស​ករណី​នេះ​ផល​ប៉ះពាល់​ទាំង​នេះ​កើត ៧៥ ភាគរយ ឯណោះ ក្រោយ​ការ​វះកាត់។

អសមត្ថភាព​ផ្លូវ​ភេទ៖ បាត់បង់​សមត្ថភាព​រួមភេទ ​ព្រោះ​អូន​តូច​លែង​ងើប​រឹង​ដូច​មុន ដោយ​សារផល​ប៉ះពាល់​ក្រោយ​វះកាត់ តែ​ជា​ករណី​កម្រ។

ព្យាបាល​ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត៖ ក្នុង​ករណី​កម្រ ប្រុសៗ​ចំនួន​ត្រូវ​ធ្វើ​ការ​តាមដាន​ក្រោយ​វះកាត់ ព្រោះ​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ត្រលប់​មក​វិញ ​ឬ​មិន​ជា​សះស្បើយ។

យើង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ទាំង​អស់​នេះ​បាន ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ​ដូចតម​អាហារ ​និង​ផ្អាក​លេប​ថ្នាំ​មួយ​ចំនួន​ ពិសេស​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​មាន​សំនួរ​ទាក់ទង​នឹង​ផល​វិបាក​ទាំងអស់​នេះ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត