Stomach Cancer (មហារីកក្រពះ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ក្រពះ?

មហារីក​ក្រពះ សំដៅ​ទៅ​លើ​ការ​រីក​ដុះ​ដាល​នៃ​ដុំ​មហារីក​ក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​មាន​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ មហារីក​ក្រពះ ជា​ជំងឺឧស្សាហ៍​កើត​មាន និង​ងាយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ អាច​ស្លាប់​តែ​ម្តង។

២- មហារីក​ក្រពះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មហារីក​ក្រពះ ប៉ុន្តែ​ប្រុសៗ​មាន​អាយុ​លើស​ពី ៤០ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ជាង​ស្រីៗ។ យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​មហារីក​ក្រពះ​បាន។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។

រោគសញ្ញា

៣- រោគសញ្ញា​មហារីក​ក្រពះ​មាន​អ្វី​ខ្លះ?

មហារីក​ក្រពះ ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​ ពេល​ដែល​ដុំ​សាច់​ដុះ យើង​នឹង​មាន​អាការៈ​ឈឺ​ពោះ ចង់​ក្អួត និង​លែង​ឃ្លាន​អាហារ​ជាដើម។ រោគ​សញ្ញា​ផ្សេង​ទៀត អាច​មាន​ដូច​ជា តឹង​ពោះ​ពេល​ញ៉ាំ​អាហារ​រួច ពិបាក​លេប​អាហារ ក្រហាយ​ក្រពះ ស្រក​ទម្ងន់ លាមក​មាន​ឈាម មាន​ដុំ​អាច​ប៉ះ​បាន តឹង​ណែន​ក្រពះ​ក្រោយ​ញ៉ាំ​អាហារ​រួច និង​មាន​ទឹក​ក្នុង​ពោះ (ទាច​ទឹក)។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត មិន​បាន​រ៉ាយរ៉ាប់​នៅ​ខាង​លើ ហេតុនេះ មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ សូម​ទាក់​ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។

៤- ពេល​ណាគួរ​ទៅ​ជួប​ពេទ្យ?

បើ​យើង​មាន​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ

មូល​ហេតុ​ពិត​ប្រាកដបង្ក​ឲ្យ​កើត​មហារីក​ប្រភេទ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កត្តា​ជំរុញ​ឲ្យ​កើត​មាន​មហារីក​ក្រពះ មាន​ដូច​ជា របប​អាហារ​សម្បូរ​សារធាតុ​នីត្រាត (Nitrates) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ហានិភ័យ​កើត​មហារីក​នេះ។ សារធាតុ​នីត្រាត មាន​នៅ​ក្នុង​អាហារ​មាន​ជាតិ​ផ្សែង និង​ប្រៃ ត្រូវ​បាន​បំប្លែង​ដោយ​បាក់តេរី​ទៅ​ជា​នីទ្រី (Nitries) ដែល​ជា​សារ​ធាតុ​ធ្វើ​ឲ្យ​កើត​មហារីក។ អ្នក​មាន​មេ​រោគ​ក្រពះ (Helicobacter pylori) នឹង​ប្រឈម​កើត​មហារីក​ក្រពះ​កាន់​តែ​ខ្ពស់។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តាប្រឈម

៦- កត្តា​ប្រឈម​មហារីក​ក្រពះ​មាន​អ្វី​ខ្លះ?

កត្តា​ប្រឈម​ធ្វើ​ឲ្យ​កើត​មហារីក​ក្រពះ​មាន៖

– អាហារ​ប្រៃ និង​មាន​ផ្សែង
– របប​អាហារ​មាន​បន្លែ​ផ្លែ​ឈើ​តិច
– អាហារ​មាន​ផ្ទុក​មេរោគ​ផ្សិត
– មាន​ប្រវត្តិ​គ្រួសារ​មាន​កើត​មហារីក​ក្រពះ
– មាន​ផ្ទុក​មេរោគ​ក្រពះ Helicobacter pylori
– មាន​រលាក​ក្រពះ​រ៉ាំរ៉ៃ
– មាន​ជំងឺ Pernicious anemia (ប្រភេទ​ជំងឺ​ស្លេក​ស្លាំង)
– ជក់​បារី
– មាន​ជំងឺ​ក្រពះ (Stomach polyps)

ទោះ​ជា​គ្មាន​កត្តា​ប្រឈម​ក៏​ដោយ មិន​មាន​ន័យ​ថា​មិន​កើត​មហារីក​ក្រពះ​នោះ​ទេ។ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

តេស្ត​ដែល​អាច​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ​មហារីក​ក្រពះ​មាន​ដូច​ជា៖

– ឆ្លុះ​ក្រពះ​
– តេស្ត​ឈាម និង​លាមក
– CT ស្កេន ឬ​ឆ្លុះ​កាំ​រស្មី​អ៊ិច

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល​អាស្រ័យ​ទៅ​លើ​ការ​វិវត្ត​របស់​ជំងឺ ខណៈ​វះ​កាត់ គឺ​ជា​វិធី​មួយ​គត់​អាច​ឲ្យ​ជំងឺ​ជា​សះ​ស្បើយ​បាន។ វះកាត់ គឺ​ត្រូវ​វះ​យក​ដុំ​មហារីក​ចេញ​ពី​ក្រពះ ឬ​ការ​កាត់​ក្រពះ​ចេញ​តែ​ម្ដង ជា​មួយ​ក្រពេញ​ទឹក​រងៃ​ដែល​នៅ​ជិត​ដុំ​មហារីក។ សម្រាប់​អ្នក​ជំងឺ​ដំ​ណាក់​កាល​ចុង​ក្រោយ មិន​អាច​ទទួល​យក​ការ​វះ​កាត់​បាន ត្រូវ​ព្យាបាល​ដោយ​គីមី ឬ​វិទ្យុ​សកម្ម ប៉ុន្តែ​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ។ សម្រាប់​អ្នក​ជំងឺ​មួយ​ចំ​នួន អាច​ប្រើ​វិធី​វះកាត់ Bypass procedure ដើម្បី​ជួយ​បន្ធូរ​រោគ​សញ្ញា។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ និង​ការ​ព្យាបាល​នៅ​ផ្ទះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពះ​បាន​ដូចជា៖

– អនុវត្ត​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ
– កុំ​ជក់​បារី
– ញ៉ាំ​បន្លែ ផ្លែ​ឈើ ឲ្យ​បាន​ច្រើន
– មិន​ត្រូវ​ញ៉ាំ​អាហារ​ប្រៃ​ពេក និង​ខ្លោច
– មិន​ត្រូវ​ផឹក​ស្រា
– ត្រូវ​តាម​ដាន​ដោយ​ឆ្លុះ​ក្រពះ​ឲ្យ​បាន​ទៀង​ទាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 24, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 24, 2019