Stomach Polyps (ដុំឫសក្នុងក្រពះ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ដុំ​ឫសក្នុង​ក្រពះ?

សំដៅលើ​ដុំ​កោសិកា​ជា​ច្រើន​​ដុះ​តាម​ផ្ទៃ​ក្រពះ ហើយ​ជា​ជំងឺ​កម្រ​កើត​មាន និង​មិន​បង្ក​ជា​សញ្ញា​រំខាន​អ្វី​ឡើយ។ ភាគ​ច្រើន​គ្រូពេទ្យ​រក​ឃើញ​ដោយ​ចៃដន្យ​តាម​រយៈ​ការ​​ពិនិត្យ​​ក្រពះ​ ដោយសារ​បញ្ហា​ផ្សេងៗ។ ដុំឫស​ច្រើន​មិន​បង្ក​ជា​មហារីកទេ​ តែមាន​ឫសដុំ​ប្រភេទ​ខ្លះ អាចបង្កើន​ហានិភ័យ​វិវដ្តទៅជា​មហារីក​ក្រពះ​នៅថ្ងៃ​មុខ។ អាស្រ័យ​លើ​ប្រភេទ​ដុំ​ឫស​ ការ​ព្យាបាល​អាច​នឹង​វះកាត់​យក​ចេញ​ ឬ​តាមដាន​បន្ត​ក្រែង​មាន​ការ​ប្រែប្រួល។

២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ដឹង​កត្តា​បង្ក​ឲ្យ​មានជំងឺ​នេះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែករណី​ជាច្រើន​កើត​លើ​មនុស្ស​ចាស់។ យ៉ាង​ណា​ យើង​នៅ​តែ​អាច​គ្រប់គ្រង និង​បង្ការ​បាន។

រោគសញ្ញា

៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ?

ដុំ​ឫស​ក្នុង​ក្រពះ ​ជា​ធម្មតា​​មិន​បង្ក​រោគសញ្ញា​អ្វី​ឡើយ តែ​ពេល​ដុំឫស​រីកធំ នឹង​បញ្ចេញ​ដំបៅ ​អាច​រីករាល​ដាល​ពេញ​ពេញ​​លើ​ផ្ទៃ​ក្រពះ។ ករណី​កម្រ​ ដុំ​ឫស​អាចទៅ​រាំង​ស្ទះ​ផ្លូវ​តភ្ជាប់ ​រវាង​ក្រពះ​ និង​ពោះវៀន​តូច។ ករណី​នេះ នឹង​បង្ក​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា៖

– ឈឺ​​ពេល​ប៉ះ​ពោះ
– ចង្អោរ
– ឈាម​ក្នុង​លាមក
– ស្លេក​ស្លាំង

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។

បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ?

មូលហេតុ​មាន​ច្រើន តែ​មូលហេតុ​តែង​ប្រទះ​ច្រើន​ជាង​គេ​រួម​មាន៖

– រលាក​ក្រពះ​រ៉ាំរ៉ៃ៖ គ្រូពេទ្យ​ជឿ​ថា ជំងឺ​នេះ​អាច​បង្ក​ឲ្យ​​លេច​ចេញ​ដុំឫស​ តម្រូវ​ឲ្យ​គ្រូពេទ្យ​ត្រូវ​កាត់​យក​ដុំ​ទាំង​នោះ​ចេញ។

– ជំងឺ​ដុំឫ​ស​តំណពូជ៖ អាច​ជា​រឿង​កម្រ​ តែ​ជំងឺ​តំណពូជ​ អាច​បង្ក​ដុំ​ឫស​នេះ​បាន​ដូច​គ្នា។

– ប្រើ​ថ្នាំ​ក្រពះ​មួយ​ចំនួន​ជា​ប្រចាំ៖ ប្រើ​ថ្នាំក្រពះច្រើនពេក ពិសេសពពួកថ្នាំ (PPI) ដើម្បី​ព្យាបាល​អាស៊ីដ​ក្នុង​ក្រពះ អាច​បង្ក​ជា​ដុំឫស​បាន តែ​មាន​រាង​តូចៗ ​មិន​បង្ក​បញ្ហា​រំខាន​ទេ។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​បង្កមានអ្វីខ្លះ?

កត្តា​ប្រឈម​ទៅកើតជំងឺ​នេះ​មាន​ដូច​ជា៖

– អាយុ (ភាគ​ច្រើន​នៅ​វ័យ​កណ្តាល)
– ឆ្លង​បាក់តេរី ​ក្នុង​ក្រពះ
– ជំងឺ​ដុំឫស​តំណ​ពូជ (ករណី​កម្រ)
– ការ​ប្រើ​ថ្នាំ​ពពួក​បន្សាប​អាស៊ីដ​ក្រពះ​ប្រភេទ PPIs ដូច​ជា ថ្នាំ Nexium ថ្នាំ Prilosec និង​ថ្នាំ Protonix

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

បើ​គ្រូពេទ្យ​សង្ស័យ​ថា​យើង​មាន​ជំងឺនេះ ​រោគ​វិនិច្ឆ័យ ក៏​ដូច​ជា​តេស្ត​មួយ​ចំនួន​នឹងត្រូវ​ធ្វើ​ឡើង​រួម​មាន៖

– តេស្ត​ដោយ​ឧបករណ៍ អង់ដូស្កុប អាច​ជួយ​គ្រូពេទ្យ​​មើលឃើញ​ស្ថានភាព​ខាង​ក្នុង​ក្រពះ
– ច្រឹប​សាច់​យក​ទៅ​ពិនិត្យ

៨- ព្យាបាល​ដោយ​វិធី​ណា?

អា​ស្រ័យ​លើ​ប្រភេទ​ដុំ​ឫស​ ខណៈ​ការ​ព្យាបាល​​មាន​ដូច​ជា៖

ដុំ​ឫស​​មិនមែន​ជា​ដុំ​សាច់​ក្រពេញ៖ ករណី​នេះ ​មិន​ចាំ​បាច់​ព្យាបាល​ទេ គ្រូពេទ្យ​នឹង​តាមដានជា​ប្រចាំ។

– ដុំ​ឫស​ធំៗ៖ ត្រូវ​កាត់​ចេញ​កុំ​ឲ្យ​រាំង​ស្ទះផ្លូវភ្ជាប់​រវាង​ក្រពះ និង​ពោះវៀន​តូច ភាគ​ច្រើន​គេ​អាច​កាត់​វា​ចេញ​អំឡុង​ពេល​ឆ្លុះ​អង់ដូស្កុប​តែ​ម្តង។

– ដុំ​សាច់​ក្រពេញ៖ ដុំ​ទាំង​នេះ​អាច​បង្ក​ជា​មហារីក តម្រូវ​ឲ្យ​កាត់​ចេញ​ពេល​ឆ្លុះ​អង់ដូស្កុប។

– ដុំ​ឫស​ទាក់ទង​ នឹងជំងឺ​ដុំឫស​តំណពូជ៖ ដុំ​ទាំង​នេះ​ត្រូវ​តែ​កាត់​យក​ចេញ​ព្រោះ​វា​អាច​បង្ក​ ​មហារីក​បាន។
គ្រូពេទ្យ​នឹង​ណែនាំ​យើង​ឆ្លុះ​អង់ដូស្កុប​ ដើម្បី​តាមដាន​ក្រែង​ដុំ​ឫស​កកើត​ជាថ្មី។ ករណី​មាន​ឆ្លង​មេរោគ គេ​ត្រូវ​ព្យាបាល​​មេរោគដោយ​ប្រើ​ថ្នាំ​ផ្សះ​ជាមុន។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– ញ៉ាំ​អាហារ​មាន​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ច្រើន
– កុំ​ផឹក​ស្រា​ច្រើន
– កុំ​ជក់​បារី
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក្សាទម្ងន់ ​និង​​សុខភាព​។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត