T-cell Lymphoma (មហារីកគ្រាប់ឈាមស)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​មហារីក​គ្រាប់​ឈាម​ស​ពពួក T-cell?

Lymphoma គឺ​ជា​មហារីក​ដែល​ចាប់​ផ្ដើម​កើត​ឡើង​ចេញ​ពី​កោសិកា​ Lymphocytes ​ជា​កោសិកា​ឈាម​ស​មួយ​ប្រភេទ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ។ វាជា​មហារីក​គ្រាប់​ឈាម​ស ដែល​កើត​ឡើង​ញឹកញាប់​បំផុត​ ហើយ​វា​បែង​ចែក​ជា​ពី​ប្រភេទ គឺ​ Hodgkin Lymphoma និង Non-Hodgkin Lymphoma អាស្រ័យ​លើ​ប្រភេទ​នៃ​កោសិកា​ឈាម​ស​ដែល​ចូល​រួម។

ជំងឺ​ Non-Hodgkin Lymphoma អាច​បែង​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ៖ B-cell Lymphoma និង T-Cell Lymphoma។ ជំងឺ T-cell Lymphoma អាច​លេច​ចេញ​ជា​ច្រើន​ទម្រង់ ហើយ​ការ​ព្យាបាល​អាស្រ័យ​លើ​ប្រភេទ និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។

– ប្រភេទ​មួយ​នៃ​ជំងឺ T-Cell Lymphoma គឺ Cutaneous T-cell Lymphoma (CTCL)។ CTCL ប៉ះ​ពាល់​ចម្បង​ទៅ​លើស្បែក ប៉ុន្តែ​ក៏​អាច​ប៉ះ​ពាល់បណ្ដុំ​សរសៃ​ទឹក​រងៃ ឈាម​និង​សរីរាង្គ​ខាង​ក្នុង​រាងកាយ។

CTCL ចែក​ចេញ​ជា​ពីរ​ក្រុម​ចម្បង៖

– Mycosis Fungoides ដែល​បណ្ដាលឲ្យ​កើត​ដំបៅ​ នាំឲ្យ​ងាយ​យល់​ច្រឡំ​ថា​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ​ទៀត ដូច​ជា រលាក​ស្បែក តាអក ឬ Psoriasis។

– Sézary syndrome ដែល​ជា​កម្រិត​ខ្ពស់​នៃ Mycosis Fungoides ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ឈាម ហើយ​អាច​រាល​ដាល​ដល់​បណ្ដុំ​សរសៃ​ទឹក​រងៃ និង​សរីរាង្គ​ខាង​ក្នុង។

ប្រភេទ​ផ្សេង​ទៀត​ស្ថិត​ក្នុង​ក្រុម​មហារីក​គ្រាប់​ឈាម​ស T-cell Lymphoma មាន​ដូច​ជា៖

– Angioimmunoblastic lymphoma

– Anaplastic large cell lymphoma (ALCL). រួម​មាន​បី​ប្រភេទ​(Subtypes)ផ្សេង​ទៀត​។ ហើយ​វា​អាច​ប៉ះពាល់​ដល់​ស្បែក ក្រពេញ​ទឹក​រងៃ និង​សរីរាង្គ​ផ្សេង​ទៀត។

– Precursor T-lymphoblastic lymphoma/leukemia. ជំងឺ​នេះ​ចាប់​ឈឺ​ចេញ​ពី​ក្រពេញ​ទីមុស (Thymus) និង​រាល​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​របស់​សួត។

– Peripheral T-cell lymphoma – unspecified

ជំងឺ T-Cell Lymphoma ដែល​កម្រ​រួម​មាន៖

– Adult T-cell leukemia/lymphoma

– Extranodal natural killer/T-cell lymphoma, nasal type

– Enteropathy-associated intestinal T-cell lymphoma (EATL)

– Lymphoblastic lymphoma

២- មហារីក​គ្រាប់​ឈាម​ស T-Cell កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

យោង​តាម​អង្គការ​ជំងឺ​មហារីក​អាមេរិក តិច​ជាង ១៥ភាគរយ នៃ​អ្នក​​ជំងឺ​មហារីក​គ្រាប់​ឈាម​ស Non-Hodgkin Lymphoma គឺ​ជា​ប្រភេទ​ជំងឺ​មហារី​កគ្រាប់​ឈាម​ស T-cell Lymphoma ។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

មហារីក​ប្រភេទ​នេះ គ្មាន​រោគ​សញ្ញា​អ្វី​លេច​ឡើង​នៅ​ដំណាក់​កាល​ដំបូង​ទេ។ ប៉ុន្តែ​បើស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​រោគសញ្ញា​ នឹង​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ជំងឺ​ស្ថិត​ក្នុង​ក្រុម​មហារីក។

រោគ​សញ្ញា​របស់ជំងឺ​ផ្សិត​លើស្បែក (Mycosis fungoides) រួម​មាន៖

– រមាស់
– ឡើង​បន្ទះ​ក្រាស់
– ស្បែក​បែក​ស្រកា​ជា​បន្ទះ​រាប​ស្មើ
– ដុំ​សាច់​អាច​វិវដ្ត ឬ​មិន​វិវដ្ត​ទៅ​ជា​ដំបៅ។

រោគ​សញ្ញា​ជំងឺ Sezary syndrome មាន​ដូចជា៖

– ហើម
– សរសៃ​ទឹក​រងៃ​រីកធំ
– ក្រចក និង​សក់​មាន​ការ​ផ្លាស់​ប្ដូរ
– កន្តួល​ក្រហម​ និង​រមាស់គ្របដណ្ដប់​ទៅ​លើ​រាងកាយ និង​ត្របកភ្នែក។

មិនមែន​ទម្រង់​ទាំង​អស់​របស់​មហារីក​គ្រាប់​ឈាម​ស ​T-cell Lymphoma សុទ្ធ​តែ​ធ្វើ​​ឲ្យ​មាន​រោគ​សញ្ញា​លើ​ស្បែក​ទេ អាច​បណ្ដាល​ឲ្យ​មាន​លក្ខណៈ​ផ្សេងៗ​ទៀត​ដូចជា៖

– អស់​កម្លាំង
– តឹង​ពោះ
– នោម​ញឹក
– ទល់​លាមក
– ក្ដៅ​ខ្លូន​គ្មាន​មូលហេតុ
– ងាយ​ហូរ​ឈាម ឬ​ដាច់​រលាត់
– ងាយ​ឆ្លង​មេរោគ ម្តង​ហើយ​ម្តង​ទៀត
– ឈឹ​ពោះ​ជាប់​ នៅ​ផ្នែក​ខាង​ឆ្វេង​ បណ្ដាល​ពី​ហើម​អណ្ដើក។

៤- គួរ​ទៅ​ជួប​ពេទ្យ​ណៅ​ពេលណា?

បើ​យើងមាន​រោគ​សញ្ញា​ដូចខាងលើ​ ឬ​សំនួរ​ណាមួយសូមទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ រាងកាយ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ខុសៗ​គ្នា។ ជម្រើស​​ល្អ​បំផុត ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

សម្រាប់​ប្រភេទ​ជំងឺ​មហារីក​គ្រាប់​ឈាម​ស T-cell lymphoma នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយទេ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

ចំពោះ​មហារីក​គ្រាប់​ឈាម​ស T-cell lymphoma មាន​កត្តា​ប្រឈម​ជា​ច្រើន​ដូចជា៖

– កត្តា​អាយុ៖ ជំងឺ Lymphoma ភាគ​ច្រើន​កើត​លើ​មនុស្ស​វ័យ ៦០ ឆ្នាំ​ឡើង ប៉ុន្តែ​មាន​ប្រភេទ​ខ្លះ​ទៀត​​ច្រើន​កើត​លើ​ក្មេងៗ និង​មនុស្ស​​ពេញ​វ័យ។

– កត្តា​ភេទ៖ ប្រភេទ​ជំងឺ​ខ្លះ​ងាយ​កើត​លើ​ស្ត្រី​ឯ​ខ្លះ​ទៀត​ងាយ​កើត​លើ​បុរស។

– ជាតិ​សាសន៍ និង​ភូមិ​សាស្ត្រ៖ នៅ​សហរដ្ឋ​អាមេរិក ជន​ជាតិ​អាហ្វ្រិក និង​ជនជាតិ​អាស៊ី មាន​ការ​ប្រឈម​ទាប​នឹង​ជំងឺ non-hodgkin lymphoma ជាង​ជនជាតិ​អាមេរិក​ស្បែក​ស ហើយ​ភាគ​ច្រើន​នៃ​ជំងឺ​នេះ​កើត​នៅ​ប្រទេស​អភិវឌ្ឍន៍។

– ធាតុ​គីមី និង​វិទ្យុសកម្ម៖ វិទ្យុ​សកម្ម​នុយក្លេអ៊ែរ និង​សារធាតុ​គីមី​ខ្លះ​ទៀត​ ​ប្រើ​ក្នុងវិស័យ​កសិកម្ម អាច​ជាប់​ពាក់ព័ន្ធ​ជំងឺ​នេះ។

– ខ្សោយ​ប្រពន្ធ័​ភាព​ស៊ាំ៖ នៅ​ពេល​ប្រពន្ធ័​ភាព​ស៊ាំ​ខ្សោយ​ ច្រើន​តែ​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។ពិសេស​អ្នក​កើត​អេដស៍ ឬ​វះកាត់​ប្ដូរ​សរីរាង្គ។

– មាន​ជំងឺ​ប្រពន្ធ័​ភាព​ស៊ាំ៖ នៅ​ពេល​ប្រពន្ធ័​ភាព​ស៊ាំ​ប្រឆាំង​ទៅ​នឹង​កោសិកា​រាងកាយ​ខ្លួនឯង ដូចជា រលាក​សន្លាក់ (Rheumatoid Arthritis) និង​ជំងឺ​ Celiac អាច​បង្ក​ជា​ជំងឺ​មហារីក​គ្រាប់​ឈាមស​បាន។

–  ឆ្លង​មេរោគ៖ វីរុស និង​បាក់តេរីមួយចំនួន អាច​ធ្វើ​ឲ្យកើនឡើងហានិភ័យ​ខ្ពស់ ដូច​ជា​ពពួក​វីរុស​ Epstein-Barr ​បណ្ដាល​ឲ្យ​មាន​កោសិកា​ឈាម​ស​កាន់​លើស​កម្រិត (Glandular Fever)។

– វះកាត់​កែ​សុដន់៖ បណ្ដាលឲ្យ​កោសិកា​មហារីក T- ​Cell lymphoma នៅ​ក្នុង​ជាលិកា​សុដន់​រីក​ឡើង​ធំ។

– ទម្ងន់ និង​​របប​អាហារ៖ ផល​វិបាក​​ធាត់ពេក អាច​វិវដ្ត​ទៅ​ជា​ជំងឺ Lymphoma (មហារីក​កូន​កណ្តុរ) ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ត្រូវ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀតដើម្បី​បញ្ជាក់​។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

មិនមាន​ការ​តាម​ដាន​ជា​ប្រចាំ Lymphoma ទេ បើ​សិន​មាន​រោគសញ្ញា​ឆ្លងវីរុស គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យ​នឹង​សួរនាំ​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​ប្រវត្តិជំងឺក្នុង​គ្រួសារ ដើម្បី​ព្យាយាមវិនិច្ឆ័យ​អំពី​​ស្ថានភាព​ជំងឺ។

ពិនិត្យ​រាងកាយ​លើ ​ពោះ​ និង​ទ្រូង ក ក្រលៀន ​ក្លៀក ជា​កន្លែង​អាច​ហើម។ គ្រូពេទ្យ​នឹង​រកមើល​សញ្ញា​ឆ្លង​មេរោគ​នៅ​សរសៃ​ទឹករងៃ ដែល​ជា​មូលហេតុ​បង្កឲ្យ​ហើម។ គ្រូពេទ្យ​ក៏អាច​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖

– តេស្តឈាម ​និង​ច្រឹបសាច់​ អាច​រកវត្តមានជំងឺមហារីក និង​ភាព​ខុស​គ្នា​របស់​មហារីក។ គ្រូពេទ្យ​នឹង​ច្រឹប​​យក​ជាលិកា​ទឹករងៃ​ទៅ​ពិនិត្យ​នៅ​មន្ទី​ពិ​សោធន៍ ឬ​វះកាត់​អាច​យក​សរសៃ​ទឹក​រងៃ​ទាំង​អស់ ឬ​មួយ​ចំណែក​ទៅ​ពិនិត្យ។

ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​ម្ជុល​ដើម្បី​យក​ជាលិកា ឬច្រឹបយក​ខួរ​ឆ្អឹង ដែល​ជា​តេស្ត​​ចាំ​បាច់​ត្រូវធ្វើ ប៉ុន្តែ​វិធី​នេះ​ទាម​ទារ​ចាក់ថ្នាំ​សណ្ដំ​ ​ឬថ្នាំ​ស្ពឹក។ ច្រឹប​សាច់ ឬ​តេស្ត​ផ្សេងទៀត​អាច​បញ្ជាក់​ពី​ដំណាក់​កាល​មហារីក អាច​ដឹង​ការ​រាលដាល​ទៅ​ផ្នែក​ផ្សេងទៀត​ក្នុង​រាងកាយ ឬ​យ៉ាង​ណា។

– តេស្ត​រូបភាព​ដូចជា​ CT Scan និង MRI កាំ​រស្មីអ៊ិច​នៅ​ទ្រូង ពោះ និង​ត្រគាក ព្រម​ទាំង​ការ​ស្កែន​ដោយ​ប្រើ​រលក​សម្លេង ឬ PET Scan ជា​ដើម។

– Spinal tap គឺប្រើ​ម្ជុល​វែង ​និង​ស្ដើង​ ចាក់ចូលបូម​យក​ទឹកខួរឆ្អឹងខ្នង​មកពិនិត្យ។

ដំណាក់​កាល​​មហារីក​អាស្រ័យ​លើ​ប្រភេទ កម្រិត​លូត​លាស់ និង​លក្ខណៈ​របស់​កោសិកា។ នៅ​ក្នុង​ដំណាក់កាល​ ០ ដំណាក់កាល​ទី ១ ត្រូវ​កំណត់​នៅ​កន្លែង​តូចៗ ខណៈ​ក្នុង​ដំណាក់កាល​ទី ៤ គឺ​ពេល​កោសិកា​មហារីក​រាលដាល​ដល់​សរីរាង​ផ្សេងទៀត។

មហារីក​កូន​កណ្ដុរ (មហារីកគ្រាប់ឈាមស) គឺ​មាន​ដុំរឹង​នៅ​កន្លែង​ណា​មួយ ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល អាស្រ័យ​ទៅលើ​ប្រភេទ​មហារីក​គ្រាប់​ឈាម​ស T-cell Lymphoma កម្រិត​ស្ថាន​ភាព​ជំងឺ ជា​ធម្មតា​ត្រូវការ​ព្យាបាល​លើស​ពី​មួយ​វិធី​សាស្ត្រ។

ជំងឺ Mycosis Fungoides និង Sezary syndrome អាច​ព្យាបាល​ផ្ទាល់​ទៅ​លើ​ស្បែក​ដូច ​ការ​ព្យាបាល​ប្រពន្ធ័ភាពស៊ាំ​ដែរ មាន​ដូច​ជា៖

ព្យា​បាល​ស្បែក

មាន​ប្រេង ក្រែម និង​​ជែល​ អាច​លាប​ផ្ទាល់លើ​ស្បែក​ ដើម្បី​ត្រួតពិនិត្យ​រោគសញ្ញា​មហារីក និង​ករណី​បំផ្លាញ​កោសិកា​មហារីក។ ការ​ព្យាបាល​មួយ​ចំនួន​ទៀត​ទាំងនេះ​មាន​ដូចជា៖

– Retinoids (ថ្នាំ​​សំយោគ​​ពី វីតាមីន A) នាំ​ឲ្យ​ផល​រំខាន​មាន ​រមាស់ ឈឺ និង​ប្រតិកម្ម​ជាមួយ​ពន្លឺ​ព្រះអាទិត្យ ហើយ​មិន​អាច​ប្រើ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ។

– ប្រើ​ពពួក Corticosteroids យូរ​អាច​ធ្វើឲ្យ​ស្បែក​ស្ដើង។

– ព្យាបាល​ដោយ​សារ​ធាតុ​គីមី នាំ​ឲ្យ​ធ្វើឲ្យ​ឡើង​ក្រហម ​និង​ហើម អាច​ធ្វើ​ឲ្យ​កើនឡើង​នូវ​ភ្នាក់ងារ​ប្រឈម​មហារីក​ផ្សេងៗ​ទៀត។ យ៉ាងណា​ក៏ដោយ ​ផល​រំខាន​នៅ​តិចជាង​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​តាម​មាត់ ឬ​ចាក់​ចូល​សរសៃ​ឈាម។

ព្យាបាល​តាម​ចរន្ត​សរសៃ​ឈាម

ថ្នាំ​សម្រាប់​មហារីក T-cell lymphoma រួម​មាន​ថ្នាំ​លេប ឬ​ចាក់ និង​ថ្នាំ​ចាក់​តាម​សរសៃ​ផ្សេង​ទៀត។ គោលដៅ​ព្យាបាល ​និងព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី​រួមគ្នា កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង ហើយ​ការ​ព្យាបាល​ទាំង​នោះ​រួម​មាន៖

– ព្យាបាល​ដោយ​សារធាតុ​គីមី​រួមគ្នា CHOP រួមមានសារធាតុ Cyclophosphamide សារធាតុ Hydroxydoxorubicin សារធាតុ Vincristine និងសារធាតុ Prednisolone។

– ថ្នាំ Pralatrexate (Folotyn)

– ថ្នាំ Bortezomib (Velcade) ថ្នាំ Belinostat (Beleodaq) ឬ​ថ្នាំ Romidepsin (istodax)។

– ថ្នាំ​ប្រពន្ធ័​ភាពស៊ាំ​ ​ដូចជា​ Alemtuzumab(Campath) និង Denileukin diftitox (Ontak)។

ករណី​មហារីក​មាន​ការវិវត្ត យើង​អាច​បញ្ចូល​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​លើស​ ២ ​ឆ្នាំ។ ផល​រំខាននៃ​ការ​ព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី​មាន​ដូចជា៖

– ជ្រុះ​សក់
– ចង្អោរ និង​ក្អួត
– ទល់​លាមក ឬ​រាក
– ស្លេក​ស្លាំង ខ្វះ​ឈាម​ក្រហម អស់​កម្លាំង ខ្សោយ និង​ហត់
– នាំ​ឲ្យ​ខ្វះ Neutropenia ប្រភេទ​នៃ​ជាលិកា​ឈាម​ស ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ
– មាន​ជំងឺ​ប្លាកែត​ថយ​ចុះ (Thrombocytopenia)​ ​ធ្វើ​ឲ្យ​ឈាម​មិន​ងាយ​កក។

ព្យាបាល​ដោយកាំ​រស្មី

កាំរស្មី​ UVA និង UVB អាច​សម្លាប់​កោសិកា​មហារីក​នៅ​លើ​ស្បែក​បាន។ ជា​ទូទៅ​ត្រូវ​បាន​​ធ្វើ ​២-៣​ ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​ប្រើ​អំពូល​ភ្លើង​ពិសេស។ ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី UVA គឺ​ត្រូវ​ប្រើ​អម​ជាមួយ​ថ្នាំ​ដែល​គេ​ហៅ​ថា Psoralens។ កាំ​រស្មី UVA ធ្វើ​ឲ្យ Psoralens មាន​សកម្មភាព សម្លាប់​កោសិកា​មហារីក ហើយ​ផល​រំខាន​រួម​មាន ចង្អោរ និង​ប្រែប្រួល​ស្បែក ​និង​ភ្នែក។ កាំ​រស្មី UV អាច​នាំ​ឲ្យ​កើន​ឡើង​កត្តា​ប្រឈម​ជំងឺមហារីក​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ។

ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម

ប្រើ​សារធាតុ​វិទ្យុ​សកម្ម​ដើម្បី​សម្លាប់​កោសិកា​មហារីក នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លះ​លើ​ស្បែក ប៉ុន្តែ​សរីរាង្គ​ខាង​ក្នុង​មិន​រងផល​ប៉ះ​ពាល់​ទេ។សារធាតុ​វិទ្យុ​សកម្ម អាច​ធ្វើ​អោយ​ស្បែក​រលាក​បណ្ដោះ​អាសន្ន​និង​ធ្វើ​អោយ​អស់​កម្លាំង។

វិធី​ព្យាបាល Extracorporeal photopheresis (ព្យាបាល​គ្រាប់​ឈាម​ដោយ​ម៉ាស៊ីន)

វិធី​នេះ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ឈាម​ស ​Mycosis fungoides ឬ Sezary syndrom។ ក្រោយ​ព្យាបាល​រយៈពេល ២ថ្ងៃ ឈាម​យើង​នឹង​ត្រូវ​គ្រូពេទ្យ​ផ្លាស់​ប្ដូរ​ យក​ទៅ​ព្យាបាល​ដោយ​កាំ​រស្មី UV និង​ថ្នាំ​ ដើម្បី​សម្លាប់​កោសិកា​មហារីក​ក្នុង​គ្រាប់​ឈាម។ បន្ទាប់​ពី​ឈាម​ត្រូវ​បាន ​ព្យាបាល​រួចរាល់ នឹង​ត្រឡប់​ទៅ​ក្នុង​រាងកាយ​វិញ។ ព្យាបាល​បែប​នេះ មាន​ផល​រំខាន​តិច​តួច ​ដូចជា គ្រុនក្ដៅ ចង្អោរ វិលមុខ និង​ស្បែក​ឡើង​ក្រហម។

ព្យាបាលដោយផ្សាំកោសិកាដើម ​(Stem cell transplant)

វិធី​នេះ​ធ្វើដើម្បីផ្លាស់ប្តូរខួរ​ឆ្អឹងកើត​មហារីក​​ ​ជំនួស​មក​វិញ​នូវខួរ​ឆ្អឹងថ្មី​មាន​សុខភាពល្អ។ មុន​ពេល​អនុវត្ត​វិធី​នេះ ត្រូវ​ប្រើ​សារធាតុ​គីមី​ដើម្បី​កំចាត់​មហារីក​ចេញ​សិន។ អាច​បង្កផល​វិបាក បរាជ័យ​ផ្សាំ​សរីរាង្គ​ថ្មី (Graft failure) ខូចសរីរាង្គ និង​មាន​មហារីក​ថ្មី​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​និង​វិធីព្យបាល​នៅ​ផ្ទះ ​អាច​ជួយ​​​ឲ្យ​អ្នក​ជំងឺ​​ដោះ​ស្រាយ​ការ​ប្រឈម និង​គ្រប់គ្រង​ជំងឺ​នេះ​បាន។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ អ្វី​គួរ​ធ្វើ ​អ្វី​មិន​គួរ​ធ្វើ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019