Thrombocytopenia (ប្លាកែតចុះទាប)

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

និយមន័យ

១- អ្វីជា​ជំងឺ​ប្លាកែត​ចុះ​ទាប?

ប្លាកែត សំដៅ​លើ​ជា​កោសិកា​ឈាម​ ដែល​មាន​នាទី​សំខាន់​ធ្វើ​ឈាម​កក ហើយ​ជំងឺ​ប្លាកែត​ចុះទាប កើត​ឡើង​ដោយ​សារ​ការ​ខ្វះ​ចំនួន​ប្លាកែត​ក្នុង​ឈាម បញ្ហា​សុខភាព អាច​ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ​មួយ​ចំនួន។ ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ទេ ហើយ​រោគសញ្ញា​ក៏​មាន​តិចតួច​ដែរ ហើយ​ករណី​កម្រ​ខ្លះ ​ចំនួន​ប្លាកែត​ធ្លាក់​ចុះ​ទាប ​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខ្លួន។

២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

អាច​កើត​លើ​កូន​ទាំងក្មេងៗ ​និង​មនុស្ស​គ្រប់​វ័យ។

រោគសញ្ញា

៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ?

រោគសញ្ញា​ជំងឺ​នេះ​កើត​​អាស្រ័យ​លើ​ចំនួន​ប្លាកែត​ក្នុង​ឈាម​ដូច​ជា៖

– ជាំ
– កន្ទួល​ក្រហម
– ឈាម​ច្រមុះ​ ឬ​អញ្ចាញ​ធ្មេញ
– ហូរ​ឈាម​មិន​ឈប់ ទោះបី​មាន​របួស​យូរ​ថ្ងៃ​ក្តី
– ឈាម​​រដូវ​ច្រើន
– ហូរ​ឈាម​តាម​រន្ធ​គូទ
– មាន​ឈាម​ក្នុង​លាមក​ ឬ​ទឹក​នោម
– អស់​កម្លាំង។

ក្នុង​ករណី​ធ្ងន់​ធ្ងរអាច​មាន​ហូរ​ឈាម​ក្នុង​ខ្លួន​បង្ក​អាការៈ​ដូច​ជា៖

– ឈាម​ក្នុង​ទឹក​នោម
– ឈាម​ក្នុង​លាមក
– ក្អួត​មាន​ឈាម ​ឬ​ខ្មៅ។

អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើមាន​ក្ដី​បារម្ភ​​ទាក់​ទង​រោគសញ្ញា ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​ប្រទះ​ឃើញ​រោគ​សញ្ញា ​ឬ​អាការៈ​ដូច​បាន​រៀប​រាប់​​ខាង​លើ ​ឬ​មាន​ចម្ងល់​ផ្សេងៗ​ សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​បញ្ចេញ​រោគ​សញ្ញា​ខុសៗ​គ្នា ​ល្អ​បំផុតត្រូវ​​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

ជំងឺ​ប្លាកែត​ចុះទាប អាច​បណ្ដាល​មក​ពី​កត្ដា​តំណ​ពូជ​ ឬ​បញ្ហា​វេជ្ជសាស្ដ្រ​មួយ​ចំនួន​ដូចជា៖

– បញ្ហា​ខួរ​ឆ្អឹង​៖ ​បណ្ដាល​ឲ្យ​ការ​ផលិត​ប្លាកែត​ថយ​ចុះ ក៏​ដូចជា​ជំងឺ​មួយ​ចំនួន​មាន មហារីក​គ្រាប់​ឈាម ជំងឺ​ស្លេក​ស្លាំង ក្រិន​ថ្លើម ថ្នាំ​ព្យាបាល​ដោយ​សារធាតុ​គីមី កង្វះ​វីតាមីនB9 B12និង​ជាតិ​ដែក។

– ប្រមូល​ផ្តុំ​ប្លាកែត៖ អណ្ដើក​មាន​បញ្ហា​បង្ក​ដោយ​ជំងឺ​មួយ​ចំនួន ធ្វើ​ឲ្យ​បាត់​បង់​មុខងារ ប្រឆាំង​មេរោគ ​និង​បញ្ចេញ​សារធាតុ​មិន​ល្អ​ចូល​ក្នុង​ឈាម។ អណ្ដើក​ចាប់​ផ្ដើម​រីក​ធំ ផ្ទុក​ប្លាកែត​បាន​យ៉ាង​ច្រើន​ ធ្វើ​ឲ្យ​ចំនួន​ផ្លាកែត​ថយ​ចុះ​ក្នុង​ឈាម។

– បែក​ប្លាកែត៖ ដោយ​សារ​ជំងឺ​មួយ​ចំនួន ​បណ្ដាល​ឲ្យប្លា​កែត​ខូច​ខាត។

– មាន​ផ្ទៃ​ពោះ​៖ ជំងឺ​ប្លាកែត​ចុះទាប អាច​កើត​កំឡុង​ពេល​មាន​ផ្ទៃពោះ​ដូចគ្នា តែ​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​បេប៊ី​រួច។

– ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ៖ មាន​ជំងឺ Immune thrombocytopenia ដែល​ទាក់ទង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ។

– បាក់តេរី​ក្នុង​ឈាម៖ ឆ្លង​បាក់តេរី ​ធ្វើ​ឲ្យ​ប៉ះពាល់​សរសៃ​ឈាម ​និង​បំផ្លាញ​ប្លាកែត។

– ជំងឺ Thrombotic thrombocytopenia purpura ជា​ជំងឺ​កម្រ​កើត ​ដោយ​សារ​ការ​កើន​ឡើងចំនួន​កំណក​ឈាម ​នាំឲ្យ​រាង​កាយ​ប្រើ​អស់​បរិមាណ​ប្លាកែត​ដែល​មាន។

– ជំងឺបែកគ្រាប់ឈាម៖ បណ្ដុំ​រោគ​សញ្ញា​ជំងឺ Hemolytic Uremic Syndrome (ជំងឺ​បែក​គ្រាប់​ឈាម នោមមានឈាម)។យ៉ាងណា ស្ថិតក្នុង​លក្ខខណ្ខ​កម្រ ​កើតឡើង​ តាមរយៈការ​ឆ្លង​បាក់តេរី​ E.coli។

– ឱសថ​មួយ​ចំនួន​ អាច​មាន​ឥទ្ធិពល​ដល់​ប្រព័ន្ធភាព​ស៊ាំ ​បន្ថយ​ចំនួន​ប្លាកែត​ ដូច​ជា​ថ្នាំ Heparin (ថ្នាំពង្រាវឈាម) និងថ្នាំ​ផ្សះ​មាន​ផ្ទុក​សារធាតុ Sufla។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​ប្លាកែត​ចុះទាប មាន​ដូចជា៖

– ប៉ះពាល់​ជា​មួយ​សារធាតុ​ពុល
– ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន
– ឆ្លងមេរោគ
– បញ្ហា​តំណ​ពូជ​
– បញ្ហា​សុខភាព​ដូច​ជា​មហារីក​ ជំងឺ​ស្លេក​ស្លាំង​ Aplastic Anemia ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​ខ្លួន​ឯង។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយរក​មើល​ស្នាម​ជាំ ​ឬ​កន្ទួល​ក្រហម​ ​អាច​ជា​រោគសញ្ញា​​ជំងឺ​នេះ និង​សាក​សួរ​ប្រវត្តិ​ជំងឺ ​លក្ខខណ្ខ​សុខភាព​ ក៏​ដូច​ជា​ថ្នាំយើង​កំពុង​ប្រើប្រាស់ ហើយ​ត្រូវ​ស្នើ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖

– ធ្វើ​តេស្ដ​ឈាម៖ ដើម្បីរាប់​គ្រាប់​ឈាម​ (CBC) រួម​មាន​ចំនួន​​ផ្លាកែត និង​អាច​ធ្វើ​តេស្ដ​កំណក​ឈាម​ជា​មួយគ្នា ដើម្បី​ដឹង​ពី​រយៈពេល​​​ឈាមកក ​និង​កត្តា​ជះ​ឥទ្ធិពល​ផ្សេងទៀត។

– អេកូ​ពិនិត្យ​អណ្ដើក រីក ឬ​អត់។

– ច្រឹប​កោសិកា និង​​បូម​​ខួរ​ឆ្អឹង​ទៅ​ពិនិត្យ​ ដើម្បី​បញ្ជាក់​​បញ្ហា​​សង្ស័យ​ណា​មួយ​ក្នុង​ប្រព័ន្ធ​ខួរ​ឆ្អឹង។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាលផ្អែក​លើ​មូល​ហេតុ​​ទាក់​ទង​និង​ជំងឺ បើ​បណ្ដាល​មក​ពី​ជំងឺ ​ឬ​ថ្នាំ គ្រូពេទ្យ​នឹង​ផ្ដល់​ការ​ព្យាបាល​ទៅ​តាម​លក្ខខណ្ខ​នីមួយៗ។ បើ​សិន​ចំនួន​ប្លាកែត​ធ្លាក់​ចុះ​ខ្លាំង​ ចាំបាច់​ត្រូវ​ទទួល​ការ​ថែ​ទាំ​ផ្នែក​វេជ្ជសាស្ដ្រ​ដូច​ជា៖

– វះកាត់​​យក​អណ្ដើក​ចេញ (ក្នុង​ករណី​ចាំ​បាច់)
– បញ្ជូល​ឈាម ​ឬប្លាកែត​ដើម្បី​បង្គ្រប់​ចំនួន​ផ្លាកែត​​បាត់​បង់
– ឱសថ​សម្រាប់​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ ​ដូច​ជា​ថ្នាំ ​ក័រទីកូអ៊ីត​ (Corticoid) ដើម្បី​ទប់​អង់ទីករ​ប្លាកែត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ចៀស​វាង​​ត្រូវ​របួស​ដោយ​សារ​សកម្មភាព​ផ្សេងៗ ​ឬ​លេង​កីឡា
– កាត់​បន្ថយ​ផឹក​ស្រា
– ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ឱសថ​ផ្សេងៗ​ ដើម្បី​ចៀស​វាង​ផល​រំខាន​នានា។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019