Toxocariasis (ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ជា​អ្វី​?

ជំងឺ​នេះ​គឺ​កើត​ឡើង​ដោយសារ​ប៉ារ៉ាស៊ីត​ដែល​ចម្លង​មក​មនុស្ស​ដោយ​សារ​សត្វ។ ព្រូន ឬ​ ​បង្កូវ​ព្រូន​នេះ ​មាន​រូប​រាង​មូល​ហើយ​ភាគ​ច្រើន​សត្វ​ដែល​ផ្ទុក​ច្រើន​ជាង​គេ​គឺក្នុងពោះវៀន​ឆ្កែ​ និង​ឆ្មា។

តើ​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​​ទេ?

មនុស្ស​ដែល​មាន​ការ​ចម្លង​មក​ហើយ​ជាទូទៅ​គ្មាន​រោគ​សញ្ញា​នោះ​ទេ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

រោគ​សញ្ញា

តើ​រោគ​សញ្ញា​របស់​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​មាន​អ្វី​ខ្លះ?

មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​ការ​ចម្លង​មក​នូវ​ដង្កូវ​ព្រូន​ប្រភេទ​នេះ​ចូល​ក្នុង​ខ្លួន​ហើយ​វា​​អាច​​​ស្លាប់​ដោយ​ឯកឯង​មិន​ចាំ​បាច់​ព្យាបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​។ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​លេច​ឡើង​ជា​រោគ​សញ្ញា​ដូចជា​៖

  • ក្អក
  • ឡើង​កម្ដៅ​ ៣៨អង្សារ​សេ​ ​ឬ​ខ្ពស់​ជាង​នេះ
  • ឈឺ​ក្បាល
  • ឈឺ​ពោះ

ក្នុង​ករណី​កម្រ​កូន​ដង្កូវ​ព្រូន​នេះ​វា​អាច​ទៅ​ធ្វើ​ទុក្ខ​ទោស​លើ​ថ្លើម​ ​សួត ​ភ្នែក ​​ឬ​ខួរក្បាល​ដែល​បង្ក​ជា​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា​៖

  • ហត់​អស់​កម្លាំង
  • ស្រក​ទម្ងន់​និង​មិន​ឃ្លាន​អាហារ
  • រមាស់​ស្បែក
  • ឧស្សាហ៍​កណ្ដាស់​ ​និង​ពិបាក​ដក​ដង្ហើម
  • ប្រកាច់
  • ព្រឹល​ភ្នែក​ហើយ​ភាគ​ច្រើន​ប៉ះ​តែ​លើ​ភ្នែក​ម្ខាង
  • ភ្នែក​ឡើង​ក្រហម​និង​ឈឺ​ខ្លាំង
  • អាច​មាន​សញ្ញាផ្សេង​ទៀត (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម)។

​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​​​ពេល​ណា?

ក្នុងករណី ​មាន​ចម្ងល់ ឬ​លេចចេញ​រោគសញ្ញា​ផ្សេង​មិន​ប្រក្រតី ហើយ​សង្ស័យ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាម ព្រោះ​ការ​ឆ្លើយតប ឬ​ដំណោះស្រាយ​ទៅ​នឹង​ជំងឺ អាច​ខុសគ្នា។

 

មូលហេតុ

តើ​មូលហេតុ​អ្វី​ទើប​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​នេះ​ឡើង​?

ប៉ារ៉ាស៊ីត​រាង​មូល​នេះ​ ជា​អ្នក​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស​ ដែល​រស់​នៅ​ក្នុង​ពោះវៀន​របស់​សត្វ​ឆ្កែ​ ឆ្មា​​ជា​ដើម។ ពង​របស់​ព្រូន​នេះ​វា​កប់​ក្នុង​​លាមក​របស់​សត្វ​ទាំង​នោះ​​នៅ​លើ​ដី​កខ្វក់​ជាដើម។

ពង​របស់​វា​អាច​ចម្លង​ទៅ​មនុស្ស​និង​បង្ក​ជំងឺ​បាន​គឺ​បន្ទាប់​ពី​ ១០​-២១​ថ្ងៃ​ក្រោយ​ចេញ​ពី​រាង​កាយ​របស់​សត្វ​ដូច​នេះ​វា​មិន​ចម្លង​តាម​លាមក​ថ្មី​ៗ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​អាច​ស្ថិត​នៅ​ក្នុង​ខ្សាច់​និង​ដី​ហើយ​អាច​រស់​នៅ​ដល់​ទៅ​រាប់​ខែ​ក៏​មាន​។

មនុស្ស​ឆ្លង​បាន​គឺ​ដោយ​សារ​ការ​ចូល​ទៅ​ក្នុង​មាត់​ផ្ទាល់។នៅ​ពេល​ណា​ដែល​វា​ចូល​ទៅ​ដល់​ក្នុង​ខ្លួន​ហើយ​វា​នឹង​ញាស់​បញ្ចេញ​កូន​ដង្កូវ​ព្រូន​ទាំង​នោះ​នៅ​ក្នុង​ពោះវៀន​ ​ហើយ​​វា​​អាច​ធ្វើ​ដំណើរ​បាន​គ្រប់​ទិស​ទី​ក្នុង​សារពាង្គ​កាយ​យើង។

លើស​ពី​នេះ​ទៀត​រាង​កាយ​មនុស្ស​មិន​មែន​ជា​កន្លែង​តែ​មួយ​ដែល​ពង​វា​អាច​ញាស់​បាន​នោះ​ទេ​វា​អាច​វិវត្ត​លើស​ពី​ការ​ពង​ទៅ​ទៀត​ដូចជា​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

ហានិភ័យ

តើ​កត្តា​ប្រឈម​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដង្កូវ​ព្រូន​ប្រភេទ​នេះ?

គ្រប់​មនុស្ស​ទាំង​អស់​មិន​ថា​ចាស់​ឬ​ក្មេង​សុទ្ធ​តែ​អាច​មាន​ឳកាស​កើត​ជំងឺ​នេះ​ទាំង​អស់​។ ក្មេង​តូច​ៗ​និង​អ្នក​ដែល​ចិញ្ចឹម​សត្វ​ឆ្មា​និង​ឆ្កែ​ ​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ។

រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល

រោគ​វិនិច្ឆ័យ

ទោះ​ជា​ការ​កំណត់​រោគ​វិនិច្ឆ័យ​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​យក​ជាលិកា​ទៅ​ពិនិត្យ​ក៏​ដោយ​ការ​ច្រឹប​យក​សាច់​វិភាគ​ទៅ​មើល​នៅ​តែ​មាន​ការ​លំបាក​តែ​ជា​កត្តា​ចាំ​បាច់។ ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​គឺ​ពឹង​ផ្អែក​លើ​សញ្ញា​គ្លីនិក​ ​និង​តេស្ត​ឈាម។

ការ​ព្យាបាល

ប្រសិន​បើ​គ្មាន​សញ្ញា​ ​ឬ​មាន​សញ្ញា​តិច​តួច​គឺ​មិន​ត្រូវ​ការ​ព្យាបាល​នោះ​ទេ។ ​ប៉ុន្តែ​អ្នកជំងឺ​​ត្រូវ​ប្រើ​ថ្នាំ​ (ទម្លាក់​សត្វល្អិត) ព្យាបាល​ពេល​ដែល​សង្កូវ​ព្រូន​នោះ​វា​ចូល​ទៅ​ដល់​សរីរាង្គ​។​ Albendazole ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ហើយ​ Mebendazole គឺ​ជម្រើស​បន្ទាប់។

ថ្នាំ​ទាំង​នេះ​គឺ​មិន​សូវ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​អ្នក​ខ្លះ​អាច​ឈឺ​ក្បាល​និង​ឈឺ​ពោះ​ក្រោយ​ពេល​ប្រើ​ដែរ។

គួប​ផ្សំ​ជាមួយ​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​នេះ​ហើយ​ថ្នាំ​ស្តេរ៉ូអ៊ីត​គឺ​ត្រូវ​ប្រើ​ផ្គួប​គ្នា​ដើម្បី​បន្ថយ​ការ​រលាក​ដោយសារ​ការ​ក​រោគ​ធ្ងន់ធ្ងរ។

ក្នុង​ករណី​ដង្កូវ​ព្រូន​ទៅ​ដល់​ភ្នែក​ថ្នាំ​ស្តេរ៉ូអ៊ីត​គឺ​គេ​ប្រើ​ជំនួស​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​។ ការ​វះកាត់​អាច​ជា​វិធី​ព្យាបាល​ដ៏​សម​ស្រប​នៅ​ពេល​ដែល​មាន​ការ​របើក​សរសៃ​បាត​ភ្នែក។ អ្នក​ខ្លះ​អាច​ជា​សះ​ស្បើយ​១០០%​ និង​មិន​មាន​ផលវិបាក​នោះ​ទេ​តែ​ក៏​នៅ​មាន​មួយ​ចំនួន​អាច​ទទួល​រង​ការ​បាត់​គំហើញ​តែ​ម្ដង​នៅ​ពេល​ដែល​ភ្នែក​តែ​ម្ខាង​ត្រូវ​បាន​ប៉ះពាល់។

ចំណេះដឹង​បន្ថែម

វិធី​សាស្ត្រ​ងាយ​ៗ​ដែល​ជួយ​ការពារ​និង​ជៀស​វាង​ជំងឺ​ដង្កូវ​ព្រូន​តុសូការីយ៉ាស៊ីស

អ្នក​អាច​យក​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ​យក​ទៅ​អនុវត្ត​បាន​ដូចជា៖

  • យក​សត្វ​ចិញ្ចឹម​​ទៅ​ឲ្យ​ពេទ្យ​សត្វ​ចាក់​ថ្នាំ​ឲ្យ​ការពារ​ និង​ទម្លាក់​សត្វ​ល្អិត។ ​ក្នុង​ករណី​ត្រូវ​ព្យាបាល​សូម​ស្ដាប់​តាម​ការ​ណែនាំ​របស់​ពេទ្យ​សត្វ។
  • លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​ក្រោយ​ពេល​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ ឬ​សត្វ​ដទៃ​ទៀត​ដែល​អាច​មាន​ដង្កូវ​ព្រូន​រួម​ទាំង​សកម្មភាព​ផ្សេង​ៗ​ជាមួយ​សត្វ​នៅ​ក្រៅ​ផ្ទះ​ និង​ពិសេស​មុន​ពេល​ញ៉ាំ​អាហារ។
  • បង្រៀន​ក្មេង​ឲ្យ​យល់​ដឹង​ពី​ប្រយោជន៍​នៃ​ការ​លាង​ដៃ ​និង​ការ​បង្ការ​រោគ​
  • មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កូនៗ​ទៅ​លេង​នៅ​កន្លែង​ណា​ដែល​មាន​សត្វ​មាន​មេរោគ​និង​ដី​កខ្វក់នោះ​ទេ​ពិសេស​កន្លែង​ដែល​មាន​លាមក​សត្វ។
  • សម្អាត​កន្លែង​ដែល​សត្វ​រស់​នៅ​យ៉ាង​ហោច​ណាស់ ​១​អាទិត្យ​ម្ដង​។ លាមក​សត្វ​ត្រូវ​យក​ទៅ​ចោល​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​កប់​ចោល​។ បន្ទាប់​មក​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ស្អាត​។
  • ប្រយ័ត្ន​បំផុត​ពេល​​កុមារ​បៀម​ដី(ដាក់ចូលមាត់) ​​ឬ​បៀម​វត្ថុ​មិន​ស្អាត​ក្នុង​មាត់​នោះ​ទេ។

 

 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 17, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 17, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"