Transthoracic Echocardiogram (អេកូបេះដូងលើទ្រូង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ជា​អេកូ​បេះដូង​លើទ្រូង?

អេកូ​បេះដូង​លើទ្រូង ​ជា​តេស្ត​ដោយប្រើ​​​​ឧបករណ៍​បំប្លែងរលក​សំឡេង​ទៅ​ជា​រូប​ភាព ជួយ​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​ផ្សេង​នៃ​បេះដូង។ ឧបករណ៍​នេះ​បញ្ចូន​សញ្ញា​តាម​រលក​សំឡេង​ខ្ពស់​ ទៅ​កាន់​ផ្នែក​ខុសៗ​គ្នា​របស់​បេះ​ដូង ហើយ​រលក​សញ្ញា​ទាំង​នោះ​ នឹង​បញ្ជូន​ត្រឡប់​មកវិញ​ជា​រូប​ភាព​បេះដូង​លើអេក្រង់។

អេ​កូ​បេះ​ដូង​មាន ​៤ ​ប្រភេទ​ខុសៗ​គ្នា ដូច​ជា អេ​កូ​ឆ្លុះ​ទ្រូង វាស់​ចង្វាក់​បេះដូង​ពេល​​កំពុង​ហាត់​ប្រាណ អេកូ​សរសៃ​ឈាម​បេះដូង (Doppler) អេ​កូ​ឆ្លុះ​បេះ​ដូង​តាម​បំពង់​អាហារ។ ក្នុង​ចំ​ណោម​​អេ​កូ​ទាំង​នេះ ភាគច្រើន​ពេទ្យ​និយម​ប្រើអេ​កូ​​បេះដូង​ឆ្លុះ​លើ​ទ្រូង ព្រោះ​តេស្ត​ប្រភេទ​នេះ ឧបករណ៍​បញ្ចូន នឹង​ចម្លង​រូបភាព​រូបភាព​ពេញ​លេញ​នៃ​បេះដូង​ងាយ​ពិនិត្យ​រក​មើល​បញ្ហា។

២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្តនេះ?

អេកូ​នេះ ​ជាធម្មតា​ធ្វើ​​ឡើង​ពេល​មានការធ្វើ​រោគ​វិ​និ​ច្ឆ័យ​​បញ្ហា​បេះ​ដូងមួយ​ ឬ​ច្រើន ដូច​ជា ពាក់ព័ន្ធ​សមត្ថភាព​ច្រ​បាច់ឈាម ឬ​បញ្ហា​ថត​បេះដូង។ មួយ​វិញ​ទៀត បើ​យើង ​សង្ស័យ​ថា​បេប៊ី មាន​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត ពេទ្យ​អា​ចប្រើវិធី​នេះ​បានដើម្បី​បញ្ចាក់​បាន។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​អេកូ​បេះដូង?

យោង​តាម​គ្រូពេទ្យ​ឯក​ទេស​ជា​ច្រើន ពិនិត្យ​បេះ​ដូង​ជាប្រចាំ ​គឺ​មិន​ចាំ​បាច់ទេ ទោះជាភាគច្រើនអ្នក​ជំងឺ​បេះដូង សុំ​គ្រូ​ពេទ្យ​ពិនិត្យខ្លួន​ឯង​ក៏​ដោយ។

ការ​ប្រើ​រលក​សំឡេង ​មិន​សូវ​ប៉ះ​ពាល់​ដល់​បេះ​ដូង ឬ​ខ្លួន​ប្រាណ​ទេ។ តេស្ត​នេះ អាច​មាន​សុវត្ថិភាព ករណី​យើង​មិន​ប្រើ​សារធាតុ​ពណ៌​ដើម្បី​ចាប់​រូបភាព​ភាព ព្រោះ​សារធាតុ​​នេះ​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ប៉ុន្តែ​យើង​អាច​ប្រើ​ថ្នាំ​ខ្លះកាត់​បន្ថយ​ប្រ​តិ​កម្ម​ទាំង​នោះ​បាន។

តេស្ត​បេះដូង​ដោយ​ឆ្លុះ​អេកូ​លើ​ទ្រូង អាចធ្វើ​រួមគ្នា និង​តេស្ត​មួយ​ចំនួន​ទៀត ​ដូច​ជា៖

– ស្កែន MRI បេះដូង ដើម្បី​លម្អិត ​និង​សង្ខេប​រូបភាព​តូចៗនៅ​ផ្នែក​ខាង​ក្នុង​របស់​បេះ​ដូង

– តេស្ត​ Radionuclide គឺ​ប្រើ​សម្រាប់​វាស់​ចរន្ត​ឈាម​រត់ និង​មុខ​ងារ​របស់​បេះដូង។ តេស្ត​ប្រភេទ​នេះ គ្រូពេទ្យ​នឹង​ចាក់​សារធាតុ​វិទ្យុសកម្ម (Radioactive) ចូល​ទៅ​ក្នុង​ខ្លួន ហើយ​ប្រើ​កាមេរ៉ាថត​រូបភាព ​នៅ​ពេល​​សារធាតុ​ទាំង​នោះ​មាន​ចលនា​នៅ​ជុំ​វិញ​បេះដូង។

សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ថា​តើ​វិ​ធី​មួយ​សក្តិសម​ជាមួយ​សុខភាព​យើង។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

ពិភាក្សា​ដោយ​ប្រុង​ប្រយ័ត្ន​ជា​មួយ​គ្រូ​ពេទ្យ​ពី​ស្ថានភាព​​បេះ​ដូង​ ឬថ្នាំ​យើង​ត្រូវ​លេប​ដើម្បី​ទទួលបាន​លទ្ធ​ផល​ល្អ។ ជា​ទូ​ទៅ​មិន​មានអ្វី​ចាំ​បាច់​ត្រៀម​ទុក ​មុន​​ឆ្លុះអេកូ​ឡើយ។

៥- មាន​អី្វ​កើត​ឡើង​ពេល​អេកូ​បេះដូង​លើទ្រូង?

ទាមទារ​គ្រូពេទ្យ​ឯកទេស ទទួល​បាន​ការ​ហ្វឹកហាត់​ច្បាស់លាស់​ ដើម្បីធ្វើ​អេ​កូ​បេះ​ដូងលើ​ទ្រូង អេកូ​ពេល​កំពុង​ហាត់ប្រាណ អេកូ​សរសៃ​ឈាម​បេះដូង និងអេ​កូ​ឆ្លុះ​បេះ​ដូង​តាម​បំពង់​អាហារ​ជាដើម។ បើ​យើង​មាន​ជំងឺលើស​ទម្ងន់ ​ឬជំងឺ​សួត​រ៉ាំរ៉ៃ ​គ្រូពេទ្យ​នឹង​សុំ​ចាក់​សារធាតុ​ចាប់ពណ៌​តាម​សរសៃ​ឈាម ព្រោះ​អា​ចធ្វើ​ឲ្យ​លទ្ធផល​កាន់​តែ​ច្បាស់។

​ត្រូវ​ដេកផ្ងារឬ បែរ​ទៅ​ខាង​ឆ្វេង និង​ចាប់​ខ្សែ​វាស់​ចង្វាក់​បេះដូង​​​តូចៗ (electrodes) លើ​ដៃ​ និង​ជើង​ ដើម្បី​តាម​ដាន​ចង្វាក់​បេះដូង​ពេល​កំពុង​ឆ្លុះ​អេកូ។

ដើម្បី​ងាយ​ស្រួល​ចាប់​រលក​សំឡេង គេ​ដាក់​ជែលម្យ៉ាង​ដូច​ចាហួយ​នៅ​ផ្នែកខាង​ឆ្វេង​ទ្រូង ហើយ​ប្រើ​ឧបករណ៍​សង្កត់​ជាប់លើ​​ទ្រូង ដើម្បី​បញ្ជូន​រលក​សំ​ឡេង​ទៅ​ក្នុង​ទ្រូង និង​ប្ដូរ​ពី​ម្ខាង​ទៅ​ម្ខាង​ ចាប់​យក​រូបភាព​តាមរយៈ​រលក​សំឡេង ហើយ​រលក​សំឡេង​នឹង​ត្រឡប់​ពី​ផ្នែក​ជាច្រើន​របស់​បេះដូង បំប្លែង​ទៅ​ជា​រូបភាព​លើ​អេក្រង់។

អេកូ​នេះ គ្រូពេទ្យ​ធ្វើ​នៅ​ក្នុង​បន្ទប់​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​រូបភាព និង​ទទួល​បាន​រូបភាព​លម្អិត​ពី​បេះ​ដូង។​ អំឡុង​ពេល​អេកូ យើងត្រូវ​នៅ​​ស្ងៀម ដកដង្ហើម​ចេញ ​និង​ចូល​មួយៗ ឈប់​ដក​ដង្ហើម ឬ​គេង​ផ្អៀង​​ខាង​ឆ្វេង ដោយ​ពេល​វេលា​ឆ្លុះ​អាច​ពី​ ៣០-៦០ នាទី។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​អេ​កូ​បេះ​ដូង?

មនុស្ស​ភាគតិច​ណាស់​មាន​បទពិសោធន៍​ជាមួយ​តេស្ត​ប្រភេទ​នេះ ករណី​បើ​យើង​ពិ​បាក​ដក​ដង្ហើម ឬ​មិន​អាច​គេង​ផ្ងារ​យូរ អំឡុង​ពេល​ពិនិត្យ​វិធី​ឆ្លុះ​អេកូ​បេះដូង​នេះ អាច​នឹង​ដំណើរ​ការ​មិនបាន​ដូចគ្នា។

ដើម្បី​ឆ្លុះអេ​កូ​ពីដើម​ដល់​ចប់ គួរ​សួរ​ពេទ្យរយៈ​ពេល​គេង​ផ្ងារ ដើម្បី​ប្រាកដ​ថា​យើង​មិន​ពិ​បាក ដក​ដង្ហើម​ ហើយ​ធ្វើ​បែបនេះ ភាគ​ច្រើន​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទាំង​អស់។

បើ​វិធី​នេះ​ទទួល​បាន​ផល​ល្អ ក៏​មិន​ចាំ​បាច់​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដែរ។ តែ​ករណី​វិធី​នេះ ​មាន​ភាព​មិន​ប្រ​ក្រ​តី គ្រូពេទ្យ​ឯកទេស​បេះ​ដូង​អាច​សុំ​ពិនិត្យ​បន្ថែម ​ដូច​ជា ធ្វើ​អេ​កូ​ម្ដង​ទៀត ៣-៤ ខែក្រោយ ស្កែន​បេះដូង ឬ​ថត​សសៃរ​ឈាម​ដោយ​កាំ​រស្មី​អ៊ិច។ ក្រោយ​វាយ​តម្លៃ​​រោគ​សញ្ញាតាម​រយៈលទ្ធ​ផល​ទទួល​បាន គ្រូ​ពេទ្យ​នឹង​ចេញវេជ្ជ​បញ្ជា​ព្យាបាល​ជំងឺ។

លទ្ធផល​

៧- លទ្ធផល​តេស្ត

ពេទ្យ​ឯកទេស​បេះ​ដូង​ អាច​ចេញ​លទ្ធ​ផល​ភ្លាមៗ ឬ​ក្រោយការ​ធ្វើ​តេស្តបាន​មួយ​ថ្ងៃ។

– លទ្ធផល​ប្រក្រតី៖ ​ថត​បេះដូង ​​ជញ្ជាំង​បេះ​ដូង​មាន​ទំ​ហំ​ធម្មតា មិន​សូវ​​ក្រាស់ និង​ចង្វាក់​បេះដូង​លោត​ធម្មតា ប្រឹស​បេះដូងក៏​ធ្វើ​ការ​ធម្មតា គ្មាន​លេច ឬ​ចង្អៀត មិន​មាន​​សញ្ញា​ឆ្លង​រោគ ឈាម​បាញ់​ចេញ​ពី​ថត​បេះ​ដូងខាង​ក្រោមផ្នែកខាង​ឆ្វេង ត្រូវ​ជា​មួយ​ចង្វាក់​បេះដូង។ គ្មាន​សារធាតុ​រាវច្រើន ក្នុង​ថង់​ជុំ​វិញ​បេះ​ដូង និង​ស្រទាប់ជុំ​វិញ​បេះ​ដូង​មិន​ក្រាស់​ខុស​ប្រ​ក្រ​តី និង​គ្មាន​ឈាម​កក​ ឬមានដុំ​សាច់នៅ​ក្នុង​ថត​បេះ​ដូង។

– លទ្ធផលមិនប្រក្រតី៖ ថត​បេះ​ដូង​ធំ​ពេក ភ្នាស់​បេះ​ដូង​ក្រាស់​ជាង​ធម្មតា ឬ​ភ្នាស់​ស្ដើង​មក​ពី​ឈាម​ហូរទៅ​សាច់​ដុំ​បេះ​ដូង​មិន​គ្រប់​គ្រាន់ ឬ​ដោយ​សារ​គាំងបេះ​ដូង។ ផ្នែក​ស្ដើង​ប៉ោងបេះ​ដូង ​ជា​សញ្ញា​ការ​ឡើង​ប៉ោង​នៅ​ថត​ក្រោម​បេះ​ដូង។ សាច់​ដុំ​បេះ​ដូង​មិន​អាច​ធ្វើ​ចលនា​តាម​ធម្មតា ដោយសារ​ឈាម​ថយ​ចុះ​បណ្តាល​មក​ពី​សរសៃ​ឈាម​ចង្អៀត។ ប្រឹស​បេះ​ដូង​មួយ ឬ​ពីរ​មិន​អាច​បើកបិទ​ជិត ​មើល​ទៅ​មិន​ប្រក្រី។ ឈាម​​រត់​ពី​ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង ថយ​ចុះខុស​ធម្មតា មានសារធាតុរាវច្រើន​ជុំ​វិញ​បេះ​ដូង ខណៈ​ជាលិ​កា​ក្រាល​ជុំ​វិញ​ឡើង​ក្រាស់ អាច​បង្ក​ជា​ដុំ​កំណក​ឈាម។

លទ្ធផល​អាស្រ័យ​​មន្ទីរ​ពិសោធន៍ និង​មន្ទី​ពេទ្យមួយចំ​នួន អាច​ប្រែ​ប្រួលខុស​គ្នា​បន្តិចបន្តួច។ សូម​ពិ​ភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​លទ្ធ​ផល​អេកូនេះ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

អ្នកអាចចូលចិត្ត