Urinary Retention (ទល់នោម)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វីជាជំងឺទល់នោម?

ការ​ទល់​នោម​ ជា​ជំងឺ​ម្យ៉ាង​កើត​ដោយ​សារ​អសមត្ថភាព​បញ្ចេញ​ទឹក​នោមឲ្យអស់​ពី​ប្លោក​នោម ដោយ​ជំងឺ​នេះ​បែង​ចែក​ជា​ ២​ប្រភេទ​ គឺ​ស្រួច​ស្រាវ​ និង​រ៉ាំរ៉ៃ។

២- កើតឡើងញឺកញាប់ដែរទេ?

ការ​សិក្សា​បាន​បញ្ជាក់​ថា ប្រុសៗ​គឺ​មាន​អត្រា​ប្រឈម​ករណី​ទល់​នោម​ច្រើន​ជាង​ស្រីៗ ពិសេស​ពេល​អាយុ​កាន់​តែ​ចាស់​តែ​ម្ដង​ ចន្លោះ​វ័យ ៤០-៨០ ​ឆ្នាំ។

រោគសញ្ញា

៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

ទល់នោម​ស្រួច​ស្រាវ​ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត ​បើ​មិន​ស្វែងរក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ។ យើង​អាច​មាន​អារម្មណ៍​ថា​រាន់​នោម​ខ្លាំង ​ប៉ុន្តែ​មិន​អាច​នោម​ចេញ​សូម្បី​តែ​មួយ​តំណក់។

ករណី​ទល់​នោម​រ៉ាំរ៉ៃ​ អាច​បង្ក​ផល​វិបាក​ជា​ច្រើន​ដោយសារ​តែ​ប្រុសៗ​មាន​ជំងឺ​ភាគ​ច្រើន មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​ជួប​វិបត្តិ​នេះ​ឡើយ ព្រោះ​ទល់​នោម​រ៉ាំរ៉ៃ​នៅ​តែ​អាច​នោម​បាន​ធម្មតា គ្រាន់​តែ​បញ្ចេញ​បរិមាណ​ទឹក​នោម​មិន​អស់​ពី​ក្នុង​ប្លោក​នោម​ប៉ុណ្ណោះ។

រោគ​សញ្ញា និង​អាការៈ​គួរ​តែ​ប្រញាប់​ទៅ​ជួយគ្រូ​​ពេទ្យ ដូចជា៖

– នោម​ញឹក​លើស​ពី ៨ ដង​ក្នុង​មួយ​ថ្ងៃ
– ពិបាក​នោម​
– នោម​បាញ់​មិន​បាន​ឆ្ងាយ ​អាក់​ៗ​
– នៅ​តែ​រាន់​នោម​ ទោះ​ទើប​តែ​នោម​ហើយ​ក៏​ដោយ
– នោម​យប់​ញឹក​ញាប់
– លេច​នោម​ភ្លាមៗទាំងមិនដឹងខ្លួន
– អសមត្ថភាព​ក្នុង​ការ​ទប់​នោម​
– មិន​អាច​កំណត់​បាន​ថា​ពេល​ណា​ឈឺ​នោម
– ឈឺ​ចាប់​ពិបាក​ទ្រាំ​នៅ​ម្ដុំ​ពោះ​ និង​លើ​ថ្ងាស

៤- ពេលណាគួរទៅជួបពេទ្យ?

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

ចលនា​បន្ទោបង់ ប្រព្រឹត្ត​ទៅ​បានអាស្រ័យ​លើ​ការ​បញ្ជា​នៃ​ខួរក្បាល​មក​លើ​សាច់​ដុំ​ខ្ជឹប​របស់​ប្លោក​នោម ​ឲ្យ​រលា​ដើម្បី​អាច​បញ្ចេញ​ទឹកនោម​ចេញ​មក​ក្រៅ​តាម​រន្ធ​បង្ហួរ​នោម។​ ​បាតុភូត​នេះ​ ​បើ​មាន​ការ​រំខាន​ក្នុង​ដំណាក់​កាល​ណាមួយ​ ​ទឹក​នោម​នឹង​មិន​អាច​បញ្ចេញ​មក​ខាង​ក្រៅ​បាន​ឡើយ។ ​

មូលហេតុ​​មិន​មែន​មាន​តែ​មួយ​មុខ​ទេ​ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​លើ​ដំណើរ​ការ​សាច់​ដុំ​ប្លោក​នោម ​ដូចជា​ ថ្នាំ​អាលែកហ្ស៊ី  ថ្នាំ​រលា​សាច់ដុំ​ និង​ថ្នាំ​បាក់​ទឹកចិត្ត​ប្រភេទ​ Elavil ។

– ចំពោះ​បុរស មូលហេតុ​ចម្បង ​ករណី​រីក​ក្រពេញ​ប្រូស្តាត​សង្កត់​ទៅ​លើ​បំពង់​បង្ហូរ​ទឹក​នោម​បង្ក​ឲ្យ​ស្ទះ។ ចំណែកស្ត្រី គឺ​ការ​យារ​សាច់​ប្លោក​នោម​ពេល​វ័យ​កាន់​តែ​ចាស់​ទៅ​ ​អាច​ទៅ​ជា​ខ្លន​ធ្លាក់​ក្នុង​យោនី​ ឬធ្លាក់​ចុង​ពោះ​វៀន​ធំ​ចូល​ក្នុង​យោនី​។​ ករណី​មួយ​ទៀត​ទាំង​បុរស​ និងស្រ្តី នៅ​ពេល​ខ្លន​ឡើង​ប៉ោង​ធ្វើ​ឲ្យ​បំពង់​នោម​រួម​តូច​ ខណៈ​គ្រាប់​ក្រួស​ក្នុង​តម្រង​នោម​ក៏​អាចនាំឲ្យ​ស្ទះ​ទឹកនោម​ដូចគ្នា។

– ការ​បង្ក​រោគ ​និង​ការ​ហើម​ដោយ​រលាក​ ​បង្ក​ឲ្យ​មាន​ការ​ស្ទះ​នោម​ដែរ ​ដូចជា ​ក្នុង​ជំងឺ​រលាក​បំពង់​បង្ហូរ​នោម​ដោយការបង្ករោគ​ និង​ជំងឺ​កាមរោគ​ជាដើម។

– ផល​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​ស្ទះ​ដូចគ្នា ពិសេស​ជំងឺ​ទឹកនោម​ផ្អែម​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រិន​សរសៃ​វិញ្ញាណ​ និង​ការ​ប៉ះ​ទង្គិច​​ឆ្អឹង​ខ្នង​ជាដើម។ ពិសេស​អ្នក​ ​ធ្លាប់​មាន​ការ​សុង​ឧបករណ៍​វេជ្ជសាស្ត្រ​ចូល​តាម​បង្ហួរ​នោម​ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ទល់​នោម​ទៅ​ថ្ងៃ​ក្រោយ។

– ថ្នាំ​សណ្ដំ ​គេ​ប្រើ​ពេល​វះកាត់​ខ្នាត​មធ្យម ​បង្ហាញ​ថា​មាន​ផល​វិបាក​លើ​ការ​បញ្ចេញ​ទឹកនោម​ដែរ។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​បង្ក​ឲ្យ​កើត​ចេញ​ជា​ករណី​ទល់​នោម ដូច​ជា៖

– បុរស​វ័យ​ចំណាស់ (ដោយ​សារ​តែ​ប្រឈម​ការ​រីក​ក្រពេញ​ប្រូស្តាត)
– មាន​ក្រួស​ក្នុង​តម្រង​នោម
– ស្ត្រី​មាន​ជំងឺ​លៀនប្លោក​នោម ឬ​ចុងពោះ​វៀន​ធំចូល​ក្នុង​យោនី​
– រលាក​ប្លោក​នោម​រ៉ាំរ៉ៃ
– មាន​ជំងឺ​ទឹកនោមផ្អែម
– របួស​ឆ្អឹង​ខ្នង

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​រាងកាយ ម្ដុំ​ប្រដាប់​បន្តពូជ​ ក៏ដូចជា​ទ្វារធំ ​​និង​សាក​សួរ​ពី​ព័ត៌មាន​ច្រើន​ទៀត​ពី​យើង ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​បាន។ ពេទ្យ​អាច​ស្នើ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖

– តេស្ត​ទឹកនោម​ និង​តេស្ត​ឈាម​
– តេស្ត​រក​មើល​ទឹកនោម​សល់​ក្នុង​ប្លោកនោម
– ថត​ប្លោក​នោម
– អេកូ​ ឬស្កេន (CT Scan)
– តេស្ត ​ឌីណាមិចទឹកនោម
– ការ​ស្ទង់​អគ្គិសនី​សាច់​ដុំ

៨- ព្យាបាល​ដោយ​របៀប​ណា?

សម្រាប់​បុរស​ ការ​ព្យាបាល​ ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត​នោះ​រួម​មក​ប្រក្រតី​វិញ តាមរយៈ​វះកាត់​ ឬ​ស៊ក​ឧបករណ៍​ចូល​តាម​បង្ហួរ​នោម​ ដើម្បី​ច្រឹប​យក​សាច់​រីក​បង្ក​បញ្ហា​ស្ទះ​ទឹកនោម​ ចេញមកក្រៅ​។ វិធី​មួយ​ទៀត អាច​លេប​ថ្នាំ 5-Alpha Reductase Inhibitors ​ដើម្បី​បន្ថយ​ការ​ករណី​រីក​បន្ថែម​របស់​ក្រពេញ​ប្រូស្តាត។

សម្រាប់​ស្ត្រី មាន​​យារ​ធ្លាក់​សរីរាង្គ​បង្ក​ទៅ​ជា​ខ្លន អាច​ព្យាបាល​បាន​ដោយ​ការ​ហាត់​ប្រាណ​ដើម្បី​ពង្រឹង​សាច់ដុំ។ គ្រូពេទ្យ​អាច​ដាក់​កងការពារ​កុំ​ឲ្យ​យារ​ធ្លាក់ ​តែ​ក៏​គេច​មិន​ផុត​ពី​ការ​វះកាត់​កែ​លម្អ​ដែរ ក្នុង​ករណី​ធ្ងន់ធ្ងរ។

ករណី​​រួម​តូច​បង្ហួរ​នោម​ គ្រូពេទ្យ​អាច​ដាក់​ប៉េងប៉ោង​ ដើម្បី​ពង្រីក​ និង​មួយ​ទៀត កាត់​ច្រៀក​កន្លែង​តឹង​ណែន​តិច​តួច​ដើម្បី​បំពង់​បង្ហូរ​ធូរ​រលុង​ជាង​មុន​ ​ងាយ​បញ្ចេញ​ទឹកនោម។ ករណី​ខ្លះ​អាច​ដាក់ Stent ​បើក​បិទ​ក្នុង​បង្ហួរ​នោម​ប្រុសៗ​ទៀតផង។ ប្រសិន​បើ​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ ​អាច​ដាក់​សុង​នោម​នៅ​ផ្ទះ​ដោយ​ខ្លួនឯង។

ចំណុចគួរយល់ដឹង

៩- ចំណុចគួរយល់ដឹង

ដូច​បាន​រៀប​រាប់​ខាង​លើ​ ទល់​នោម​ស្រួច​ស្រាវ ​ចាំបាច់​ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​កុំ​បង្អង់​យូរ។ បើ​ឈឺ​ចាប់​ខ្លាំង ​កុំ​ទ្រាំ​នៅ​ផ្ទះ​ហើយ​ប្រើ​ថ្នាំ​ គួរ​ទៅរក​ពេទ្យ​ឲ្យ​ជួយ។ យើងអាច​អង្គុយ​លើ​ចាន​បង្គន់​មាន​ទឹក​ក្ដៅ​ឧណ្ហៗ​ និង​បើក​ទឹក​ចោល​ ដើម្បី​រំញោច​ឲ្យ​នោម។

ប្រាប់​​គ្រូពេទ្យ​គ្រប់​ថ្នាំ​សង្កូវ​ផ្សេងៗ​យើង​កំពុង​ប្រើ​ប្រាស់​ ព្រោះ​ថ្នាំ​ខ្លះ​អាច​ប៉ះពាល់​ការ​បញ្ចេញ​ទឹក​នោម​មិន​អស់​ពី​ប្លោក​នោម។

ករណី​វះកាត់​ ត្រូវ​សម្រាក​ពេទ្យ​យូរ​ គួរ​ឧស្សាហ៍​ងើប​ដើរ ​កុំ​ដេក​នៅ​តែ​លើ​គ្រែ​ពេក ដើម្បី​សម្រួល​ដល់​ចលនា​សាច់​ដុំ​ និង​សម្រួល​ដល់​ការ​បន្ទោរ​បង់ បើ​ករណី​មាន​ការ​ទល់​លាមក​ទៀត​អាច​ប្រើ​ថ្នាំ​ទល់​លាមក​បាន​ និង​ញ៉ាំ​អាហារ​ណា​សម្បូរ​ជាតិ​សរសៃ​ច្រើន។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​ វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019