Urine color (បញ្ហាប្តូរពណ៌ទឹកនោម)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១‑ អ្វីទៅជាបញ្ហា​ប្តូរពណ៌ទឹកនោម?

បញ្ហា​ប្តូរ​ពណ៌​ទឹក​នោម​ សំដៅ​លើ​ការ​ប្រែប្រួល​ពណ៌ធម្មតា​របស់​ទឹក​នោម ដែល​មាន​ពណ៌​លឿង​ស្រាល ទៅ​ពណ៌​ទឹក​តែ​ចាស់។ ពណ៌​នេះ​ ប្រែប្រួល​ដោយ​សារ​កំហាប់​​សារ​ធាតុ​ពណ៌ Urochrome ក្នុង​ទឹក​នោម ខណៈ​សារ​ធាតុ​ពណ៌​ក្នុង​អាហារ ​និង​ថ្នាំ​មួយ​ចំនួន ក៏អាច​ធ្វើឲ្យ​ទឹក​នោម​ប្រែ​ពណ៌​តាម​បាន​ផង​ដែរ។ ឆៃថាវ​ក្រហម ​និង​ពពួក​ថ្លែ​ប៊ើរី​ អាច​ធ្វើ​ឲ្យ​ទឹក​នោម​កាន់​តែមាន​ពណ៌​ចាស់ ឬ​ឯ​ថ្នាំមួយ​ចំនួន​ ថែម​ទាំង​អាច​ធ្វើឲ្យ​​ទឹក​នោម​ប្រែ​ជា​ពណ៌ ក្រហម លឿង ឬ​បៃតង​ផង​ដែរ។

តែ​បើ​សិន​ជា​សុខៗ ទឹក​នោម​ស្រាប់​តែ​ប្រែ​ពណ៌​នោះ អាច​ជា​សញ្ញា​​ជំងឺ​មួយ​ចំនួន។ ដូច​ជា​ពណ៌​ក្រហម​ ឬ​ពណ៌​ត្នោម អាច​បញ្ជាក់​ពី​ជំងឺ​ Porphyria ដែល​ជា​ជំងឺ​តំណ​ពូជ​ដ៏​កម្រ​មួយ ពាក់ព័ន្ធ​​នឹង​គ្រាប់​ឈាម​ក្រហម។

២‑ បញ្ហា​ប្តូរ​ពណ៌​ទឹក​នោម​កើត​ឡើង​ញឹកញាប់ដែរទេ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។

រោគសញ្ញា

៣‑ រោគសញ្ញាប្តូរ​ពណ៌​ទឹកនោម​មាន​អ្វី​ខ្លះ?

ជា​ធម្មតា ពណ៌​ទឹក​នោម​នឹង​ប្រែ​ប្រួល​ទៅ​បរិមាណ​ទឹក​យើង​ផឹក ពេល​ផឹក​ទឹក​កាន់​តែ​ច្រើន​ ពណ៌​ទឹក​នោម​កាន់​តែ​ស្រាល តែ​បើ​ផឹកទឹក​តិច​វិញ នោះ​ទឹក​នោម​នឹង​មាន​ពណ៌​កាន់​តែ​ចាស់​ឡើង។ ពេល​ខ្លះ​ ទឹក​នោម​ក៏​អាច​មាន​ពណ៌​ខុស​ពី​ធម្មតា​ខ្លាំង​ដែរ ដូច​ជា​ពណ៌ក្រហម ខៀវ បៃតង ត្នោត​ក្រមៅ និង​ស​ល្អក់​ក៏​មាន។

បញ្ហានេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាក្តីបារម្ភ​ពី​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ?

បើ​សិន​ជា​អ្នក​មាន​សញ្ញា​ ឬ​អាការៈ​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​ក្រោម សូម​ទៅ​ពិគ្រោះ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ដូច​ជា៖

– ​មាន​ឈាម​ក្នុង​ទឹក​នោម៖ នេះ​ជា​បញ្ហា​កើត​មាន​​ញឹក​ញាប់ ដោយ​សារ​​ជំងឺ​​ផ្លូវ​តម្រង​នោម​ និង​ក្រួស​​ក្នុង​តម្រង​នោម។ ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​ការឈឺ​ចាប់។ តែ​បើ​ហូរ​ឈាម​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​វិញ ​អាច​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ ដូច​ជា ​មហារីក​ជាដើម។

– ទឹក​នោម​ពណ៌​ខ្មៅ​ ឬ​ពណ៌​ទឹក​ក្រូច៖ បើ​សិន​ទឹក​នោម​ពណ៌​នេះ ​រួម​ជាមួយ​លាមក​ស្លេក ស្បែក​លឿង ​និង​ភ្នែក​លឿង​នោះ អាច​មក​ពី​បញ្ហា​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី។

មូលហេតុបង្ក

៥‑ មូលហេតុនាំ​ឲ្យ​ប្តូរ​ពណ៌​ទឹកនោម

ទឹក​នោម ​អាច​ប្រែ​ពណ៌​​ច្រើន ហើយ​ពណ៌​ខ្លះ​ ចង្អុលបង្ហាញពី​ជំងឺ​​ណា​មួយ។ ខាង​ក្រោម​នេះ ​ជាជំងឺ​​មួយ​ចំនួន​តាម​ពណ៌​ទឹក​នោម​នីមួយៗ៖

– ពណ៌ទឹក​ក្រូច៖ អាច​មក​ពី​ថ្នាំ​មួយ​ចំនួន ដូច​ជា ​ពួក​ថ្នាំ​ផ្សះ Rifampicin និង​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់ Phenazopyridine ​ថ្នាំ​បន្ទន់​លាមក​ ព្រម​ទាំង​ថ្នាំ​គីមី​ព្យាបាល​មហារីក​មួយ​ចំនន​ផង​ដែរ។

ចំណែក​ឯ​អាហារ​វិញ រួម​មាន​ការ​ញ៉ាំ​ការ៉ុត​ច្រើន ដោយ​សារ​វា​សម្បូរ​សារធាតុ​ Carotene។ នៅ​​មាន​អាហារ​មួយ​ចំនួន​ទៀត ​ដូច​ជា វីតាមីន​ C ឆៃថាវក្រហម សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្រែ​ជា​ពណ៌​ទឹក​ក្រូច។

– ពណ៌ក្រហម៖ ពណ៌​នេះ ​មាន​មូលហេតុ​ជា​ច្រើន ដូច​ជា ​ឈាម​ក្នុង​ទឹក​នោម ជំងឺ​គ្រាប់​ឈាម Hemoglobinuria និង Myoglobinuria។ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​មាន​បញ្ហា​ទាំង​នេះ។

ឯ​មូល​ហេតុ​ទឹក​នោម​ប្រែ​ពណ៌​ក្រហម តែ​គ្មាន​​គ្រោះ​ថ្នាក់រួម​មាន ពពួក​ឆៃថាវ​ក្រហម​ ឬ​ប៊ើរី​ខ្មៅ។

– ពណ៌ត្នោត៖ ថ្នាំ​មួយ​ចំនួន​នឹង​ធ្វើ​អោយ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​នេះដូច​ជា៖

  • ថ្នាំ​ព្យាបាល​ជំងឺ​​សសៃ​ប្រសាទ៖ chlorpromazine (Thorazine) និង thioridazine (Mellaril)
  • ថ្នាំ​ផ្សំ៖ metronidazole និង​ nitrofurantoin។
  • ថ្នាំ​ព្យាបាល​ជំងឺ​​ឆ្កួត​ជ្រូក៖ phenytoin។
  • ថ្នាំ​បន្ទន់​លាមក Sennoside laxatives (Senna-Lax, Senokot)។

– ពណ៌​ស្វាយ​ក្រមៅ៖ វា​បណ្តាល​មក​ពី​ជំងឺ​ Porphyria ដែល​ជា​ជំងឺ​​មេតាបូលីស​ដ៏​កម្រ​មួយ។

– ពណ៌បៃតង៖ វា​អាច​មាន​ក្នុង​ករណី​ខាង​ក្រោម៖

  • ថ្នាំ​ដែល​មាន phenol ដូច​ជា Promethazine ដែល​ប្រឆាំង​អាលែក្ស៊ី និង​ Propofol ដែល​ជា​ថ្នាំ​សន្តំ។
  • ថ្នាំ​ផ្សេងៗ ដូច​ជា Amitriptyline (ថ្នាំ​ប្រឆាំង​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត) Cimetidine (ថ្នាំ​បន្ថយ​អាស៊ីត​ក្រពះ) ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់ Indomethacin។
  • ថ្នាំពណ៌ មានថ្នាំ Indigo carmine ប្រើ​ដើម្បី​តេស្ត​មុខងារ​តម្រង​នោម Carbolic acid និងសារ​ធាតុ​កម្លាយ​ពី Flavin។
  • Biliverdin សារធាតុ​ពណ៌​ពី​ទឹក​ប្រមាត់។
  • ការ​បង្ក​រោគ​ដោយ​សារវីរុស Pseudomonas។
  • Methylene blue សារ​ធាតុ​ពណ៌​ខៀង​នៅ​ក្នុង​ថ្នាំ។

មាន​ការ​បោះ​ផ្សាយ​ក្នុង​អត្ថបទ​វេជ្ជសាស្រ្ត​ជា​ច្រើន​ស្តី​ពី​បញ្ហា​នេះ ខណៈការ​ចេញ​​ផ្សាយ​មួយ​ស្តី​ពី ទឹក​នោម​ពណ៌បៃតង នៅ​ឆ្នាំ ១៩៩៩ ដែល​ជា​ករណី​កម្រ​មួយ។ អត្ថ​បទ​នេះ​ និយាយ​ពី​អ្នក​ជំងឺ​ ​មាន​ជម្ងឺ​ដំបៅ​ពោះ​វៀន (Ulcerative colitis) ដែលជំងឺ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ពោះ​វៀន​ ​ស្រូប​យក​សារធាតុ​ពណ៌​ធម្មតា​ មិន​អាច​ឆ្លង​កាត់​ស្រទាប់​កម្រាល​របស់​ពោះ​វៀន​បាន​។

កត្តា​ប្រឈម

៦‑ កត្តាប្រឈម​ឲ្យ​ទឹក​នោ​ម​ប្តូរ​ពណ៌

កត្តា​ប្រឈម​រួម​មាន៖

– ដុំ​សាច់​ក្នុង​ប្លោក​នោម​ និង​តម្រង​នោម៖ អាច​ធ្វើ​ឲ្យមាន​ឈាម​ក្នុង​ទឹក​នោម សម្បូរ​នៅ​លើ​មនុស្ស​ចាស់។ ឯ​ប្រុសៗ​អាយុ​ចាប់​ពី ៥០ ឡើង​ទៅ​ អាច​នឹង​មាន​ឈាម​ក្នុង​ទឹក​នោម​ ដោយ​សារ​ក្រពេញ​ប្រ៉ូស្តាត​រីក​ធំ។

– ប្រវត្តិ​គ្រួសារ៖ មាន​សមាជិក​ក្នុង​គ្រួសារ​ណាមួយ​ មាន​ជំងឺ​​តម្រង​នោម ​ឬ​មាន​ក្រួស​ក្នុង​តម្រង​នោម នាំ​ឲ្យ​យើងអាច​មាន​ជំងឺ​​នេះ​ផង​ដែរ ​វា​អាច​ធ្វើឲ្យ​​​មាន​ឈាម​ក្នុង​ទឹក​នោម​ផង​ដែរ។

– ធ្វើ​លំហាត់​ប្រាណ​ជ្រុល​ពេក៖ ​អ្នក​រត់​ចម្ងាយ​ឆ្ងាយៗ​ប្រឈម​មុខ​ខ្ពស់​ជាង​គេ តែ​រាល់​អ្នក​ហាត់​ប្រាណ​ខ្លាំង ​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​អាការៈ​នោម​ឈាម​ដូច​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

– ការ​ពិនិត្យ​ទឹក​នោម៖ រក​មើល​កោសិកា​ឈាម​ក្រហម ប្រូតេអ៊ីន​ខ្ពស់ និង​សារ​ធាតុ​រ៉ែ​ផ្សេងៗ​ អាច​ចង្អុល​ប្រាប់​ពីជំងឺ​​តម្រង​នោម ​ឬជំងឺ​​នៅ​ប្រព័ន្ធ​ទឹក​នោម។ គ្រូពេទ្យ​ក៏​នឹង​ពិនិត្យ​រក​មើល​ ​មាន​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ ឬ​អត់។

– ការ​ពិនិត្យ​ឈាម៖ ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម​ តាម​រយៈ​ការ​បញ្ចេញ​កាក​សំណល់ ជreatinine និង Blood urea nitrogen ដែល​មាន​ក្នុង​ឈាម ​ច្រើន​ដោយ​សារ​តម្រង​នោម​ច្រោះ​មិន​បាន​ល្អ។ គ្រូពេទ្យ​អាច​សុំ​ពិនិត្យ​ឈាម​មើល​មុខ​ងារ​ថ្លើម​ផង​ដែរ ដើម្បី​ដឹង​ពី​ជំងឺ​មួយ​ចំនួន​ ដូច​ជា​ ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​ ​អាស្រ័យ​ទៅ​តាមប្រភេទ​​ជំងឺ ​ដែល​បណ្តាល​ឲ្យ​មាន​ការប្តូរ​​ពណ៌​ទឹក​នោម។

Lifestyle changes & home remedies

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពបញ្ហា​នេះ​បាន ដូចជា៖

ពេល​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ទឹក​នោម​នឹង​ប្រែ​ជា​ពណ៌​ក្រមៅជាង​មុន។ ​ករណី​នេះ​ គួរផឹកទឹកឲ្យ​​ច្រើន​ជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​​បាន​គ្រប់​គ្រាន់ ​និង​មាន​សុខភាព​ល្អ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 24, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត