Vaginal Prolapse (ស្រុតស្បូន)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​​ជា​ជំងឺ​ស្រុត​ស្បូន?

សាច់ដុំ សរសៃ​ពួរ និង​ស្បែក​ទាំង​ក្នុង និង​ជុំវិញ​ទ្វារ​មាស​ស្ត្រី ជា​សរីរាង្គ និង​កោសិកា​សាំញ៉ាំ​មាន​នាទី​គាំទ្រ​ដល់​សរីរាង្គ រួម​នឹង​ជាលិកា​សំខាន់ ក្នុង​អាង​ត្រគាក។ ប៉ុន្តែ​នៅ​ពេល​សរីរាង្គ និង​កោសិកា​ទាំងនេះ ចុះ​ខ្សោយ ឬ​ខូត​ខាត វា​បង្ក​ទៅ​ជា​ជំងឺ​ស្រុត​ស្បូន។

ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច  ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។

២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ?

ស្រុត​ស្បូន ជា​ជំងឺ​មួយ​ស្រីៗ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ ហើយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ត្រូវ​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ៕

រោគសញ្ញា

៣- រោគសញ្ញាជំងឺស្រុតស្បូនមានអ្វីខ្លះ?

រោគ​សញ្ញា​ចែកចេញ​ទៅ​តាម​ប្រភេទ​នៃ​សរីរាង្គ យ៉ាង​ណា​ប្រភេទ​ជំងឺ​នៃ​សរីរាង្គ​នីមួយៗ មាន​រោគ​សញ្ញា​មួយ​ដូចគ្នា នោះ​គឺ​មាន​អារម្មណ៍​ធ្ងន់​ផ្នែក​ខាង​ក្រោម ដូច​ជា​មាន​អ្វី​កំពុង​តែ​ធ្លាក់​ចុះ។ អារម្មណ៍​បែប​នេះ អាច​បណ្តាល​មក​ពី​មាន​សរីរាង្គ​អ្វី​មួយ​កំពុង​លូន​ចុះ​មក​ក្រោម​ខុស​ពី​ទីតាំង​ដើម ហើយ​ជា​ទូទៅ ស្បួន​នឹង​កាន់​តែ​ស្រុត​ចុះ បើ​មាន​អារម្មណ៍​ថា​កាន់​តែ​ធ្ងន់។

រោគ​សញ្ញា​រួម​មួយ​ចំនួន​ទៀត​មាន​ដូច​ជា៖

– មាន​សម្ពាធ​ក្នុង​ទ្វារ​មាស ឬ​អាង​ត្រគៀក
– ឈឺ​ចាប់​ពេល​រួម​ភេទ
– មាន​ដុំ​នៅ​រន្ធ​ទ្វារ​មាស
– ឈឺ​ចាប់ ឬ​សម្ពាធ ធ្លាក់​ចុះ​វិញ​ពេល​គេង
– រលាក​ផ្លូវ​បង្ហូរ​ទឹក​នោម បង្ក​ដោយ​មេរោគ​ម្តង​ហើយ​ម្តង​ទៀត។

រោគ​សញ្ញា​បែង​ចែក​ទៅ​តាម​ប្រភេទ​សរីរាង្គ​នៃ​ជំងឺ​ស្រុត​ស្បូន​មាន​ដូច​ជា៖

– ពិបាក​បន្ទោ​បង់៖ ជា​សញ្ញា​បង្ហាញថា មាន​ការ​ធ្លាក់ចុះ ពោះវៀន​តូច ចុង​ពោះវៀន​ធំ ឬ​ផ្នែក​ខាង​លើ​សាច់ដុំ​ទ្វារមាស។ ស្រីៗ​មាន​ជំងឺ​ប្រភេទ​នេះ អាច​ពិបាក​បន្ទោ​បង់​រហូត ដល់​ត្រូវ​ប្រើម្រាម​ដៃ​រុញ​សរីរាង្គ​ធ្លាក់​ចុះ​នោះ ទៅ​លើ​វិញ ទើប​អាច​បន្ទោ​បង់​អស់។

– ពិបាក​នោម​ឲ្យ​អស់៖ អាច​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ ប្លោក​នោម បំពង់​បង្ហួរ​នោម ពោះវៀន​តូច ផ្នែក​ខាង​លើ​សាច់ដុំ​ទ្វារមាស ឬ​ស្បូន​តែម្តង។

– ទល់​លាមក៖ ជា​សញ្ញា​ស្រុត​ចុះ​ចុង​ពោះវៀនធំ​។
– ជ្រាប​ទឹកនោម​មិន​ដឹង​ខ្លួន (ប្រឹង ក្អក សើច លើកធ្ងន់)៖ ជា​សញ្ញា​ស្រុត​ចុះ​ប្លោកនោម។
– ឈរ​យូរ​ឈឺ​ចាប់​នៅ​តំបន់​អាង​ត្រគាក៖ ជា​សញ្ញា​ស្រុត​ចុះ​ពោះវៀន​តូច ផ្នែក​ខាង​លើ​សាច់​ដុំ​ទ្វារមាស ឬ​ស្បូន។
– ការ​លូន​ចូល​​នៃ​ជាលិកា​ផ្នែក​ខាង​ក្រោយ​សាច់ដុំ​ទ្វារ​មាស៖ ជា​សញ្ញា​ស្រុត​ចុះ​ចុង​ពោះវៀន​ធំ។
– ការ​លូន​ចូល​ជាលិកា​ផ្នែក​ខាង​មុខ​សាច់​ដុំ​ទ្វារ​មាស៖ ជា​សញ្ញា​ស្រុត​ចុះ​ប្លោកនោម ឬ​បំពង់​បង្ហួរ​នោម។
– រន្ធ​ទ្វារមាស​ធំ​ពេក៖ ជា​សញ្ញា​ស្រុត​ចុះ​ផ្នែក​ខាង​លើ​នៃ​សាច់​ដុំ​ទ្វារមាស។

ករណី​ជំងឺ​ស្រុត​ស្បូន​មួយ​ចំនួន មិន​លេច​ចេញ​ជា​សញ្ញា​អ្វី​គួរ​អោយ​កត់​សម្គាល់​ទេ។ លើស​ពី​នេះ មាន​ករណី​មួយ​ចំនួន អាច​លេច​ចេញ​រោគ​សញ្ញា​ផ្សេងៗ ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​មាន​មន្ទិល​សង្ស័យ​ទាក់ទង​រោគ​សញ្ញា​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

៤- ពេលណាគួរទៅជួបពេទ្យ?

បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​យើង​​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

មូលហេតុបង្កមានដូចជា៖

– សម្រាល​បេប៊ី (ធំ​ពេក)៖ សម្រាល​បេប៊ី តែង​ធ្វើ​ឲ្យ​ខូចខាត​លើ​ជាលិកា សាច់​ដុំ និង​សរសៃ​ពួរ​ខាង​ក្នុង និង​ជុំវិញ​ទ្វារមាស។ លើស​ពី​នេះ សម្រាល​ប្រើ​ពេល​យូរ (ពិបាក​សម្រាល) ឬ​បេប៊ី​មាន​ទំហំ​ធំ កាន់​តែ​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​ឡើង។ ករណី​នេះ ជា​មូលហេតុ​ចម្បង នាំ​ឲ្យ​ប្លោកនោម​ស្រុត​ចុះ​ទៅ​ក្នុង​ទ្វារមាស ជួន​កាល​បំពង់​បង្ហួរ​នោម​ស្រុត​ចុះ​មក​ជាមួយ​ផង​ដែរ។

– អស់​រដូវ៖ ដោយ​សារ​អ័រម៉ូន​អឺស្ត្រូសែន មាន​នាទី​ជួយ​រក្សា​សាច់ដុំ រួម​និង​ជាលិកា​ទ្រទ្រង់​សរីរាង្គ​ក្នុង​អាង​ត្រគាក​ឲ្យ​រឹងមាំ អស់​រដូវ​បរិមាណ​អ័រ​ម៉ូន​ធ្លាក់​ចុះ បង្ក​ឲ្យ​សរីរាង្គ​ចុះ​ខ្សោយ​ដូច​គ្នា។

– កាត់​ស្បូន៖ ស្បូន​ជា​សរីរាង្គ​សំខាន់​ដែល​ទ្រទ្រង់​ផ្នែក​ខាង​លើ​ទ្វារមាស។ នៅ​ពេល​ស្បូន​ត្រូវ កាត់​ចោល សាច់​ដុំ​ផ្នែក​ខាង​លើ​ទ្វារមាស នឹង​ធ្លាក់​ស្រុត​ចុះ​មក​រន្ធទ្វារ​មាស​តែ​ម្តង នាំ​ឲ្យ​សរសៃ​ពួរ​នៅ​ជុំវិញ ចាប់​ផ្តើម​ទទួល​រង​សម្ពាធ បណ្តាល​ឲ្យ​ពោះវៀន​តូច​ស្រុត​ចុះ​មក​ផង​ដែរ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​​នេះ​​មាន​ដូច​ជា៖

– វ័យ​ចំណាស់
– ធាត់​ពេក
– ធ្វើ​ការ​ធ្ងន់
– ជាលិកា​សន្ឋាន​មិន​ប្រក្រតី
– មាន​បញ្ហា​ទាក់ទង​សរសៃ​ប្រសាទ និង​ជាលិកា
– ធ្លាប់​វះកាត់​សរីរាង្គ​ក្នុង​អាងត្រគាក​ពី​មុន (វះកាត់​សម្រាល​កូន)។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជា​ទូទៅ ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​អំឡុង​ពេល​ពិនិត្យ​សុខភាព​រោគស្ត្រី​ទូទៅ។ គ្រូពេទ្យ​ឯកទេស អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន ផ្អែក​ទៅ​លើ​ការ​សាកសួរ​ប្រវត្តិ​ជំងឺ​ពីមុន និង​ពិនិត្យ​រាងកាយ ដោយ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍ ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ (អេកូ​សាស្ត្រ) ជា​ធម្មតា​មិន​ចាំបាច់​ធ្វើ​ក៏​បាន។

តេស្ត​ទៅ​លើ​ភាព​រឹងមាំ​នៃ​សាច់​ដុំ​អាង​ត្រគាក និង​មុខងារ​ប្លោកនោម ត្រូវ​បាន​ធ្វើ​អំឡុង​ពេល​ពិនិត្យ​រាងកាយ​ផងដែរ។

– តេស្ត​សាច់ដុំ​អាង​ត្រគាក៖ អំឡុង​ពេល​ពិនិត្យ​អាង​ត្រគាក គ្រូពេទ្យ​នឹង​ធ្វើ​ការ​តេស្ត​ទៅ​កម្លាំង​សាច់​ដុំ សាច់ដុំ​ខ្ជិប និង​សាច់ដុំ​សរសៃ​ពួរ ជួយ​ទ្រទ្រង់​ចុងពោះ​វៀនធំ បំពង់​បង្ហួរ​នោម និង​ប្លោក​នោម។ លទ្ធផល​តេស្ត​នេះ អាច​បញ្ជាក់​ថា​រោគវិនិច្ឆ័យ​បាន​រក​ឃើញ​ត្រឹមត្រូវ ឬ​អត់ ក៏​អាច​សម្រេច​ថា​គួរ​ធ្វើ​លំហាត់​ប្រាណ Kegel (លំហាត់​ប្រាណ​ពង្រឹង​សាច់​ដុំ​អាង​ត្រគាក) បាន ឬអត់​ដូច​គ្នា។

– តេស្ត​មុខងារ​ប្លោក​នោម៖ អាច​វាយ​តម្លៃ​ទៅ​លើ​សមត្ថភាព​ស្តុក និង​បញ្ចេញ​ទឹកនោម តាម​វិធី ២​យ៉ាង ទី ១ ធ្វើ​ឡើង​ដោយ​ការ​វាស់​បរិមាណ និង​កម្លាំង​លំហូរ​ទឹកនោម និង​ទី ២ ធ្វើឡើង​ដោយ​បាញ់​ទឹក​បំពេញ​ប្លោកនោម​ដោយ​បំពង់ កាតេទែ ជា​មុន​សិន រួច​វាស់​បរិមាណ​ទឹក​នោម​អាច​នោម​ចេញ​មក​ក្រៅ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ព្យាបាល​ជំងឺ​ស្រុត​ស្បូន ធ្វើ​ឡើង​តាម​ដំណាក់​កាល៖

-ដំណាក់​កាល​ដំបូង៖ គ្រូពេទ្យ​ណែនាំ​ហាត់​ប្រាណ​ពង្រឹង​សាច់​ដុំ​អាង​ត្រគាក​ទាំងមូល​ជា​មុន​សិន។ ដោយឡែក​ស្រី​មិន​អាច​ហាត់​ប្រាណ​បាន ពេទ្យ​នឹង​ដាក់​សន្ទះ​ទ្រ​ស្បូន​មាន​ទម្រង់​ជាចិញ្ជៀន​ប្លាស្ទិក (Pessary) ទៅក្នុង​ទ្វារមាស​ដើម្បី​ទ្រ​សរីរាង្គ​ក្នុង​នោះ​មិន​អោយ​បន្ត​ស្រុត​ចុះ​មក​ក្រោម។

-ជម្រើស​ព្យាបាល​ដោយ​ការ​វះកាត់៖ បើ​សិន​ការ​ព្យាបាល​តាម​ដំណាក់​កាល​ដំបូង​បរាជ័យ គ្រូពេទ្យ​អាច​ណែនាំ​យើង​ព្យាបាល​ដោយ​វះកាត់​តែ​ម្តង។ គួរ​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​វះ ពី​កត្តា​អាយុ និង​សុខភាព​ទូទៅ និង​ផែនការ​យក​បេប៊ី​នា​ពេល​អនាគត រក្សា​មុខងារ​បន្តពូជ កម្រិត​ស្រុត​ស្បូន និង​លក្ខខណ្ឌ​ផ្សេងៗ អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​វះកាត់។ ឧទាហរណ៍ អាច​តម្រូវ​ឲ្យ​វះកាត់​ស្បូនចោល​ទាំង​មូល តែ​ចាំបាច់​នៅ​ពេល​ជំងឺ​ស្រុត​ស្បូន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ។

ព្យាបាល​ដោយ​វះកាត់ ចែក​ចេញ​ជា​ ២ ​វិធីធំៗ​ទៅ​តាម​លក្ខខណ្ឌ​ផ្សេងៗ ហើយ​វិធី​វះកាត់ ភាគ​ច្រើន​ធ្វើ​ឡើង​តាម​ផ្លូវ​ទ្វារមាស ព្រោះ​វា​មិន​បន្សល់​ស្លាកស្នាម​បន្ទាប់​ពីវះ ខណៈ​វិធី​ពេញ​និយម មួយ​ទៀត គឺ​វះកាត់​ដោយ​ប្រើ​កាមេរ៉ា​ឆ្លុះ។ វះកាត់​ប្រភេទ​នេះ គឺ​ត្រូវ​ឆូត​ស្បែក រួច​ដាក់​បំពង់​តូចៗ​ប្រវែង​ប្រហែល ២​សង់ទីម៉ែត្រ ចូល​ទៅ​ក្នុង​ទ្វារមាស។ តិចនិក វះ​បែប​នេះ​ជួយ​កាត់​បន្ថយ​ស្លាកស្នាម កុំ​ឲ្យ​បាត់បង់​ឈាម​ច្រើន ជួយ​របួស​ឆាប់​ជា​សះស្បើយ​ផង​ដែរ។

មាន​តិចនិក​ម្យ៉ាង​ទៀត ធ្វើ​ឡើង​ដោយ​ដេរ​បង្រួម​ទ្វារមាស ដេរ​ផ្នែក​ខាង​មុខ​រឹត​បន្តឹង​ជញ្ជាំង​សាច់ដុំ​ខាង​មុខ ហើយ​ដេរ​ផ្នែក​ខាង​ក្រោយ រឹត​បន្តឹង​ជញ្ជាំង​សាច់​ដុំ​ខាង​ក្រោយ​ទ្វារ​មាស។ ចំណែក​ឯ​តិចនិក​វះ ធ្វើ​ឡើង​ដោយ​ប្រើ​ដាក់​កាមេរ៉ា​ឆ្លុះ ជួយ​កាត់​បន្ថយ​ករណី​ជ្រាប​ទឹក​នោម ជួសជុល​ការ​ស្រុត​នៃ​សរីរាង្គ​នៅ​លើ​ទ្វារមាស ក៏​ដូច​ជា​ទ្រទ្រង់​នូវ​សាច់​ដុំទ្វារ​មាស ចុះ​ខ្សោយ​បន្ទាប់​ពី​ស្បូន​ត្រូវ​បាន​កាត់​ចោល។

ក្នុង​ករណី​មាន​សាច់​ដុំ​ណា​មួយ​ចុះ​ខ្សោយ​បន្ទាប់​ពី​វះកាត់ គ្រូពេទ្យ​អាច​យក​ជាលិកា​ស្រដៀង​ណាមួយ​មក​ដាក់​ជំនួស​ជាលិកាដើម ឬ​អាច​ប្រើ​សារធាតុ​សិប្បនិម្មិត​ណា​មួយ (ឧ. សំណាញ់) ដើម្បី​ទ្រ​សរីរាង្គ​ទាំងនោះ កុំ​អោយ​ធ្លាក់​ចុះ​មក​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ហាត់​ប្រាណ Kegel ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​លំហាត់​ប្រាណ​ប្រភេទ​នេះ​អាច​ជួយ​ពង្រឹង​សាច់​ដុំ​ទ្រទ្រង់​អាង​ត្រគៀក ជា​ពិសេស​ក្រោយ​ពី​ធ្លាប់​សម្រាល​បេប៊ី។

– ព្យាបាល និង​ការពារ​ទល់​លាមក ដោយ​ផឹក​ទឹក និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ដូចជា ផ្លែ​ឈើ បន្លែ សណ្តែក និង​គ្រាប់​ធញ្ញជាតិ។

– ចៀសវាង​លើក​ធ្ងន់ ដោយ​មិន​បាន​ប្រុងប្រយ័ត្ន ចូរ​ប្រើ​កំលាំង​ជើង​យើង​ជួយ​លើក មិន​ត្រូវ​ប្រើ​កំលាំង​ចេញ​ពី​ចង្កេះ ឬ​ខ្នង​ឡើយ។

– គ្រប់គ្រង​អាការៈ​ក្អក ព្យាបាល​ជំងឺ​ក្អក​រ៉ាំរ៉ៃ ឬ​ជំងឺ​រលាក​ទង​សួត ហើយ​ត្រូវ​ឈប់​ជក់​បារី។

– ចៀសវាង​ឡើង​ទម្ងន់ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​កំណត់​ទម្ងន់​សម​ស្រប​ណា​មួយ​តាម​ដំបូន្មាន​ពេទ្យ​ក្នុង​ករណី​ចាំបាច់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត