Wound Infection (​ដំបៅ​ក្លាយ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

និយមន័យ

១- អ្វី​ទៅ​ជា​ដំបៅ​ក្លាយ?

ពេល​ស្បែក​យើង​មាន​ដាច់​រលាត់ ​និង​មាន​ការ​ជ្រៀត​ចូល​ដោយ​ពពួក​បាក់តេរី បង្ក​ឲ្យ​ទៅ​ជា​ដំបៅ​កខ្ទុះ ដោយសារមេរោគជាច្រើន ប៉ុន្តែ​មេរោគ​កាច​សាហាវ​យើង​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ គឺ​មេរោគ ​តេតាណុស។ ផល​វិបាក​ដោយ​ការ​បង្ក​រោគ​លើ​ដំបៅ​ក្លាយ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ​បើ​ធ្វេស​ប្រហែស​មិន​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។

ករណី​ខ្លះ​អាច​ចេញ​ជា​ខ្ទុះ និង​ទឹក​រងៃ​រ៉ាំ​រ៉ៃ​ នៅ​លើ​របួស​នាំ​ឲ្យ​ឈឺ​ចុក​ចាប់​ពិបាក​ទ្រាំ​ ប៉ះ​ពាល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទៀត​ផង។ មួយ​ទៀត​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ស្បែក បង្ក​រោគ​ក្នុង​ឆ្អឹង ខួរឆ្អឹង និងក្នុង​ឈាមថែមទៀត​ផង។

២- កើតឡើងញឺកញាប់ដែរទេ?

ករណី​ដំបៅ​ក្លាយគឺឧស្សាហ៍កើតលើមនុស្ស​គ្រប់វ័យ មិនថាប្រុស មិនថាស្រី។ បើមានចម្ងល់​ពាក់​ព័​ន្ធបញ្ហានេះ គួរ​សាក​សួរ​គ្រួពេទ្យ​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​ដំបៅ​ក្លាយ​ជា​ទូទៅ​មាន​ដូចជា៖

– ក្ដៅ​ខ្លួន
– ដំបៅ​ប្ដូរ​ពណ៌
– ឡើង​ក្រហម ហើម ឈឺ​ខ្លាំង
– ចេញ​ខ្ទុះ​ឡើង​ខៀវ​ ឬ​លឿង​អន្ធិលៗ មាន​ក្លិនស្អុយ​ចេញ​ពី​ដំបៅ។

៤- ពេលណាគួរទៅជួបពេទ្យ?

មនុស្ស​ម្នាក់ៗ​អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា ​អ៊ីចឹង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក ​ឬ​ធ្ងន់ធ្ងរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមាន​អ្វី​ខ្លះ?

ភាគ​ច្រើន ​គឺ​មក​ពី​ការ​ប្រមូល​ផ្តុំ​មេរោគ​​លើ​ស្បែក ពិសេស​គឺ​ពពួក​បាក់តេរី​តែ​ម្ដង ​ហើយ​ឧស្សាហ៍​ជួប​ជាង​គេ​ គឺ​ប្រភេទ​មេរោគ​ ស្តាហ្វីឡូកូក (Staphylococci)។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​ដូចជា៖

– ធាត់
– ខ្វះ​អនាម័យ
– ខ្វះអាហារូបត្ថម្ភ​
– ជំងឺ​ទឹក​នោម​ផ្អែម​
– ចរន្ត​លំហូរ​ឈាម​ខ្យោយ
– ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​
– មិន​សូវ​​បញ្ចេញ​កម្លាំង និង​ធ្វើ​ចលនាទូទៅ​។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

– គួរធ្វើ​រោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​​នឹង​សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​ទូទៅ​ ក៏ដូចជា​មូលហេតុ​​បណ្ដាល​ឲ្យ​មាន​របួស។ បន្ទាប់​មក​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូចជា៖

– តេស្ត​ឈាម​ រក​មើល​កំណើន​គ្រាប់​ឈាម​ស

– ថត​កាំរស្មីអ៊ិច​ ឬ​ស្កេន​​ ក្រែងមាន​អី​នៅ​ក្នុង​របួស​ ហើយ​ករណី​នេះ​គ្រូពេទ្យ​អាច​នឹង​ចាក់​សារធាតុ​រាវ​មាន​ពណ៌ ​ដើម្បី​ជួយ​ឲ្យ​រូបភាព​កាន់តែ​ច្បាស់​ល្អ ប៉ុន្តែ​គួរ​ប្រាប់​ពេទ្យ​បើយើង​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​របស់​សូលុយស្យុង។

– បូម​យក​ខ្ទុះ​ទៅ​បណ្ដុះ​មេរោគ​ក្នុង​មន្ទីរ​ពិសោធន៍ ​ដើម្បី​ដឹង​ពី​មូលហេតុ​កាន់​តែ​ច្បាស់។

៨- ព្យាបាលដោយវិធីណា?

គឺ​អាស្រ័យ​លើ​រយៈពេល​យើង​មាន​របួស​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​តែម្តង​ ហើយ​ជម្រើស​ព្យាបាល​មាន​ដូចជា៖

– លាង​របួស​ជា​ប្រចាំ​
– ថ្នាំ​បន្ថយ​ហើម​ និងឈឺ​ចាប់​
– បញ្ចូល​អុកស៊ីហ្សែន​ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ (Hyperbaric oxygen therapy)
– អាច​ឈាន​ដល់​វះកាត់ ករណី​មាន​អ្វី​ក្នុង​របួស និង​សំអាត​របួស​ដោយ​កៀរ​យក​កោសិកា​ងាប់ៗ​ចេញ​ឲ្យ​ស្អាត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– លាង​សម្អាត​របួស​ខ្លួនឯង​ឲ្យ​បាន​ស្អាត​ជា​និច្ច ​មិន​ត្រូវ​ទុក​ឲ្យ​របួសនៅ​សើម ត្រូវ​ផ្លាស់​ប្ដូរ​បង់​រុំ​របួស​ឲ្យ​បាន​ទៀង​ទាត់។
– គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​ផ្សេង​ទៀត​ ឲ្យ​មាន​លំនឹង (ឧ. ជំងឺ​ទឹក​នោមផ្អែម​ ឬ​លើស​ឈាម)។
– អំឡុង​ពេល​នេះ មិន​ត្រូវ​ជក់​បារី ព្រោះ​ជាតិ​ នីកូទីន ​ក្នុង​បារី​អាច​ពន្យារ​ការ​ជា​សះ​ស្បើយ​មុខ​របួស។
– ញ៉ាំបន្លែ ​ផ្លែឈើ​ សម្បូរ​ជាតិ​វីតាមីន ​ជួយឆាប់​ជា​សះស្បើយ​ មាន ​បន្លែ​បៃតង​ គ្រាប់​ធញ្ញជាតិ ​និង​សាច់​ត្រី​ជាដើម។

 

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 29, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019