ទប់ស្កាត់វីរុស COVID-19 ប្រទេសទាំងនេះតម្រូវឲ្យពលរដ្ឋនៅតែក្នុង​ផ្ទះ

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ក្រោយ​ពី​ការ​រាតត្បាត​នៃ​វីរុស COVID-19 ទៅ​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក ប្រទេស​ជា​ច្រើន​បាន​ចេញ​វិធានការណ៍​បិទ​ប្រទេស​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ការ​ឆ្លង​នៃ​វីរុស​នេះ។

ប្រទេស​អ៊ីតាលី៖ ​ជា​ប្រទេស​ដំបូង​គេ​នៅ​ទ្វីប​អឺរ៉ុប​ដែល​​បាន​ប្រកាស​បិទ​ប្រទេស​ទាំង​មូល​កាល​ពីថ្ងៃទី១០ ខែ​មីនាកន្លង​ទៅនេះ និង​បាន​ប្រកាស​ប្រាប់​ប្រជាជន​ឲ្យ​នៅ​ផ្ទះ ហាមឃាត់​ការ​ជួបជុំ​នៅ​ទី​សាធារណៈ និង​កម្មវិធី​ប្រកួត​បាល់ទាត់។ ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ហាម​ឃាត់ លុះត្រាតែ​ក្នុង​ករណី​មាន​ការងារ​បន្ទាន់ ឬមូលហេតុ​ទាក់ទង​នឹង​សុខភាព។

ប្រទេស​ដេណឺម៉ាក៖ ​ក៏បាន​បិទ​ប្រទេស​នៅ​ថ្ងៃ​ទី១១ ខែមីនាដែរ​។ ការ​បិទ​ដើម​ឡើយ​មានរយៈពេល​ត្រឹម​តែ​២សប្ដាហ៍​គិត​ចាប់​ថ្ងៃ​ទី១១ ប៉ុន្តែ​ត្រូវ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ទី១៣ ខែ​មេសា។ សាលារៀន ភោជនីយដ្ឋាន បណ្ណាល័យ និង​អាជីវកម្មផ្សេង​ក៏​បិទ រួមទាំង​ការជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ជាង​១០​នាក់។

ប្រទេស​អេស្ប៉ាញ​៖ បាន​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​នៅ​ក្នុង​ផ្ទះ​យ៉ាងតិចណាស់​១៥ថ្ងៃចាប់ពីថ្ងៃទី១៤ ខែមីនា ប៉ុន្តែ​រយៈពេល​ដែលបានកំណត់នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល។ វិធានការណ៍​នេះអនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ធនាគារ ពិនិត្យ​សុខភាព និង​ទិញ​របស់​ចាំបាច់​ប៉ុណ្ណោះ។ បារ ភោជនីយដ្ឋាន និង​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ត្រូវបិទ​ទាំង​អស់។

ប្រទេស​បារាំង​៖ នៅថ្ងៃ​ទី​១៦ ខែមីនា ​បាន​ចាត់វិធានការណ៍​​បិទ​ប្រទេស​ រួម​ទាំង​បម្រាម​ការ​ជួបជុំ​ផ្សេងៗ និង​ការ​ចេញ​ទៅ​ក្រៅ​ផង​ដែរ។ ការ​បិទ​នេះ​គឺ​មាន​រយៈពេល​១៥ថ្ងៃ​ ប៉ុន្តែ​បច្ចុប្បន្នត្រូវ​បាន​បាន​បន្ថែម​១៥ថ្ងៃ​ទៀត។

ប្រទេស​ប៊ែលហ្សិក​៖ បាន​ចាប់ផ្តើម​វិធានការណ៍​ឲ្យប្រជាជន​នៅក្នុងផ្ទះកាលពី​ថ្ងៃ​ទី១៧ ខែមីនា​ដោយ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ដើម្បី​ទៅ​ផ្សារទំនើប​ ឱសថស្ថាន និង​ធនាគារ​សម្រាប់​ករណី​បន្ទាន់​ប៉ុណ្ណោះ។

ប្រទេស​អាហ្សង់ទីន​៖ ក៏បាន​អនុវត្ត​វិធានការណ៍​បិទ​ប្រទេស​នៅ​ថ្ងៃ​ទី២១ ខែមីនា​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា។ ប្រជាជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ផ្សារទំនើប និងឱសថស្ថាន​តែប៉ុណ្ណោះ។

ប្រទេស​អង់គ្លេស៖ ​ក៏បាន​ចេញវិធានការណ៍បិទ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនាដែរ។ វិធានការណ៍​នេះ​គឺ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បាន​សម្រាប់​ការងារ ហាត់ប្រាណ និង​ទិញ​ម្ហូប ឬថ្នាំ​ប៉ុណ្ណោះ។ ការ​ជួបជុំលើសពី​ពីរនាក់​ឡើង​ក៏​មិន​អនុញ្ញាត​ដែរ រួម​ទាំង​កម្មវិធី​ផ្សេងៗលើក​លែង​បុណ្យ​សព។

ប្រទេសឥណ្ឌា​៖ ក៏​បាន​​បិទប្រទេស​រយៈពេល​២១ថ្ងៃ​ដែរ​ចាប់​ពី​ថ្ងៃ២៤ ខែមីនាក្រោយពីចំនួនអ្នកឆ្លងមានការកើនឡើង។ ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ក្រៅ​ដែរ​ ជាពិសេស​ពី​ប្រទេសនានា​នៅ​ទ្វីបអឺរ៉ុប។ ហាងទំនិញ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោងចក្រ ការិយាល័យ ផ្សារ និង​ទីកន្លែង​សក្ការៈ​ទាំង​អស់​ត្រូវ​បាន​បិទ។

ប្រទេស​កូឡំប៊ី​៖ បាន​ប្រកាស​បិទ​ប្រទេសខ្លួន​រយៈពេល​១៩ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែមីនា​ដោយ​រឹតត្បិត​ចរាចរណ៍​របស់​ប្រជាជន​លើកលែង​តែ​ក្រុមគ្រូពេទ្យ សន្តិសុខ បុគ្គលិក​ឱសថស្ថាន និង​ផ្សារទំនើប។ សម្រាប់​មនុស្ស​វ័យ​អាយុ ៧០ឆ្នាំ​ឡើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​រហូត​ដល់​ខែ​ឧសភា។

ប្រទេស​ណូវែលហ្សេឡង់៖ ​បាន​បិទ​ប្រទេសទាំងមូល​រយៈពេល​មួយ​ខែ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែមីនា​ដោយ​អនុញ្ញាត​ឲ្យ​ទៅ​ក្រៅ​សម្រាប់​បំពេញ​តម្រូវ​ការ​ចាំបាច់​។ វិធានការណ៍​នេះ​នឹងលើក​លែង​នៅ​តំបន់​ខ្លះ​ក្រោយពី​រយៈពេល​មួយ​ខែ​ប្រសិនជា​អត្រា​អ្នក​ឆ្លង​មាន​ការ​ថយចុះ។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង៖ បានបិទ​ប្រទេស​​នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ​ដោយ​ប្រជាជន​ទាំងអស់​ត្រូវ​នៅ​ក្នុង​ផ្ទះ​ និង​អាច​ចេញ​ក្រៅ​បាន​សម្រាប់​ការ​ទិញ​អាហារ ពិនិត្យ​សុខភាព ឬទៅ​ទទួល​យក​ប្រាក់​ឧបត្ថម្ភ​ប៉ុណ្ណោះ។ ការ​បិទ​នេះ​មាន​រយៈពេល​២១​ថ្ងៃ ដោយ​ក្រុមហ៊ុន និង​ហាង​ទាំងអស់​ត្រូវ​បិទ​លើក​លែង​តែ​ឱសថស្ថាន មន្ទីរពិសោធន៍ ធនាគារ ផ្សារទំនើប ស្ថានីយ​ប្រេង​ឥន្ទនៈ និង​មណ្ឌលសុខភាព។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

ប្រភព
អ្នកអាចចូលចិត្ត