backup og meta

អ្នកវិទ្យាសាស្រ្តហាក់មិនទាន់ស្របគ្នាពីឥទ្ធិពលវីរុស COVID-19 ក្រោយសិក្សាលើ​ហ្សែន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 08, 2020

    អ្នកវិទ្យាសាស្រ្តហាក់មិនទាន់ស្របគ្នាពីឥទ្ធិពលវីរុស COVID-19 ក្រោយសិក្សាលើ​ហ្សែន

    ការសិក្សា​ទៅ​លើ​ហ្សែន​របស់​វីរុស COVID-19 ជាច្រើន​បាន​បង្ហាញ​ថា​វីរុស​មាន​ការ​ផ្លាស់ប្តូរ​ហ្សែន​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​រាងកាយ​របស់​អ្នក​ដែល​ឆ្លង​វីរុស។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អ្វី​ដែល​អ្នក​ជំនាញ​បាន​រក​ឃើញ​ និងថាតើអាច​ប៉ះពាល់​ដល់​ការ​បង្កើត​វ៉ាក់សាំងឬយ៉ាងណា។

    ការ​រកឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ

    ដោយ​ប្រើប្រាស់​ទិន្នន័យ Global Initiative on Sharing All Influenza Data (GISAID) អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍​ Los Alamos នៅ​សហរដ្ឋ​អាមេរិក​បាន​សិក្សា​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ហ្សែន​របស់​វីរុស​នៅ​​​ផ្នែក​ស្រួច​នៅ​លើ​សំបក​របស់​វីរុស​កូរ៉ូណា (Spike)។ ការសិក្សា​លើក​ដំបូង​បាន​រកឃើញ​ថា​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ចំនួន​១៤​ ដែល​ក្នុង​នោះមាន​មួយ​ឈ្មោះថា D614G ​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ថាអាចធ្វើ​ឲ្យ​វីរុស​កាន់តែ​ងាយ​ឆ្លង។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ឡុងដុងដ៍ (UCL)​ ប្រទេស​អង់គ្លេស​បាន​ប្រើ​ទិន្នន័យ​ដូចគ្នា​នឹង​សហរដ្ឋ​អាមេរិក​ដែរ ដោយ​បាន​សិក្សា​ទៅ​លើ​ហ្សែន​នៃ​វីរុស​ពី​អ្នក​ឆ្លង​ជាង​៧ ៥០០​នាក់​ជុំវិញ​ពិភពលោក។ អ្នកទាំង​នោះ​​រកឃើញ​ថា​វីរុស​កូវីដ១៩​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ចំនួន​១៩៨ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។

    ការសិក្សា​មួយ​ទៀត​នៅ​សាកលវិទ្យាល័យ Glasgow ប្រទេស​អង់គ្លេស​ក៏​បាន​សិក្សា​វិភាគ​លើ​ការ​ផ្លាស់ប្ដូរ​ហ្សែន​របស់​វីរុស​នេះ​ដែរ និង​រកឃើញ​ថា​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​មិន​បាន​បង្ក​ឲ្យ​វីរុស​មាន​ភាព​ខុស​គ្នា​ទេ។

    ដោយឡែក​ការ​សិក្សា​លើក​ដំបូង​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​លើក​ឡើង​ថា​មាន​វីរុស​ពីរ​ប្រភេទ​ដែល​ឆ្លង​ទៅ​លើ​មនុស្ស​ចាប់​តាំង​ពី​វីរុស COVID-19 បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន និង​មួយ​ក្នុង​ចំណោម​ពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​សាហាវ។

    អត្ថបទ​ពាក់ព័ន្ធ៖

    លោក Lawrence Young សាស្ត្រាចារ្យ​ផ្នែក​ម៉ូឡេគុល​មហារីក​នៅ​សាកលវិទ្យាល័យ Warwickប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ខណៈ​ដែល​មាន​ការ​សន្និដ្ឋានជាច្រើន​ទៅលើ​ការ​ផ្លាស់ប្តូរហ្សែនកើត​មាន​វីរុស​ប្រភេទ​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង លោក​ថា​ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​មិន​មាន​ករណី​នេះទេ។ វីរុស​នេះ​គឺ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ហ្សែន​ខ្លាំង​ទេ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ការ​ផ្លាស់ប្ដូរ​ហ្សែន​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

    អ្នកវិទ្យាសាស្ត្រ​នឹង​ធ្វើ​ការ​សិក្សា​ទៅលើ​មុខងារ​របស់​ហ្សែន និង​សិក្សា​លម្អិត​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ហ្សែន​ជាក់លាក់​មួយ​ថា​តើ​ការ​ផ្លាស់ប្ដូរ​នេះ​ប៉ះពាល់​ដល់​វីរុស​យ៉ាង​ម៉េច​ខ្លះ។

    តើ​ការ​ផ្លាស់ប្តូរ​ហ្សែន​របស់​វីរុសប៉ះពាល់​ដល់​ការ​បង្កើត​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ឬទេ?

    ក្រុម​វិទ្យាសាស្ត្រ​នៅ​ប្រទេស​អង់គ្លេស (UCL) បាន​រក​ឃើញ​ថា​ការ​ផ្លាស់ប្ដូរ​នេះ​គឺ​មិន​បាន​ផ្លាស់​ប្តូរ​គ្រប់​ហ្សែន​ទេ គឺ​មាន​ការ​ផ្លាស់ប្ដូរតែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ និង​ផ្នែក​ខ្លះ​មាន​លក្ខណៈ​ខុសគ្នា។

    អ្នក​ដឹកនាំ​ការ​សិក្សា​នៅ UCL បាន​បន្ត​ថា​ផ្នែក​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​នៃ​វីរុស​អាច​ជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការ​បង្កើត​ថ្នាំ និង​វ៉ាក់សាំង។ យ៉ាងណា​ក៏​ក្រុម​អ្នកវិទ្យា​សាស្រ្ត​សង្ឃឹមថាវីរុស​ COVID-19 នឹងមិនមាន​ការ​ផ្លាស់ប្ដូរហ្សែន​ខ្លាំង​នៅ​ថ្ងៃ​អនាគត។

    អត្ថបទពាក់ព័ន្ធ:

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម