នៅប្រទេសទាំងនេះភាគច្រើនគេពាក់ម៉ាសពេលឈឺព្រោះអ្នកទាំងនោះគិតថាការក្អក ឬកណ្ដាស់នៅទីសាធារណៈគឺមានភាពមិនសមរម្យ។ ម៉្យាងទៀត ដោយសារមានការផ្ទុះឡើងជំងឺ SARS កាលពីឆ្នាំ២០០៣ដែលបានឆ្លងនៅប្រទេសជាច្រើននៅអាស៊ីបានធ្វើឲ្យការពាកម៉ាស់មានសារសំខាន់ ជាពិសេសនៅទីក្រុងហុងកុងដែលមានមនុស្សជាច្រើនបានស្លាប់។ នេះអាចចំណុចខុសគ្នារវាងប្រទេសទាំងនេះ និងប្រទេសលោកខាងលិច។ បន្ថែមពីនេះប្រទេសខ្លះនៅអាស៊ីមានការបំពុលខ្យល់ច្រើនដែលធ្វើឲ្យមនុស្សពាក់ម៉ាសពេលចេញទៅក្រៅ។
អ្នកជំនាញជឿថាការពាក់ម៉ាស់មុននឹងចេញទៅក្រៅអាចទម្លាប់ល្អមួយដែលបង្ការមិនឲ្យប៉ះពាល់មុខ ចៀសវាងកន្លែងមានមនុស្សច្រើន និងការរក្សាគម្លាតជាដើម។ អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យហុងកុង Benjamin Cowling បាននិយាយថាមនុស្សយើងមិនអាចនិយាយថាម៉ាសមិនមានប្រសិទ្ធភាពក្នុងការពារទេ ប៉ុន្តែគេសន្និដ្ឋានថាម៉ាសអាចផ្តល់ការការពារបានខ្លះព្រោះម៉ាសជារបស់ការពារដែលមនុស្សយើងឲ្យទៅក្រុមគ្រូពេទ្យ។ ប្រសិនជាមានមនុស្សច្រើនពាក់ម៉ាសពេលនៅកន្លែងមនុស្សច្រើន នោះម៉ាសអាចនឹងទប់ស្កាត់ការចម្លងបានខ្លះ។
ប៉ុន្តែនេះក៏មានផលវិបាកដែរ នៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសថៃបានប្រឈមនឹងបញ្ហាកង្វះខាតម៉ាស ហើយនៅប្រទេសកូរ៉េខាងត្បូងបានចែកចាយម៉ាស់ដោយកំណត់ចំនួនដែរ។ នេះបង្កឲ្យមានភ័យខ្លាចថាអ្នកពាក់ម៉ាសអាចនឹងពាក់ម៉ាសដែលប្រើហើយ ឬប្រើម៉ាស់គ្មានគុណភាព។
នៅសហរដ្ឋអាមេរិក ការតម្រូវឲ្យមនុស្សគ្រប់គ្នាពាក់ម៉ាស់បានក្លាយបញ្ហាទាក់ទងនឹងសេរីភាពផ្ទាល់ខ្លួន។ ទីក្រុង Stillwater នៅ Oklahoma បានប្តូរច្បាប់នៃការពាក់ម៉ាសមកជាការណែនាំវិញក្រោយពីមានការគំរាមកំហែងប្រើអំពើហឹង្សា ខណៈដែលសន្តិសុខនៅរដ្ឋ Michigan ត្រូវបានសម្លាប់ក្រោយពីបានហាមឃាត់អ្នកទិញទំនិញមិនពាក់ម៉ាសមិនឲ្យចូលទៅក្នុងហាងទំនិញ។
ដោយសារការសិក្សាជាច្រើនបានយល់ស្រប និងមិនយល់ស្របទៅលើប្រសិទ្ធភាពរបស់ម៉ាសក្នុងបញ្ឈប់ការចម្លង ហេតុនេះហើយប្រទេសមួយចំនួនមិនបានចេញច្បាប់ ឬសេចក្តីណែនាំលើការពាក់ម៉ាស ដូចជាប្រទេសណូវែលហ្សេឡង់ជាដើមដែលអាចគ្រប់គ្រងការរាតត្បាតក្នុងប្រទេសបានដោយមិនបានចេញសេចក្តីណែនាំឲ្យប្រជាជនខ្លួនពាក់ម៉ាស ដោយសារខ្វះការឯកភាពគ្នាផ្នែកវិទ្យាសាស្ត្រ និងការព្យាបាលសាកល្បង។
មូលហេតុដែលមនុស្សមួយចំនួនពាក់ម៉ាស់ និងមួយចំនួនទៀតមិនពាក់ម៉ាស់មិនមែនដោយសារតែការណែនាំរបស់រដ្ឋាភិបាល និងវេជ្ជសាស្ត្រទេ ប៉ុន្តែនេះអាចមកពីវប្បធម៌ និងប្រវត្តិសាស្ត្រដែលធ្លាប់ជួបប្រទះជំងឺរាតត្បាត ឬទាក់ទងនឹងសេរីភាពផ្ទាល់ខ្លួន។ ដោយការរាតត្បាតនៃ COVID-19 នៅតែបន្ត អ្នកវិទ្យាសាស្ត្រនៅតែបន្ថការសិក្សាទាក់ទងនឹង COVID-19 ដូចនេះហើយឥរិយាបថរបស់យើងនឹងផ្លាស់ប្ដូរទៅតាមភស្តុតាង និងការស្រាវជ្រាវទាំងនោះ។