backup og meta

វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 15, 2020

    វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត

    វីរុស COVID-19 ជា​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស ហើយ​ការសិក្សា​បាន​បង្ហាញ​ថា​មនុស្ស​មាន​វ័យ​ចំណាស់ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​ងាយ​ប្រឈម​នឹង​ផលវិបាក​នៃ​វីរុស​នេះជាងគេ​។ ដោយឡែក​វីរុស​COVID-19 ​មិន​មែន​ត្រឹម​តែ​វាយ​ប្រហារ​ផ្លូវ​ដង្ហើម​តែ​មួយ​ទេ វីរុស​នេះ​អាច​វាយ​ប្រហារ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ និង​បង្ក​ជា​ផលវិបាក​ផ្សេងៗទៀត​ផង​។

    វីរុស COVID-19 អាច​បង្ក​កំណក​ឈាម

    អ្នក​ជំងឺ​វ័យ​៣៨ឆ្នាំ​ម្នាក់​បាន​ឆ្លង​វីរុស COVID-19 និងមាន​អាការៈ​ធម្មតា​នៅ​រយៈពេល​១០​ថ្ងៃ​ដំបូង​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​អ្នក​ជំងឺ​រូប​នេះ​បាន​ងើប​ឡើង​ហើយ​ជើង​ទាំង​សង​ខាង​ស្ពឹក ​ត្រជាក់​ និង​មិន​អាច​ដើរ​បាន​ទេ។ នេះ​​បណ្ដាល​មក​ពី​ការ​កក​ឈាម​នៅ​សរសៃ​អាកទែរធំ​​ស្ថិត​នៅ​ខាងលើ​ដែលជាកន្លែង​បែក​ចែក​ជា​ពីរ​ផ្នែក​ដើម្បី​បញ្ជូន​ឈាម​ទៅ​ជើង​ទាំង​ពីរ​។ ឈាម​មិន​អាច​រត់​ចូល​ទៅ​ក្នុង​សរសៃ​អាកទែ​ដែល​ចេញ​ពីសរសៃ​អាអ៊ក​ធ្វើ​ឲ្យ​ជើង​មិន​មាន​ឈាមរត់ចូលទៅ។ គ្រូពេទ្យ​បាន​ធ្វើ​ការ​វះកាត់​យក​កំណកឈាម​ចេញ​ជា​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺនោះ។

    អាការៈ​កំណក​ឈាម​នេះ​ពិត​ជា​មាន​គ្រោះថ្នាក់​ណាស់ និង​អាច​សម្លាប់​អ្នក​ជំងឺ​ចន្លោះ​ពី២០ទៅ៥០%។ គ្រូពេទ្យ​ដែល​ព្យាបាល​អ្នកជំងឺ COVID-19 បាន​ប្រទះ​ឃើញ​រោគសញ្ញា​ចម្លែកៗ និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ក្នុង​នោះ​រួម​មាន​កំណក​ឈាម​គ្រប់​ទំហំ​កើត​ឡើង​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ ខ្សោយ​តម្រងនោម រលាក​បេះដូង និង​ផលវិបាក​នៃ​ប្រព័ន្ធ​ភាពស៊ាំជាដើម។

    វីរុស COVID-19 អាច​បង្ក​ឲ្យ​មាន​ការ​ខ្សោយ​សរីរាង្គ​ជា​ប្រព័ន្ធ

    ក្នុង​ករណី​ខ្លះ វីរុស​នេះ​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​ដក​ដង្ហើម និង​ក្នុង​ករណី​ខ្លះ​ទៀត​បង្ក​ឲ្យ​មាន​ការ​ខ្សោយ​សរីរាង្គ​ជា​ប្រព័ន្ធ។ បច្ចុប្បន្ន​វីរុស​ COVID-19 ​បង្ក​ផល​ប៉ះពាល់​ដល់​កុមារ​ដោយសារការឆ្លើយតបយ៉ាងសកម្មរបស់​ប្រព័ន្ធភាពស៊ាំ។ ខណៈ​ដែល​អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត​ចាត់​ទុក​វីរុស​កូរ៉ូណា​ថ្មី​នេះ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​ច្បាស់ណាស់​វីរុស​នេះ​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយរបស់មនុស្ស​មួយ​ចំនួន។ ជា​ទូទៅ​រោគសញ្ញា​នៃ​វីរុស​នេះ​ជា​រោគសញ្ញា​ផ្លូវដង្ហើម​ដូចជា​ក្ដៅខ្លួន ជំងឺ​រលាក​សួត និង​បណ្ដុំ​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។

    យ៉ាងណា​មិញ​ វីរុស​OVID-19 ​ហាក់​ដូចជា​វាយ​ប្រហារ​ទៅ​លើ​សរីរាង្គ​មួយ​ចំនួន​ដោយ​ផ្ទាល់​ ហើយ​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​គឺ​ការ​វាយ​លុក​ទៅលើ​ស្រទាប់​សរសៃ​ឈាម​ដែល​អាច​បង្ក​ឲ្យ​មាន​កំណកឈាម។ ក្រុម​គ្រូពេទ្យ​ក៏​បាន​រាយការណ៍​ពី​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ដែល​មាន​នៅ​លើ​អ្នកជំងឺ​វ័យ​ក្មេង​ ក៏​ដូចជា​ការ​ស្ទះ​សរសៃ​អាកទែរ​ក្នុង​សួត។ អ្នក​ឯកទេស​រោគសាស្ត្រ​បាន​រក​ឃើញ​ដុំ​កំណក​ឈាម​នៅ​ក្នុង​សរសៃ​ឈាម​តូចៗ​ ហើយ​គ្រប់​សរីរាង្គ​ទាំង​អស់​សុទ្ធតែ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​សរសៃឈាម។ ដូច្នេះ​ប្រសិន​ជា​វីរុស​បង្ក​ផល​ប៉ះពាល់​ដល់​សរសៃឈាម​ ​ការ​ខូចខាត​សរីរាង្គអាច​នឹង​កើតមាន។

    វីរុស COVID-19 អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម​របស់​ប្រព័ន្ធ​ភាពស៊ាំ​កុមារ

    វីរុស COVID-19 អាច​បង្ក​រោគសញ្ញា​គួរ​ឲ្យ​ខ្លាច​មួយ​គឺ​ការ​រលាក​ប្រព័ន្ធ​ច្រើន​កន្លែង​ចំពោះ​កុមារ។ ក្រុមគ្រូពេទ្យ​កំណត់​ការ​រលាក​ប្រព័ន្ធ​ច្រើន​កន្លែង​ចំពោះ​កុមារ​ដោយ​អាការៈ​គ្រុនក្ដៅ​មិន​បាត់ ការ​រលាក មុខងារ​សរីរាង្គ​មួយ​ ឬច្រើន​ចុះខ្សោយ និង​រោគសញ្ញា​ផ្សេងទៀត​ស្រដៀង​នឹងជំងឺ​ស្ហុក (Shock) ។ ក្នុង​ករណី​ខ្លះកុមារ​មាន​ជំងឺ​ស្ហុក ឯ​ខ្លះ​ទៀត​មាន​រោគសញ្ញា​នៃ​ជំងឺ Kawasaki ខណៈ​ដែល​មួយ​ចំនួន​ទៀត​មាន​អាការៈ Cytokine storm ដែល​បង្ក​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ។ ជំងឺ Kawasaki គឺ​មាន​ការ​រលាក​នៅ​តាម​ជញ្ជាំង​សរសៃ​អាកទែរ និង​អាច​បង្ក​ការ​ខូចខាត​ដល់​បេះដូង ហើយ​ជំងឺ​នេះ​អាច​មក​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ (Cytokine storm)Cytokine Storm ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​សួត​ និង​កំណក​ឈាម​ចំពោះ​អ្នកជំងឺ​ពេញ​វ័យ​ដែរ។

    គ្រូពេទ្យ​បាន​រកឃើញ​ថា​វិធី​ព្យាបាល​ផ្សេងៗ​អាច​ជួយ​គ្រប់គ្រង​រោគសញ្ញា​នៃ​វីរុស​នេះ​បាន។ ថ្នាំ​ពង្រាវ​ឈាម​អាច​ជួយ​ដល់​បញ្ហា​កំណក​ឈាម ខណៈដែល​ថ្នាំ immunosuppressant អាច​ជួយ​ដល់​ទប់ស្កាត់​អាការៈ Cytokine storm

    វីរុស COVID-19 អាច​បង្ករោគសញ្ញា​ COVID Toes

    រោគសញ្ញា​ដែល​នៅ​តែ​ជា​ចម្ងល់ និង​មិន​គួរ​ឲ្យ​ភ័យ​ខ្លាច​គឺ​ COVID Toes ដែល​ម្រាម​ជើង​អ្នក​ជំងឺ​ឡើង​ហើម និង​មាន​ពណ៌​ក្រហម ឬ​ស្វាយ។ នេះ​អាច​មក​ពី​កំណកឈាម​តូចៗ​បង្ក​ដោយ​វីរុស COVID-19ប៉ុន្តែ​រោគសញ្ញា​គឺ​មិន​មាន​ទំនាក់ទំនង​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម