backup og meta

ម៉ាក់​ៗ​​កំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 24, 2022

    ម៉ាក់​ៗ​​កំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​

    ម៉ាក់​ៗ​ច្បាស់​ជា​កំពុង​តែ​បារម្ភ​ខ្លាំង​ហើយ​ ដែល​ពពោះ​ចំ​ពេល​កូវីដ១៩ ​បែប​នេះ​ និង​ចង់​ដឹង​ឲ្យ​ច្បាស់​ថា​ បើ​ម៉ាក់​ៗ​កើត​កូវីដ​ អាច​ចម្លង​ទៅ​អា​អូននៅ​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​?​

    ​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

    ១.សុខភាព​អា​អូន​ដែល​​ម៉ាក់​ៗ​កើត​កូវីដ​១៩

    បើ​យោង​​តាម​​ការ​សិក្សា​​លើ​ទារក​ចំនួន​២៦៣​នាក់​​ ដែល​មាន​ម៉ាក់​ៗ​ចូលរួម​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​​អំពី​លទ្ធផល​នៃ​​មេរោគ​កូវីដ​​លើ​​ស្ត្រី​មាន​ទម្ងន់ (PRIORITY) ​ដែល​ការ​សិក្សា​នេះ​ ផ្ដោត​លើ​ស្ត្រី​ដែល​បាន​បញ្ជាក់​ថា​​កើត​ជំងឺ​កូវីដ​១៩​​ ​ឬ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។​

    ​​លទ្ធផល​បាន​បង្ហាញ​ថា​ អត្រា​ប្រេវ៉ាឡង់​​នៃ​​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ និង​​​ជំងឺ​ផ្លូវ​ដង្ហើម​ គឺ​មិន​មាន​ភាព​ខុស​គ្នា​រវាង​ទារក​​ដែល​កើត​ពី​ម៉ាក់​ៗ​ចំនួន​១៧៩​នាក់​ ដែល​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និង​ម៉ាក់​ៗ​ចំនួន​៨៤​នាក់​ផ្សេង​​ទៀត​ ដែល​អវិជ្ជមាន​ជំងឺ​កូវីដ​ឡើយ​។

    ជា​មួយ​គ្នា​នេះ​ដែរ​ មាន​ទារក​ចំនួន២​នាក់​ (,%)​ ​ដែល​មាន​ម៉ាក់​ៗ​ វិជ្ជមាន​កូវីដ​១៩ ​ក៏​កើត​មាន​ជំងឺ​កូវីដ​១៩​នេះ​ដែរ​។​ ទារក​ម្នាក់​ពុំ​មាន​បញ្ហា​សុខភាព​នោះ​ទេ​ រី​ឯ​ទារក​ម្នាក់​ទៀត​​​កើត​មិន​គ្រប់​ខែ​ និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ (ឧទាហរណ៍​ ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​)។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​ត្រូវ​បាន​​គេ​ណែ​នាំ​ថា គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​កើត​នៅ​អាយុ​២៦​សប្ដាហ៍​ប៉ុណ្ណោះ​ ហើយ​ទារក​ទាំង​២នោះ​ ពុំ​ត្រូវ​បាន​សម្រាក​ព្យាបាល​សារ​ជាថ្មី​ឡើយ​ នៅ​ក្នុង​អំឡុង​ពេល​តាម​ដាន​នេះ​។​​​​

    ​​​ក្នុង​ចំណោម​ម៉ាក់​ៗ​ដែល​វិជ្ជមាន​កូវីដ​១៩​ អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ពីរ​សប្ដាហ៍​​ចុងក្រោយ​​នៃ​ការ​មាន​គភ៌​ ទំនង​ជា​​កូន​កើត​មិន​គ្រប់​ខែ​ ​ហើយ​ទារក​​ក៏​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​ថែទាំ​ពិសេស​ផង​ដែរ។ ប៉ុន្តែ​ទារក​ទាំង​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ នៅ​ពេល​ដែល​​ពួកគេ​មាន​កើត​បាន​អាយុ​៦ ទៅ​៨សប្តាហ៍​។

    ពពោះកូវីដ១៩

    ២.ដែន​កំណត់​នៃ​ការ​ស្រាវជ្រាវ

    ទោះ​បី​ជា​ការ​សិក្សា​នេះ​ ផ្ដល់​ផល​ជា​វិជ្ជមាន​សម្រាប់​ទារក​ ក្នុង​អំឡុង​​ពេល​ជំងឺ​រាតត្បាត​នេះ​យ៉ាង​ណា​ក្តី​ ​ប៉ុន្តែ​​​វា​ត្រូវ​ការ​​ការ​​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដោយ​សារ​តែ​ទារ​ក​ដែល​ធ្វើ​តេស្ត​រក​កូវីដ​១៩ មិន​ពេញ​លេញ​​​នៅ​ពេល​សិក្សា​ ដែល​មាន​តែ​ទិន្នន័យ​ដែល​អាច​ប្រើ​បាន​ត្រឹម​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ ឆ្នាំ២០២០​ប៉ុណ្ណោះ​។

    លោក​វេជ្ជ​បណ្ឌិត​Benaroch មាន​ប្រសាសន៍​ថា ភាគច្រើន​នៃ​ការ​សម្រាល​កូន​ ដែល​យក​មក​​វាយតម្លៃ​នៅ​ក្នុង​ការ​សិក្សា​ គឺ​​បាន​មក​ពី​ម៉ាក់​​ៗ​ដែល​​ឆ្លង​កូវីដ​១៩​ នៅ​​ត្រី​មាស​ទី​៣​ ដែល​មាន​ន័យ​ថា​ យើង​មិន​​​អាច​ដឹង​បាន​​​ថា​ ​បើ​ទារ​ក​​កើត​ពី​ម៉ាក់​ៗ​ដែល​ឆ្លង​កូវីដ​១៩​លឿន​ជាង​នេះ​ ​មាន​សភាព​យ៉ាងណា​នោះ​ទេ។

    ​​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ស្រាវជ្រាវ​នេះ​ ក៏​​បាន​បង្ហាញ​ពី​តម្រុយ​បន្ថែម​ទៀត​ ដល់​ក្រុម​​គ្រូពេទ្យ​ និង​ម៉ាក់​ៗ​ ឲ្យ​​ជ្រួត​ជ្រាប​​ពី​ជំងឺ​កូវីដ​១៩​កាន់​តែ​ច្បាស់​ជាង​មុន​​​ ពី​ផល​ប៉ះពាល់​​ទៅ​លើ​​សុខភាព​របស់​ទារក​ដែល​​​ទើប​នឹង​​កើត​ផង​ដែរ​។

    ៣.ថែរក្សាសុខភាព​​អំឡុង​ពេល​ជំងឺ​​កូវីដ​១៩

    យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ និង​ការ​ការពារ​ (CDC) អាមេរិក ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​វិវត្ត​​ទៅ​រក​សភាព​ធ្ងន់ធ្ងរ​ ​នៅ​ពេល​កើត​មាន​ជំងឺ​កូវីដ​១៩​ ជាង​អ្នក​ដែល​គ្មាន​ទម្ងន់​។ ដូចនេះ​ ក្រុម​គ្រូពេទ្យ​ទទូច​ឲ្យ​ម៉ាក់​ៗ​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​។​

    ពិត​ណាស់​ ​ការ​ការពារ​ប្រសើរ​ជាង​ការ​​ព្យាបាល​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ត្រូវ​​ចាត់​វិធានការ​ឲ្យ​បាន​ម៉ត់​ចត់​ ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដូចជា​រក្សា​គម្លាត​ ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ ដោយ​ប្រើ​ទឹក​អាកុល​លាង​ដៃ​ ដែល​មាន​កម្រិត​ជាង​អាកុល​​យ៉ាង​តិច​៦០%​ ឬ​លាង​សម្អាត​ដៃ​ដោយ​ប្រើ​សាប៊ូ​​ឲ្យ​បាន​២០​វិនាទី​។

    ការ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ នៅ​អំឡុង​ពេល​ពពោះ​ អាច​ជួយ​ម៉ាក់​ៗ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​។ លើស​ពី​នេះ​ ចូរ​ញ៉ាំ​វីតាមីន​នៅ​អំឡុង​ពេល​មាន​គភ៌​ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​​ថែទាំ​រាងកាយ​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ ត្រូវ​កាត់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​កម្រិត​ទាប​តាម​ដែល​អាច​ធ្វើ​បាន​ ​តាម​រយៈ​ការ​សមាធិ​ ឬ​ស្អាប់​ចម្រៀង​ជាដើម​។​​​​​​

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម