
ចក្រភពអង់គ្លេសបានសម្រេចអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនផលិតឱសថអាមេរិក សហការជាមួយក្រុមហ៊ុនឱសថរបស់អាល្លឺម៉ង់ហើយនៅថ្ងៃនេះ និងគ្រោងចែកចាយពាសពេញប្រទេសក្នុងសប្ដាហ៍ក្រោយ។
នៅបណ្ដាញសង្គម Twitter របស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានសរសេរនៅរសៀលនេះថា អាជ្ញាធរប្រទេសខ្លួនបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer និងBioNTech ហើយ។ លោកបន្ថែមថា វ៉ាក់សាំងនេះ នឹងត្រូវចែកចាយនៅក្នុងប្រទេសនៅសប្ដាហ៍ក្រោយ។ លោកបន្តថា ក្រោយទទួលបានវាក់សាំងនេះ ជីវិតប្រចាំថ្ងៃរបស់ប្រជាជន និងដំណើរការសេដ្ឋកិច្ចនឹងវិលមករកសភាពដើមវិញ។
សារព័ត៌មាន CNN បានចុះផ្សាយនៅរសៀលថ្ងៃទី២ ខែធ្នូ នេះដែរថា ក្រសួងសុខាភិបាលអង់គ្លេស នឹងពិចារណាចាក់វ៉ាក់សាំងនេះឲ្យជនងាយរងគ្រោះមុន ដូចជាមនុស្សចាស់ជរា និងបុគ្គលិកសុខាភិបាលមុនអ្នកផ្សេង។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានចុះកិច្ចព្រមព្រៀងផ្ដល់វ៉ាកសាំងកូវីដ១៩ ដល់អង់គ្លេសចំនួន៤០លានដូស ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។
ដូចគ្នាដែរ ខាងក្រុមហ៊ុនធ្លាប់បានអះអាងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូត៩៥ភាគរយ និងមិនមានបញ្ហាចោទលើផ្នែកសុវត្ថិភាពនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕