
អាមេរិកត្រៀមអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ មួយប្រភេទទៀត បន្ទាប់ពីគណៈកម្មការផ្នែកឱសថវាយតម្លៃថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពបង្ការកូវីដ១៩ ច្រើនជាងហានិភ័យ ខណៈខាងនិយ័តកររាយការណ៍កាលពីសប្ដាហ៍មុនថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព៩៤ភាគរយ។
ប្រធានរដ្ឋបាលចំណីអាហារ និងឱសថ(FDA) អាមេរិកបាននិយាយថាបុគ្គលិករបស់លោកនឹងពន្លឿននីតិវិធីទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ១៩ Moderna ដែលអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមដឹកជញ្ជូនវ៉ាក់សាំងទៅកាន់គោលដៅសម្រាប់ប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានBBCនៅថ្ងៃទី១៨ ខែធ្នូ នេះ។
បើតាមBBC ការសម្រេចនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីវ៉ាក់សាំងបង្ការកូវីដ១៩ Pfizer/BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើក្នុងប្រទេស។ គណៈកម្មការវាយតម្លៃលើប្រសិទ្ធភាពថ្នាំរបស់ អាមេរិក កាលពីថ្ងៃអង្គារបានបោះឆ្នោតសំឡេង២០ទល់នឹង០ ថាវ៉ាក់សាំងModerna មានគុណប្រយោជន៍ច្រើនជាងហានិភ័យសម្រាប់ចាក់ឲ្យមនុស្សមានវ័យ១៨ឆ្នាំឡើងទៅ។
រដ្ឋាភិបាលអាមេរិកបានយល់ព្រមទិញវ៉ាក់សាំងនេះចំនួន២០០លានដូស ហើយក្នុងនោះប្រាំមួយលានដូសអាចនឹងត្រូវដឹកជញ្ជូនចេញទៅប្រើប្រាស់ភ្លាមៗ ពេលវ៉ាក់សាំងបានទទួលការអនុញ្ញាតជាផ្លូវការ។
គួរបញ្ជាក់ថាវ៉ាក់សាំងនេះត្រូវរក្សាទុកក្នុងសីតុណ្ហភាព–២០អង្សា និងត្រូវចាក់ពីរដូសដើម្បីមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕