Fever of Unknown Origin (ក្តៅខ្លួនដោយមិនដឹងប្រភព)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១‑ អ្វីជាអាការកៈក្តៅខ្លួនដោយមិនដឹងប្រភព?

ក្តៅខ្លួនដោយមិនដឹងប្រភព មក​ពី​ពាក្យបច្ចេកទេស Fever of Unknown Origin ឬ FUO ជា​ការ​ឡើង​កម្តៅចាប់ពី ៣៨,៣ អង្សា​រសេ ដោយ​ការ​វាស់​តាម​រន្ធ​គូទ ហើយ​មិន​មែន​មាន​រយៈ​ពេល​ខ្លី​ មិន​មែន​ដោយ​សារ​ជំងឺ​អ្វី​មួយ​ឡើយ ហើយ​ងាយ​ធ្វើ​ឲ្យ​ស្លាប់ ឬ​មិន​ស្រួល​ខ្លាំង​ជា​មួយ​រោគ​សញ្ញា​​ ក៏​ដូច​ជាសភាព​មិន​ធម្មតា​របស់​អាការៈ។ ក្តៅ​ខ្លួន​មិន​ដឹង​ប្រភព​ជាទូទៅ គឺ​ត្រូវ​ធ្វើ​តេស្ត ​ថត​សួត ការ​ពិនិត្យ​ទឹក​នោម ឬ​ការ​បណ្តុះ​មេរោគ​ក្នុង​ឈាម ដើម្បី​រក​មើល​មូល​ហេតុ។

ក្តៅខ្លួនដោយមិនដឹងប្រភព ត្រូវ​បាន​ចែក​ជា ៤ ប្រភេទ៖

– Classic FUO៖ ក្តៅ​ខ្លួន​យូរ​ជាង ៣​សប្តាហ៍​ ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​បី​សម្រាក​ពេទ្យ ៣​ថ្ងៃ ​ឬ​ទៅ​ជួប​គ្រូពេទ្យ ៣​ដង​ហើយ​ក៏​ដោយ។

– ក្តៅ​ខ្លួន​ដោយ​សារ​សម្រាក​ពេទ្យ៖ ពេល​ចូល​សម្រាក​ពេទ្យ​ដំបូង ​មិន​មាន​ការ​បង្ក​រោគ​ ឬ​ដាក់​បំពង់​ជំនួយ​ដង្ហើម​ឡើយ តែ​ស្រាប់​លេច​ចេញ​អាការៈ​​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ ទោះ​តាម​ដាន​មើល​ ៣​ ថ្ងៃ​ហើយ​ក៏​ដោយ។

– ក្តៅ​ខ្លួន​ដោយ​សារ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ៖ អាការៈ​ក្តៅ​ខ្លួន​ចំពោះ​គ្នា​យើង​​មាន​ប្រព័ន្ធ​ការ​ពារ​មិន​គ្រប់​គ្រាន់ ក្តៅ​ច្រើន​ជាង ​៣​ថ្ងៃ​ ដោយ​មិន​ដឹង​មូល​ហេតុ ហើយ​ធ្វើ​ការ​បណ្តុះ​មេរោគ​ ក៏​មិនបាន​រក​ឃើញ​​​អ្វីដែរ។

– ក្តៅ​ខ្លួន​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍៖ ក្តៅ​ច្រើន​ជាង ៣​សប្តាហ៍ ​សម្រាប់​មិន​សម្រាក​ពេទ្យ ឬ​ច្រើន​ជាង ៣​ថ្ងៃ​ សម្រាប់សម្រាក​ពេទ្យ ក៏​នៅ​តែ​ធ្វើ​រោគ​វិនិច្ឆ័យ​ពិត​ប្រាកដ​មិន​ឃើញ​ដដែល។

២- កើតឡើង​ញឹក​ញាប់​ដែរ​ទេ?

អាការៈ​ក្តៅ​ខ្លួន​មិន​ដឹង​ប្រភព អាច​កើត​មាន​ទាំង​ក្មេងៗ​ និង​មនុស្ស​ពេញ​វ័យ។ សូម​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣‑ រោគសញ្ញាក្តៅ​ខ្លួន​ដោយ​មិន​ដឹង​ប្រភព​

ជំងឺនេះ​ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ជួយ​​គ្រូពេទ្យ​ដឹង​ពី​មូល​ហេតុ​បាន ដោយ​រោគ​សញ្ញា​​ជា​ទូទៅមាន​ដូច​ជា៖

– កម្តៅ​ឡើង​ដល់ ៣៨ អង្សា​ចំពោះ​ទារក ឬ ៣៧,៥​ អង្សា​រ ចំពោះ​ក្មេង​ និង​មនុស្ស​ពេញ​វ័យ
– បែក​ញើស
– រងាញាក់
– ឈឺ​ក្បាល។

រោគ​សញ្ញា​ផ្សេងៗ​រួម​មាន៖

– ចុក​រួយ​សាច់​ដុំ​ ឬ​សន្លាក់
– អស់​កម្លាំង ល្ហិត​ល្ហៃ
– ឈឺ​ក
– ក្អក
– ឡើង​កន្ទួល​ក្រហម
– តឹង​ច្រមុះ។

ជំងឺ​នេះ​ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាបារម្ភ​​ពី​រោគសញ្ញា​ណា​មួយ​ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤‑ ពេលណាត្រូវទៅជួបពេទ្យ?

បើ​សិនមានរោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ ​ឬ​មានចម្ងល់ សូម​ទៅ​ពិគ្រោះ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាង​កាយមនុស្ស​​ម្នាក់​ៗ គឺ​ខុសៗ​គ្នា ហេតុ​នេះរោគ​សញ្ញា​ក៏​​ខុស​ៗ​គ្នាដែរ។ គ្រូ​ពេទ្យ​នឹង​ជួយ​រក​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​ស្ថាន​ភាព​ជំងឺយើង។

មូល​ហេតុបង្ក

៥‑ មូលហេតុបង្ក​ឲ្យ​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​ប្រភព

ប្រភេទ​នៃ​អាការៈ​ក្តៅ​នីមួយៗ សុទ្ធ​តែ​ជួយ​ពេទ្យដឹងពី​មូល​ពិត​ប្រា​កដរបស់​ជំងឺ​​បាន ខណៈ​មូល​ហេតុ​បង្ក​ឲ្យ​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​ប្រភព អាច​មាន​ដូច​ជា៖

– ការ​បង្ក​រោគ៖ ជំងឺ​របេង  ជំងឺ​ Mononucleosis (ជំងឺឆ្លងតាមការថើប)  ជំងឺ​ Lyme (ឆ្លងដោយសត្វចៃខាំ) ជំងឺ​ឆ្មារ​ខ្វាច ជំងឺ​រលាក​ក្នុង​ស្រទាប់បេះដូង និង​ជំងឺ​ មួយ​ចំនួន​ផ្សេង​ទៀត។
– ការ​រលាក៖ ជំងឺ​ Lupus ជំងឺ​រលាក​សន្លាក់ (Rheumatoid arthritis) ជំងឺ​​រលាក​ពោះ​វៀន និង​ជំងឺ​មួយ​ចំនួន​ទៀត។
– ជំងឺ​មហារីក៖ មហារីក​ពពួក​កូន​កណ្តុរ មហារីក​គ្រាប់​ឈាម​ស មហារីក​លំពែង និងជំងឺមហារីក​ផ្សេងៗ​ទៀត។
– ជំងឺ​ផ្សេងៗ៖ ក្តៅ​ខ្លួនដោយ​សារ​ថ្នាំ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​ការ​លើស​ធម្មតា រលាក​ថ្លើម និង​កត្តា​ផ្សេងៗ​មិន​ស្ថិត​ក្នុង​ប្រភេទ​ខាង​លើ។

គ្នា​យើង​មាន​ជំងឺ​ នឹង​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​ ដើម្បី​សម្រួច​ទៅ​រក​មូល​ហេតុ​ច្បាស់​លាស់​របស់​អាការ​ក្តៅ​ខ្លួន​នេះ។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​អាការៈ​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​ប្រ​ភព​ អាច​ធ្វើ​ឲ្យ​យើង​រក​ឃើញ​មូលហេតុ​បង្ក​បាន​ទាន់​ពេល។

កត្តាប្រឈម

៦‑ កត្តាប្រឈមក្តៅខ្លួនដោយមិនដឹងប្រភព

កត្តា​ប្រឈម​ក្តៅខ្លួន​ដោយ​មិន​ដឹង​ប្រភព អាច​មាន​ច្រើន ហេតុនេះ ជាការល្អ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ក្នុង​ករណី​ខ្លះ ការ​រង់​ចាំ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ ​ជា​ជម្រើស​សម្រាប់​ការ​ព្យាបាល​អាការៈ​ក្តៅ​ខ្លួន​រយៈ​ពេល​ខ្លី​ដែល​មិន​មាន​សញ្ញា​គ្រោះ​ថ្នាក់។ តែ​ពេល​អា​ការៈ​ក្តៅ​ខ្លួន ន​កាន់​តែ​យូរ ​មិន​ព្រម​បាត់​ទៅ​វិញ គ្រូពេទ្យ​នឹង​សុំ​ធ្វើ​តេស្ត​មួយ​ចំនួន៖

– សួរនាំ៖ គ្រូពេទ្យ​នឹង​សួរ​ពីសំណួរ​មួយ​ចំនួនដែល​អាចជា​តម្រុយ​ឲ្យរក​ឃើញ​មូល​ហេតុ​ក្តៅ​ខ្លួន​នេះ​បាន​ដូចជា៖​

  • ការ​ចេញ​ក្រៅ​ប្រទេស
  • ទៅ​ប៉ះ​ពាល់​នឹង​អ្វី​ប្លែក​ឬ​ទេ
  • មាន​ផ្លាស់​អ្វី​ក្នុង​ការ​រស់​នៅ​ឬទេ

បើ​សិន​ជាយើង​​មាន​សត្វ​ចិញ្ចឹម អាច​គួរ​គិត​ថា យើង​អាច​ឆ្លង​​ជំងឺ​​ពី​សត្វទាំង​នោះ។ គ្រូ​ពេទ្យ​ ក៏​នឹង​សួរ​ពី​ប្រវត្តិ​គ្រួសារ និង​ជំងឺ​​មួយ​ចំនួន​ដូច​ជា មហារីក​ពពួក​កូន​កណ្តុរ ឬ​ជំងឺ​ Rheumatic fever (ប៉ះពាល់ដល់បេះដូង សន្លាក់ ខួរក្បាល និងស្បែក)។

– ​ពិនិត្យ​ឈាម ​និង​ពិនិត្យ​រាងកាយ៖ ​គ្រូពេទ្យ​ នឹង​ធ្វើ​ការ​ពិនិត្យ​ឈាម​ ដើម្បី​រក​បញ្ជាក់​ពី​​ជំងឺមួយ​ចំនួន ​ដូច​ជា​​ជំងឺ​មក​ពី​ប្រព័ន្ធ​ការពារ ហើយ​ការ​ពិនិត្យ​ស្បែក ដើម្បី​​រក​មើល​ថា​មាន​ស្លេក​ស្លាំង ឡើង​កន្ទួល​ក្រហម ឬ​ឡើង​លឿង ​ឬទេ។ បើ​សិន​ជា​មាន​តម្រុយ​វិជ្ជមាន​នោះ គ្រូពេទ្យ​នឹង​ដុំ​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​កាន់​តែ​ច្បាស់។

– ​បណ្តុះ​មេរោគ៖ ​បណ្តុះ​មេរោគ​ក្នុង​ឈាម ទឹក​នោម និង​កំហាក ដើម្បី​ស្វែង​រក​មូល​ហេតុ​ ថា​មក​ពី​ពួក​បាក់​តេរី ឬ​ពពួក​ផ្សិត​ ឬ​យ៉ាង​ណា។ ក៏​មាន​តេស្ត​ជាក់​លាក់​ សម្រាប់​ពពួក​មេរោគ​មួយ​ចំនួនផង​ដែរ។

– ថតរូបភាពសាស្រ្ត៖ ការ​ថត​មើល​បេះដូង​ ធ្វើ​ឡើង​បើ​សិន​ជា​គ្រូពេទ្យ​ឮ​សូរ​សំឡេង​មិន​ប្រក្រតី​ណា​មួយ​ ចេញ​ពី​បេះ​ដូង​យើង ឬ​សង្ស័យ​ថា យើង​​មាន​​ជំងឺ​រលាកក្នុង​ស្រទាប់បេះ​ដូង។ ការ​ថត​សួត​ដោយ​កាំ​រស្មី​អ៊ិច​ ក៏​នឹង​ត្រូវ​ធ្វើ​ដូច​គ្នា​ បើ​សិន​ជាពេទ្យ​​សង្ស័យ​ថា​ យើង​មាន​​ជំងឺ​សួត​ណាមួយ​នោះ។

៨‑ វិធីព្យាបាល

ការ​ព្យាបាល​អាការៈ​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​ប្រភព ​អាស្រ័យ​ទៅ​តាម​មូល​ហេតុ​នីមួយៗ ដូចជា៖

– ថ្នាំ​ប្រឆាំង​ការ​រលាក (NSAIDs) និង​ថ្នាំ Antihistamines នឹង​ត្រូវ​ប្រើ​ បើ​សិន​ជា​រក​តម្រុយ​មូល​ហេតុ​មិន​ឃើញ​សោះ។ ថ្នាំ​ទាំង​នេះ ​នឹង​ជួ​បន្ថយ​កម្តៅចំពោះ​គ្នា​យើង​មាន​ជំងឺ​ជា​ច្រើន។

– សម្រាប់គ្នា​យើង​​មាន​ប្រព័ន្ធ​ការពារខ្សោយ​​វិញ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​អង់ទីប្យូទិក ដោយ​ហេតុ​ថា អាការៈ​ក្តៅ​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ មាន​​កើត​ឡើង​ដោយ​សារ​ការ​បង្ក​រោគ​ប្រមាណ​ពី ២០-៤០ ភាគរយ​ឯ​ណោះ។

– ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ការ​ព្យាបាល​ គឺ​ផ្តោត​សំខាន់​លើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​ពួក​វីរុស ហើយ​បញ្ហា​ផ្សេងៗ​ទៀត​ អាច​ព្យាបាល​តាម​ក្រោយ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ញ៉ាំ​ទឹក​អោយ​បាន​ច្រើន ព្រោះ​អាការៈ​ក្តៅ​ខ្លួន អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ដូច​នេះ​គួរ​ញ៉ាំ​ទឹក​ ទឹក​ផ្លែ​ឈើ ឬ​ស៊ុប ​ដើម្បី​បំពេញ​ជាតិ​ទឹក​វិញ។ សម្រាប់​ក្មេង​ក្រោម​ ១​ឆ្នាំ អាច​ឲ្យ​​ញ៉ាំ​ទឹក​ពពួក​អូរ៉ាលីត ​មាន​រសជាតិ​ និង​ក្លិន​ផ្លែ​ឈើ​បាន។
– សម្រាក​ឲ្យ​បាន​ច្រើន និង​ស្លៀក​ពាក់​ស្តើងៗ នៅ​ក្នុង​កន្លែង​ត្រជាក់​ល្មម​ ដូច​ជា​ ក្នុង​ផ្ទះ​ជាដើម។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 4, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 4, 2019