Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​រលាក​ទង​សួត​ស្រួចស្រាល​?

រលាកទង​សួត​ស្រួច​ស្រាល គឺ​ជា​ជំងឺរលាកផ្លូវដង្ហើម ជួបប្រទះជាញឹកញាប់​បំផុតនៅ​ផ្នែក​ខាង​ចុងនៃ​ទង​សួត​។

២- ជំងឺ​រលាក​ទង​សួត​ស្រួចស្រាលកើត​ញឹកញាប់​ដែរ​ទេ?

ជំងឺរលាកទង​សួត​ស្រួច​ស្រាល ជា​ទូទៅ​ ច្រើន​កើត​លើក្មេង​​មាន​អាយុ​ក្រោម​ ២ ឆ្នាំ​ ហើយ​ប៉ះពាល់​ខ្លាំង​ចំពោះ​ទារក​​អាយុ​ចន្លោះ​ ២-៦ ​ខែ ​និងក្មេង​​មិន​បាន​បៅ​ដោះ​ម្ដាយ​។

រោគសញ្ញា

៣- រោគសញ្ញា​ជំងឺ​រលាក​ទង​សួតស្រួច​ស្រាល​មាន​អ្វី​ខ្លះ?

រោគ​សញ្ញាជំងឺ​រលាក​ទង​សួតស្រួច​ស្រាល ​ចាប់​ផ្ដើម​ដំបូង​ដោយ​ការ​បង្ក​រោគ​តាម​ប្រព័ន្ធ​ដក​ដង្ហើម​ផ្នែក​ខាង​លើ​ ដែល​មានអាការៈ​ ដូចជា​ផ្តាសាយ​ធម្មតា មាន​ហៀរ​សំបោរ ​តឹង​ច្រមុះ ​កណ្ដាស់​ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្មេង​នឹង​ប្រែ​​ទៅ​ជា​ក្ដៅ​ខ្លួន​ រញ៉ាំរញ៉ូវ​ និង​ថប់​ដង្ហើម​។

នៅ​ពេល​រោគ​​សញ្ញា​ជំងឺ​កាន់​តែ​ធ្ងន់ យូរៗ​ទៅ​ក្មេងនឹង​ពិបាក​ដកដង្ហើម​កាន់​តែ​ខ្លាំង​ ដែល​លេច​ឡើងអាការៈ​​ផត​សាច់​ក​ និង​សាច់​ចន្លោះ​ឆ្អឹង​ជំនី​ ហើយ​ពេល​ដក​ដង្ហើម​ មាន​​ឭ​សំឡេង​ងីតៗ​ (wheezing)។

ចំពោះ​ក្មេងតូចៗវិញ ​ពេល​ជួប​បញ្ហា​នេះ ​អាច​នឹង​ពិបាក​បញ្ចុក​ចំណី ​និង​គេង ​ដោយសារ​តែមាន​​ស្លេស្ម​កើន​ឡើង​ក្នុង​សួត ​ហើយ​បង្ក​ទៅ​ជា​ក្អួត​ និងបន្ទោបង់មក​មាន​​សំបោរ​ទៀត​ផង។

៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

ត្រូវ​ប្រញាប់​យក​កូន​មក​មន្ទីរ​ពេទ្យ ​ពេល​មានរោគ​​សញ្ញា​ទាំង​នេះកើត​ឡើង​ ដូច​ជា៖

– ក្អួត
– ដកដង្ហើម ​ឮងឺតៗ​ ដូច​កូន​ឆ្មារ​យំ
– ដង្ហើម​ញាប់ ​លើស​ពី​ ៦០​ដង
– ផត​សាច់​ចន្លោះ​ឆ្អឹង​ជំនីរ​ពេល​ដកដង្ហើម
– សន្លឹមៗ​ និង​ទន់​ដៃ​ទន់​ជើង
– មិន​ព្រមបៅ​ដោះ​ ឬ​ដង្ហើម​ញាប់​ពេល​បៅ
– ស្បែក​ឡើង​ស្វាយ​ ជាពិសេស​បបូរ​មាត់ ​និង​ក្រចក

បើ​សិន​ជា​មាន​ផល​វិបាក​រឿង​ផ្តល់​ចំណីឲ្យ​ក្មេង ឬក្មេង​មិន​ផឹក​ទឹក ឬក៏​ក្មេង​ដក​​ដង្ហើម​កាន់​តែ​ញាប់ទៅៗ ប្រញ៉ាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជាបន្ទាន់ ពិសេស​ទារក​រ​អាយុ​តិច​ជាង​ ១២​ សប្ដាហ៍​ និង​ក្មេង​​មាន​ជំងឺ​សួត ​បេះដូង​ ពី​កំណើត​ និងទារក​កើត​មិន​គ្រប់​ខែ។

មូលហេតុបង្ក

៥- មូលហេតុបង្កឲ្យ​កើត​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល​មានអ្វីខ្លះ?

ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល គឺ​ជា​ជំងឺ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​ខ្យល់​ដង្ហើម​ បង្កឡើង​ដោយ​វីរុស RSV (Respiratory Syncytial Virus) ​ដែល​ប្រភេទ​វីរុស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ ​ហើយ​ក៏​អាច​មាន​មេរោគ​ផ្សេង​ទៀត​ដែរ ​ដូចជា Parainfluenza ​និង​ Adenovirus ។

អត្ថបទ​ពាក់​ព័ន្ធ៖

កត្តាប្រឈម

៦- អ្វី​ជា​កត្តា​ប្រឈម​ជំងឺ​រលាកទង​សួត​ស្រួច​ស្រាល?

កត្តា​ធ្វើ​ឲ្យក្មេង​​ប្រឈម​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល មាន​ដូច​ជា៖

– ទារក ឬក្មេងប្រុស
– ទារកកើត​មិន​គ្រប់​ខែ
– ទារក​កើត​ចំ​ពេល​កំពុង​ផ្ទុះ​​ជំងឺរលាក​ទង​សួត
– ធ្លាប់​មាន​ជំងឺ​កោសិកា​ទង​សួត​ខុស​ប្រក្រតី
– មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ និង​សាច់​ដុំ​ និង​ជំងឺ​បេះដូង​ពី​កំណើត
– រស់​នៅ​ជាមួយ​សមាជិក​គ្រួសារ​​ជក់​បារី
– ម្តាយ​​ក្មេង​ពេក​ពេល​មាន​គភ៌
– មាន​បង​ប្អូន​ច្រើន​
– មិន​សូវ​​បៅ​ដោះ​ម្ដាយ
– ម្ដាយ​មាន​ជំងឺ​សួត
– មាន​ជីវភាព​ក្រីក្រ

រោគវិនិច្ឆ័យ​និង​ការ​ព្យបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដើម្បី​កំណត់ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន ​គ្រូពេទ្យ​ត្រូវ​ពិនិត្យរបាយការណ៍​សុខភាព​ ដើម្បី​ដឹង​ពី​អាយុ​កុមារ ​រដូវ​កាល​ដែល​អាច​កើត​ជំងឺ​ប្រភេទ​នេះ​ និង​ពិនិត្យ​យ៉ាង​ចិត្ត​ទុកដាក់​លើ​កាយ​សម្បទា​ ​អាច​ជួប​សញ្ញា​ដូចជា​៖

– ដង្ហើម​ញាប់
– បេះដូង​លោត​ញាប់​
– ក្ដៅខ្លួន​ ៣៨-៣៩ អង្សារសេ
– ផតទ្រូងពេលដកដង្ហើម
– ស្ដាប់​សួត​ឮ​សំឡេង​មិន​ធម្មតា
– សញ្ញា​កង្វះ​អុកស៊ីហ្សែន​
– ដំបៅ​អំបែក​​ត្រចៀក​

ការ​វិភាគ​ដោយ​តេស្ត​ផ្សេង​ទៀត​៖

ប្រសិន​បើ​ពេទ្យ​សង្ស័យ​ថា ​មាន​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាល ការ​អង្កេត​វិភាគ​ផ្សេង​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ញែក​ចេញ​ជំងឺ​ដទៃ​ទៀត​ ដូចជា ​ជំងឺ​រលាក​សួត​ដោយ​បាក់តេរី ការ​បង្ក​រោគ​ក្នុង​ឈាម និង​ជំងឺ​បេះដូង​ជាដើម ​ព្រោះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ​មូល​ហេតុ​ គឺ​បង្ក​មក​ពី​វីរុស​។ ​ក្នុង​ករណី​ខ្លះ​ អាច​ដាក់​ឲ្យ​ក្មេង​សម្រាក​ពេទ្យ​ទៀត​ក៏​មាន​ ហើយ​តេស្ត​ដែល​ត្រូវ​ធ្វើ​ មាន​ដូចជា​៖

– យក​វត្ថុ​វិភាគ​ចេញ​ពី​ច្រមុះ​ ដើម្បី​ពិសោធ​រក​មើល​អង់ទីហ្សែន​មេរោគ
– វាស់​កំហាប់អុកស៊ីហ្សែន​ និង​ឧស្ម័ន​កាណូនិច​ក្នុង​ឈាម
– តេស្ត​ឈាម​ទូទៅ
– វាស់​កម្រិត​អុកស៊ីហ្សែន
– បណ្ដុះ​មេរោគ​ក្នុង​ឈាម
– តេស្ត​ទឹក​នោម​ និង​បណ្ដុះ​មេរោគ​ក្នុង​ទឹកនោម
– បូម​ទឹក​ឆ្អឹង​ខ្នង​ និង​បណ្ដុះ​មេរោគ​ក្នុង​ទឹក​ឆ្អឹង​ខ្នង
– តេស្ត​រក​មើល​សារធាតុ​គីមី​សរីរាង្គ​ក្នុង​ឈាម​
– ការ​ធ្វើ​អេកូសាស្ត្រ​ គឺ​ចំពោះក្មេង​​ដែល​មាន​បេះដូង​រីក​ធំ​ និង​មាន​ចង្វាក់​បេះដូង​មិន​ធម្មតា

ការ​ថត​រូប​ភាព​វេជ្ជសាស្ត្រ៖

ការ​ថត​សួត​ ត្រូវ​ធ្វើ​ឡើង​ដើម្បី​ងាយ​ស្រួល ​ក្នុង​ការ​អម ​និង​ជា​អំណះអំណាង​ ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ដើម្បី​រក​មើល​បញ្ហា​ដទៃ​ទៀត​​អាច​កើត​មាន​ឡើង​ ដូចជា ​ជំងឺ​បេះដូង​ ឬ​ស្លាក់​វត្ថុ​រឹង​ណាមួយ​ចូល​ក្នុង​ទង​សួត​។ ​បើ​ក្នុង​ករណី​ក្មេង ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ពេល​មាន​សញ្ញា​ពិបាក​ដក​ដង្ហើម ​គឺ​គេ​គិត​លើ​ការ​ស្លាក់​វត្ថុ​រឹង​ច្រើន​ជាង​ ហើយ​ពេទ្យ​អាច​សង្គ្រោះ​បាន​ ដោយ​ការ​ចាប់​យកវត្ថុ​នោះ​​ចេញ​ ដោយ​ប្រើ​ប្រុងកូស្កូប​ ឬ​ការ​ព្យាបាល​ដោយ​លាង​សួត​ជា​ដើម​។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល​ជំងឺ​រលាក​ទងសួត​ស្រួច​ស្រាល ត្រូវ​ធ្វើ​យ៉ាងណា ​ឲ្យ​ក្មេង​​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ បន្ទាប់​មក​ចាំ​ព្យាបាល​អាការៈ​បន្ទាប់​បន្សំ​ ដូចជា​ ការ​បង្គ្រប់​ជាតិ​ទឹក​ជាដើម​។​ ការ​ព្យាបាល​ត្រូវ​ចែក​ចេញ​ជា ​២ ​ប្រភេទ​៖

ការ​ព្យាបាល​ដោយ​មិន​ប្រើ​ថ្នាំ៖

– ​បញ្ចូល​អុកស៊ីហ្សែន
– បង្គ្រប់​ជាតិ​ទឹក
– ជំនួយ​ដង្ហើម​មេកានិច
– បឺត​ស្លេស្ម
– ដាក់​ឧបករណ៍​តាម​ដាន​ដង្ហើម​ និង​បេះដូង
– បន្ថយ​កម្ដៅ

ការ​ព្យាបាល​ដោយ​ថ្នាំ៖

– ថ្នាំ Alpha/beta agonists (albuterol, racemic epinephrine)
– ថ្នាំ Monoclonal antibodies (palivizumab)
– ថ្នាំផ្សះ Antibiotics ( ampicillin, cefotaxime, ceftriaxone)
– ថ្នាំ​ប្រឆាំង​វីរុស (ribavirin)
– ថ្នាំ​បន្ថយ​ការ​តឹង​ច្រមុះ ( oxymetazoline )
– ថ្នាំ Corticosteroids ( dexamethasone, prednisone, methylprednisolone)

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– បើ​ទារក​ទើប​តែ​កើត​ ឬ​កើត​មិន​គ្រប់ខែ​ ​ត្រូវ​ចៀសវាង​​ការ​នៅ​ជិត​អ្នក​មាន​ជំងឺ​ផ្ដាសាយ​ ជាពិសេស​ក្នុង​អំឡុង ​២​ខែ​ក្រោយ​សម្រាល។
– លាង​សម្អាត​ឧបករណ៍​​ក្មេង​លេង​ឲ្យ​បាន​ស្អាត ​និង​កន្លែងក្មេង​ឧស្សាហ៍​ប៉ះពាល់​ ជាពិសេស​ប្រសិន​បើ​មាន​នរណា​ម្នាក់​ឈឺ​ក្នុង​គ្រួសារ។
– ខ្ទប់​មាត់​ពេល​កណ្ដាស់​ និងក្អក​ ដើម្បី​ចៀសវាង​ការ​ចម្លង​រោគ។
– មិន​ត្រូវ​ប្រើ​កែវ​ទឹក​ជាមួយ​គ្នា ​ពេល​មាន​អ្នក​ឈឺ​ក្នុង​គ្រួសារ។
– លាងដៃ​ឲ្យ​បាន​ញឹក​ញាប់​ មិន​ថាយើងផ្ទាល់ ​ឬ​កូន​​ទេ ដើម្បី​ការពារ​ខ្លួនចៀស​ឆ្ងាយ​ពី​មេរោគ។
– បើ​អាច​ធ្វើ​បាន​ម្ដាយ​គ្រប់​រូប​​ គួរ​តែ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ​៦ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 24, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 24, 2019

អ្នកអាចចូលចិត្ត