Breast biopsy (ច្រឹបសាច់សុដន់ពិនិត្យរកមហារីក)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយម​ន័យ

១- អ្វីជាការច្រឹប​សាច់​សុដន់​​? 

ពេលសុដន់​យើង​ឡើង​ដុំ​ ឬ​មាន​បញ្ហា​ខុស​ប្រក្រតី​ណា​មួយ គ្រូ​ពេទ្យ​នឹង​សុំ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​៖ ថត​កាំរស្មី​អ៊ិច ​និង​ធ្វើ​អេកូ​(ដោះ) ជា​ដើម​។​ ​បន្ទាប់​ធ្វើ​ពី​តេស្ត​ទាំង​ពីររួច ពេទ្យ​​អាច​​ច្រឹប​សាច់​ដោះ​ទៅ​វិភាគ​បន្ត​ ពេល​មាន​ករណី​​សង្ស័យណា​មួយ។

២- ហេតុអ្វីត្រូវច្រឹបសាច់សុដន់?

ការ​ច្រឹប​សាច់​យក​ទៅ​ពិសោធ អាច​ជួយ​ពេទ្យ​ដឹងថា​តើ​ជា​កោសិកា​មហារីក​ ឬយ៉ាង​ណា?​ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ប្រាប់​យើង​ពី​រោគវិនិច្ឆ័យ​ពិត​ប្រាកដ ក៏​ដូច​ណែនាំ​ពី​ជម្រើស​នៃ​ការ​ព្យាបាល​ផងដែរ។

កត្តាគួរប្រុង​ប្រយ័ត្ន​

៣- កត្តាប្រឈម​ក្រោយ​ច្រឹប​សាច់​មានអ្វីខ្លះ?

ហានិភ័យ​​អាច​កើត​មាន​ក្រោយ​ពេល​ច្រឹបសាច់សុដន់​៖

​- ឡើង​ជាំ ​ឬ​ហើម​
– អាច​បង្ក​រោគ ឬហូរ​ឈាម​ត្រង់​កន្លែង​ច្រឹប
– សុដន់​អាចខូចខាត​ទ្រង់ទ្រាយ អាស្រ័យ​លើ​ទំហំ​ដុំសាច់​ដែល​ច្រឹប​ចេញ
– មិន​មែន​ជា​ការ​ព្យាបាល​ទេ ត្រូវ​ចាំ​លទ្ធផល​ជា​មុន
– ក្រោយ​ពេល​ច្រឹប​សាច់ មាន​អារម្មណ៍​គ្រុនក្តៅ ក្រហាយកន្លែងច្រឹប ​ឬ​ឡើង​ក្រហម​ មាន​ហូរ​សារធាតុរាវ​​ចេញ​មក​ក្រៅ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ដំណើរ​ការច្រឹបសាច់

៤- គួរត្រៀមអ្វីខ្លះមុនពេល​ច្រឹបសាច់?

– ត្រូវ​ប្រាប់​ពេទ្យក្នុង​ករណី​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ​ឬ​ទើប​តែ​លេប​ថ្នាំ​អាស្ពីរីន (អំឡុង​ពេល​ ៧ ថ្ងៃ) ថ្នាំ​ពង្រាវ​ឈាម ឬ​ក៏​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត។
– ក្នុង​ករណី​ប្រើ​ម៉ាស៊ីន​ MRI បើ​យើង​កំពុង​ដាក់​ប្រើស​បេះដូង​សិប្បនិមិត្ត​ ឬកំពុង​មាន​ផ្ទៃ​ពោះ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​មុន ព្រោះ​ថា​ប្រើ​ម៉ាស៊ីន​ប្រភេទ​នេះ​ មិន​អាច​ប្រើ​ចំពោះយើង​មាន​ករណី​ទាំងពីរ​នេះ​ទេ។
– គួរ​ត្រៀម​វិធី​ផ្សេងៗ​សម្រាប់​បំបាត់​ការ​ឈឺ​ចាប់​ដទៃ​ទៀត​ ដូច​ជា​ថង់​ទឹកកក​សម្រាប់​ស្អំ។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេលច្រឹបសាច់?

គឺមានការ​ចូល​រួម​ដោយ​គ្រូ​ពេទ្យ​ជំនាញ​ច្រើន​រូប រាប់​បញ្ចូល​ទាំង​គ្រូពេទ្យ​ឯកទេស​វះកាត់ ​ឯកទេស​សណ្ដំ​ និង​ឯកទេស​វិទ្យុសាស្ត្រ។ ការ​ច្រឹប គឺ​មាន​ពីរ​វិធី ដូច​ជា​ច្រឹប​យក​ចំណែក​មួយ​តូច​នៃ​ដុំ​សាច់​សង្ស័យ​ជា​កោសិកា​មហារីក​ និង​ការ​កាត់​យក​ចេញ​ទាំង​អស់​នៃ​ដុំ​សាច់​សង្ស័យ​តែម្តង ដោយ​ប្រើ​ថ្នាំ​ស្ពឹក និង​ថ្នាំផ្សេងៗ​ទៀត។

អំឡុង​ពេល​វះកាត់ នេះ​គ្រូពេទ្យ​នឹង​ព្យាយាម​ខ្វេះ​យក​សាច់​សង្ស័យ​ចេញ​ឲ្យ​អស់​តាម​តែ​អាច​ធ្វើ​ទៅ​បាន និង​កំណត់​ព្រំដែន​នៃ​សាច់ បាន​រីករាល​ដាល​ដល់​តំបន់​ណា? បន្ទាប់​មក​សាច់​ដែល​ច្រឹប​ចេញ​នឹង​បញ្ជូន​ទៅ​បន្ទប់​ពិសោធន៍​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ។ អាច​ជារឿង​ពិបាក​ក្នុង​ការ​កំណត់​ដោយ​ភ្នែក​ទទេ ​ព្រោះ​មហារីក គឺ​ជា​កោសិកា​មើល​ឃើញ​ភាព​មិន​ប្រក្រតី​បានលុះត្រា​តែ​ប្រើ​មីក្រូស្កូប​នៅ​មន្ទីរ​ពិសោធន៍។ ក្នុង​ករណី​មាន​ការរីក​រាល​ដាល​ដុំ​មហារីក​ហួស​ព្រំដែន​កំណត់​ដោយ​គ្រូ​ពេទ្យ មានន័យ​ថា​មហារីក​រាលដាល ឬការ​ខ្វេះ​យក​សាច់​នោះ​មិន​អស់ ពេលនោះ​គ្រូពេទ្យរៀបចំ​ពេល​វេលា​​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ការ​វះកាត់​ម្ដងទៀត។

៦- មាន​អី្វ​កើត​ឡើង​ក្រោយ​ច្រឹបសាច់​រួច?

បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​ យើង​អាច​ត្រលប់​ទៅ​ផ្ទះ​ប្រកប​ការងារ​បាន​ធម្មតា យើង​គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បាត់​ហើម​ផងដែរ។

លទ្ធផល​

៧- លទ្ធផលតេស្តច្រឹប​សាច់​សុដន់

លទ្ធផល​អាស្រ័យ​លើ​ទំហំ ទី​កន្លែង ប្រភេទ​សាច់ និង​តំបន់​ដែល​សាច់សំណាក​ត្រូវ​ច្រឹប​យក​មក​ពិសោធ ដើម្បី​កំណត់​ជា​ប្រភេទ​សាច់​ស្លូត ឬ​សាច់​កាច ដែល​ទាំង​នេះ​ទាម​ទារ​​គ្រូពេទ្យ​ឯកទេស​ជា​អ្នក​បក​ស្រាយ។

ពេល​ខ្លះ​អាច​មាន​ការ​ខ្វែង​មតិ​គ្នា​ខ្លះ រវាង​គ្រូពេទ្យ​ឯកទេស​វិទ្យុសាស្ត្រ និង​គ្រូពេទ្យ​ឯកទេស​វិភាគ​កោសិកា ព្រោះ​ថា​យោបល់ និង​ភស្តុតាង​បាន​ពី​ទិន្នន័យ​ទាំង​ពីរ​ផ្នែក​អាច​ខុស​គ្នា។ ឧ. លទ្ធផល​វិភាគ​សាច់​បង្ហាញ​ថា​ជា​សាច់​ស្លូត តែ​មាន​សញ្ញា​បង្ហាញ​ថា​មាន​ការ​រាល​ដាល​នៅ​លើ​រូបភាព​វេជ្ជសាស្ត្រ ហើយ​ករណី​នេះ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ការ​ច្រឹប​សាច់​កន្លែង​សង្ស័យ​យក​មក​ពិសោធ​បន្ត​ទៀត។ ករណី​ខ្លះ​ទៀត លទ្ធផល​អាច​បង្ហាញ​ថា​សាច់​កាច ប៉ុន្តែ​មិន​មាន​ភស្តុតាង​រីក​រាល​ដាល​នៅ​លើ​រូបភាព​វេជ្ជសាស្ត្រ​ទៅវិញ ពិសេស​ករណី​នេះ​កើត​ឡើង​នៅ​ពេល​កោសិកា​មហារីក​រង​អំពើ​ដោយសារ​អ័រម៉ូន។ ​យ៉ាង​ណា គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​ពិគ្រោះ​យោបល់​គ្នា​យ៉ាងហ្មត់​ចត់ មុន​ធ្វើ​ការ​សំយោគ​ទៅ​ជា​លទ្ធផល​មួយ​គួរ​ទុក​ចិត្ត​បាន​សម្រាប់យើង ដើម្បីទទួល​ការ​ព្យាបាលត្រឹម​ត្រូវ។

 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

អ្នកអាចចូលចិត្ត