Bronchial Cancer (មហារីក​ទង​សួត)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- អ្វី​ជា​ជំងឺ​មហារីក​ទង​សួត?

មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ ហើយ​ទូទៅ​បែង​ចែក​ជា​ ៣​ប្រភេទ៖

– ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។

– ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។

– មហារីក​ភ្នាស (Mucoepidermoid carcinoma)៖ ភាគ​ច្រើន​កើត​នៅ​លើ​ក្រពេញ​ទឹក​មាត់ នៅ​ខាង​មុខ​ត្រចៀក។

២- មហារីកនេះកើតញឺកញាប់ដែរទេ?

អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ ប៉ុន្តែ​ហានិភ័យ​ប្រឈម​ខ្លាំង​ចំពោះ​ប្រុសៗ។ យ៉ាង​ណា ដើម្បី​បង្ការកាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ទងសួត គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​រហ័ស​ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ ​ជា​វិធី​តែ​មួយ​គត់​អាច​បង្ការ​កុំ​ឲ្យ​រងផល​វិបាកដោយសារ​ជំងឺ​​ និង​បង្កជា​មហារីក​បាន ហើយ​រោគ​សញ្ញា​​មហារីក​ប្រភេទ​នេះ​អាច​នៅ​ចំ​កណ្ដាល ឬ​នៅ​គែម​ៗបំពង់​ខ្យល់​ ខណៈ​រោគ​សញ្ញា​ចំ​កណ្ដាល​ អាច​ធ្វើ​ឲ្យ​ស្ទះ ​និង​​ហូរ​ឈាម​លាយ​ឡំ​ និង​មាន​អាការៈ៖

– ពិបាក​ដកដង្ហើម
– បញ្ចេញ​សំឡេង​មិន​ធម្មតា​ពេល​ដក​ដង្ហើម ដោយសារ​ស្ទះ​បំពង់​ខ្យល់ ​ឬ​ទង​សួត​រីក​ធំ
– ក្ដៅ​ខ្លួន ឬ​​ក្អក​ធ្លាក់​ស្លេស្ម ​មក​ពី​ការ​ក​រោគ​ ពេល​ខ្លះ​បង្ក​ឲ្យ​​រលួយ​ជាលិកា​សួត ​និង​ស្រុត​សួត​ទៀត​ផង។
– ក្អក​ធ្លាក់​ឈាម​ ព្រោះ​មាន​ដំបៅ​តាម​ភ្នាស​បំពង់​ខ្យល់ ជា​កត្តា​គ្រោះថ្នាក់​ មិន​ថា​មក​ពី​មហារីក ឬ​ជំងឺ​អ្វី​ផ្សេង​ឡើយ។
– អ្នក​ជំងឺ​មាន​រោគ​សញ្ញា​នៅ​គែម​ៗបំពង់ខ្យល់ ​មិន​មាន​រោគ​សញ្ញា​អ្វី​ជាក់​លាក់​នោះ​ទេ។

អាច​នៅ​មាន​រោគសញ្ញា​ផ្សេង​ទៀត​ពាក់ព័ន្ធ​ជំងឺ​មហារីក​ទងសួត មិន​បាន​រៀបរាប់​ខាង​លើ។ បើ​សង្ស័យ​គួរ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

៤- ពេលណាគួរទៅជួបពេទ្យ?

បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

មូលហតុបង្ករ

៥- អ្វីខ្លះជាមូលហេតុបង្ក?

មិន​ទាន់​មាន​ការ​កំណត់​មូលហេតុ​ជាក់​លាក់​នៅ​ឡើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​គ្នា​យើង​មាន​ហ្សែន​ជំងឺ​ក្រពេញ​ប្រភេទ​ទី ១ ​​ងាយ​វិវត្តទៅ​ជា​ជំងឺ​មហារីក​ទងសួត។ ករណី​ខ្លះ ដូច​ជា​ការ​ប្រឈម​នឹង​កាំ​រស្មី​វិទ្យុ​សកម្ម ​នៅក ​ក្បាល​ កាន់​តែ​ប្រឈម​មុខ​អាច​វិវត្ត​ទៅ​រក​មហារីក​ទង​សួត ប្រភេទ​ភ្នាស (Mucoepideroid carcinoma)។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

– ជក់​បារី​ជា​ប្រចាំ ​និង​ច្រើន​ឆ្នាំ​ប្រឈម​ហានិភ័យ​ខ្ពស់​ជាង​គេ​ តែ​បើ​ផ្ដាច់​បាន​អាច​កាត់​បន្ថយ​បាន​ច្រើន សុខ​ភាព​កាន់​តែ​ប្រសើរ។
– ទោះ​មិន​ជក់​បារី គ្រាន់​តែ​ស្រូប​យក​ផ្សែង​បារី​ដោយ​អចេតនា ក៏​អាច​បង្ក​ជា​មហារីក​ដែរ។
– ប្រឈម​សារធាតុ​មាន​ក្នុងហ្វីបប្រូ​ស៊ីម៉ង់ត៍ ​(Asbestos) និង​សារធាតុ​ផ្សេង​ទៀត ដូចជា​សំណ ក្រូមីញ៉ូម​ និង​សារធាតុ​នីកែល។
– ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​មហារីក​ប្រភេទ​នេះ​ពី​មុន។

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បន្ទាប់​ពី​ពិនិត្យ​រាងកាយ បើ​គ្រូពេទ្យ​សង្ស័យ​មាន​ជំងឺ​មហារីក​ទង​សួត នឹង​ស្នើ​ធ្វើ​ការ​វិភាគ​បន្ត​ដូចជា៖

– ថត​ស្កេន​ ក៏​អាច​ប្រើ​ក្នុង​ករណី​នេះ​ដូចគ្នា
– ថតកាំរស្មីអ៊ិច រក​មើល​ភាព​មិន​ប្រក្រតី​ណាមួយ
– ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ ដើម្បី​រក​មើល​កោសិកា​មហារីក
– ថត​អឹម​រ៉ាយ​ (MRI) ដើម្បី​ទទួល​បានរូប​ភាព​បាន​ច្បាស់​ ​ងាយ​កំណត់​ភាព​មិន​ប្រក្រតី​របស់​សរីរាង្គ ពេល​ខ្លះ​អាច​ប្រើ​សារធាតុ​ពណ៌​ផង​ដែរ។

៨- ព្យាបាលដោយវិធីណា?

ការ​ព្យាបាល អាស្រ័យ​លើ​ប្រភេទ និង​កម្រិត​មហារីក គ្រូពេទ្យ​អាច​នឹង​សម្រេច​ចិត្ត​ព្យាបាល​តាមវិធី​មួយ​ចំនួន ដូច​ជា៖

– ព្យាបាល​ដោយ​វះកាត់​យក​ដុំ​មហារីក​ទាំង​អស់​ចេញ ​និង​កូន​កណ្ដុរ​មាន​ឆ្លង​មេរោគ។
– ព្យាបាល​ដោយ​វិទ្យុសកម្ម ​ក្នុង​បំណង​បន្ថយ​ការ​រាល​ដាល​មហារីក ​ជាទូទៅ​ធ្វើ​ក្រោយ​ការ​វះកាត់។
– ព្យាបាល​ដោយ​គីមី​ គឺ​អាច​ប្រើ​ថ្នាំ​គ្រាប់​ ឬ​ចាក់​តាម​សរសៃ​ទៅ​សម្លាប់​កោសិកា​មហារីក​តែម្ដង។ គ្រូពេទ្យ​នឹង​អនុវត្ត​វិធីនេះ ​ក្រោយ​ការ​វះកាត់​ បើ​ពិនិត្យ​ឃើញ​មាន​កោសិកា​មហារីក​នៅ​សេស​សល់។
– ព្យាបាល​តាម​ប្រព័ន្ធ​ភាព​ស៊ាំ ដោយ​ប្រើ​ថ្នាំ​សម្រាប់​បង្កើន​ថាមពល​ប្រព័ន្ធ​ការពារ​រាង​កាយ​ ដើម្បី​មាន​លទ្ធភាព​ប្រឆាំង​កោសិកា​មហារីក ឈប់​លូត​លាស់​ត​ទៅ​ទៀត។
– ព្យាបាល​ដោយ​ថ្នាំ ​ទៅ​កម្ចាត់​ប្រូតេអ៊ីន ​ឬហ្សែន ដែល​ជា​មូលហេតុ​បង្ក​​មហារីក។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ​

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្តងៗ
– ឈប់​ជក់​បារី៖ អាច​ស្វែង​រក​ជំនួយ​​វិធី​ផ្ដាច់​បារី​ពី​គ្រូពេទ្យ
– ព្យាយាម​នៅ​ឆ្ងាយ​ពី​អ្នក​ជក់​បារី អាច​ប្រាប់​សមាជិក​គ្រួសារ​ពី​ផលវិបាក​បង្ក​ដោយ​បារី
– ចៀស​វាង​សារធាតុ​គីមី អាច​បង្ក​មហារីក តាម​ការ​ណែនាំ​បែប​សាមញ្ញៗ ដូច​ជា​ពាក់​ម៉ាស់ នៅ​កន្លែង​ធ្វើ​ការ ការពារ​ករណី​ស្រូប​យក​ជាតិ​គីមី​ទាំង​នោះ។
– ញ៉ាំ​អាហា​រមាន​ជីវ​ជាតិ​ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ​ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ​ ចៀស​វាង​ថ្នាំ​បំប៉ន​ អាច​មានរង​ផល​ប៉ះពាល់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 1, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 29, 2019

អ្នកអាចចូលចិត្ត